ឥណ្ឌា និង​បង់ក្លាដែស ដែល​ជា​ប្រទេស​នៅ​អាស៊ី​ខាង​ត្បូង កំពុង​រងគ្រោះ​ទឹក​ជំនន់​ដ៏​ខ្លាំង ដែល​ជន់​លិច​អាកាសយានដ្ឋាន បង្ក​ឱ្យ​ប៉ម​ទូរស័ព្ទ​ដួល​រលំ ​ស្ពាន​​រលំ​បាក់ និង​ខ្សែ​បណ្តាញ​អគ្គិសនី​ត្រូវ​កាត់​ផ្តាច់​ ខណៈ​មនុស្ស​រាប់​លាន​នាក់ ត្រូវ​ដាច់​ទំនាក់ទំនង និង​រាប់សែន​នាក់​ត្រូវ​ជម្លៀស​ចេញ​ពី​លំនៅឋាន។


ទីភ្នាក់ងារ​ព័ត៌មាន​ញូវយ៉កថាមស៍ (NYTIMES) ប្រចាំ​ក្រុង​ញូវដេលី បាន​ដក​ស្រង់​សម្តី​របស់​មន្ត្រី​ដែល​​ថា យ៉ាងហោច​ណាស់​មនុស្ស ១១៦ នាក់ បាន​រងគ្រោះ​ដល់​អាយុ​ជីវិត​នៅ​ក្នុង​ទឹក​ជំនន់ និង​រន្ទះបាញ់ ហើយ​ក៏​ដូចជា​ការ​រអិល​បាក់​ដី ដែល​ធ្វើ​ឱ្យ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​កាន់​តែ​លំបាក។


ទឹក​ជំនន់​ដ៏​មហន្តរាយ​ចុង​ក្រោយ​នេះ កើត​ឡើង​មិន​ដល់ ១ ​ខែ បន្ទាប់​ពី​ភ្លៀង​មូសុង​បាន​ធ្លាក់​យ៉ាង​ខ្លាំង​ក្នុង​ទីប្រជុំជន។


កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​ មន្ត្រី​ក្នុង​រដ្ឋ Assam ជា​រដ្ឋ​មួយ​នៅ​ភាគ​ឦសាន​ឥណ្ឌា ជាប់​ព្រំដែន​ប្រទេស​បង់ក្លាដែស បាន​ប្រាប់​ថា ស្រុក​ទាំង​ ៣៣ របស់​រដ្ឋ​ត្រូវ​បាន​រង​ផលប៉ះពាល់​ដោយ​ទឹក​ជំនន់ ដែល​ពួក​គេ​បាន​ស្តីបន្ទោស ​ចំពោះ​ការ​មិន​ដំណើរការ​ស្ទើរ​តែ ១ ​ទសវត្សរ៍​នៃ​វឌ្ឍនភាព​លើ​ការ​កសាង​ហេដ្ឋា​រចនាសម្ព័ន្ធ​ត​ភ្ជាប់​ទីក្រុង និង​ភូមិឆ្ងាយៗ។


យ៉ាង​ហោច​ណាស់​ មនុស្ស ៧៣ ​នាក់ បាន​ស្លាប់​ដោយសារ​គ្រោះ​មហន្តរាយ​នៅ​ក្នុង​រដ្ឋ​នេះ ហើយនៅក្នុង​រដ្ឋ​ជិត​ខាង​នៃរដ្ឋ Meghalaya មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​នៅ​ទីក្រុង Cherrapunji និង Mawsynram។


កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ ទីក្រុង Mawsynram បាន​កត់ត្រា​ទឹក​ភ្លៀង​ប្រហែល ១០១ ​សង់ទី​ម៉ែត្រ ក្នុង ១ ​ថ្ងៃ។ នៅ​ក្នុង​តំបន់ Dangar ក្បែរ​នោះ មនុស្ស​យ៉ាង​តិច ៥ ​នាក់ ក្នុង​គ្រួសារ​មួយ ​ត្រូវ​បាន​សម្លាប់​​នៅ​ក្នុង​ការ​បាក់​ដី កាល​ពី​ថ្ងៃ​ចន្ទ​។ នេះ​ផ្អែក​តាម​លោក Conrad Sangma ដែលជា​ប្រមុខ​រដ្ឋ​បាន​ឱ្យ​ដឹង​នៅ​លើ​បណ្ដាញ​សង្គម Twitter​៕