ក្រុមចម្រុះ​យោធា​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ដែល​ប្រយុទ្ធ​ជាមួយ​ក្រុម​ឧទ្ទាម​ហ៊ូ​ធី បាន​បន្ត​ការ​វាយ​ប្រហារ​ផ្លូវអាកាស​ទៅ​រដ្ឋធានី​សា​ណា​ បន្ទាប់ពី​ការ​វា​យ្រ​ដូន​និង​មី​ស៊ី​ល​ទៅលើ​ដៃគូ អេ​មី​រ៉ា​ត​អារ៉ាប់​រួម (UAE)​ កាលពីដើម​សប្តាហ៍​នេះ​។


​ការវាយប្រហារ​របស់​ក្រុម​ហ៊ូ​ធី បាន​យក​រោងចក្រ​ប្រេង​នៅក្នុង​ទីក្រុង​អា​ប៊ុ​យ​ដា​ប៊ី ជា​គោលដៅដោយបាន​បណ្តាលឱ្យ​មនុស្ស​ ៣​ នាក់​ស្លាប់ និង​បាន​វាយប្រហារ​ដាច់ដោយឡែក​មួយទៀត​ទៅលើ​ព្រលានយន្តហោះ​អន្តរ​​ជាតិ​រដ្ឋធានី​ UAE​។


UAE ​បាន​ប្តេជ្ញា​ឆ្លើយតប​យ៉ាង​តឹង​តែង ហើយ​កាលពី​ថ្ងៃ​អង្គារ ប្រព័ន្ធ​​ផ្សព្វផ្សាយ​តំបន់ និង​អ្នករស់នៅ​ទីក្រុង​សា​ណាបាន​និយាយថា មនុស្ស​យ៉ាងតិច​​ ២០ ​នាក់ ​ក្នុងនោះ​មាន​ក្មេង​ដែរ បាន​ស្លាប់​នៅក្នុង​ការវាយប្រហារ​ពេលយប់​របស់​ក្រុមចម្រុះ ដែល​នេះ​គឺជា​ការវាយប្រហារ​ខ្លាំងក្លា​បំផុត​នៅក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​។


​ទីភ្នាក់ងារសារព័ត៌មាន​ Saba​ របស់ ក្រុម​ហ៊ូ​ធី បាន​រាយការណ៍​ថា ប្រមុខ​បណ្ឌិតសភា​អាកាសចរណ៍​របស់​ក្រុម​នេះ គឺ​លោក Qassim al-Junaid ត្រូវបាន​គេ​សម្លាប់​រួមជាមួយ​ប្រពន្ធ​របស់លោក កូនប្រុស​អាយុ​ ២៥ ​ឆ្នាំម្នាក់ សមាជិក​ក្រុមគ្រួសារ និង​ប្រជាជន​ដទៃ​មិន​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​ឡើយ​។


​នៅ​ល្ងាច​ថ្ងៃ​អង្គារ ក្រុមចម្រុះបានធ្វើការ​វាយប្រហារ​ពី​អាកាស​បន្ថែមទៀត​ទៅលើ​ទីក្រុង​សា​ណា ដោយបាន​និយាយថា ខ្លួន​បាន​យក​ឃ្លាំង​ធំៗ​របស់​ក្រុម​ហ៊ូ​ធី​ជា​គោលដៅ និង​បាន​បំផ្លាញ​ប្រព័ន្ធ​ទូរគមនាគមន៍​មួយ​សម្រាប់ដ្រូន​។​


​ការវាយប្រហារ​នោះ បានកើត​ឡើងខណៈ​ស្ថាន​បេសកកម្ម​របស់​ UAE នៅ​អង្គការសហប្រជាជាតិបានស្នើ​សុំឱ្យ​មាន​ជំនួប​របស់​ក្រុមប្រឹក្សា​សន្តិ​សុខ ដើម្បី​ពិភាក្សា​អំពី​ការវាយប្រហារ​ភេរវកម្ម​នេះ​។

​ឯកអគ្គរដ្ឋទូត ​UAE ​ប្រចាំ​នៅ ​UNl ​លោក​ Lana Nusseibeh បាន​និយាយ​នៅលើ​ធ្វី​ធើ​រថា​៖ «UAE អំពាវ​នាវ​ដល់​ក្រុមប្រឹក្សាសន្តិសុខ​ UN​ និយាយ​ជាមួយ​សំឡេង និង​ចូលរួម​ថ្កោលទោស​យ៉ាង​ម៊ឺ​ង​ម៉ាត់ និង​ច្បាស់​​លាស់​ចំពោះ​ការវាយប្រហារ​ភេរវកម្ម​ដែល​ត្រូវធ្វើឡើង ជាការ​ផ្គើន​នឹង​ច្បាប់​​អន្តរជាតិ​។

