លោក​ វ្ល៉ាឌីមៀរ​ ពូទីន ប្រធានា​ធិបតី​រុស្ស៊ីអះអាងពី​ការ​ប្រយុទ្ធ​នៅ​ប្រទេស​អ៊ុយក្រែន នឹង​ត្រូវ​ធ្វើ​ឡើងដោយ​គ្មាន​កំណត់​ពេលវេលាដែល​ត្រូវ​បញ្ចប់ ​ខណៈ​ពី​ដំបូង​ឡើយ​ រុស្ស៊ី​គ្រោង​បើក​ប្រតិបត្តិការ​ត្រឹមតែ​យ៉ាងយូរ ៧២ ​ម៉ោង​ប៉ុណ្ណោះ ប៉ុន្តែ​សង្គ្រាម​នេះ​បានអូសបន្លាយ ​៤ ខែ​ទៅ​ហើយ​។


យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS ដែល​ចេញ​ផ្សាយ​នៅថ្ងៃទី​ ៣០ ខែ​មិថុនា លោក​ ពូទីន បានអះអាង​ថា គោលដៅ​នៃប្រតិបត្តិ​ការយោធា​ពិសេសគឺរំដោះ តំបន់​ Donbass ដើម្បី​ការពារ​ប្រជាជន​ដែល​រស់នៅ​ទីនោះ និង «បង្កើត​លក្ខខណ្ឌដែល​នឹង​ធានា​សន្តិសុខ​របស់​រុស្ស៊ី​ខ្លួនឯង​»​។


លោក ជូកូ វីដូដូ (Joko Widodo) ប្រធានាធិបតី​ឥណ្ឌូនេស៊ីដែល​បច្ចុប្បន្ន​ គឺជា​ប្រធាន​នៃ​វេទិកា​​​អន្តរ​រដ្ឋាភិបាល​​នៃ​ក្រុមប្រទេស​ចំនួន ២០ (​G20​) កំពុង​ធ្វើទស្សនកិច្ច​នៅ​ប្រទេស​អ៊ុយក្រែននិង​រុស្ស៊ី ​ក្នុងគោល​បំណង​​ស្វែងរក​សន្តិភាពសម្រាប់​អ៊ុយក្រែន និង​រុស្ស៊ី​ ដោយ​បង្កើត​ឱ្យ​បាន​នូវ​បទ​ឈប់បាញ់​។ នេះ​បើ​យោង​តាម​សារព័ត៌​មានរ៉យទ័រ​។


យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS ក្រោយ​បញ្ចប់​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ទៅកាន់​ទីក្រុង Ashgabat លោក​ប្រធានា​ធិបតី​ ពូទីន បាន​និយាយ​ថា ប្រតិបត្តិការ​យោធា​ពិសេស​របស់រុស្ស៊ី​នៅអ៊ុយក្រែនកំពុង​ដំណើរការ​ទៅ​តាម​ផែនការ ហើយ​មិន​ចាំបាច់​បំពេញ​តាម​កាល​កំណត់​ណាមួយដើម្បី​បញ្ចប់​វា​នោះទេ​។


លោក ​ពូទីន​ បានសង្កត់​ធ្ងន់​ថា​៖ «ការងារ​កំពុងដំណើរ​ការក្នុង​របៀប​ស្ងប់ស្ងាត់ និង​ជា​ប្រចាំ​។ កង​ទ័ព​កំពុង​ឈាន​ទៅ​មុខ និង​ឈាន​ដល់​ចំណុច​បញ្ចប់​ទាំងនោះ ដែល​ត្រូវ​បាន​ចាត់​តាំង​ជា​កិច្ចការ​នៅ​ដំណាក់​កាល​ជាក់​លាក់​មួយ​នៃការងារ​ប្រយុទ្ធ​នេះ​។ អ្វីៗ​ដំណើរការ​ទៅ​តាម​ផែនការ​»​។


នៅពេល​ត្រូវ​បាន​សួរ​អំពី​ថ្ងៃផុតកំណត់ដែល​អាច​ធ្វើ​ទៅ​បាន​សម្រាប់ការ​បញ្ចប់​ប្រតិបត្តិការ លោកប្រធានា​ធិបតី​រុស្ស៊ីបាន​ឆ្លើយ​ថា៖​ «មិន​ចាំ​បាច់​និយាយ​អំពី​ពេល​វេលា​កំណត់​ណាមួយ​ទេ​។ ខ្ញុំមិន​ដែល​និយាយអំពីវា​ទេ ព្រោះ​នេះ​គឺ​ជា​ជីវិត ហើយ​ទាំងនេះគឺ​ជា​រឿងពិត​។ វាមិន​ត្រឹមត្រូវ​ទេក្នុងការ​ដាក់​ពេល​កំណត់​ណា​មួយ​នោះ​»។

«វា (កាល​កំណត់) ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅនឹង​កម្លាំង​នៃ​ប្រតិបត្តិកា​រប្រយុទ្ធដែល​ត្រូវ​បាន​ភ្ជាប់​ដោយផ្ទាល់ទៅ​នឹង​ចំនួន​អ្នក​របួស និង​ស្លាប់ដែល​អាច​កើត​មានហើយ​យើង​ត្រូវតែ​គិត​លើស​ពី​អ្វី​ៗ​ទាំង​អស់ ដើម្បី​ការពារ​អាយុ​ជីវិត​មនុស្ស​របស់​យើង​»​។ លោក ​ពូទីន ​បញ្ជាក់​បន្ថែម​៕

វីដេអូ៖