ប្រទេស​ជប៉ុន ​ដែល​ជា​ខ្លា​អាស៊ី​ដ៏​មាន​ឥទ្ធិពល​បំផុត​ក្នុង​វិស័យ​សេដ្ឋកិច្ច ក៏​ដូចជា​វិស័យ​យោធា នៅ​មុន និង​ក្នុង​អំឡុង​សង្គ្រាម​លោក​ទាំង​ ២ លើក កំពុង​ងើប​ឡើង​វិញ និង​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​យ៉ាង​រហ័ស​នៅ​ក្នុង​តំបន់​អាស៊ី​-ប៉ាស៊ីហ្វិក បន្ទាប់​ពី​សង្គ្រាម​ផ្ទុះ​ឡើង ​ដែល​ចាប់​ផ្តើម​ពី​ប្រទេស​រុស្ស៊ី​ លើក​ទ័ព​ឈ្លានពាន​ចូល​​អ៊ុយក្រែន កាល​ពី​ចុង​ខែ​កុម្ភៈ​ ឆ្នាំ​នេះ តាមរយៈ​ការ​រឹត​ចំណង​ទាក់ទង​ផ្នែក​យោធា​ការពារ​ជាតិ​ទៅ​វិញ​ទៅ​មក​។


គ្រប់គ្នា​ដឹង​ថា អំឡុង​សង្គ្រាម​លោក​លើក​ទី២ ឆ្នាំ ១៩៣៩-១៩៤៥ ​ជប៉ុន​បាន​វាយ​កាន់កាប់​ប្រទេស​ជាច្រើន នៅ​ក្នុង​តំបន់​អាស៊ី រួម​ទាំង​កម្ពុជា​ផង​ដែរ ដោយសារ​តែ​ភាព​ខ្លាំង​គ្មាន​គូ​ប្រៀប​របស់​កងទ័ព​ជប៉ុន ហើយ​ជប៉ុន​កាល​នោះ បាន​ចងសម្ព័ន្ធ​ជាមួយ​ពួក​ណាហ្ស៊ី​អាល្លឺម៉ង់ ដែល​វាតទី​នៅ​​អឺរ៉ុប​។ នេះ​បើ​យោង​តាម​គេហ​ទំព័រ​ប្រវត្តិសាស្ត្រ The History​។


ប៉ុន្តែ​ជប៉ុន​បាន​ព្រម​ចុះចាញ់​សង្គ្រាម​នៅ​ឆ្នាំ​ ១៩៤៥ បន្ទាប់​ពី​សហរដ្ឋអាមេរិក​បាន​ទម្លាក់​គ្រាប់​បែក​នុយក្លេអ៊ែរ​ចំនួន ២ ​គ្រាប់ គឺ​ ១ ​គ្រាប់​ នៅ​ទី​ក្រុង​ហ៊ីរ៉ូស៊ីម៉ា (Hiroshima) កាល​ពី​ថ្ងៃទី​ ៦ ខែ​សីហា និង ៣ ​ថ្ងៃ​ក្រោយ​មក ១ ​គ្រាប់​ទៀត នៅ​ទីក្រុង​ណាហ្គាសាគិ (Nagasaki) នា​ថ្ងៃទី​ ៩ ខែ​ សីហា​ ឆ្នាំ ​១៩៤៥ ដែល​បណ្តាល​ឱ្យ​ទីក្រុង​ដ៏​ទំនើប​របស់​ជប៉ុន​ទាំង​ ២ រង​ការ​បំផ្លិចបំផ្លាញ​រាប​ដល់​ដី​។


