៤ ឆ្នាំ​ បន្ទាប់​ពី​លោក ដូណាល់ ត្រាំ ដក​ខ្លួន​ជា​ឯក​តោភាគី​ចេញ​ពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដើម្បី​ផលប្រយោជន៍​នយោបាយ សហរដ្ឋអាមេរិក​នៅ​តែ​ប្រឈម​នឹង​ផល​វិបាក​ដែល​កើត​ចេញ​ពី​កេរដំណែល​នៃ​ការ​សម្រេច​របស់​អតីត​ប្រធានាធិបតី​អាមេរិក​រូប​នេះ​។


កិច្ច​ព្រមព្រៀង​ដែល​មាន​ឈ្មោះ​ជា​ផ្លូវការ​ថា JCPOA (ផែនការ​សកម្មភាព​រួម​ដ៏​ទូលំទូលាយ​) បាន​បិទ​ផ្លូវ​អ៊ីរ៉ង់ ពី​ការ​ឆ្ពោះ​ទៅ​រក​ការ​ផលិត​គ្រាប់​បែក​នុយក្លេអ៊ែរ ដោយ​បន្ថយ​ការ​ប្រឈម​នឹង​សន្តិសុខ​ដ៏គ្រោះ​ថ្នាក់​។ ការ​ដក​ខ្លួន​របស់​លោក​ ត្រាំ​ ក្នុង​ឆ្នាំ​ ២០១៨ បាន​នាំ​ឱ្យ​ការ​គំរាមកំហែង​ពី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ត្រឡប់​មក​វិញ ហើយ​ធ្វើ​ឱ្យ​អាមេរិក​ស្ថិត​ក្នុង​ទីតាំង​មិន​រឹងមាំ ក្នុង​ការ​ដោះស្រាយ​ចំពោះ​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ផ្សេង​ទៀត​។


ខណៈ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី ចូ បៃដិន ស្វះស្វែង​ជាមួយ​សម្ព័ន្ធមិត្ត​ដទៃ​ទៀត​ក្នុង​ការ​ប្រឹងប្រែង ដើម្បី​ស្ដារ​កិច្ច​ព្រមព្រៀង​​អ៊ីរ៉ង់ ដែល​ជាប់​គាំង​ឡើង​វិញ មន្ត្រី​អាមេរិក និង​អ្នក​វិភាគ​និយាយ​ថា ទង្វើ​របស់​លោក​ ត្រាំ ធ្វើ​ឱ្យ​ស្មុគស្មាញ​ដល់​សមត្ថភាព​របស់​អាមេរិក​ក្នុង​ការ​ចរចា​ជាមួយ​ទីក្រុង​តេអេរ៉ង់ ដែល​ត្រូវ​បាន​រាយការណ៍​ថា ​កំពុង​ពង្រីក​ការ​ចម្រាញ់​អ៊ុយរ៉ានីញ៉ូម ជិត​ដល់​កម្រិត​ដែល​អាច​ផលិត​អាវុធ​នុយក្លេអ៊ែរ​បាន​។


កាសែត​ញូវយ៉ក​ថាមស៍​ចុះផ្សាយ​ថា ដោយ​គ្មាន​ការ​សម្របសម្រួល​លើ​កិច្ច​ព្រមព្រៀង​ថ្មី ខណៈ​អ៊ីរ៉ង់់​កំពុង​អភិវឌ្ឍ​ជា​លំដាប់​ឆ្ពោះ​ទៅ​រក​សមត្ថភាព​ផលិត​អាវុធ​នុយក្លេអ៊ែរ រដ្ឋបាល​លោក​ បៃដិន ​អាច​នឹង​ត្រូវ​បង្ខំ​​សម្រេច​ចិត្ត​ឆាប់ៗ​នេះ រវាង​​ការ​ទទួល​ស្គាល់​ថា ​អ៊ីរ៉ង់​មាន​សមត្ថភាព​ផលិត​គ្រាប់​នុយក្លេអ៊ែរ ឬ​បញ្ចេញ​សកម្មភាព​យោធា​ដើម្បី​ការពារ​។


