ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​​និយាយ​ថា ​​រុស្ស៊ី​​វាយ​លុក​ទីតាំង​នានា​ នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន ​កាល​ពី​ថ្ងៃ​អាទិត្យ​ ខណៈ​​ព្យាយាម​ឡោម​ព័ទ្ធ​កង​កម្លាំង​អ៊ុយក្រែន ​ក្នុង​ការ​ប្រយុទ្ធ​ដណ្តើម​យក​តំបន់​ដុនបាស​ និង​ទប់​ទល់​នឹង​ការ​វាយ​លុក​​ពី​​ទ័ព​អ៊ុយក្រែន​ នៅ​ក្រុង ​Izium​​ ដែល​ខ្លួន​គ្រប់​គ្រង​។​


រុស្ស៊ី​​និយាយ​​​ថា​ ខ្លួន​បាន​ធ្វើ​ការ​វាយ​ប្រហារ​​ដោយ​មីស៊ីល​ សំដៅ​ទៅ​លើម​ជ្ឈម​ណ្ឌល​បញ្ជា​ការ​ និង​ឃ្លាំង​អាវុធ​ ខណៈ​​​ព្យាយាម​ឡោម​ព័ទ្ធ​អង្គភាព​អ៊ុយក្រែន​ រវាង​ក្រុង ​Izium និ​ងក្រុ​ង​ដុនណេតស្ក៍​​​ (​​Donets)​​​។

ក្នុង​ថ្ងៃ​ជាមួយ​គ្នា​បញ្ជាការ​ទ័ព​អាកាស​​អ៊ុយក្រែន​​និយាយ​ថា​ កង​ទ័ព​​ខ្លួន​បាន​វាយ​លុក​ការ​វាយ​ប្រហារ​ចំនួន​ ១៧​លើក​ កាល​ពី​ថ្ងៃ​អាទិត្យ​ និង​​បំផ្លាញ​សម្ភារៈ​យោធា​​រុស្ស៊ី​ចំនួន​ ១១​ គ្រឿង​ រួម​មាន​ឧទ្ធម្ភាគចក្រ ​២​គ្រឿង​មីស៊ីលគ្រូ​ស​ ២​គ្រឿង​ និង​ដ្រូន​ចំនួន​ ២​គ្រឿង​។​ អង្គភាព​ដដែល​បន្ថែម​ថា ​​រុស្ស៊ី​បាន​បន្ត​កំណត់​គោលដៅ​លើ​តំបន់​ជន​ស៊ីវិល​ នៅ​តាម​បណ្តោយ​ខ្សែ​ព្រំដែន​ជួរ​មុខ​ទាំង​មូល ​នៅក្នុ​ង​តំបន់​លូហានស្ក៍​​ និង​ដុនណេតស្ក៍​​ដោយ​បាន​បាញ់​ទៅ​លើភូ​មិ​ និង​ទីប្រជុំ​ជន​ចំនួន​ ២៣​។​


​ក្រុង ​Izium​ ដែល​មាន​​ទន្លេ​ ​​Donets ហូរ​កាត់​ ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ ១២០​គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​ពី​ទីក្រុង​ខាកៀវ​។ ​ប្រសិន​​​បើ​អ៊ុយក្រែន​អាច​រក្សា​សម្ពាធ​លើ​ក្រុង ​Izium ​និង​បណ្តាញ​ផ្គត់​ផ្គង់​របស់​រុស្ស៊ី នោះ​នឹង​ធ្វើឱ្យ​​ទីក្រុង​ម៉ូស្គូ​កាន់​តែពិ​បាក​ ក្នុង​ការ​ឡោមព័ទ្ធ​កង​ទ័ពអ៊ុយ​ក្រែន​ ដែល​រឹងមាំ​នៅ​លើ​សមរភូមិ​ភាគ​ខាង​កើត​ដុនបាស​។​


អភិបាល​​ក្នុង​តំបន់​របស់​​អ៊ុយក្រែន​ លោក​ Oleh Sinegubov​ ​និយាយ​​​ថា​​​៖ ​«​​ចំណុច​​ក្តៅ​​បំផុត​​នៅ​​តែ​​ជា​​ទិសដៅ​លើ​ទី​ក្រុង​ Izium។​ កង​កម្លាំងប្រ​ដាប់​អាវុធ​របស់​យើង​បាន​ប្តូរ​ទៅ​ការ​វាយ​លុក​នៅ​ទីនោះ​។​ សត្រូវ​កំពុង​ដក​ថយ​នៅ​ផ្នែក​ខាង​មុខ​ខ្លះ​»​។​


