អ្នក​ជំនាញ៖ រុស្ស៊ី​ចាញ់​សង្គ្រាម​នៅ​អ៊ុយក្រែន បើ​តាម​យុទ្ធសាស្ត្រ

Content image - Phnom Penh Post
លោក ពូទីន ចូលរួម​កិច្ចប្រជុំ​មេដឹកនាំ​នៃ​រដ្ឋសមាជិក​របស់​អង្គការ​សន្ធិ​សញ្ញា​សន្តិសុខ​រួម (CSTO) នៅ​វិមាន​ក្រឹមឡាំង ក្នុង​ក្រុង​ម៉ូស្គូ កាល​ពី​ថ្ងៃ​ទី​ ១៦ ខែ​ឧសភា​។​ AFP

អស់​រយៈពេល​ជាង ៤ ខែ ក្រោយ​ប្រតិបត្តិ​ការ​ឈ្លានពាន​អ៊ុយក្រែន ចាប់​ផ្ដើម​ឡើង​កាល​ពី​ចុង​ខែ​កុម្ភៈ កង​កម្លាំង​រុស្ស៊ី​នាពេល​នេះ​កំពុង​សម្រុក​ប្រយុទ្ធ​នៅ​តំបន់​ភាគ​ខាង​កើត​ដុនបាស ដែល​រាប់​បញ្ចូល​ដោយ​តំបន់​ធំៗ​ចំនួន​ ២ រួមមាន​ដុនណិតស្ក៍ និង​លូហានស្ក៍។

មក​ទល់​ពេល​នេះ មាន​សេចក្ដី​រាយការណ៍​ផ្សេងៗ​គ្នា​ដែល​ថា កងកម្លាំង​រុស្ស៊ី​​កំពុង​កាន់​កាប់​តំបន់​លូហានស្ក៍ ១ ​ភាគ​ធំ​រហូត​ដល់ ៩០% ហើយ​ក៏​​កំពុង​បង្កើន​ទ័ព​វាយ​ក្រុង​ស៊ីវីរ៉ូ​ដុនណិតស្ក៍ ដើម្បី​ចូល​គ្រប់គ្រង​តំបន់​ទាំងមូល។

ប្រតិបត្តិការ​នៅ​តំបន់​ដុនបាស ត្រូវ​បាន​មន្ត្រី​រុស្ស៊ី​ហៅ​ថា ជា​សកម្មភាព «រំដោះ» ពួក​បះបោរ ដែល​ខ្លួន​គាំទ្រ​តាំង​ពី​ឆ្នាំ​ ២០១៤ ក្រោយ​ចល័ត​កម្លាំង​ទ័ព​របស់​ខ្លួន​ចេញ​ពី​ ជុំវិញ​រដ្ឋធានី​កៀវ​នៅ​ដើម​ខែ​មេសា បន្ទាប់​ពី​បរាជ័យ ដោយសារ​ភាព​មិន​រលូន​នៃ​ការ​វាយ​រុល​ទៅ​មុខ​ដូច​ការ​រំពឹង​ទុក​។
តាំង​ពី​ការ​ឈ្លានពាន​នោះ កម្លាំង​រុស្ស៊ី​រង​ការ​ខាតបង់​យ៉ាង​ខ្លាំង​។ ក្រសួង​ការពារជាតិ​អង់គ្លេស​ឱ្យ​ដឹង​ថា រុស្ស៊ី​ទំនង​ជា​ទទួល​រង​ការ​ខាតបង់​យ៉ាង​ធ្ងន់ធ្ងរ ក្នុង​ចំណោម​មន្ត្រី​ថ្នាក់​កណ្តាល និង​ថ្នាក់​ក្រោម ដែល​ចំណុច​នេះ រួម​ចំណែក​ដល់​ការ​បាត់បង់​ស្មារតី និង​វិន័យ​មិន​ល្អ​ក្នុង​ចំណោម​ទាហាន​ថ្នាក់​ទាប ស្រប​ពេល​ដែល​សព្វាវុធ​ដ៏​ច្រើន​សន្ធឹក​​សន្ធាប់​ក៏​ត្រូវ​បំផ្លាញ​ទៀត។