កិច្ច​ព្រមព្រៀង​កំណត់​កម្មវិធី​នុយក្លេអ៊ែរ​​របស់​អ៊ីរ៉ង់ ជា​ថ្នូរ​នឹង​ការ​បន្ធូរបន្ថយ​ទណ្ឌកម្ម​សេដ្ឋកិច្ច។ ខណៈ​​អ៊ីរ៉ង់​បង្កើន​ការ​រំលោភ​បំពាន​លើ​កិច្ច​ព្រមព្រៀង ក្រោយ​សេចក្ដី​សម្រេច​របស់​លោក​ ត្រាំ ក្រុង​តេអេរ៉ង់​ កន្លង​មក​អះអាង​ថា កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​ធ្វើ​ឡើង​ក្នុង​គោលបំណង​សន្តិភាព​តែ​ប៉ុណ្ណោះ ដូចជា​ការ​ផលិត​អ៊ីសូតូប​វេជ្ជសាស្ត្រ ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ និង​ព្យាបាល​ជំងឺ​ជាដើម​។


ការ​ចរចា​នៅ​ក្រុង​វីយែន ដើម្បី​ស្តារ​កិច្ចព្រមព្រៀង​ឡើង​វិញ បាន​ជាប់គាំង​តាំង​ពី​ពាក់​កណ្តាល​ខែ​មីនា​។ ក្នុង​ខែ​នេះ បន្ទាប់​ពី​អាមេរិក និង​សម្ព័ន្ធមិត្ត​អឺរ៉ុប ចេញ​សេចក្ដី​សម្រេច​រិះគន់​អ៊ីរ៉ង់ ដែល​ខកខាន​ក្នុង​ការ​រួម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អធិការ​អន្តរ​ជាតិ​នោះ មន្ត្រី​នៅ​ក្រុង​តេអេរ៉ង់ បាន​ឆ្លើយតប​ដោយ​ការ​បិទ និង​ដក​កាមេរ៉ា​ឃ្លាំមើល​មួយ​ចំនួន​ក្នុង​រោងចក្រ​នុយក្លេអ៊ែរ​របស់​ខ្លួន​។

កាល​ពី​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់ លោក Hossein Amir Abdollahian និយាយ​ថា ​អ៊ីរ៉ង់​ស្នើ​ផែនការ​ថ្មី​ ១​ ទៅ​អាមេរិក ប៉ុន្តែ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ណាមួយ​ឡើយ។ លោក​ប្រាប់​ពី​ក្រុង​តេអេរ៉ង់​ថា៖ «​អ៊ីរ៉ង់​មិន​ដែល​រត់​ចេញ​ពី​តុ​ចរចា​ម្ដង​ណា​ឡើយ ហើយ​ជឿ​ថា​ កា​រចរចា និង​ការទូត គឺជា​ផ្លូវ​​ដ៏​ល្អ​បំផុត ដើម្បី​​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ដ៏​ល្អ​សមរម្យ និង​យូរ​អង្វែង»។

មន្ត្រី​រដ្ឋបាល​ជាន់​ខ្ពស់​ក្រុង​វ៉ាស៊ីនតោន ដែល​ជិតស្និទ្ធ​នឹង​ការ​ចរចា​ប្រាប់​កាសែត​ញូវយ៉កថាមស៍ ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​​ឈ្មោះ​ថា លោក​មិន​បាន​ដឹង​នូវ​សំណើ​ថ្មី​ណា​ ១ ពី​ក្រុង​តេអេរ៉ង់​នោះ​ទេ តែ​ថា អាមេរិក​នៅ​តែ​បើក​ចំហ​ចំពោះ​គំនិត ដែល​នាំ​ទៅ​រក​កិច្ច​ព្រមព្រៀង​ ១។

ប្រភព​ផ្សេងៗ​គ្នា ដែល​ដឹង​អំពី​កិច្ច​ព្រមព្រៀង​បាន​ប្រាប់​ថា កេរ​ដំណែល​របស់​លោក​ ត្រាំ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ចរចា​យ៉ាង​តិច ៣ ​យ៉ាង ដែល​គួរ​កត់​សម្គាល់​នៅ​ពេល​លោក បៃដិន ចាប់​ផ្តើម​ដំណើរការ​កាល​ពី​ដើម​ឆ្នាំ​មុន​។

