នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ទីក្រុង​ប៊ែរឡាំង ​កាល​ពី​ដើម​ខែ​នេះ​ នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ លោក​ ណារិនត្រា ម៉ូឌី​ (Narendra Modi) បាន​ប្រកាស​ដោយ​ក្លាហាន​ថា​៖ «នៅ​ពេល​ដូច​នេះ​ កសិករ​នៃ​ប្រទេស​ឥណ្ឌា​ ឆ្ពោះ​ទៅ​មុខ​ដើម្បី​ផ្ដល់​អាហារ​ដល់​ពិភព​លោក​»។


រដ្ឋលេខាធិការ​នៃ​មន្ទីរ​អាហារ​ និង​ការ​ចែកចាយ​សាធារណៈ​របស់​ឥណ្ឌា ​លោក ​ស៊ូដង់ស៊ូ ផេនឌី ក៏​បាន​គាំទ្រ​ការ​លើក​ឡើង​​របស់​លោក​ ម៉ូឌី​ ផង​ដែរ​ ដោយ​បាន​បន្ថែម​​ថា​៖ «ប្រទេស​ឥណ្ឌា​ មាន​ស្ថានភាព​ស្បៀង​អាហារ​សុខ​ស្រួល​ ដោយ​មាន​អតិរេក​​គ្រាប់​ធញ្ញជាតិ​ ហើយ​ស្តុក​បម្រុង ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ខ្ពស់​ជាង​តម្រូវ​ការ​អប្បបរមា សម្រាប់​ពេល​ ១ ឆ្នាំ​ខាង​មុខ​»​។


បន្ទាប់​ពី​ការ​លើក​ឡើង​ទាំង​នេះ​ មាន​ការ​រាយការណ៍​ថា​ ឥណ្ឌា​បាន​បញ្ជូន​គណៈប្រតិភូ​ពាណិជ្ជកម្ម​ទៅ​កាន់​ប្រទេស​​ចំនួន​ ៩ ​ដើម្បី​ «សិក្សា​លទ្ធភាព​នៃ​ការ​បង្កើន​ការ​នាំចេញ​ស្រូវ​សាលី​ពី​ប្រទេស​ឥណ្ឌា»​។


ប៉ុន្តែ​កាល​ពី​ថ្ងៃ​អង្គារ​ ទី​ ១៣ ការ​អះអាង​ដ៏​ក្លាហាន​របស់​លោក​ ម៉ូឌី​ បាន​ដួល​រលំ​។ ឥណ្ឌា​ដែល​ជា​អ្នក​ដាំដុះ​ស្រូវ​សាលី​ធំ​ជាង​គេ​ក្នុង​ពិភពលោក​ បន្ទាប់​ពី​​​ចិន​បាន​ប្រកាស​ថា ​ខ្លួន​នឹង​ធ្វើ​ការ​ហាម​ឃាត់​ការ​នាំចេញ​​ស្រូវ​សាលី​ទៅ​កាន់​បរទេស​។


ក្នុង​ការ​ដើរ​ថយ​ក្រោយ​ពី​សម្តី​មុន​នេះ​ លោក​ ផេនឌី​ ប្រាប់​ថា ការ​ហាម​ឃាត់​នេះ​ គឺ​ចាំបាច់​ដើម្បី​ការពារ​ស្បៀង​អាហារ​របស់​ឥណ្ឌា និង​ដើម្បី​ទប់ទល់​នឹង​ការ​កើន​ឡើង​អតិផរណា​។ ការ​ព្យាករ​ចំពោះ​ទិន្នផល​ស្រូវ​សាលី​​របស់​ឥណ្ឌា ​ក៏​បាន​ធ្លាក់ចុះ​នៅ​ឆ្នាំ​នេះ​ផង​ដែរ ដោយសារ​​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​នៅ​ដើម​ឆ្នាំ​ និង​ការ​កើត​ឡើង​រលក​កម្ដៅ​នា​ពេល​ថ្មីៗ​នេះ​។