គ្រាប់​បែក​អាតូម​ដែល​ត្រូវ​បាន​​ទម្លាក់​ទាំង​ ២​ គ្រាប់​នោះ បាន​សម្លាប់​ប្រជាជន​ជប៉ុន​ក្នុង​ក្រុង​ទាំង​ ២ ជាង ១១ ​ម៉ឺន​នាក់ ដោយ​គ្រាប់​ទី​ ១ នៅ​ហ៊ីរ៉ូស៊ីម៉ា បណ្ដាលឱ្យ​ប្រជាជន​ជប៉ុន​ស្លាប់​ជាង ៧ ​ម៉ឺន​នាក់ និង​គ្រាប់​ទី២ នៅ​ណាហ្គាសាគិ ឆក់​យក​ជីវិត​មនុស្ស​ប្រមាណ ៤​ ម៉ឺន​នាក់​ផ្សេង​ទៀត ក្នុង ១ ​ប៉ប្រិច​ភ្នែក​។


យោង​តាម​ការិយាល័យ​អ្នក​ប្រវត្តិសាស្ត្រ​អាមេរិក (history.state.gov) ក្រោយ​ពី​ការ​ប្រកាស​​ចាញ់​សង្គ្រាម​របស់​ព្រះចៅអធិរាជ​ជប៉ុន នាពេល​នោះ អាមេរិក ​និង​ក្រុម​សម្ព័ន្ធ​លោក​សេរី ក៏​បាន​រៀបចំ​គ្រប់គ្រង​​ជប៉ុន និង​ស្តារ​ប្រទេស​នេះ​ឡើង​វិញ ដោយ​ដំណាក់កាល​ដំបូង តាំង​ពី​ចប់​សង្គ្រាម​ក្នុង​ឆ្នាំ ១៩៤៥ ដល់​​ឆ្នាំ ១៩៤៧ ជា​ពេលវេលា​ផ្លាស់ប្តូរ​មូលដ្ឋាន​សម្រាប់​រដ្ឋាភិបាល និង​សង្គម​។ ក្រុម​ប្រទេស​សម្ព័ន្ធ​ប្លុក​សេរី បាន​ដាក់​ទោស​ជប៉ុន ចំពោះ​ភាព​យោធ​និយម និង​វាតទី​និយម​។


ក្រោយ​បញ្ចប់​សង្គ្រាម​នោះ នៅ​ក្នុង​ខែ​កញ្ញា ​ឆ្នាំ​ ១៩៤៥ បញ្ជាការ​កំពូល​នៃ​អំណាច​សម្ព័ន្ធមិត្ត (SCAP) បាន​រំសាយ​យោធា​ជប៉ុន និង​ហាម​ឃាត់​​អតីត​មន្ត្រី​យោធា​ជប៉ុន​ពី​ការ​កាន់​តួនាទី​ដឹកនាំ​នយោបាយ​​ក្នុង​រដ្ឋាភិបាល​ថ្មី​។

ឆ្នាំ ១៩៤៧ ទីប្រឹក្សា​សម្ព័ន្ធមិត្ត​បាន​កំណត់​យ៉ាង​សំខាន់​នូវ​រដ្ឋ​ធម្មនុញ្ញ​ថ្មី​ដល់​មេ​ដឹកនាំ​របស់​ជប៉ុន។ ការ​ផ្លាស់ប្តូរ​ដ៏​ជ្រាលជ្រៅ​បំផុត​មួយ​ចំនួន​ក្នុង​ឯកសារ ​រួមមាន​ការ​បន្ទាប​ឋានៈ​របស់​អធិរាជ​​ទៅ​ជា​ឥស្សរ​ជនជាតិ ដោយ​គ្មាន​ការ​គ្រប់គ្រង​ខាង​នយោបាយ និង​ការ​ដាក់​អំណាច​បន្ថែម​ទៀត​ក្នុង​ប្រព័ន្ធ​សភា ការ​លើក​កម្ពស់​សិទ្ធិ និង​ការ​ផ្ដល់​សិទ្ធិ​កាន់​តែ​ច្រើន​ដល់​ស្ត្រី និង​ការ​លះបង់​សិទ្ធិ​ធ្វើ​សង្គ្រាម ដែល​​ពាក់ព័ន្ធ​នឹង​ការ​លុប​បំបាត់​កងកម្លាំង​ប្រដាប់​អាវុធ​មិនមែន​ការពារ​ជាតិ​ទាំង​អស់​។

