កាល​ពី​ថ្ងៃ​ចន្ទ ទី​ ២៣ ខែឧសភា ​ប្រធានាធិបតី​អាមេរិក​លោក ​ចូ បៃដិន ​ឱ្យ​តម្រុយ​ថា ​លោក​នឹង​ប្រើប្រាស់​កម្លាំង​យោធា​អាមេរិក ​ដើម្បី​ការពារ​កោះ​តៃវ៉ាន់​ ប្រសិន​បើ​ចិន​ធ្វើ​ការ​វាយ​ប្រហារ​ ដែល​ជា​ការ​បោះបង់​ជំហរ​ «ភាព​មិន​ច្បាស់​លាស់​ជា​យុទ្ធសាស្ត្រ» របស់​ប្រធានាធិបតី​មុន​ៗ ហើយ​គូស​ខ្សែបន្ទាត់​តឹងរ៉ឹង នៅ​ពេល​ដែល​ភាព​តានតឹង កំពុង​កើន​ឡើង​ក្នុង​តំបន់​។


នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ នៅ​ក្រុង​តូក្យូ​ លោក ​បៃដិន​ ហាក់​ដូចជា​ចង់​និយាយ​ថា ​លោក​ហ៊ាន​ជួយ​តៃវ៉ាន់​ ច្រើន​ជាង​លោក​ហ៊ាន​ជួយ​ប្រទេស​អ៊ុយក្រែន​​ ដែល​លោក​បាន​ផ្ដល់​​អាវុធ​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ ក៏​ដូច​ជា​ជំនួយ​ចារកម្ម​ផង​ដែរ​ ដើម្បី​ទប់ទល់​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ ប៉ុន្តែ​អាមេរិក​បាន​បដិសេធ​ ក្នុង​ការ​បញ្ជូន​ទាហាន​ទៅ​ជួយដោយ​ផ្ទាល់​​។


អ្នក​សារព័ត៌មាន​ បាន​សួរ​លោក​ បៃដិន ​ថា​៖ «អ្នក​មិន​ចង់​ពាក់​ព័ន្ធ​នឹង​​ជម្លោះ​យោធានៅអ៊ុយក្រែន ដោយ​​​ហេតុផល​ច្បាស់​លាស់​។ តើ​អ្នក​សុខ​ចិត្ត​ចូល​រួម​ផ្នែក​យោធា ដើម្បី​ការពារ​តៃវ៉ាន់​ បើ​​វា​​ឈាន​ដល់​ករណី​នោះ ឬទេ​?»​។


លោក​ បៃដិន​ បាន​ឆ្លើយ​យ៉ាង​ខ្លី​ថា​ «បាទ» ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ ហើយ​អ្នក​សារព័ត៌មាន​ធ្វើ​ការ​សួរ​បញ្ជាក់​ម្ដង​ទៀត​ថា​៖ «អ្នក​សុខ​ចិត្ត?»​។ លោក​ បៃដិន ​ឆ្លើយ​ថា​៖ «នោះ​គឺ​ជា​ការ​ប្ដេជ្ញា​ចិត្ត ដែល​យើង​បាន​ធ្វើ​»។


សំដី​របស់​លោក​ បៃដិន​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បង្កើន​ភាព​តានតឹង​ជាមួយ​ប្រទេស​ចិន​ ដែល​ចាត់​ទុក​កោះ​តៃវ៉ាន់​ថា ​ជា​ទឹកដី​របស់​ខ្លួន​ ដែល​មិន​អាច​កាត់​ផ្ដាច់​បាន​។


ការ​និយាយ​បែប​នេះ​ក៏​បាន​ធ្វើ​ឱ្យ​មន្ត្រី ​ក្នុង​រដ្ឋាភិបាល​របស់​លោក​ មាន​ការ​ភ្ញាក់ផ្អើល​ផង​ដែរ​ ដោយ​សារ​ពួកគេ​មិន​បាន​រំពឹង​ថា លោក​ បៃដិន ​នឹង​ធ្វើ​ការ​លើកឡើង​ដ៏​សំខាន់​បែប​នេះ​។ កាល​ពី​មុន​ៗ សហរដ្ឋអាមេរិក​ ​គ្រាន់​តែ​​ព្រមាន​កុំ​ឱ្យ​ចិន​ធ្វើ​ការ​វាយ​ប្រហារ​កោះ​តៃវ៉ាន់​ ប៉ុន្តែ​មិន​ដែល​បញ្ជាក់​ថា ខ្លួន​នឹង​ឆ្លើយ​តប​ដោយ​របៀប​ណា​ទេ​។

ភ្លាម​ៗ​ សេតវិមានបាន​ព្យាយាម​បង្វែរ​អត្ថន័យ​របស់​ការ​លើកឡើង​របស់​លោក​ បៃដិន​។ ពួកគេ​បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា​៖ «ដូច​ដែល​ប្រធានាធិបតី​មាន​ប្រសាសន៍​ គោលនយោបាយ​របស់​យើង​មិន​បាន​ផ្លាស់​ប្ដូរ​ទេ​។ លោក​បាន​រំលឹក​ឡើង​វិញ​គោលនយោបាយ​ចិន​តែ​មួយ​របស់​យើង​ និង​ការ​ប្ដេជ្ញា​របស់​យើង​ចំពោះ​សន្តិភាព​ និង​ស្ថិរភាព​នៅ​ទូទាំង​តំបន់​ច្រក​សមុទ្រ​តៃវ៉ាន់។ លោក​ក៏​បាន​រំឭក​ឡើង​វិញ​អំពី​ការ​ប្ដេជ្ញា​របស់​យើង ​ចំពោះ​ការ​ផ្ដល់​មធ្យោបាយ​យោធា​ការពារ​ខ្លួន​ទៅ​ឱ្យ​តៃវ៉ាន់​ ក្រោម​ច្បាប់​ស្ដី​ពី​ទំនាក់​ទំនង​តៃវ៉ាន់​»៕

វីដេអូ៖