ថ្លែង​ទៅ​កាន់​សមាជិក​នៃ​ក្រុម​រដ្ឋាភិបាល​ចម្រុះ​​ក្នុង​ពិធី​ជប់​លៀង​មួយ​នៅ​ឯ​គេហដ្ឋាន​លោក​​ប្រធានាធិបតី​​ Gotabaya Rajapaksa ​កាល​ពី​រដូវ​ក្តៅ​​​ឆ្នាំ​មុន​ រដ្ឋមន្ត្រី​ថាមពល​ស្រីលង្កា​លោក​ Udaya Gammanpila ​បាន​ការពារ​ការ​ដំឡើង​តម្លៃ​ប្រេង​ឥន្ធនៈ​​តិច​តួច ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​កង្វះ​ខាត​ប្រាក់​ដុល្លារ​ ដែល​​កោះ​នេះ​ ត្រូវ​ការ​សម្រាប់​ការ​នាំចូល​ប្រេង​ឥន្ធនៈ​ ថ្នាំ​ពេទ្យ​ និង​តម្រូវ​ការ​ផ្សេងៗ​ទៀត។


លោក​ប្រធានាធិបតី​ Gotabaya ​​និង​ប្អូន​ប្រុស​ លោក​ Mahinda Rajapaksa ​ដែល​​ជា​នាយក​រដ្ឋមន្ត្រី​បាន​ចូល​រួម​លើ​វិធានការ​នេះ​ បន្ទាប់​ពី​ពិភាក្សា​អស់​រយៈពេល​ ១ ​ឆ្នាំ។​ ប៉ុន្តែ​បងប្អូន​ប្រុស​ម្នាក់​ទៀត​ ដែល​ជា​រដ្ឋ​មន្រ្តី​ហិរញ្ញវត្ថុ​ និង​ជា​មនុស្ស​ម្នាក់​នៃ​គ្រួសារ​ត្រកូល​ Rajapaksa ​ដែល​ធ្វើ​ការ​ក្នុង​គណៈ​រដ្ឋមន្រ្តី​ គឺ​លោក​ Basil ​Rajapaksa​ មាន​គំនិត​ផ្សេង​ពី​នេះ។


មុន​ពេល​ភ្ញៀវ​ចេញ​ពី​តុ​ទៅ​កន្លែង​រាំ ​លោក​ Basil Rajapaksa ​​ក្រោក​ឡើង​ ដើម្បី​ប្រកាស​ថា​ ប្រទេស​ស្រី​លង្កា​ពិត​ជា​មិន​ទទួល​រង​​វិបត្តិ​រូបិយប័ណ្ណ​បរទេស​ឡើយ។​ ​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ញូវយ៉ក​ថាមស៍​ ដែល​ស្រង់​សម្ដី​របស់​លោក Gammanpila​ និង​មនុស្ស​ម្នាក់​ទៀត​ ដែល​មាន​វត្តមាន​ក្នុង​ពិធី​ជប់លៀង​នាពេល​​​នោះ​។​ លោក​ Basil ​អះអាង​​ថា​​ ឧក្រិដ្ឋជន​​​កំពុង​​លួច​​លុយ​​ដុល្លារ​​ចេញ​​​ពី​​ប្រព័ន្ធ​​ធនាគារ​​របស់​​ប្រទេស​ ហើយ​​ទុក​ពេល​ឱ្យ​លោក​ ២ ​សប្ដាហ៍​ ដើម្បី​ជួសជុល​វា​។


ជិត​ ១ ​ឆ្នាំ​ក្រោយ​មក​ លោក​មិន​បាន​ធ្វើ​​​ទេ​ ខណៈ​ដែល​​​ស្រីលង្កា​ស្ថិត​នៅ​ក្នុង​ការ​បំផ្លិច​បំផ្លាញ​ផ្នែក​សេដ្ឋកិច្ច​ ដោយសារ​កង្វះ​ខាត​ស្បៀង​ ​​​ថ្នាំ​ពេទ្យ​ ​និង​ថាមពល ខណៈ​​ដែល​ទុន​បម្រុង​បរទេស​របស់​ប្រទេស​ក៏​ត្រូវ​​អស់​។​ រលក​​នៃ​​កំហឹង​​ ដែល​​កំពុង​​វាយលុក​​​ប្រទេស​​នេះ ​​​មាន​ខ្លាំង​ចំពោះ​​​ក្រុម​គ្រួសារ​ដែល​​​កំពុង​​គ្រប់គ្រង​​ប្រទេស​​ស្រីលង្កា ​ដូច​ដែល​វា​ខ្លាំង​ចំពោះ​​​មហន្តរាយ​​សេដ្ឋកិច្ច ដែល​អាក្រក់​បំផុត​តាំង​ពី​កោះ​នេះ ​ទទួល​ឯករាជ្យ​ពី​អង់គ្លេស​ក្នុង​ឆ្នាំ ​១៩៤៨ មក​។


