អៅហ្គាឌូហ្គូ: ​ការ​បាញ់​គ្នា​​​ផ្ទុះ​ឡើង​នៅ​ឯ​មូលដ្ឋាន​យោធា​របស់​ប្រទេស​​ប៊ួ​គីណាហ្វាសូ​ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ប៉ុន​ប៉ង​បះបោរ​ដោយ​ទាហាន​ដែល​ខឹង​សម្បាចំពោះ​ការ​បរាជ័យ​របស់​រដ្ឋាភិបាល​របស់​ខ្លួន​ក្នុង​ការ​បញ្ឈប់​រលក​នៃ​ការ​វាយ​ប្រហារ​របស់​ក្រុម​សកម្ម​ប្រយុទ្ធ​អ៊ិស្លាម​។​


ការ​​បាញ់​​ប្រហារ​​​ចាប់​​ផ្តើម​​នៅ​​មុន​​ពេល​​ព្រលឹម​​នៅ​​មូលដ្ឋាន​​យោធា​​ក្នុង​​រដ្ឋធានី​អៅហ្គាឌូហ្គូ​និង​​ក្នុង​​ទីក្រុង​២​​ផ្សេង​​ទៀត​។​ក្រោយ​ការ​បាញ់​ប្រហារ​​ថយ​ចុះ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក​ រដ្ឋាភិបាល​​ប៊ូគីណាហ្វាសូ​​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​បដិសេធ​ថា​មិន​មាន​រដ្ឋ​ប្រហារ​កំពុង​ដំណើរ​ការ​នោះ​ទេ​ ហើយ​ទទូច​ថា​ខ្លួន​អាច​គ្រប់​គ្រង​ស្ថានការណ៍​ទាំង​ស្រុង​។​


ទោះ​​យ៉ាង​នេះ​ក្តី​ពួក​ទាហាន​​រក្សា​ការ​គ្រប់​គ្រង​នៅ​មូលដ្ឋាន​ទ័ព​ និង​ទាមទារ​ការ​ផ្លាស់ប្តូរ​យ៉ាង​ទូលំទូលាយ​ចំពោះ​យុទ្ធនា​ការ​ប្រឆាំង​នឹង​ពួក​សកម្ម​ប្រយុទ្ធ​រដ្ឋ​អ៊ិស្លាម​ ដែល​ធ្វើឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​អាជ្ញាធរ​របស់​រដ្ឋាភិបាល​។​ មន្ត្រី​ប៉ូលិស​កុបកម្ម​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​នៅ​កណ្តាល​រដ្ឋធានី​អៅហ្គាឌូហ្គូ​ ដើម្បី​ការពារ​ហ្វូង​បាតុករ​ទាហាន​វ័យក្មេង​ដែល​អំពាវនាវ​ឱ្យ​បណ្តេញ​ប្រធានាធិបតី​លោក​ Roch Marc Christian Kaboré​ ចុះ​ចេញ​ពី​តំ​ណែង​ មិន​ឱ្យ​ចូល​ទៅ​កណ្ដាល​ក្រុង​។​


​​​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​លោក​ Barthélémy Simporé​​ និយាយ​លើ​កញ្ចក់​ទូរទស្សន៍​រដ្ឋ​ថា​ ភាព​ចលាចល​ត្រូវ​បាន​បង្ខាំង​នៅ​ក្នុង​បន្ទាយ​មួយ​ចំនួន​ហើយ​ថា​រដ្ឋាភិបាល​ជួប​ជាមួយ​ទាហាន​ដែល​កំពុង​បះបោរ​ដើម្បី​រៀន​ពី​ការ​ទាមទារ​របស់​ពួក​គេ​។​


ការ​បះបោរ​កើត​ឡើង​ប៉ុន្មាន​ខែ​បន្ទាប់​ពី​​លោក​ Kaboré​ ផ្លាស់​ប្តូរ​ការ​ដឹកនាំ​យោធា​នៅ​ក្នុង​អ្វី​ដែល​អ្នក​វិភាគ​មើល​ឃើញ​ថា​ជា​ការ​ប៉ុនប៉ង​ដើម្បី​បង្ក្រាប​ក្រុម​ប្រឆាំង​នៅ​ក្នុង​កង​កម្លាំង​ប្រដាប់​អាវុធ​។​ កាល​​​ពី​​ដើម​​​ខែ​​នេះ​ រដ្ឋាភិបាល​​បាន​​ចាប់​​ខ្លួន​​ទាហាន​​រាប់​​សិប​​នាក់​​ដោយ​​សង្ស័យ​​ថា​​​ឃុបឃិត​​ប្រឆាំង​នឹង​​រដ្ឋាភិបាល​។​


ភាព​ចលាចល​នេះ​ក៏​កើត​ឡើង​ស្រប​ពេល​​ដែល​អំពើ​ហិង្សា​​ក្នុង​ប្រទេស​កាន់​តែ​កើន​ឡើង​។​រលក​នៃ​អំពើ​ហិង្សា​របស់​ក្រុម​រដ្ឋ​អ៊ិស្លាម​នៅ​ក្នុង​តំបន់​សាហែល​បាន​កើន​ឡើង​កាន់​តែ​ខ្លាំង​នៅ​ក្នុង​ឆ្នាំ​មុន​ ដោយ​សម្លាប់​មនុស្ស​ជាង​ ២០០០ ​នាក់​គិត​តែ​ក្នុង​ប្រទេស​​ប៊ួ​ គីណាហ្វាសូ​មួយ​។​​

​ជាមួយ​ ក៏មាន​ការ​កើន​ឡើង​នៃ​ការ​ធ្វើ​រដ្ឋ​ប្រហារ​យោធា​នៅ​ទូទាំង​អនុតំបន់​សាហារ៉ា​អាហ្រ្វិក​ក្នុង​ឆ្នាំ​កន្លង​ទៅ​ដែរ​ ដោយ​ទាហាន​បាន​ដណ្តើម​អំណាច​នៅ​ប្រទេស​ឆាដ ​ហ្គីណេ ​ម៉ាលី​ និង​ស៊ូដង់​។​ កាល​ពី​ខែ​វិច្ឆិកា​ បេសកជន​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​នៅ​អាហ្វ្រិក​ខាង​លិច​​ព្រមាន​ថា​​ ប៊ួ​គីណាហ្វាសូ​អាច​ជា​អ្នក​រង​គ្រោះ​បន្ទាប់​៕

ហួន​ ឌីណា​