ការ​សម្រេច​ចិត្តជា​ឯកតោភាគី​នោះ ធ្វើ​ឱ្យ​​អ៊ីរ៉ង់​បាត់បង់​ទំនុកចិត្ត ដោយ​ខ្លាច​ថា អាមេរិក​នឹង​ផ្លាស់​ប្ដូរ​គោលការណ៍​​ណា ១ បន្ទាប់​ពី​ការ​បោះឆ្នោត​។ នៅ​ឯ​តុ​ចរចា​នា​ក្រុង​វីយែន មន្ត្រី​​អ៊ីរ៉ង់​បាន​ទាមទារ​ឱ្យ​មាន​ការ​ធានា​ថា អ្នក​ស្នង​តំណែង​ណា​ម្នាក់​របស់​លោក បៃដិន នឹង​មិន​ធ្វើ​អ្វី​ដូច​លោក​ ត្រាំ​ នោះ​ទេ​។

កាល​ពី​ចុង​ខែ​កុម្ភៈ សមាជិក​សភា​ចំនួន ២៥០ ​នាក់ ក្នុង​ចំណោម ២៩០ ​នាក់ បាន​ចុះ​ហត្ថលេខា​ក្នុង​លិខិត​ ១ ​ផ្ញើ​ទៅ​កាន់​ប្រធានាធិបតី​អ៊ីរ៉ង់ ដោយ​ជំរុញ​ឱ្យ​លោក «រៀន​ពី​បទពិសោធ​កន្លង​មក​» ដោយ «មិន​ធ្វើ​កិច្ច​ព្រមព្រៀង​ណា​មួយ ដែល​គ្មាន​ការ​ធានា​ដ៏​ចាំបាច់​ទុក​ជាមុន»។

មន្ត្រី​រដ្ឋបាល​លោក បៃដិន ពន្យល់​ថា វា​មិន​អាច​ទៅ​រួច​​ទេ ដោយសារ​ធម្មជាតិ​នៃ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​របស់​អាមេរិក។ តែ​អ៊ីរ៉ង់​​លើក​ពី​ការ​បារម្ភ​ពាក់ព័ន្ធ​មួយ​ថា ក្រុមហ៊ុន​បរទេស​អាច​នឹង​រារែក​ក្នុង​ការ​វិនិយោគ​ក្នុង​ប្រទេស​របស់​ខ្លួន​ដោយ​គិត​ថា អាមេរិក​អាច​ដាក់​ទណ្ឌកម្ម​ម្ដង​ទៀត បើ​មាន​អ្វី​ផ្លាស់ប្ដូរ​ ក្រោយ​​បោះឆ្នោត​។

ឧបសគ្គ​ធំ​ទី២ សម្រាប់​ការ​ស្ដារ​កិច្ច​ព្រមព្រៀង​វិញ​នោះ​ គឺ​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ចំនួន ១ ៥០០ ចំពោះ​អ៊ីរ៉ង់ ក្រោយ​ការ​សម្រេច​ចិត្ត​ឆ្នាំ​ ២០១៨ របស់​លោក​ ត្រាំ និង​ការ​ចាត់ទុក​កង​ឆ្មាំ​បដិវត្តន៍​អ៊ិស្លាម​​អ៊ីរ៉ង់​ថា ជា​ក្រុម​ភេរវករ​ជាដើម។ ក្រុម​អ្នក​ចរចា​អ៊ីរ៉ង់​ប្រាប់​ថា ដើម្បី​ឈាន​ដល់​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ជាថ្មី លោក បៃដិន ត្រូវ​តែ​ទម្លាក់​ស្លាក​ក្រុម​ភេរវក​រពី​ឆ្មាំ​បដិវត្តន៍​ចោល​សិន ប៉ុន្តែ​រដ្ឋបាល​លោក បៃដិន បាន​បដិសេធ​មិន​ធ្វើ​ដូច្នោះ​ទេ​។

លោក Payl Eaton អតីត​មន្ត្រី​យោធា​អាមេរិក​ហៅ​បញ្ហា​នេះ​ ក្នុង​អត្ថបទ​ទស្សនៈ​ ១ ​របស់​លោក​ចុះផ្សាយ​នៅ​ចុង​ខែ​ឧសភា​ថា ​ជា​និមិត្ត​រូប តែ​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​។