កងក​ម្លាំង​ប្រដាប់​អាវុធអ៊ុ​យក្រែន​​និយាយថា​ នៅ​ក្នុង​តំបន់​មួយ​ចំនួន​ អង្គភាព​រុស្ស៊ី​ ឥឡូវ​នេះ​ កំពុង​ប្រតិបត្តិការ​ ក្នុង​កម្រិត​កម្លាំង​តិច​ជាង ​២០​ភាគ​រយ​។ ​​លោក​ Vadym Denysenko ទីប្រឹក្សា​ក្រសួង​មហាផ្ទៃ​អ៊ុយក្រែន​​ ប្រាប់​ទូរទស្សន៍​អ៊ុយក្រែន​ថា កង​កម្លាំង​អាច​ផ្លាស់​ទី ​នៅ​តាម​ព្រំដែន ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ ដើម្បី​ដាក់​សម្ពាធ​លើ​កង​ទ័ព​រុស្ស៊ី ​នៅ​ភាគ​ឦសាន​ នៃ​ទីក្រុង​ខាកៀវ។​

លោក​ Serhiy Gaidai ​អភិបាល​នៃ​តំបន់​លូហានស៍​ និយាយ​ថា​ ការ​ជម្លៀស​ជន​ស៊ីវិល ​​កំពុង​តែ​ដំណើរ​ការ​ ខណៈ​​ការ​ប្រយុទ្ធ​ នៅ​តែ​បន្ត​នៅ​ជុំ​វិញ​​ក្រុង ​Sievierodonetsk ​ហើយរុ​ស្ស៊ី​ហាក់​ ដូច​ជា​កំពុង​បង្វែរ​កង​កម្លាំង​របស់​ខ្លួន​ទៅ​កាន់​តំបន់​នោះ​។ ​លោក​​និយាយ​ប្រាប់​សារព័ត៌មាន​មួយ​ថា​៖​ «​គោល​បំណង​ គឺ​កាត់​ផ្ដាច់​ផ្លូវ​ [​ហាយវ៉េ​] ​សំខាន់​ Bakhmut-Lysychansk ​និង​ឡោម​ព័ទ្ធ​តំបន់​ទាំង​មូល​»។​​​

បូក​រួម​នឹង​ការ​បាត់​បង់​កង​កម្លាំង​​ និង​សម្ភារៈ​យោធា​ជា​ច្រើន​​រុស្ស៊ី​​ ទទួល​រង​នូវ​ទណ្ឌកម្ម​សេដ្ឋកិច្ច​យ៉ាង​ខ្លាំង​ ខណៈ​​បស្ចិម​លោក​​ផ្តល់​ជំនួយ​យោធា​ដល់​អ៊ុយក្រែន​។​ ស្ថាន​ទូត​អាមេរិក​ប្រចាំ​ក្រុង​កៀវ​ ​និយាយ​ថា​​អ៊ុយក្រែន​ បាន​ដាក់​ពង្រាយ​យន្តហោះ​ចម្បាំង​ M-777 ថ្មី​របស់​សហរដ្ឋ​អាមេរិក​ជា​ច្រើន នៅ​សមរភូមិ​ជួរ​មុខ​។

ចាប់​តាំង​ពី​ពាក់​កណ្តាល​ខែ​មេសា​មក​ កង​កម្លាំង​រុស្ស៊ី​​ផ្តោត​លើ​ការ​វាយ​ប្រហារ​ នៅ​តំបន់​ដុនបាស​ បន្ទាប់​ពី​បរាជ័យ​ក្នុង​ការ​ដណ្ដើម​យក​ក្រុង​កៀវ​។​ ​ការ​វាយ​តម្លៃ​ដោយ​ចារកម្ម​យោធា​អង់គ្លេស​ ​និយាយ​ថា​ រុស្ស៊ី​បាន​បាត់ប​ង់​ប្រហែល ​១/៣ ​នៃ​កម្លាំង​ប្រយុទ្ធ​ជើង​គោក ​ដែល​​ដាក់​ពង្រាយ​ ក្នុង​ខែ​កុម្ភៈ​របស់​ខ្លួន​។​ ការ​វាយ​តម្លៃ​​និយាយ​ថា​ ការ​វាយ​លុក​នៅ​ដុនបាស​បាន​ធ្លាក់​ចុះ ​​ហើយ​ទំនង​ជា​មិន​ទៅ​មុខ​ទេ​នៅ​រយៈ​ពេល​ ៣០ ​ថ្ងៃ​ទៀត​នេះ​។​

អគ្គលេខាធិការ​អង្គការ​ណាតូ​ លោក ​Jens Stoltenberg ​​និយាយ​ថា​៖ «​សង្រ្គាម​​រុស្ស៊ី​នៅអ៊ុ​យក្រែន នឹង​មិន​កើត​ឡើង​ ដូច​ដែល​ទីក្រុង​ម៉ូស្គូ​បាន​គ្រោង​ទុក​នោះ​ទេ​»៕

ហួន​ ឌីណា