ការ​ហាម​ឃាត់​របស់​ឥណ្ឌា គឺ​ជា​ព្រឹត្តិការណ៍​ចុង​ក្រោយ​គេ ​ក្នុង​ខ្សែ​ចង្វាក់​ប្រតិកម្ម​បន្តៗ​គ្នា​ ដែល​​មាន​ប្រភព​ក្នុង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​​លើ​អ៊ុយក្រែន​។ ទាំង​រុស្ស៊ី និង​អ៊ុយក្រែន គឺ​ជា​ប្រទេស​នាំចេញ​គ្រាប់​ធញ្ញជាតិ និង​ជី​គីមី​ដ៏​សំខាន់​ក្នុង​ពិភព​លោក​។ ប្រទេស​ទាំង​ ២ ​ត្រូវ​បាន​កាត់​ផ្ដាច់​ពី​ទីផ្សារ​អន្តរជាតិ ​ដោយសារ​​សង្គ្រាម​ក្នុង​ករណី​អ៊ុយក្រែន និង​ដោយសារ​ការ​ដាក់​ទណ្ឌកម្ម​ក្នុង​ករណី​រុស្ស៊ី​។

ជា​មួយ​ការ​បាត់បង់​នូវ​អ្នក​ផ្គត់ផ្គង់​ដ៏​សំខាន់​ទាំង​ ២ ​នេះ​ វិស័យ​អាហារ​របស់​ពិភពលោក​ចាប់​ផ្ដើម​ប្រឈម​មុខ​ជាមួយ​នឹង​​ការ​ជាប់​គាំង​ ខណៈ​ពេល​អ្នក​នាំចេញ​ធំៗ ​ដូចជា​ឥណ្ឌា (ស្រូវ​សាលី) និង​ឥណ្ឌនេស៊ី (ប្រេងដូង) ចាប់​ផ្ដើម​​មាន​ការព្រួយ​បារម្ភ​អំពី​សន្តិសុខ​ស្បៀងអាហារ​ក្នុង​ស្រុក​របស់​ពួក​គេ​ដូចៗ​គ្នា​​។

«តម្លៃ​ប្រេង​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ ហើយ​មាន​កង្វះ​គ្រាប់​ធញ្ញជាតិ និង​ជី»។ ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោក ​ធី.អេស. ទីរូមូទី បាន​និយាយ​បែប​នេះ​ នៅ​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ ហើយ​បន្ត​ទៀត​​ថា​៖ «នេះ​បាន​ជះ​ឥទ្ធិពល​មិន​សមាមាត្រ​លើ​សកល​លោក​ខាង​ត្បូង និង​ប្រទេស​កំពុង​អភិវឌ្ឍន៍»​។

ការ​នាំចេញ​ស្រូវ​សាលី​ពី​ប្រទេស​អ៊ុយក្រែន​ ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ថា ​ចិញ្ចឹម​មនុស្ស​ជាង​ ៤០០ លាន​នាក់ ​ក្នុង​ឆ្នាំ​ ២០២១ ដោយ​ភាគ​ច្រើន​លើសលប់​ គឺ​នាំចេញ​តាម​រយៈ​កំពង់ផែ​ក្រុង​ម៉ារីអូប៉ូល និង​អូដេសា​។ ការ​វាយ​ប្រហារ​ និង​ការ​បិទ​ផ្លូវ​ទឹក​ដោយ​ប្រទេស​រុស្ស៊ី​ ចំពោះ​ទីក្រុង​ទាំង​ ២ ​នេះ​ បាន​ធ្វើ​ឱ្យ​អ៊ុយក្រែន ​បាត់បង់​មធ្យោបាយ​នាំចេញ​របស់​ខ្លួន​ ហើយ​ត្រូវ​ជ្រើសរើស​មធ្យោបាយ​ផ្លូវ​គោក​ ដែល​ប្រកប​ដោយ​ភាព​គ្រោះថ្នាក់​។

នាយក​រដ្ឋមន្ត្រី​អ៊ុយក្រែន​លោក ​ដេនីស ស្មីហាល​ បាន​និយាយ​ នាពេល​ថ្មីៗ​នេះ​ថា​៖ «កសិផល​ជាង​កៅសិប​លាន​តោន​ ដែល​អ៊ុយក្រែន​គ្រោង​នាំចេញ​ទៅ​កាន់​បណ្ដា​ប្រទេស​នៅ​អាស៊ី អាហ្វ្រិក និង​អឺរ៉ុប​ត្រូវ​បាន​រារាំង»​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ រុស្ស៊ី​ត្រូវ​បាន​ព្យាករ​ថា នឹង​ប្រមូល​ផល​គ្រាប់​ធញ្ញជាតិ​យ៉ាង​ហោច​ណាស់​ ១៣០ លាន​តោន​ ដែល​រួម​មាន​ស្រូវ​សាលី​ចំនួន​ ៨៧ ​លាន​តោន​។ បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ​ប្រទេស​ជា​ច្រើន​បាន​ឈប់​ធ្វើ​ពាណិជ្ជកម្ម​ជា​មួយ​រុស្ស៊ី ឬ​ពួក​គេ​មិន​អាច ​ដោយសារ​​ទណ្ឌកម្ម​ហិរញ្ញវត្ថុ​។

