ក្រុង​ឡុង​ដ៍​: នាយករដ្ឋមន្ត្រី​អង់​គ្លេ​ស លោក បូរី​ស ច​ន​សុន ​(Boris Johnson) និយាយ​កាលពី​ថ្ងៃ​ពុធ​ថា លោក​នឹង​លុប​ចោលការ​រឹតបន្តឹង​ដែល​ទាក់ទង​នឹង​កូ​វីដ​ស្ទើរតែ​ទាំងអស់​ក្នុងប្រទេស​ក្នុង​ក្ដីសង្ឃឹម​ដែលថា​ នឹង​រារាំង​ការបាត់បង់​សំឡេងគាំទ្រ​ក្នុង​ជីវិត​នយោបាយ​របស់លោក បន្ទាប់ពី​មានការ​ចោទប្រកាន់ថា លោក​កុហក​អំពី​ការធ្វើ​ពិធីជប់លៀង​ក្នុងអំឡុងពេល​បិទ​ខ្ទប់​។​


​កាសែត​ញូវយ៉ក​ថែម​ស៍​ចុះផ្សាយ​ថា វា​ហាក់ដូចជា​កិច្ចខិតខំ​ប្រឹងប្រែង​មួយ​មិន​ត្រឹមតែ​ដើម្បី​ផ្លាស់ប្តូរ​ប្រធានបទ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ដើម្បី​ឈ្នះ​លើ​សមាជិកសភា​អភិរក្សនិយម​ជិត ​១០០ នាក់​ ដែល​ប្រឆាំងនឹង​លោក ពេល​លោក​ចេញ​វិធានការ​រឹតត្បិត​កាលពី​ខែ​មុន​។​


​ខណៈដែល​នាយករដ្ឋមន្ត្រី​រូបនេះ​ប្រឈមមុខ​នឹង​ការអំពាវនាវ​ឱ្យ​ចុះ​ចេញពី​តំណែង ហើយ​បន្ទាប់ពី​មាន​ព័ត៌មាន​ថា សមាជិកសភា​អភិរក្សនិយម ​១ ​រូប ចុះចូល​គណបក្ស​ការងារ​ដែលជា​គណបក្ស​ប្រឆាំង​នោះ សេចក្តីប្រកាស​ថ្មី​នេះ​មិនជា​ធ្វើ​អ្វី​ច្រើន​ឱ្យ​គណបក្ស​អភិរក្សនិយម​លោក​រំសាយ​កំហឹង​នោះដែរ​។


​ការ​លាតត្រដាង​អំពី​ការប្រមូលផ្តុំ​សង្គម​អំឡុងពេល​បិទ​ខ្ទប់​ខុសច្បាប់​បាន​លេប​ត្របាក់​រដ្ឋាភិបាល​របស់​លោក ​ច​ន​សុន និង​ជំរុញ​ឱ្យ​សមាជិកសភា​ដែលមាន​ភាពច្របូកច្របល់​ធ្វើការ​បោះឆ្នោត​ដក​ទំនុកចិត្ត​ដែល​អាច​ផ្តួលរំលំ​ឱ្យ​មេដឹកនាំ​រូបនេះ ចេញពី​តំ​ណែ​ង​បាន​។​


​ចំពោះ​ការបន្ធូរបន្ថយ​ការ​រឹតបន្តឹង​កូ​វីដ ​១ ​សប្តាហ៍​មុន​ផុតកំណត់ លោក បូរី​ស ច​ន​សុន និយាយថា លោក​កំពុង​ព្យាយាម​ស្តារ​ «​សេរីភាព​ពី​ដើម​» របស់​អង់គ្លេស​ដែលជា​ការយោងទៅលើ​ប្រពៃណី​ចាក់ឫស​យ៉ាងជ្រៅ​នៃ​សេ​រី​ភាព​បុគ្គល​របស់​ប្រទេស​នេះ​។​ លោក​បាន​បង្ហាញថា វា​ [​ការបន្ធូរបន្ថយ​] ជា​ភ័ស្តុតាង​ដែលថា​ចក្រភព​អង់គ្លេស​អស់​ការព្រួយបារម្ភ​ពីរ​លក​នៃ​វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង​ដោយ​ករណី​ឆ្លង​ថ្មី និង​អត្រា​ចូល​មន្ទីរពេទ្យ​ចាប់ផ្តើម​ធ្លាក់ចុះ ទោះបីជា​វា​នៅតែ​ស្ថិតក្នុង​កម្រិត​ខ្ពស់​ក៏​​ដោយ​ក្ដី​។​