ប៉ុន្តែ​ការ​ខាតបង់​នៅ​ខាង​អ៊ុយក្រែន​វិញ ក៏​មាន​ច្រើន​ក្រាស់ក្រែល​ដូចគ្នា​ដែរ រាប់​ចាប់​តាំង​ពី​ហេដ្ឋា​រចនា​សម្ព័ន្ធ ជន​ភៀស​ខ្លួន និង​ការ​ដាំ​ក្បាល​ចុះ​នៃ​សេដ្ឋកិច្ច​រហូត​ដល់​ជីវិត​ជន​ស៊ីវិល ហើយ​និង​កម្លាំង​ទ័ព​ដែល​ស្លាប់​ក្នុង​ការ​ប្រយុទ្ធ​។ នៅ​ដើម​ខែ​នេះ លោក Mykhailo Podolyak ទីប្រឹក្សា​លោក​ប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេលេនស្គី ប្រាប់​ថា អ៊ុយក្រែន​ត្រូវ​បាត់បង់​កម្លាំង​ទ័ព​ពី ១០០ ទៅ ២០០ នាក់​ជា​រៀងរាល់​ថ្ងៃ ក្នុង​សមរភូមិ​ប្រយុទ្ធ ខណៈ​អំពាវនាវ​ឱ្យ​លោក​ខាង​លិច​បញ្ជូន​អាវុធ​ឱ្យ​លឿន ដែល​ជា​ដំណោះស្រាយ​​តែ ១ ​គត់​ ដើម្បី​អាច​ទប់ទល់​នឹង​រុស្ស៊ី​បាន។

ដោយ​មើល​ឃើញ​ពី​ភាព​មាន​ប្រៀប​ជាង​លើ​ផ្នែក​សព្វាវុធ និង​ការ​វាយ​រុល​ទៅ​មុខ​នៅ​តំបន់​ដុនបាស​ផង មន្ត្រី​រុស្ស៊ី​កន្លង​មក ធ្លាប់​និយាយ​ថា រុស្ស៊ី​នឹង​ឈ្នះ​សង្គ្រាម​ជាមួយ​អ៊ុយក្រែន និង​បស្ចិម​លោក​។ លោក ឌ្មីទ្រី ពេស្កូវ អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង​បាន​និយាយ​កាល​ពី​ពាក់​កណ្ដាល​ខែ​ឧសភា​ថា៖ «យើង​ប្រាកដ​ថា អ្វី​គ្រប់​យ៉ាង​នឹង​ល្អ ហើយ​យើង​ប្រាកដ​ថា យើង​នឹង​ឈ្នះ យើង​នឹង​សម្រេច​បាន​នូវ​គោលដៅ​ទាំង​អស់​របស់​យើង​»។

១ ខែ ក្រោយ​ការ​ថ្លែង​របស់​លោក​ ពេស្កូវ ការ​វែកញែក​រក​អ្នក​ឈ្នះ​ចាញ់​នៅ​តែ​បន្ត​ធ្វើ​ឡើង​ក្រោម​ហេតុផល និង​ការ​យល់​ឃើញ​ផ្សេងៗ​គ្នា ដែល​អ្នក​វិភាគ​​មួយ​ចំនួន​លើក​ឡើង​ថា វា​អាស្រ័យ​​លើ​​ការ​ឱ្យ​និយមន័យ​នៃ​ពាក្យ​ថា «ចាញ់» រៀងៗ​ខ្លួន។

លោក Scott Boston អតីត​ទាហាន​កាំភ្លើង​ធំ​អាមេរិក ដែល​សិក្សា​ជិតដិត​លើ​សង្គ្រាម​នៅ​អ៊ុយក្រែន​និយាយ​ប្រាប់​វិទ្យុ​អឺរ៉ុប​សេរី និង​វិទ្យុ​សេរីភាព ថា៖ «បើ​ពាក្យ​ថា ចាញ់​អ្នក​ចង់​មាន​ន័យ​ថា អ៊ុយក្រែន​ទំនង​ជា​មិន​អាច​ដណ្តើម​យក​ទឹកដី​មក​វិញ ឬ​បណ្តេញ​រុស្ស៊ី​ចេញ​ពី​ទឹកដី​របស់​ខ្លួន​បាន​នោះ គឺ​ត្រឹមត្រូវ​ហើយ​ដែល​ថា ពួក​គេ​នឹង​ចាញ់​»។