លោក​ថា៖ «រដ្ឋបាល​​លោក​ ត្រាំ ដាក់​ការ​កំណត់ ដើម្បី​រារាំង​រដ្ឋបាល​លោក​ បៃដិន ពី​ការ​ចូលរួម​ក្នុង​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ឡើង​វិញ ទោះ​​មន្ត្រី​មន្ទីរ​បញ្ចកោណ​កំពូលៗ និង​អ្នក​វិភាគ​សន្តិសុខ​ជាតិ​ព្រមាន​ថា វិធានការ​នេះ​ នឹង​បង្ក​គ្រោះថ្នាក់​ដល់​ទាហាន​​អាមេរិក និង​សម្ព័ន្ធមិត្ត​ក្នុង​តំបន់​ក្ដី​»។

លោក Eaton និយាយ​បែប​នេះ ដោយ​លើក​​ពី​ការ​វាយ​ប្រហារ​ដោយ​កងកម្លាំង​ប្រូកស៊ី​​អ៊ីរ៉ង់ ដែល​កើន​ឡើង ៤០០% ​ចន្លោះ​ឆ្នាំ​ ២០១៩-២០២០​។ នេះ​ជា​ទិន្នន័យ​ពី​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោក Ned Price នៅ​ចុង​ខែ​មីនា​។

សហរដ្ឋអាមេរិក​ដាក់​ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរ​លើ​ឆ្មាំ​បដិវត្តន៍​អ៊ិស្លាម​អ៊ីរ៉ង់ និង​មេ​បញ្ជាការ​ក្រុម​នេះ ហើយ​ឥទ្ធិពល​នៃ​ទណ្ឌកម្ម​នេះ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មាន​ផលវិបាក​រយៈពេល​វែង​សម្រាប់​សេដ្ឋកិច្ច​របស់​អ៊ីរ៉ង់។ យ៉ាង​ណា​មិញ សហរដ្ឋអាមេរិក​កន្លង​មក​ប្រាប់​ថា ខ្លួន​បើក​ចំហ​ក្នុង​ការ​ដក​ឆ្មាំ​បដិវត្តន៍ ចេញ​ពី​បញ្ជី​អង្គការ​ភេរវករ តែ​លុះត្រា​​អ៊ីរ៉ង់​ត្រៀម​ខ្លួន​ក្នុង​ការ​ផ្តល់​ការ​ធានា​ថ្មី​ពី​ការ​ព្រួយ​បារម្ភ​ផ្នែក​សន្តិសុខ ទាក់ទង​នឹង​ឆ្មាំ​នេះ​។ អ្នក​ដឹង​ពី​កិច្ច​ចរចា​ម្នាក់​ប្រាប់​កាសែត​ញូវយ៉កថាមស៍​ជា​អនាមិក​ថា ​អ៊ីរ៉ង់​បដិសេធ​មិន​យល់​ព្រម​ធ្វើ​ដូច្នោះ​ទេ​។

ផល​ប៉ះពាល់​ទី​៣ ពី​ការ​សម្រេច​​​នោះ គឺ​ការ​បដិសេធ​ពី​មន្ត្រី​​អ៊ីរ៉ង់​ក្នុង​ការ​និយាយ​​ដោយ​ផ្ទាល់​ជាមួយ​មន្ត្រី​អាមេរិក ខណៈ​​អ៊ីរ៉ង់​ខឹង​សម្បា​កាន់​តែ​ខ្លាំង​ឡើង ក្រោយ​លោក​ ត្រាំ បញ្ជា​ឱ្យ​ធ្វើ​ឃាត​មេ​បញ្ជាការ​យោធា​ជាន់​ខ្ពស់​​លោក Qassim Suleimani នៅ​ដើម​ឆ្នាំ​ ២០២០​។

លោក Mark Dubowitz នាយក​ប្រតិបត្តិ​នៃ​មូលនិធិ​ការពារ​លទ្ធិប្រជាធិបតេយ្យ​ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ​នៅ​ក្រុង​វ៉ាស៊ីនតោន និង​ដែល​ប្រកាន់​ជំហរ​រឹងប៉ឹង​ប្រឆាំង​នឹង​រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​ពិពណ៌នា កាល​ពី​ឆ្នាំ ២០១៩ សម្រាប់​ការ​សម្រេចចិត្ត​របស់​លោក​ ត្រាំ​ថា ​ជា «ជញ្ជាំង»មួយ​នៃ​ទណ្ឌកម្ម​របស់​រដ្ឋបាល​លោក​ ត្រាំ ​ប្រឆាំង​នឹង​អ៊ីរ៉ង់ រួម​ទាំង​ការ​កំណត់​អត្តសញ្ញាណ​ភេរវករ​លើ​ឆ្មាំ​បដិវត្តន៍​ជាដើម​។

