ស្រីលង្កា​បន្ត​ដំឡើងថ្លៃ​ប្រេង ខណៈ​ប្រតិភូ​សហរដ្ឋអាមេរិក​ទៅដល់​ប្រទេស​នេះ

Content image - Phnom Penh Post
ម៉ូតូ​កង់​ ៣ ​ត្រូវ​បាន​ចត​ជា​ជួរ​ ដើម្បី​ចាំ​ចាក់​សាំង​នៅ​ស្ថានីយ​ប្រេង​ ១​ កន្លែង ក្នុង​ក្រុង​កូឡុំបូ កាលពី​ថ្ងៃ​ទី​ ២០ ខែ​មិថុនា​។

ក្រុមហ៊ុន​លក់​ប្រេង ក្នុងប្រទេស​ស្រីលង្កា បាន​ដំឡើង​ថ្លៃ​ប្រេងឥន្ធនៈ​បន្ថែមទៀត កាលពី​ថ្ងៃអាទិត្យ ក្រោយ​រដ្ឋមន្ត្រី​ថាមពល ប្រកាស​ពី​ការពន្យារ​ពេល ក្នុង​ការទទួល​បានការ​នាំចូល​ប្រេង​ថ្មី​ទៀត រីឯ​អាមេរិក​ចាប់ផ្តើម​ផ្តល់​ហិរញ្ញប្បទាន​ជិត ១៦០​លាន​ដុល្លារ ដើម្បី​សង្គ្រោះ​សេដ្ឋកិច្ច​។

យោងតាម​ការចេញផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ Ceylon Petroleum Corporation (CPC) នៃ​ប្រទេស​ស្រីលង្កា បាន​និយាយ​ថា ខ្លួន​បាន​ដំឡើង​តម្លៃ​ប្រេង​ម៉ាស៊ូត ដែល​ត្រូវបាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ ក្នុង​វិស័យ​ដឹកជញ្ជូន​សាធារណៈ ចំនួន ១៥%​បន្ថែម​ទៀត ដល់​តម្លៃ​ប្រហែល $​១,២៧ ក្នុង ១​ លីត្រ និង​តម្លៃ​ប្រេងសាំង ២២​% ដល់ $​១,៥២​។

សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុន​ប្រេង​នោះ កើតមាន​តែ ១ ​ថ្ងៃ​ បន្ទាប់ពី​លោក Kanchana Wijesekera រដ្ឋមន្ត្រី​ថាមពល​ស្រីលង្កា បាន​និយាយថា នឹង​មាន​ការពន្យា​រ​ពេល ក្នុង​ការ​ទទួល​បានការ​នាំចូល​ប្រេង​ថ្មី។

លោក​រដ្ឋ​មន្ត្រី បាន​និយាយ​ថា ដល់​សប្តាហ៍​ចុង​ក្រោយ​នេះ ប្រេង​មិន​ត្រូវ​បាន​នាំចូល​ទេ ខណៈពេល​ដែល​កាល​បរិច្ឆេទ​ដឹកជញ្ជូន​ទៅដល់​សប្តាហ៍​បន្ទាប់​វិញ ដោយសារ​ហេតុផល​ធនាគារ​។

លោក​រដ្ឋមន្ត្រី បាន​សុំ​អភ័យទោស ចំពោះ​អ្នកជិះ​ម៉ូតូ ហើយ​ជំរុញ​ឱ្យ​ពួកគេ​កុំ​ចូលរួម​ការចាក់​សាំង​បន្ត​កន្ទុយ​គ្នា នៅ​ខាងក្រៅ​ស្ថានីយ​ប្រេងឥន្ធនៈ​។ អ្នក​ជិះរថយន្ត​ជាច្រើន បាន​ទុក​រថយន្ត​ជា​ជួរ ដើម្បី​ចាក់​ប្រេង ពេលដែល​ការផ្គត់ផ្គង់​ត្រូវបាន​ស្តារ​ឡើងវិញ​នោះ​។

ប្រភព​មន្ត្រី​បាន​និយាយ​ថា ការផ្គត់ផ្គង់​ប្រេង ដែល​នៅ​សេស​សល់​របស់​ប្រទេស​ស្រីលង្កា មាន​ប្រសិទ្ធភាព​ប្រហែល​រយៈពេល ២​ ថ្ងៃ ប៉ុន្តែ​ថា អាជ្ញាធរ​កំពុង​សង្គ្រោះ​វា​សម្រាប់​សេវាកម្ម​សំខាន់​ផ្សេងៗ។