ប៉ុន្តែ​លោក Mykhaylo Samus អនុ​ប្រធាន​នៃ​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​ពី​កងទ័ព​ការ​ផ្លាស់ប្ដូរ និង​រំសាយ​អាវុធ​នៅ​រដ្ឋធានី​កៀវ បាន​ប្រាប់​ស្ថាប័ន​វិទ្យុ​ដូចគ្នា​ថា៖ «វា​ប្រហែល​ជា​មើល​ទៅ​ដូចជា​ទុទ្ទិដ្ឋិនិយម តែ​ការ​ពិត បើ​អ្នក​ក្រឡេក​មើល​ផែនទី​នៅ​ដុនបាស​អ្នក​មិន​ឃើញ​មាន​ការ​ផ្លាស់ប្តូរ​ច្រើន​នោះ​ទេ ទោះបី​ជា​មាន​ការ​ប្រមូល​ផ្តុំ​ដ៏​ធំ​នៃ​កង​កម្លាំង​រុស្ស៊ី​ក្ដី​»។

លោក Samus បន្ត​ថា៖ «ផ្ទុយ​ទៅ​វិញ អ្វី​ដែល​យើង​អាច​និយាយ​បាន​នោះ គឺ​រុស្ស៊ី​ចាញ់​។ បើ​គិត​លើ​យុទ្ធសាស្ត្រ​រុស្ស៊ី​បាន​ចាញ់​សង្គ្រាម​រួច​ហើយ នៅ​ពេល​ដែល​ដកទ័ព​ពី​តំបន់​ក្បែរ​ខាង​រដ្ឋធានី​កៀវ ខណៈ​​​មាន​ការ​រំពឹង​ទុក​ខ្ពស់​តាំង​ពី​ចាប់​ផ្ដើម​ប្រតិបត្តិការ​ឈ្លានពាន​ភ្លាមៗ»។

ដូចគ្នា​នឹង​ទស្សនៈ​របស់​លោក Samus ដែរ លោក Ian Bremmer អ្នក​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​ប្រធាន​​នៃ​ក្រុមហ៊ុន​ស្រាវជ្រាវ Eurasia Group សរសេរ​ក្នុង​អត្ថបទ​ទស្សនៈ ដែល​​ចុះ​ផ្សាយ​ដោយ​កាសែត Nikkei នាថ្ងែ​ចន្ទ​សប្ដាហ៍​កន្លង​ទៅ​ថា៖ «តាម​ការ​​យល់​ឃើញ​ក្នុង​រយៈពេល​វែង រុស្ស៊ី​ចាញ់​សង្គ្រាម​នេះ​រួច​ហើយ ហើយ​ការ​សម្រេច​របស់​លោក​ ពូទីន ក្នុង​ការ​ឈ្លានពាន​នឹង​ត្រូវ​ចងចាំ​ថា ជា​កំហុស​ធំ​បំផុត​ ១ ពី​មេ​ដឹកនាំ​​មហាអំណាច​ណា​​ម្នាក់ ​រយៈពេល​ជាច្រើន​ទសវត្សរ៍»។

រាប់​តាំង​ពី​ការ​បាត់បង់​ទ័ព រហូត​ដល់​សព្វាវុធ ដូចជា​រថក្រោះ និង​អាវុធ​ធុនធ្ងន់​ផ្សេង​ទៀត រុស្ស៊ី​សុទ្ធតែ​ត្រូវ​ចំណាយ​មហាសាល​ទៅ​លើ​ការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​សង្គ្រាម​ផ្ទាល់។​ កាសែត​​ញូវយ៉កថាមស៍​ចុះ​ផ្សាយ​នៅ​សប្ដាហ៍​មុន​​ថា៖ «ក្នុង​ខែ​មេសា ប្រទេស​លោក​​ខាងលិច​ប៉ាន់​ប្រមាណ​ថា រុស្ស៊ី​បាត់បង់​ទាហាន​ប្រហែល ១៥ ០០០ ក្នុង​សង្គ្រាម​​នេះ ហើយ​កាល​ពី​ថ្ងៃ​សុក្រ (សប្ដាហ៍​មុន) អ៊ុយក្រែន​ស្មាន​ថា មាន​ចំនួន ៣៣ ០០០ ​នាក់»។

រុស្ស៊ី​មិន​ចេញ​​ទិន្នន័យ​ផ្លូវការ​ណា​ ១ ទេ តែ​ធ្លាប់​បញ្ចេញ​ នៅ​ចុង​ខែ​មីនា​ថា រុស្ស៊ី​បាត់បង់​កង​កម្លាំង​ជាង ១ ៣០០ ​នាក់។