ក្រុម​គ្រួសារ​ត្រកូល​ Rajapaksa ​​បាន​គ្រប់គ្រង​ស្រី​លង្កា​អស់​រយៈពេល​ជិត ​២​ ទសវត្សរ៍​​ ហើយ​វា​ក៏​ជិត​ត្រូវ​ដល់​ទី​បញ្ចប់​ដែរ​ពេល​ក្រុម​គ្រួសារ​នេះ​ភាគ​ច្រើន​លាក់​ខ្លួន​នៅ​ឯមូលដ្ឋាន​យោធា​ដោយ​មាន​តែ​លោក​ប្រធានាធិបតី​ Gotabaya ​ប៉ុណ្ណោះ​ ដែល​បន្ត​កាន់​អំណាច​។ ​លោក ​​Mahinda បាន​​​លា​ចេញ​ពី​តំណែង​ ហើយ​ត្រូវ​ជម្លៀស​ពី​ផ្ទះ​​របស់​ខ្លួន​កាល​ពី​សប្ដាហ៍​មុន​ ក្រោយ​ការ​ប៉ះ​​ទង្គិច​គ្នា​រវាង​ក្រុម​អ្នក​គាំទ្រ​រដ្ឋាភិបាល ​និង​​បាតុករ​ប្រឆាំង​ដែល​​បណ្តាល​ឱ្យ​មនុស្ស​ ៨ ​​នាក់​ស្លាប់ ​នៅ​ទូទាំង​ប្រទេស​។


លោក​រដ្ឋមន្ត្រី​ថាមពល​ Gammanpila​ ​​និយាយ​ថា គ្រួសារ​ត្រកូល Rajapaksas ​ជា​ពិសេស​លោក​ Basil ​ដែល​ជា​ឈ្មួញ​កណ្តាល​ថាមពល​ស្រមោល​ មុន​​ក្លាយ​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ គួរ​តែ​​ឃើញ​គ្រោះ​មហន្តរាយ​ថា​ នឹង​មក​ដល់​។​

លោក​និយាយ​ថា​៖​ «​លោក​ Basil ​គ្មាន​ឆន្ទៈ​ក្នុង​ការ​ទទួល​យក​ការ​ពិត​ដែល​ថា ​វិបត្តិ​ហិរញ្ញវត្ថុ​នេះ​ នឹង​នាំ​ឱ្យ​មាន​វិបត្តិ​សេដ្ឋកិច្ច​ទេ​ ហើយ​ប្រសិន​បើ​យើង​នឹង​ដោះស្រាយ​វា​នោះ​វា​នឹង​នាំ​ឱ្យ​មាន​វិបត្តិ​នយោបាយ»។​ ស្រដៀង​នឹង​ការ​គិត​ដូច​គ្នា​ទៅ​នឹង​​មន្ត្រី​ និង​អ្នក​ការ​ទូត​ផ្សេង​ទៀត ​លោក​ Gammanpila ​​បន្ថែម​ថា ​លោក ​Basil ​គ្រប់គ្រង​​គ្រប់​អ្វីៗ​តែ​លោក «​​​មិន​ដឹង​​​អីសោះ​»។​​

ការ​​ឆ្ពោះ​ទៅ​រក​វិបត្តិ​សេដ្ឋកិច្ច​របស់​ស្រីលង្កា ​មាន​ភាព​កាន់​តែ​ច្បាស់​សម្រាប់​អ្នក​វិភាគ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។​ ពួក​គេ​​​ព្រមាន​ថា សមតុល្យ​នៃ​ការ​ទូទាត់​របស់​ប្រទេស​ និង​​និន្នាការ​ម៉ាក្រូ​សេដ្ឋកិច្ច​មិន​ស្រប​គ្នា​ទេ។​ ក្នុង​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​ ​ស្រីលង្កា​បាន​កសាង​វិស័យ​រដ្ឋ​យ៉ាង​អាប់អួ​ កម្មវិធី​សុខុមាល​ភាព​សង្គម​ដ៏​រឹង​មាំ​ ដែល​លើស​ពី​មធ្យោបាយ​របស់​ប្រទេស​ យោធា​ដ៏​ធំ​ និង​​គម្រោង​សាងសង់​ផ្សេងៗ​យ៉ាង​ហួស​ហេតុ​ ក្រោយ​​សង្គ្រាម​។ ​