ស្ថានទូត​អាមេរិក ក្នុង​ទីក្រុង​កូឡុំបូ បាន​ឱ្យ​ដឹង​ថា គណៈប្រតិភូ​ពី​រតនាគារ​អាមេរិក និង​ក្រសួង​រដ្ឋ បាន​មកដល់​សម្រាប់​ការពិភាក្សា ដើម្បី​ស្វែង​រក​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត សម្រាប់​អាមេរិក ក្នុង​ការ​គាំទ្រ​សេចក្តី​ត្រូវការ​របស់​ស្រីលង្កា​។

ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​ស្រីលង្កា ​លោកស្រី ជូលី ចុង (Julie Chung) បាន​លើក​ឡើង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា​៖ «នៅពេល​ដែល​ប្រជាជន​ស្រីលង្កា​ស៊ូទ្រាំ​នឹង​ការ​ប្រឈម​ផ្នែក​សេដ្ឋកិច្ច​ដ៏​ខ្លាំងក្លា ក្នុង​ប្រវត្តិ​សាស្ត្រ កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យើង ដើម្បី​គាំទ្រ​កំណើន​សេដ្ឋកិច្ច និង​ដើម្បី​ពង្រឹង​ស្ថាប័ន​ប្រជាធិបតេយ្យ មិន​សំខាន់​ជាង​នេះ​ទេ​»។

ស្ថានទូត​សហ​រដ្ឋ​អាមេរិក​បាន​និយាយ​ថា ខ្លួន​បាន​ប្តេជ្ញា​ផ្តល់​ហិរញ្ញប្ប​ទាន​ថ្មី​តម្លៃ $​១៥៨,៧៥ ​លាន ក្នុង​រយៈពេល ២​ សប្តាហ៍​កន្លងទៅ ដើម្បី​ជួយ​ប្រទេស​ស្រីលង្កា​។

អង្គការ​សហ​ប្រជាជាតិ បាន​ចេញ​សេចក្តី​អំពាវនាវ​បន្ទាន់​មួយ ដើម្បី​រៃអង្គាស​ប្រាក់ $​៤៧​ លាន ដើម្បី​ផ្តល់​ជំនួយ​ដល់​ផ្នែក ដែល​ងាយ​រងគ្រោះ​បំផុត​នៃ​ប្រជាជន ២២ លាន​នាក់​របស់​ប្រទេស​ដែន​កោះ​នេះ​។

ប្រជាជន​ប្រហែល ១,៧ លាន​នាក់ ត្រូវការ​«ជំនួយ​សង្គ្រោះ​ជីវិត​»​។ នេះ​បើ​យោង​តាម​អង្គការ​សហ​ប្រជាជាតិ ដោយ​មនុស្ស ៤​ នាក់ ក្នុងចំណោម ៦​ នាក់ បាន​កាត់បន្ថយ​របប​អាហារ​របស់​ពួកគេ ដោយសារតែ​ការ​ខ្វះខាត​ខ្លាំង​ពេក និង​តម្លៃ​ហក់​ឡើង​ខ្ពស់​។

នាយក​រដ្ឋ​មន្ត្រី Ranil Wickremesinghe បាន​ព្រមាន​សភា កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​កន្លង​ទៅ​ថា ភាព​លំបាក​កាន់​តែ​ច្រើន កំពុង​កើត​មាន​។

លោក Wickremesinghe បាន​និយាយ​ថា​៖ «សេដ្ឋកិច្ច​របស់​យើង​បាន​ប្រឈមនឹង​ការ​ដួល​រលំ​ទាំងស្រុង​។ ឥឡូវនេះ​យើង​កំពុង​ប្រឈមមុខ​នឹង​ស្ថានភាព​ធ្ងន់ធ្ងរ​ជាង​ការខ្វះខាត​ប្រេងឥន្ធនៈ ឧស្ម័ន អគ្គិសនី និង​អាហារ​»។

ដោយ​មិន​អាច​សង​បំណុល​បរទេស​ចំនួន $​៥១ ពាន់​លាន​របស់​ខ្លួន​ រដ្ឋាភិបាល​បាន​ប្រកាស​ថា ខ្លួន​បាន​ខកខាន ក្នុង​ខែ​មេសា ហើយ​កំពុង​ចរចា​ជាមួយ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ សម្រាប់​ថវិកា​សង្គ្រោះ ដែល​អាចធ្វើ​ទៅ​បាន​៕

វីដេអូ៖

ព័ត៌មានថ្មីៗ