អេហ្ស៊ីប​ និង​ប្រទេស​ដទៃ​នៅ​អាហ្វ្រិក​ខាង​ជើង​ ត្រូវ​បាន​គេ​ព្យាករថា​នឹង​រង​ផល​ប៉ះ​ពាល់​ខ្លាំង​ជាង​គេ​ ពី​ការ​បាត់បង់​ការ​ផ្គត់ផ្គង់​ស្រូវសាលី​ពី​អ៊ុយក្រែន​ ប៉ុន្តែ​គេ​រំពឹង​ថា ​ផល​ប៉ះពាល់​នឹង​រីក​រាលដាល​ហួស​ប្រទេស​ទាំង​នេះ​។ នៅ​អាស៊ី​ ​ឥណ្ឌូនេស៊ី​គឺ​ជា​ទីផ្សារ​នាំចេញ​ធំ​ជាង​គេ​ទី២​ សម្រាប់​ស្រូវ​សាលី​អ៊ុយក្រែន​ ហើយ​រុស្ស៊ី​គឺ​ជា​អ្នក​ផ្គត់ផ្គង់​ជី​គីមី​ធំ​ជាង​គេ​ទី៤ ​របស់​ប្រទេស​ឥណ្ឌូនេស៊ី​។

អ៊ុយក្រែន​ក៏​ផ្គត់ផ្គង់​ជាង​ពាក់​កណ្ដាល​នៃ​ប្រេង​ផ្កា​ឈូករ័ត្ន​របស់​ពិភពលោក​ ខណៈ​ពេល​ដែល​រុស្ស៊ី​ផ្គត់ផ្គង់​ជាង​ ២០ ​ភាគរយ​។ តម្លៃ​ប្រេង​ផ្កាឈូក​រ័ត្ន បាន​កើន​ឡើង​ទ្វេដង​នៅ​អាស៊ី ហើយ​បាន​កើន​ឡើង​ជាង​ ១០ ​ដង ​នៅ​តំបន់​ខ្លះ​នៃ​អឺរ៉ុប​។ កង្វះ​ប្រេង​ចម្អិន​អាហារ​បាន​កើត​ឡើង​រួច​ទៅ​ហើយ​ ដោយ​មាន​ផល​ប៉ះពាល់​ខ្លាំង​ជាង​គេ​នៅ​អាស៊ី​ខាង​ត្បូង​។ កង្វះ​នេះ​ធ្វើ​ឱ្យ​ប្រទេស​មួយ​ចំនួន​បញ្ឈប់​ការ​នាំចេញ ​ដើម្បី​រក្សា​ស្ថិរភាព​តម្លៃ​នៅ​ក្នុង​ស្រុក​របស់​ពួក​គេ​។

ប្រទេស​ឥណ្ឌូនេស៊ី​ ដែល​ផ្គត់ផ្គង់​ ៥៥ ​ភាគរយ ​នៃ​ប្រេងដូង​របស់​ពិភព​លោក​ បាន​ប្រកាស​ហាមឃាត់​ការ​នាំចេញ​ប្រេង​ដូង​របស់​ខ្លួន​ បន្ទាប់​ពី​មាន​បាតុកម្ម​និស្សិត​ផ្ទុះ​ឡើង ដើម្បី​តវ៉ា​ការ​កើន​ឡើង​តម្លៃ​ប្រេង​ក្នុង​ស្រុក​រហូត​ដល់​ទ្វេដង​។

អ្នក​ជំនាញ​បាន​​លើក​ឡើង​ថា ការ​ហាម​ឃាត់​ទាំង​នេះ​ នឹង​បង្ក​ឱ្យ​មាន​អតិផរណា​ និង​បង្ក​ជាហានិភ័យ​ដល់​សន្តិសុខ​ស្បៀង​អាហារ​របស់​ពិភព​លោក​ ជាពិសេស​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ចំណូល​ទាប​ និង​កណ្ដាល​៕

វីដេអូ៖