លោក Sir Tony Radakin ប្រធាន​កងកម្លាំង​ប្រដាប់​អាវុធ​អង់គ្លេស​បាន​អះអាង​ប្រាប់​ទី​ភ្នាក់ងារ​ព័ត៌មាន PA Media ក្នុង​បទសម្ភាស​ ១ ចេញ​ផ្សាយ​កាល​ពី​សប្ដាហ៍​មុន​ថា រុស្ស៊ី​ប្រើប្រាស់​ទ័ព​ដែល​ខ្លួន​មាន​ជាង ២៥​% តែ​​បាន​ផល​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ។

ដោយ​មើល​ឃើញ​ពី​ការ​បោះបង់​គោលដៅ​ចាស់ ដែល​មិន​សម្រេច​បាន​​របស់​រុស្ស៊ី លោក Radakin បន្ត​ថា៖ «នេះ​​ គឺ​ជា​កំហុស​ដ៏​គួរ​ឱ្យ​ភ័យខ្លាច​របស់​រុស្ស៊ី។ រុស្ស៊ី​នឹង​មិន​អាច​គ្រប់គ្រង​អ៊ុយក្រែន​ទេ។ វា​ប្រហែល​ជា​ទទួល​បាន​ភាព​ជោគជ័យ​ផ្នែក​យុទ្ធសាស្ត្រ​មួយ​ចំនួន​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ ហើយ​អាច​នឹង​បន្ត​សម្រាប់ ២-៣ ​សប្តាហ៍​ខាង​មុខ​ទៀត តែ​ជា​យុទ្ធសាស្ត្រ​រុស្ស៊ី​កំពុង​ចាញ់​»។

អ្នក​វិភាគ​ផ្សេង​ទៀត​និយាយ​ថា ការ​ចាញ់​សម្រាប់​រុស្ស៊ី​មាន​លើស​ពី​នៅ​លើ​សមរភូមិ​ដោយ​ផ្ទាល់​នោះ​ បើ​គិត​ពី​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច និង​មុខមាត់​អន្តរជាតិ ដែល​រុស្ស៊ី​ត្រូវ​រង​ទណ្ឌកម្ម និង​ការ​រួបរួម​របស់​បស្ចិម​លោក​ដែល​ជា​សត្រូវ​របស់​ខ្លួន រួម​បញ្ចូល​ទាំង​ការ​ដាក់​ពាក្យ​ចូល​ជា​សមាជិក​ណាតូ​របស់​ស៊ុយអែត និង​ហ្វាំងឡង់​ផង​ដែរ​។

យ៉ាងណា​ក្ដី អ្នក​វិទ្យាសាស្ត្រ​នយោបាយ លោក Bremmer ប្រាប់​ថា រុស្ស៊ី​នៅ​តែ​មាន​សម្ព័ន្ធមិត្ត​មួយ​ចំនួន​ដូចជា ​ចិន និង​ឥណ្ឌា ចាំ​ជួយ​ផ្នែក​សេដ្ឋកិច្ច​ជាពិសេស​ទៅ​លើ​ការ​ទិញ​ថាមពល ដែល​ខ្លួន​លក់​បញ្ចុះ​តម្លៃ ខណៈ​ប្រទេស​មួយ​ចំនួន​ទៀត បាន​ដក​ខ្លួន​បណ្ដើរៗ ដោយ​មើល​ឃើញ​ពី​ការ​គាំទ្រ​នៃ​ម៉ាស៊ីន​សង្គ្រាម​របស់​លោក ពូទីន ជាពិសេស​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប។

ប៉ុន្តែ​ហានិភ័យ​នៃ​ការ​ចាញ់​សង្គ្រាម​របស់​អ៊ុយក្រែន ក៏​​ខ្ពស់​ខ្លាំង​ណាស់​ដែរ ដោយសារ​ប្រទេស​នេះ​ពឹង​ផ្អែក​លើ​ការ​ផ្គត់ផ្គង់​សព្វាវុធ​ពី​លោក​ខាង​លិច ដែល​បញ្ជូន​ឱ្យ​ខ្លួន​យឺតយ៉ាវ ខណៈ​រុស្ស៊ី​ដែល​ចោទ​លោក​ខាង​លិច​ថា កំពុង​ចាក់​ប្រេង​លើ​ភ្លើង ជុំវិញ​ការ​បញ្ជូន​អាវុធ​ឱ្យ​អ៊ុយក្រែន បន្ត​មាន​ប្រៀប​ខាង​ផ្នែក​អាវុធ និង​ការ​វាយ​រុលទៅ​មុខ​៕

ហួន ឌីណា

វីដេអូ៖

ព័ត៌មានថ្មីៗ