ក្រោយ​ពី​នោះ​មក កងទ័ព​ជប៉ុន​មិន​បាន​ធ្វើ​សកម្មភាព​អ្វី សម្រាប់​សឹកសង្គ្រាម​ប្រដាប់​អាវុធ​​ទេ ផ្ទុយ​ទៅ​វិញ គេ​សង្កេត​ឃើញ​កងទ័ព​ជប៉ុន​មាន​សកម្មភាព​ក្នុង​រូបភាព​មនុស្សធម៌​តាមរយៈ​ឆត្រ​នៃ​អង្គការ​សហប្រជាជាតិ ដូច​ករណី​បញ្ជូន​មក​កម្ពុជា​ក្នុង​សម័យ​កាល​ដែល​កំពុង​រៀបចំ​ផ្សះផ្សា​ជាតិ​ដំបូង​តាមរយៈ​ការ​បោះឆ្នោត ដែល​រៀបចំ​ដោយ​អាជ្ញាធរ​បណ្តោះអាសន្ន​​នៃ​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា (UNTAC) ក្នុង​ឆ្នាំ​ ១៩៩៣ ជា​ដើម​។

មេ​ដឹកនាំ​ជប៉ុន​បច្ចុប្បន្ន មើល​ឃើញ​ស្ថានការណ៍​សន្តិសុខ​ពិភព​លោក ក៏​ដូចជា​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​មាន​ភាព​ផុយ​ស្រួយ​​ខ្លាំង​ណាស់ ដែល​ចាំ​បាច់​ត្រូវ​ការ​បង្កើន​​សមត្ថភាព​យោធា និង​​ពង្រឹង​សម្ព័ន្ធមិត្ត​យោធា​។

ក្នុង​កិច្ចប្រជុំ​កំពូល​សន្តិសុខ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក ដែល​បាន​រៀបចំ​ឡើង កាល​ពី​សប្តាហ៍​កន្លង​ទៅ នាយក​រដ្ឋមន្ត្រី​ជប៉ុន Fumio Kishida ប្រកាស​ពី​ផែនការ​ជំនួយ​សន្តិសុខ សម្រាប់​បណ្តា​ប្រទេស​ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែល​នឹង​ឃើញ​ក្រុង​តូក្យូ​ផ្តល់​ជំនួយ​សន្តិសុខ​ដែន​សមុទ្រ​ចំនួន $​២ ពាន់​លាន ក្នុង​រយៈពេល ៣ ​ឆ្នាំ​ខាង​មុខ ដោយ​ផ្តោត​លើ​សកម្មភាព​ពង្រឹង​ទូក​ល្បាត និង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​តាម​សមុទ្រ ខណៈ​ការ​វិនិយោគ​លើ​ធនធាន​មនុស្ស​ចាំបាច់ ដូចជា​ការ​បណ្តុះបណ្តាល និង​ការ​អប់រំ​។ នេះ​បើ​ផ្អែក​តាម​បណ្តាញ​សារព័ត៌មាន Japan Times នៅ​ប្រទេស​ជប៉ុន។

លោក Kishida ដែល​រដ្ឋបាល​​របស់​ខ្លួន​កំពុង​រៀបចំ​ធ្វើ​សេចក្តី​ព្រាង​គោល​នយោបាយ​សន្តិសុខ​ជាតិ​ថ្មី ​រំឭក​ឡើង​វិញ​នូវ​ផែនការ​របស់​ក្រុង​តូក្យូ ក្នុង​ការ​ជំរុញ​ការ​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ និង​ពង្រឹង​សមត្ថភាព​​យោធា​របស់​ប្រទេស​។

នាយក​រដ្ឋមន្ត្រី​ជប៉ុន​រូប​នេះ បាន​ពិពណ៌នា​ផែនការ​របស់​រដ្ឋាភិបាល​លោក​ថា៖ «​ចាំបាច់​បំផុត​» ប្រសិន​ជប៉ុន​ត្រូវ​រស់រាន​មាន​ជីវិត​ក្នុង​សករាជ​ថ្មី​។