​លោក ​Nusseibeh បាន​និយាយថា ការវាយប្រហារ​គួរឱ្យ​ភ័យខ្លាច និង​ខុសច្បាប់​កាលពី​ថ្ងៃ​ចន្ទ គឺជា​ជំហាន​មួយទៀត​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុម​ហ៊ូ​ធី ដើម្បី​ធ្វើ​ភេរវកម្ម​រាលដាល​កាន់តែ​ធំ​ឡើង និង​ចលា​ច​ល​នៅក្នុង​តំបន់​របស់​យើង​»​។​

​ក្រុម​អ្នកការទូតបាន​ប្រាប់​ទី​ភ្នា​ក់ងារ​ព័ត៌មាន ​Reuters ថា ក្រុមប្រឹក្សាសន្តិសុខ ទំនងជា​នឹង​ជួបប្រជុំ​បិទទ្វារ​នៅពេល​ក្រោយ​ក្នុង​សប្តាហ៍​នេះ​។

​នៅក្នុង​ការ​បង្ហោះ​នៅលើ​ធ្វី​ធើរ ប្រធាន​មហាសន្និបាត​ UN លោកបាន​សម្តែង​សាមគ្គីភាព​ជាមួយ [UAE] ក្នុងការ​ប្រឈម​ជាមួយនឹង​សកម្មភាព​ភេរវកម្ម​បែបនេះ ដែល​ប្រឆាំងនឹង​បទដ្ឋាន​ជឿនលឿន​។

​ក្រសួងការបរទេស​អា​មេ​រិ​កបាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ប្រេសិត​​ពិសេស​អាមេរិក​ប្រចាំ​នៅ​យេ​ម៉ែន នឹង​ទៅ​ទស្សនកិច្ច​បណ្តា​រដ្ឋធានី​នៅ​ឈូង​សមុទ្រ​ក្នុង​សប្តាហ៍​នេះ ដើម្បី​ពង្រឹង​ដំណើរការ​សន្តិភាព​ឡើងវិញ​។​

​ក្រសួង​នេះ បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា លោក​ប្រេសិត​​ពិសេស Tim Lenderking នឹង​ជំរុញ​ឱ្យ​ភាគី​ទាំងអស់​បន្ថយ​កំហឹង​ផ្នែក​យោធា និង​យក​ឆ្នាំនេះ ដើម្បី​ចូលរួម​ឱ្យបាន​ពេញលេញ​ក្នុង​ដំណើរការ​សន្តិភាព​ដឹកនាំ​ដោយ​ UN​។ លោក Lenderking ក៏​នឹង​ផ្តោតលើ​តម្រូវការ​បន្ទាន់ ដើម្បី​ដោះស្រាយ​វិបត្តិ​មនុស្សធម៌ និង​សេដ្ឋកិច្ច​ដែល​ប្រជាជន​យេ​ម៉ែន​កំពុង​ប្រឈម​នាពេល​បច្ចុប្បន្ន​។

​ស្របពេល​ជាមួយគ្នា​នោះដែរ ក្រុមចម្រុះ​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត បាន​ទទួលរង​ការរិះគន់​យ៉ាង​ធ្ងន់ៗ​ពី​លោក​អគ្គលេខាធិការ ​UN អង់​តូ​នី​ញ៉ូ ហ្គុ​យ​តឺ​រេស ជុំវិញ​ការសង​សឹក​បណ្តាលឱ្យ​មនុស្ស​ស្លាប់​នេះ​។​

​អ្នកនាំពាក្យ​របស់គាត់ គឺ​លោក Stephane Dujarric បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា លោក​អគ្គលេខាធិការ​ UN «​បាន​សម្តែង​កង្វល់​និង​សេចក្តីសោកស្តាយ​ថា ការ​វាយ​​ប្រហារ​ផ្លូវអាកាស​របស់​ក្រុមចម្រុះ​ដែល​បាន​បណ្តាលឱ្យ​ស្លាប់​ជន​ស៊ីវិល​យ៉ាងច្រើន​»​។ «​លោក​បានធ្វើការ អំពាវនាវ​ជាថ្មី​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ឱ្យ​អត់ធ្មត់​ជា​អតិបរមា និង​ទប់ស្កាត់​មិនឱ្យ​ជម្លោះ​កើនឡើង​តទៅទៀត​ឡើយ​»៕