ទីភ្នាក់ងារ​​ព័ត៌មាន​មជ្ឈិម​​កូរ៉េ​​ (KCNA) ​រាយការណ៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ កូរ៉េ​ខាង​ជើង​នឹង​ពង្រឹង​ការ​ការពារ​របស់​ខ្លួន​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក​ ហើយ​ពិចារណា​ចាប់​ផ្តើម​ឡើង​វិញ​នូវ​«​សកម្មភាព​ដែល​ត្រូវ​បាន​ផ្អាក​ជា​បណ្តោះ​អាសន្ន​»​ដែលរួមមាន​​ការ​​សាក​ល្បង​​អាវុធ​​នុយក្លេអ៊ែរ​​ និង​មីស៊ីល​រយៈច​ម្ងាយ​ឆ្ងាយ​របស់​ខ្លួន​។​


ទីភ្នាក់ងារ​ព័ត៌មាន​ KCNA ​​និយាយ​ថា​ មេដឹក​នាំកូ​រ៉េ​ខាង​ជើង​លោក​ គីម ជុងអ៊ុន ​(Kim Jong Un)​​កោះ​ប្រជុំ​ការិយាល័យ​នយោបាយ​ដ៏​មាន​ឥទ្ធិពល​នៃ​គណបក្ស​កម្មករ​ដែល​កំពុង​កាន់​អំណាច​កាល​ពី​ថ្ងៃ​ពុធ​ ដើម្បី​ពិភាក្សា​អំពី​ «​បញ្ហា​គោល​នយោបាយ​សំខាន់​ៗ​» ​រួម​ទាំង​វិធានការ​ប្រឆាំង​នឹង​គោល​នយោបាយ​បង្ក​អរិភាព​របស់​សហរដ្ឋ​អាមេរិក។​​


ទីភ្នាក់​ KCNA ​បន្ត​ថា​ ការិយាល័យ​នយោបាយ​បាន​បញ្ជា​ឱ្យ​ពិចារណាឡើ​ង​វិញ​នូវ​វិធាន​ការ​កសាង​ទំនុក​ចិត្ត​ និង​ «​ពិនិត្យ​មើល​ភ្លាមៗ​អំពី​បញ្ហា​នៃ​ការ​ចាប់​ផ្តើម​ឡើង​វិញ​នូវ​រាល់​សកម្មភាព​ដែលត្រូ​វបា​ន​ផ្អាក​ជា​បណ្តោះ​អាសន្ន​»​ ខណៈ​ពេល​ដែល​អំពាវ​នាវ​ឱ្យ​ពង្រឹង​មធ្យោបាយ​រូប​វន្ត​ដ៏​មាន​ឥទ្ធិពល​ជា​បន្ទាន់​។​​


ការ​រាយការណ៍​ដដែល​​រៀប​រាប់​ថា​ ភាព​អរិភាព​ និង​ការ​គំរាម​កំហែង​របស់​ទីក្រុង​វ៉ាស៊ីនតោន​បាន​ឈាន​ដល់​បន្ទាត់​គ្រោះថ្នាក់​ ដោយ​លើក​ឡើង​ពី​សម​យុទ្ធ​យោធា​រួម​គ្នា​រវាង​សហរដ្ឋ​អាមេរិក​ និង​កូរ៉េ​ខាង​ត្បូង​ ការ​ដាក់​ពង្រាយ​អាវុធ​យុទ្ធសាស្ត្រ​ដ៏​ទំនើប​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​ និង​ការ​អនុវត្ត​ទណ្ឌកម្ម​​​អង្គការ​សហ​​ប្រជាជាតិ​​ជា​ដើម​។​​


ការ​​ព្រមាន​​របស់​​កូរ៉េ​​ខាង​​ជើង​​កើត​ឡើង​ប៉ុន្មាន​ម៉ោង​មុន​ពេល​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​​ប្រជុំ​បិទ​ទ្វារ​នៅ​ថ្ងៃ​ព្រហស្បត្តិ៍​ដើម្បី​ពិភាក្សា​អំពី​ការ​សាកល្បង​មីស៊ីល​នា​ពេល​ថ្មី​ៗ​នេះ​ តាម​សំណើរ​បស់​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​មួយ​ចំនួន​ទៀត​។​


​លោក​ប្រធានាធិ​បតី​ Joe Biden ​មិនបា​ន​និយាយ​អ្វី​អំពី​ប្រទេស​កូរ៉េខា​ង​ជើង​ទេ​ ក្នុង​អំឡុង​សន្និសីទ​សារព័ត៌មាន​ជិត​ ២ ម៉ោង​កាល​ពី​ថ្ងៃ​ពុធ​ ដែល​ធ្វើ​ឡើង​ដើម្បី​ប្រារព្ធ​ខួប​ ១​ ឆ្នាំ​ដំបូង​របស់​លោក​ក្នុង​ការ​កាន់​តំណែង​។​ ប៉ុន្តែ​ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង​​និយាយ​ថា​ ខ្លួន​កំពុង​តាម​ដាន​សមយុទ្ធ​រដូវ​រងា​របស់​កូរ៉េ​ខាង​ជើង​ ខណៈពេ​ល​ដែល​រក្សាជំ​ហរ​ត្រៀម​ខ្លួន​ ដោយ​ហៅ​ការ​សាកល្បង​មីស៊ីល​នាពេ​ល​ថ្មី​ៗ​នេះ​ថា ជា ​​«​ការ​គំរាម​កំហែង​ធ្ងន់​ធ្ងរ​»​។​

ភាព​​តាន​តឹង​​​​កំពុង​​កើន​​ឡើង​​ជុំ​វិញ​​ការ​​ធ្វើ​​តេស្ត​​មីស៊ីល​ជា​​បន្ត​បន្ទាប់​​របស់​​កូរ៉េ​​ខាង​​ជើង​​​។ ​ការ​ជំរុញ​របស់​សហរដ្ឋអា​មេរិក​សម្រាប់​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ រង​នូវ​ប្រតិកម្ម​ដ៏​ក្តៅ​គគុក​​ពីទីក្រុង​ព្យុងយ៉ាង​​៕

ហួន​ ឌីណា​

វីដេអូ៖