​លោក ច​ន​សុន និយាយថា រដ្ឋា​ភិ​បាល​នៅ​ថ្ងៃ​ខាងមុខ​នឹង​ទម្លាក់ចោល​ការណែនាំ​រប​ស់​ខ្លួន​លើ​ការពាក់​ម៉ាស់​ពេលធ្វើ​ដំណើរ​ក្នុង​ទីសាធារណៈ និង​ក្នុង​ថ្នាក់រៀន លើកទឹកចិត្ត​កម្មករ​ឱ្យ​ត្រឡប់​ទៅ​ការិយាល័យ​របស់​ពួកគេ និង​បញ្ចប់​ការទាមទារ​ឱ្យ​មនុស្ស​បង្ហាញ​បណ្ណ​វ៉ាក់សាំង ឬ​ភ័ស្តុតាង​ជាសះស្បើយ​ពី​វីរុស​ពេល​ចូលរួម​ព្រឹត្តិ​ការណ៍​សាធារណៈ​ធំៗ​ជាដើម​។​

​នាយករដ្ឋមន្ត្រី​ដដែល​បន្ថែមថា «​ទិន្នន័យកំពុង​បង្ហាញ​ម្តង​ហើយ​ម្តង​ទៀតថា រដ្ឋាភិបាល​មានការ​សម្រេច​ចិត្ត​ដ៏​តឹងតែង​បំផុត​» ​ដោយ​សម្គាល់ថា បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ផ្សេងទៀត​បានដាក់​កម្រិត​ការបិទ​ខ្ទប់​ឡើងវិញ​ ដោយសារតែ​រលក​នៃ​ការឆ្លង​វ៉ា​រ្យ៉​ង់​ថ្មី​។

​ការ​រឹតបន្តឹង​ត្រូវបាន​ដាក់ចេញ​កាលពី​ខែធ្នូ ដើម្បី​ពន្យឺត​ការរីក​រាលដាល​យ៉ាង​ឆាប់រហ័ស​នៃ​វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង និង​ចំណេញ​ពេលវេលា​សម្រាប់​ប្រជាជន​ក្នុង​ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​របស់​ពួកគេ​។​

សេចក្ដីប្រកាស​ថ្មី ត្រូវបាន​ស្វាគមន៍​ដោយ​ធុរកិច្ច ជាពិសេស​អ្នក​ដែល​ពឹង​ផ្អែកលើ​កម្មករ ដែល​រស់​ឡើងវិញ​នៅ​កណ្តាល​ទីក្រុង ក៏ដូចជា​ប​ដិ​ស​ណ្ឋា​រ​កិច្ច និង​ទេសចរណ៍​ជាដើម​។​

​យ៉ាងណាមិញ រឿង​មួយ​ដែលជា​ការព្រួយបារម្ភ​ដែរនោះ​ត្រង់​ថា ប៉ុន្មាន​នាទី​មុនពេល​នាយករដ្ឋមន្ត្រី​បង្ហាញខ្លួន​ក្នុង​សភា​កាលពី​ថ្ងៃ​ពុធ សមាជិកសភា​នៃ​គណបក្ស​អភិរក្សនិយម​របស់លោក​ច​ន​សុន លោក​ Christian Wakeford ប្រកាសថា លោក​នឹងចូលរួម​ជាមួយ​គណបក្ស​ការងារ ដោយ​បង្ហាញ​ពី​ការរិះគន់​យ៉ាង​ចាស់​​ដៃ​លើ​លោក​ ច​ន​សុន​។​