ប៉ុន្តែ​​ដោយសារ​​​តែ​​​កំណើន​សេដ្ឋកិច្ច​​​ធ្លាក់​​ចុះ​ប្រទេស​​នេះ​ ​​​នៅ​តែ​​បន្ត​​ខ្ចី​ប្រាក់​​ដើម្បី​​ទូទាត់សង​ម្ចាស់​បំណុល។​

ភាព​តាន​តឹង​ផ្នែក​សេដ្ឋកិច្ច​​កើន​ឡើង​នៅ​ពេល​ដែល​ការ​រឹត​បន្តឹង​កូវីដ​ ចំពោះ​ការ​ធ្វើ​ដំណើរ​​ ធ្វើ​ឱ្យ​ប្រាក់​ដុល្លារ​ពី​វិស័យ​ទេស​ចរណ៍​ធ្លាក់​ចុះ​។​ បន្ទាប់​មក​ មាន​ការ​ហាម​ឃាត់​​​លើ​ការ​ប្រើ​ប្រាស់​ជី​គីមី​ ខណៈ​រដ្ឋាភិបាល​លោក​ Rajapaksa បាន​ជំរុញ​ការ​ធ្វើ​កសិកម្ម​សរីរាង្គ​ ស្រប​ពេល​ដែល​ការ​ប្រែប្រួល​អាកាសធាតុ​ កំពុង​គំរាម​កំហែង​ដល់​ការ​ប្រមូល​ផល​ និង​សន្តិសុខ​ស្បៀង​រួច​ទៅ​ហើយ។

ទោះ​ដឹង​​ថា​ រដ្ឋាភិបាល​ខ្លួន​ត្រូវ​ការ​ជំនួយ​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​ ដូច​ជា​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​ក្រុម​គ្រួសារ​ត្រកូល​ Rajapaksas ​នៅ​តែ​ចេញ​សកម្មភាព​យឺត​ៗ​។​ ក្រុម​មន្ត្រី​ និង​អ្នក​ការ​ទូត​​និយាយ​ថា​ ដោយ​ធ្លាប់​បាន​ប្រាក់​កម្ចី​ងាយ​ស្រួល​ពី​សម្ព័ន្ធ​មិត្ត​ដូច​ជា​​ចិន​ ពួក​គេ​មាន​ការ​ភ័យ​ខ្លាច ​ចំពោះ​ការ​រំពឹង​ទុក​ដ៏​តឹងរ៉ឹង ​ដែល​ភ្ជាប់​មក​ជាមួយ​កញ្ចប់​ប្រាក់​កម្ចី​បែប​នេះ។​​

ការ​​ដួល​រលំ​សេដ្ឋកិច្ច​បាន​ធ្វើ​ឱ្យ​មាន​ចលនា​តវ៉ា​។ ​​ការ​​តវ៉ា​ប្រឆាំង​នឹង​គ្រួសារ ​Rajapaksas​ ធ្វើ​ឡើង​ដោយ​សន្តិវិធី​អស់​រយៈពេល​ជា​ច្រើន​សប្តាហ៍​ ហើយ​បាតុករ​ និង​អ្នក​វិភាគ​ជា​ច្រើន​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​ពេល​​លោក​ប្រធានាធិបតី​ ដែល​ពី​មុន​មក​រង​ការ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​បំពាន​ ក្នុង​ឋានៈ​ជា​លេខាធិការ​ការពារ​ជាតិ​ក្នុង​អំឡុង​ពេល​សង្គ្រាម​ស៊ីវិល​ មិន​ឆ្លើយ​តប​ជា​អ្វី​ធំដុំ​ទៅ​នឹង​សកម្មភាព​នេះ​ឡើយ។