លោក Dubowitz ដែល​ប្រឆាំង​យ៉ាង​ខ្លាំង​ចំពោះ​កិច្ច​ព្រមព្រៀង​ ដែល​លោក ​ត្រាំ​ ហៅ​ថា «កិច្ច​ព្រមព្រៀង​ដ៏​អាក្រក់​បំផុត​» និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា៖ «ខ្ញុំ​មាន​សេចក្តី​រីករាយ ដែល​ជញ្ជាំង​ទណ្ឌកម្ម​ត្រូវ​បាន​រក្សា​ជា​មូលដ្ឋាន ព្រោះ​វា​គួរ​តែ​រក្សា។ ​អ៊ីរ៉ង់​មិន​គួរ​ទទួល​បាន​ការ​បន្ធូរបន្ថយ​ទណ្ឌកម្ម​ទេ លុះត្រា​តែ​ប្រទេស​នេះ បញ្ឈប់​អាកប្បកិរិយា ដែល​នាំ​ទៅ​ដល់​ការ​ដាក់​ទណ្ឌកម្ម​តាំង​ពី​ដំបូង​»។

ប៉ុន្តែ​លោក Robert Malley ប្រធាន​អ្នក​ចរចា​ជាមួយ​​អ៊ីរ៉ង់​របស់​ក្រសួង​ការបរទេស​អាមេរិក​ប្រាប់​សមាជិក​ព្រឹទ្ធសភា​ក្នុង​សវនាការ​នៅ​ចុង​ខែ​មុន​ថា លោក​ ត្រាំ ប្រគល់​ឱ្យ​លោក បៃដិន នូវ​វិបត្តិ​នុយក្លេអ៊ែរ។ លោក Malley បន្ដ​ថា៖ «​(រដ្ឋបាល​ត្រាំ) ព្យាករ​ថា ​អ៊ីរ៉ង់​នឹង​មិន​ចាប់​ផ្តើម​កម្មវិធី​នុយក្លេអ៊ែរ​ឡើង​វិញ​ទេ ហើយ​ថា ​​អ៊ីរ៉ង់​នឹង​មក​ចរចា​លើ​កង្វល់​ផ្សេង​ទៀត​របស់​យើង​។ គួរ​ឱ្យ​សោកស្ដាយ ​អ៊ីរ៉ង់​មិន​ធ្វើ​ដូច​ការ​គិត​នោះ​ទេ​»។

អ៊ីរ៉ង់​ចាប់​ផ្តើម​បង្កើន​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន បន្ទាប់​ពី​មាន​ការ​ដក​ខ្លួន​នោះ ហើយ​លោក Dubowitz ថា ប្រទេស​នេះ​ពន្លឿន​ការ​ចម្រាញ់​​សារធាតុ​អ៊ុយរ៉ានីញ៉ូម​ដល់​កម្រិត​គ្រោះ​ថ្នាក់​​បន្ថែម ហើយ​ចាត់​វិធានការ​គំរាម​កំហែង​ផ្សេង​ទៀត ក្រោយ​លោក បៃដិន បញ្ជាក់​​ថា លោក​ចង់​វិល​ទៅ​កិច្ច​ព្រមព្រៀង​ឆ្នាំ​ ២០១៥ វិញ​។

អ្នក​ចរចា​មជ្ឈិមបូព៌ា​ លោក Dennis Ross ដែល​ធ្វើ​ការ​ឱ្យ​ប្រធានាធិបតី​ជាច្រើន​ប្រាប់​ថា ភាគី​ទាំង​ ២ នៅ​តែ​មាន​ការ​លើក​ទឹក​ចិត្ត ក្នុង​ការ​សម្រប​សម្រួល ខណៈ​មេ​ដឹកនាំ​អ៊ីរ៉ង់​ត្រូវ​ការ​ការ​បន្ធូរបន្ថយ​ការ​ដាក់​ទណ្ឌកម្ម ដើម្បី​សេដ្ឋកិច្ច៕

ហួន ឌីណា