កងកម្លាំង​ប្រឆាំង​នឹង​ការ​គ្រប់គ្រង​របស់​រដ្ឋ​អំណាច​យោធា​មីយ៉ាន់ម៉ា​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​ បាន​ វាយប្រហារ​ការិយាល័យ​រដ្ឋបាល​ស្រុក​មួយ​នៅ​រដ្ឋ​កាយ៉ា (Kayah) ដែល​ស្ថិត​នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក។


អ្នកនាំពាក្យ​រណសិរ្ស​ប្រជាធិបតេយ្យ​ជនជាតិ​ការ៉ែន បាន​ប្រាប់​សារព័ត៌មាន​ AFP ថា ក្រុម​កងកម្លាំង​ការពារ​ប្រជាជន (PDF) ដែល​រួមមាន​កងកម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល​ស្រមោល​ NUG ក៏​ដូច​ជា​កម្លាំង​ប្រដាប់​អាវុធ​តស៊ូនិង​ជនជាតិ​ភាគ​តិច​ផ្សេងៗ​ទៀត​បាន​វាយប្រហារ​សាលាស្រុក​ហើយ​សម្លាប់​កងទ័ព​របស់​យោធា​មីយ៉ាន់ម៉ាដែល​គេ​ស្គាល់​ថា​ជា​ Tatmadaw អស់​ចំនួន ១៥ នាក់ ក្នុង​ការ​ប្រយុទ្ធ​គ្នា​រយៈពេល ១ ម៉ោង។

ប្រភព​ខាង​លើ​បាន​ឱ្យ​ដឹង​ថា ក្រុម​សកម្មប្រយុទ្ធ​បាន​ប្រើប្រាស់​គ្រាប់​បែក​ដៃ​ និង​គ្រាប់​រ៉ុក្កែត​ ហើយ​អះអាង​ថាខាង​ក្រុម​តស៊ូ​មិនមាន​ចំនួន​អ្នក​ស្លាប់​នោះ​ទេ។ «យើង​ជ្រើសរើស​សង្គ្រាម​ទីក្រុងដោយសារ​តែ​យើង​មិន​មាន​អាវុធ​ធ្ងន់ៗនិង​កាំភ្លើង​គ្រប់គ្រាន់​សម្រាប់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​យោធា​មីយ៉ាន់ម៉ា»។នេះ​បើ​តាម​ការ​បន្ថែម​របស់​អ្នក​នាំ​ពាក្យ​ខាង​លើ។


សារព័ត៌មាន​ក្នុង​ស្រុក​បាន​ធ្វើ​ការ​ចុះ​ផ្សាយ​ពី​ព្រឹត្តិការណ៍​ប៉ះទង្គិច​គ្នា​នេះ​តែ​អ្នក​នាំ​ពាក្យ​របស់​រដ្ឋា ភិបាល​យោធា​មីយ៉ាន់ម៉ា​លោក Zaw Min Tun នៅ​មិន​អាច​បញ្ជាក់​ពី​ព័ត៌មាន​លម្អិត​នៃ​ព្រឹត្តិការណ៍​នេះ​បាន​ទេ។យ៉ាងណាក៏ដោយ លោក​ក៏​បាន​ទទួល​ស្គាល់​ដែរ​ថាកងកម្លាំង PDF បាន​វាយប្រហារ​គោល ដៅ​មួយ​ចំនួន​នៅ​រដ្ឋ​កាយ៉ា​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។


នៅ​រដ្ឋ​កាយ៉ា​កងកម្លាំង​ទាំង​សងខាង​បាន​វាយប្រហារ​គ្នា​រាង​ញឹកញាប់​បន្តិច ​ចាប់​តាំង​ពី​រដ្ឋប្រហារ​ឆ្នាំ​មុនហើយ​ក្រុមការងារ​អង្គការ​សហប្រជាជាតិ​ បាន​ធ្វើ​ការ​ប៉ាន់ស្មាន​ថា មនុស្ស​ជាង៩ម៉ឺន​បាន​ផ្លាស់​ចេញ​ពី​លំនៅ​ដោយ​បង្ខំ៕


ហ៊ីម រដ្ឋា

វីដេអូ៖