គណបក្ស Hezbollah របស់​ពួក​អ៊ិស្លាម​និយម Shia ​​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​ និង​បក្ស​សម្ព័ន្ធ​មិត្ត​ផ្សេង​ទៀត​ បាន​បាត់បង់​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​សភា​​​លីបង់​ បន្ទាប់​ពី​លទ្ធផល​បោះឆ្នោត​ទូទៅ​របស់​ប្រទេស​ត្រូវ​បាន​ប្រកាស​។


យោង​តាម​លទ្ធផល​បោះឆ្នោត ​ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួង​មហាផ្ទៃ​ កាល​ពី​ថ្ងៃ​អង្គារ ​សម្ព័ន្ធ​មិត្ត​របស់​គណបក្ស​ Hezbollah​​ បាន​បាត់បង់​អាសនៈ​នៅ​​ទូទាំង​ប្រទេស​។​​ ប្លុក​គាំទ្រ​ Hezbollah ​ទទួល​បាន​អាសនៈ​ប្រហែល ​៦១ ​ដែល​​តិច​ជាង ​៦៥ ​អាសនៈ​ ដែល​ត្រូវ​ការ ​ដើម្បី​ទទួល​បាន​សំឡេង​ភាគ​ច្រើន​​នៃ​ចំនួន​អាសនៈ​សរុប​​ ១២៨ ​ ហើយ​ធ្លាក់​ចុះ​ពី​ ៧១ ​អាសនៈ​ នៅ​ក្នុង​ការ​បោះឆ្នោត​សភា​ កាល​ពី​លើក​មុន​។​


គណបក្ស​ចលនា​ស្នេហា​ជាតិ​សេរី​ ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​ Hezbollah លែង​ជា​ប្លុក​សភា​គ្រិស្ត​សាសនា​ដ៏​ធំ​បំផុត​របស់​ប្រទេស​នេះ​ទៀត​ហើយ ដោយ​ទទួល​បាន​ត្រឹម​តែ ១៨ ​អាសនៈ​ប៉ុណ្ណេះ ក្នុង​ការ​បោះឆ្នោត កាល​ពី​ថ្ងៃ​អាទិត្យ ខណៈ​គូរ​ប្រជែង​ គឺ​បក្ស​កង​កម្លាំង​លីបង់ ​ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក​ និង​អារ៉ាប៊ី សាអ៊ូឌីត​ ទទួល​បាន​ ២០ ​អាសនៈ​។​


សម្ព័ន្ធមិត្ត​ Hezbollah ​សំខាន់​ៗ​​ផ្សេង​ទៀត​ ដូចជា​នៅ​ក្រុង​ Aley ​និង​​ក្រុង​ទ្រីប៉ូលី​ ក៏​បាត់​បង់​កៅអី​របស់​ខ្លួន​ទៅ​ឱ្យ​បេក្ខជន​​កំណែ​ទម្រង់​និយម​ផង​ដែរ​។​ ជា​សរុប​ បេក្ខជន​​កំណែ​ទម្រង់​និយម​​ ដែល​ជា​អ្នក​នយោបាយ​ឯករាជ្យ​ឈរ​ឈ្មោះ​ដើម្បី​បំបែក​សំឡេង​ពួក​ឥស្សរជន​កាន់​អំណាច​ចំនួន​ ១៦ ​រូប ​​បាន​ចូល​សភា ​ដែល​កើន​ឡើង​ ១៥ ​អាសនៈ​ បើ​ធៀប​នឹង​ការ​បោះឆ្នោត​ឆ្នាំ​ ២០១៨​។​


លីបង់​ ជា​ប្រទេស​ដែល​មាន​ប្រជាជន​ជិត​ ៧ ​លាន​នាក់​ ជា​ជម្រក​នៃ​សហគមន៍​សាសនា​ចំនួន​ ១៨ ​ផ្សេង​គ្នា​។​ ដោយសារ​តែ​នេះ​ រដ្ឋាភិបាល​​ពឹង​ផ្អែក​លើ​រចនា​សម្ព័ន្ធ​ចែក​​អំណាច​ ដែល​នាយក​រដ្ឋមន្ត្រី​ប្រធានាធិបតី​ និង​ប្រធាន​សភា ត្រូវ​តែ​មក​ពី​ក្រុម​អ្នក​កាន់​សាសនា​ធំៗ ​​៣ ​របស់​ប្រទេស ​រួម​មាន​អ៊ិស្លាម​និកាយ​ស៊ុននី​ម៉ារ៉ុននីត​គ្រិស្ទាន​ និង​អ៊ិស្លាម​និកាយ​ស៊ីអ៊ីត។


សភា​ថ្មី​របស់​ប្រទេស​នេះ​ នឹង​ត្រូវ​តែង​តាំង​នាយក​រដ្ឋមន្ត្រី​​​ និង​បង្កើត​រដ្ឋាភិបាល​ថ្មី​ ដើម្បី​បន្ត​ការ​ចរចា​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​(IMF)​ និង​អនុម័ត​កំណែ​ទម្រង់​សេដ្ឋកិច្ច និង​រចនា​សម្ព័ន្ធ ដើម្បី​ជួយ​សេដ្ឋកិច្ច​លីបង់​ឱ្យ​ងើប​ឡើង​វិញ​ បន្ទាប់​ពី​ភាព​ចលាចល​ជា​ច្រើន​ឆ្នាំ​។​​

យោង​តាម​តួលេខ​របស់​ក្រសួង​មហាផ្ទៃ​​ អត្រា​នៃ​អ្នក​ទៅ​បោះឆ្នោត​មាន​កម្រិត​ទាប​ ៤១ ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ​ដែល​មាន​​ជិត​ដល់​ទៅ​ ៥០ ភាគរយ​។ ​ទីក្រុង​ទ្រីប៉ូលី​ ដែល​ជា​ទីក្រុង​ក្រីក្រ​បំផុត​មួយ​របស់​ប្រទេស​លីបង់​ មាន​អ្នក​ទៅ​បោះឆ្នោត​ប្រហែល​ជា​ ៣០ ភាគរយ​។​ ការ​ឡើង​ថ្លៃ​ប្រេង​ឥន្ធនៈ​ និង​ការ​អស់​សង្ឃឹម​ ចំពោះ​ប្រព័ន្ធ​នយោបាយ​អាច​ជា​​ការ​ធ្វើ​ឱ្យ​​កម្រិត​នៃ​សន្លឹក​ឆ្នោត​ទាប​នេះ​៕

ហួន ឌីណា