កាល​ពី​ថ្ងៃ​ពុធ ទី​ ១៨ ឧសភា​ ប្រមុខ​នីតិប្រតិបត្តិ​សហភាព​អឺរ៉ុប បាន​ប្រកាស​ផែនទី​បង្ហាញ​ផ្លូវ​មួយ ​ដើម្បី​ជួយ​ប្លុក​ ២៧ ​ប្រទេស​នេះ​ ក្នុង​ការ​បោះបង់​ការ​ប្រើប្រាស់​ប្រភព​ថាមពល​នាំចូល​ពី​រុស្ស៊ី​ ដោយ​ស្នើ​កញ្ចប់​ថវិកា​ចំនួន​ ៣០០ ពាន់​លាន​អឺរ៉ូ (ប្រមាណ​ $៣១៥ ពាន់​លាន​​) ដើម្បី​វិនិយោគ​លើ​គម្រោង​ជា​ច្រើន​ដែល​រួមមាន​មធ្យោបាយ​ប្រើប្រាស់​ឥន្ធនៈ​មាន​ទិន្នផល​ខ្ពស់​ជាង​មុន​ និង​បច្ចេកវិទ្យា​ថាមពល​កកើត​វិញ។


គំនិត​ផ្ដួចផ្ដើម​វិនិយោគ ​REPowerEU របស់​គណៈកម្មការ​អឺរ៉ុប មាន​បំណង​ដើម្បី​ពង្រឹង​គោលនយោបាយ​អាកាសធាតុ​អឺរ៉ុប និង​ដក​ហូត​ប្រាក់​ចំណូល​រាប់​សិប​ពាន់​លាន​ពី​រុស្ស៊ី ដែល​ជា​អ្នក​ផ្គត់ផ្គង់​ប្រេង ឧស្ម័ន​ធម្មជាតិ​ និង​ធ្យូង​ថ្ម​ចម្បង​របស់​សហភាព​អឺរ៉ុប​។


ប្រធាន​គណៈកម្មការ​អឺរ៉ុប​ លោកស្រី​ អឺស៊ូឡា វ៉ុន ឌែរ ឡេយែន​ បាន​ប្រាប់​ថា​៖ «យើង​កំពុង​យក​មហិច្ឆតា​​របស់​យើង​ទៅ​កម្រិត​មួយ​ទៀត ដើម្បី​ប្រាកដ​ថា​ យើង​ឯករាជ្យ​ពី​ឥន្ធនៈ​ផូស៊ីល​របស់​រុស្ស៊ី​ឱ្យ​​លឿន​ តាម​ដែល​អាច​ធ្វើ​ទៅ​បាន​»​។


ដោយ​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​​ ហាក់​ដូចជា​គ្មាន​ទីបញ្ចប់​ និង​ភាព​រង្គោះរង្គើ​សន្តិសុខ​ថាមពល​នៅ​ទ្វីប​អឺរ៉ុប​ សហភាព​អឺរ៉ុប​បាន​ប្រញាប់​ប្រញាល់​តម្រឹម​គោល​នយោបាយ​​ភូមិសាស្ត្រ​នយោបាយ​របស់​ខ្លួន​ ជាមួយ​​គោល​នយោបាយ​​អាកាសធាតុ សម្រាប់​ទសវត្សរ៍​ខាង​មុខ​នេះ​។


សហភាព​អឺរ៉ុប​គ្រោង​អនុវត្ត​ការ​ហាមឃាត់​ការ​ចូល​ធ្យូង​ថ្ម​ពី​រុស្ស៊ី​នៅ​ខែ​សីហា​នេះ ហើយ​បាន​ប្ដេជ្ញា​កាត់​បន្ថយ​ការ​នាំចូល​ឧស្ម័ន​ធម្មជាតិ​ចំនួន​ ២/៣ ត្រឹម​ចុង​ឆ្នាំ​នេះ​។ ទន្ទឹម​នឹង​នេះ​សំណើ​ហាមឃាត់​ការ​នាំ​ចូល​ប្រេង​រុស្ស៊ី​ ត្រូវ​បាន​រារាំង​ដោយ​ប្រទេស​ហុងគ្រី និង​ប្រទេស​គ្មាន​ផ្លូវ​ទឹក​​ដទៃ​ទៀត ដែល​ព្រួយ​បារម្ភ​ថា ​ពួក​គេ​មិន​អាច​រក​ប្រភព​ផ្សេង​មក​ជំនួស​បាន​។


ក្នុង​ការ​ព្យាយាម​បញ្ចុះ​បញ្ចូល​ប្រទេស​ទាំង​នេះ​ឱ្យ​គាំទ្រ ចំពោះ​​ការ​ហាម​ឃាត់​ប្រេង​រុស្ស៊ី​ REPowerEU ក៏​រួមមាន​កញ្ចប់​ថវិកា ២ ពាន់​លាន​អឺរ៉ូ ​សម្រាប់​ជួយ​ប្រទេស ដែល​រំពឹង​យ៉ាង​ខ្លាំង​លើ​ការ​នាំ​ចូល​ប្រេង​ពី​រុស្ស៊ី ហើយ​ប្រឈម​នឹង​ការ​លំបាក ក្នុង​ការ​​ស្វែងរក​ប្រភព​មក​ជំនួស​៕

វីដេអូ៖