លោក​បន្ត​ថា៖ «ខ្ញុំ​នឹង​ស្វែងរក​​ការ​កសាង​សណ្តាប់​ធ្នាប់​អន្តរជាតិ​ប្រកប​ដោយ​ស្ថិរភាព តាមរយៈ​ការ​សន្ទនា​មិនមែន​ការ​ប្រឈម​មុខ​ដាក់​គ្នា​នោះ​ទេ។ ទោះ​យ៉ាងណា ក្នុង​ពេល​ជាមួយ​គ្នា​ យើង​ត្រូវ​ត្រៀម​ខ្លួន​សម្រាប់​ការ​លេច​ចេញ​នូវ​អង្គភាព ដែល​ជាន់ឈ្លី​សន្តិភាព និង​សន្តិសុខ​របស់​ប្រទេស​ដទៃ ដោយ​​គំរាម​កំហែង​ជាមួយ​​នឹង​កម្លាំង ដែល​​មិន​គោរព​ច្បាប់។ ជា​មធ្យោបាយ​​នៃ​ការ​ទប់ស្កាត់​ស្ថានភាព​បែប​នេះ និង​ការ​ការពារ​​ខ្លួន​យើង យើង​ត្រូវ​ពង្រឹង​ការ​រារាំង និង​ការ​ឆ្លើយតប​របស់​យើង​»។

ក្នុង​រយៈពេល​ប្រហែល ១ ​ខែ មេ​ដឹកនាំ​ជប៉ុន​​បាន​ចុះ​ហត្ថលេខា​​លើ​កិច្ច​ព្រមព្រៀង​ការពារ​ជាតិ​ចំនួន ២ ជាមួយ​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ក្នុង​នោះ ​​​ថៃ​កាល​ពី​ដើម​ខែ​ឧសភា និង​សិង្ហបុរី ក្នុង​ដើម​ខែ​មិថុនា​។

យោង​តាម​សារព័ត៌មាន The Straistimes របស់​សិង្ហបុរី ក្រសួង​ការពារ​ជាតិ (Mindef) សិង្ហបុរី​និយាយ​ថា អនុស្សរណៈ​ដំបូង​គ្រប​ដណ្តប់​ការ​ផ្លាស់ប្តូរ​ទស្សនកិច្ច​របស់​មន្ត្រី ការ​សន្ទនា​គោល​នយោបាយ និង​កិច្ច​ពិភាក្សា​បុគ្គលិក​យោធា ក៏​ដូចជា​កិច្ច​សហប្រតិបត្តិការ​ក្នុង​ជំនួយ​មនុស្សធម៌ និង​ការ​សង្គ្រោះ​គ្រោះ​មហន្តរាយ និង​ប្រតិបត្តិការ​គាំទ្រ​សន្តិភាព​។

នាយក​រដ្ឋមន្ត្រី​ជប៉ុន​និយាយ​ដូច​ដែល Japan Times ​ដក​ស្រង់​សម្តី​ថា៖ «ខ្ញុំ​ប្តេជ្ញា​ពង្រឹង​​ជាមូលដ្ឋាន​នូវ​សមត្ថភាព​របស់​​ជប៉ុន​ក្នុង​រយៈពេល ៥ ​ឆ្នាំ​ខាង​មុខ និង​ធានា​បាន​នូវ​ការ​កើន​ឡើង​យ៉ាង​ច្រើន​នៃ​ថវិកា​ការពារ​ជាតិ​របស់​​ជប៉ុន។ ក្នុង​ការ​ធ្វើ​ដូច្នេះ យើង​នឹង​មិន​ច្រាន​ចោល​ជម្រើស​ណា​​ ១ រួម​ទាំង​អ្វី​ដែល​ហៅ​ថា សមត្ថភាព​ប្រឆាំង​នឹង​ការ​វាយ​ប្រហារ​នោះ​ឡើយ​»​៕

វីដេអូ៖