​លោក​ Wakeford សម្តែង​ការខឹង​​សម្បា​ចំពោះ​របៀប​ដែល​លោក​នា​យក​រដ្ឋមន្ត្រី​បាន​ដោះស្រាយ​ការផ្ទុះ​​កំហឹង​ពី​ភាគី​នានា ហើយ​បញ្ជាក់ថា​ លោក​បានដាក់​លិខិត​អំពាវនាវ​ឱ្យមាន​ការបោះឆ្នោត​ដក​សេចក្ដី​ទុក​​ចិត្ត​។​

ក្នុង​លិខិត​មួយ​ផ្ញើជូន​លោក ច​ន​​សុន លោក​ Wakeford បាន​និយាយថា​៖ «​ទាំង​អ្នក និង​គណបក្ស​អភិរក្ស​ទាំងមូល​បង្ហាញ​ខ្លួនឯង​ថា គ្មាន​សមត្ថភាព​ក្នុងការ​ផ្តល់នូវ​ភាពជាអ្នកដឹកនាំ និង​រដ្ឋាភិបាល​ដែល​ប្រទេស​នេះ​សម​នឹង​ទទួលបាន​»​។​

​លោក​ ច​ន​សុន បានបង្ហាញ​ការ​ប្រយុទ្ធ​កាន់តែខ្លាំង​នៅក្នុង​សភា​កាលពី​ថ្ងៃ​ពុធ ហើយ​បាន​ទទូច​ម្តង​ទៀតថា​ លោក​នឹងមិន​លាលែង​ពី​តំណែង​នោះទេ​។ លោក ច​ន​សុន តស៊ូ​ដោយ​អះអាងថា​លោក​មិនបាន​បំភាន់​សភា ដោយសារ​លោក​គិតថា វា​ជា​កម្មវិធី​ការងារ​មួយ គឺ​នៅពេលដែល​លោក​ចូលរួម​ជាមួយ​សមាជិក​បុគ្គលិក​រាប់សិប​នាក់​ផឹកស្រា​នៅ​វិមាន​រដ្ឋបាល ​Downing Street​នៅ​ខែឧសភា ឆ្នាំ ​២០២០ ក្នុងអំឡុងពេល​មានការ​រឹតបន្តឹង​យ៉ាង​តឹងរ៉ឹង​។​

​ខណៈ​ការស្ទង់មតិ​បង្ហាញថា មាន​មនុស្ស​តិចតួច​ប៉ុណ្ណោះ​ដែល​ជឿថា​ លោ​ក ច​ន​សុន ​និយាយ​ការពិត​អំពី​ជប់លៀង​ហើយ​សមាជិកសភា​ខ្លាច​មានប្រតិកម្ម​ពី​ការបោះឆ្នោត សម្ពាធ​នៃ​ការបោះឆ្នោត​ដក​សេចក្ដីទុកចិត្ត​កំពុង​កើនឡើង​។ ដោយសារ​ដំណើរការ​នេះ​មាន​លក្ខណៈ​សម្ងាត់ ទើប​គេ​មិនដឹងថា មាន​សមាជិកសភា​ប៉ុន្មាន​នាក់​ផ្ញើលិខិត​អំពាវនាវ​ឱ្យមាន​ការបោះឆ្នោត​បែបនេះ​។​

​រហូតមកដល់​ពេលនេះ​មាន​សមា​ជិ​ក​សភា​ចំនួន​ ៧​ រូប​ប៉ុណ្ណោះ ដែល​អះអាង​ជា​សាធារណៈ​ថា ពួកគេអំពាវនាវ​ឱ្យមាន​ការបោះឆ្នោត​ដក​សេចក្ដី​ទំនុកចិត្ត ហើយ​ម្នាក់​ក្នុងចំណោម​នោះ​ គឺ​លោក​Wakeford​។ ប៉ុន្តែ​កាលពី​ថ្ងៃ​ពុធ​សារព័ត៌មាន​ BBC រាយការណ៍​ថា ក្រុម​សមាជិកសភា​ប្រហែល ១០​ នាក់​ ដែល​ឈ្នះ​អាសនៈ​ក្នុង​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​របស់លោក ​Johnson នៅ​ឆ្នាំ ​២០១៩ ​ក៏​ចូលរួម​ជាមួយ​អ្នក​ទាំង​នោះដែរ​៕

​ហួន ឌី​ណា​