ប៉ុន្តែ​កំហឹង​​ឈាន​ដល់​កម្រិត​កំពូល ​កាល​ពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​មុន​​ នៅ​ពេល​លោក​នាយក​រដ្ឋមន្រ្តី​ Mahinda ​​ធ្វើ​ឱ្យ​ការ​លាលែង​ចេញ​​ពី​​តំណែង​​របស់​​លោក​​ ទៅ​ជា​ការ​បំផ្លិចបំផ្លាញ​ដែល​បង​ប្រុស​​លោក​កំពុង​តស៊ូ​ ដើម្បី​ទប់​ស្កាត់​។​ ក្រុម​អ្នកគាំទ្រ​របស់​លោក​ Mahinda​ បាន​ប្រើ​អំពើ​ហិង្សា​លើ​ក្រុម​បាតុករ​សន្តិវិធី​ ដែល​បោះតង់​នៅ​ជិត​គេហដ្ឋាន​របស់​លោក​បង្ក​ជា​រលក​នៃ​កំហឹង​ និង​អំពើ​ហិង្សា​ពី​បាតុករ​វិញ​ដោយ​​​ហ្វូង​​មនុស្ស​​ដុត​​ផ្ទះ​សមាជិក​​បក្ស​​កាន់​​អំណាច​រាប់​​សិប​​ខ្នង​​​​។ នៅ​ទីក្រុង​កូឡុំបូ ​អ្នក​គាំទ្រ​នាយក​រដ្ឋមន្ត្រី​មួយ​ចំនួន​ត្រូវ​បាន​បង្ខំ​ខ្លួន​លោត​ចូល​ទៅ​ក្នុង​បឹង​មួយ​ ដើម្បី​ភៀស​ខ្លួន​ទៅ​ទី​សុវត្ថិភាព។

ដោយ​មាន​ការ​ខឹង​សម្បា​តាមរយៈ​ទូរស័ព្ទ​ ដែល​បញ្ជា​ឱ្យ​កង​កម្លាំង​គ្រប់គ្រង​ភាព​រញ៉េរញ៉ៃ​ លោក​ប្រធានា​ធិបតី​ Gotabaya ​​​ក៏​បញ្ជា​ឱ្យ​ប៉ូលិស​បាញ់​កាណុង​ទឹក​ទៅ​លើ​​ហ្វូង​បាតុករ​ ដើម្បី​បំបែក​ពួក​គេ​ផង​ដែរ​។ ​​ប៉ុន្មាន​ថ្ងៃ​មក​នេះ​ ប្រធានាធិបតី​បាន​រឹត​បន្តឹង​បម្រាម​គោចរ​ ដោយ​បញ្ជា​ឱ្យ​កង​កម្លាំង​សន្តិសុខ​​នៅ​នឹង​កន្លែង ​បញ្ឈប់​ការ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​ និង​ការ​ដុត​បំផ្លាញ​​ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ពុធ​ សប្ដាហ៍​មុន​ លោក​ថ្កោល​ទោស​លើ​ការ​វាយ​ដំ​លើ​ក្រុម​បាតុករ​ និង​អំពើ​ហិង្សា ​ដែល​​កើត​ឡើង​ ហើយ​​សន្យា​ថា​ នឹង​កាត់​បន្ថយ​អំណាច​បោស​សម្អាត​របស់​លោក​ផ្ទាល់​។

សំណួរ​ដែល​ថា តើ​ប្រធានាធិបតី​អាច​កាន់​តំណែង ​បាន​ផុត​អាណត្តិ​រយៈពេល ​២ ​ឆ្នាំ​ទៀត​​យ៉ាង​ណា​នោះ​ អាច​ត្រូវ​បាន​កំណត់​ដោយ​សំណួរ​ថា​ តើ​យោធា​គាំទ្រ​លោក​ដល់​កម្រិត​ណា។ ​លោក ​Rajapaksa ​ដែល​អតីត​ជា​វរសេនីយ៍​ឯកកង​ទ័ព ១ ​រូប បាន​ការពារ​មន្រ្តី​យោធា​ពី​ការ​ស៊ើប​អង្កេត​ឧក្រិដ្ឋកម្ម​សង្រ្គាម​ និង​ផ្តល់​រង្វាន់​ដល់​អ្នក​ស្មោះត្រង់​របស់​លោក​ទៀត​ផង។

លោក ​Hemasiri Fernando ​អតីត​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​​និយាយ​ថា​ យោធា​​គិត​គូរ​ពី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន ដើម្បី​ឱ្យ​មន្រ្តី​គាំទ្រ​ប្រធានាធិបតី​ដោយ​ងងឹត​ងងល់​ ទោះបី​ជា​មាន​ការ​ខឹង​សម្បា​ជា​សាធារណៈ​ក្ដី​។​ លោក​ថា​ ​នៅ​ពេល​វិបត្តិ​សេដ្ឋកិច្ច​រីក​រាលដាល​ខ្លាំង​ពេក​ ក៏​ធ្វើ​ឱ្យ​​ប៉ះពាល់​ដល់​គ្រួសារ​អ្នក​នៅ​ក្នុង​ជួរ​យោធា​ផង​ដែរ​​​៕

ហួន ឌីណា

វីដេអូ៖