កូរ៉េខាងជើងថា កិច្ចព្រមព្រៀង អាមេរិក-កូរ៉េខាងត្បូង-ជប៉ុន ក្លាយជាផែនការបង្កើតណាតូ នៅអាស៊ីរបស់អាមេរិក

Content image - Phnom Penh Post
រូបថតគ្មានកាលបរិច្ឆេទ ដែលចេញផ្សាយដោយភ្នាក់ងារព័ត៌មាន (KCNA) កាលពីថ្ងៃទី២៤ ខែមិថុនា បង្ហាញពីមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន (កណ្ដាល) ចូលរួមកិច្ចប្រជុំគណៈកម្មាធិការមជ្ឈិមយោធារបស់គណបក្សពលករកូរ៉េ (WPK) ក្នុងក្រុងព្យុងយ៉ាង។

កូរ៉េខាងជើងរិះគន់កិច្ចព្រមព្រៀង នាពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការយោធាថា ជាមធ្យោបាយក្នុងការសម្រេចផែនការរបស់សហរដ្ឋអាមេរិក ក្នុងការបង្កើតសម្ព័ន្ធមិត្តយោធា ដូចជាអង្គការណាតូនៅក្នុងតំបន់។

ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) កាលពីថ្ងៃអាទិត្យរាយការណ៍ថា អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយយ៉ាងច្រើន ចំពោះសំណួរ ដែលទីភ្នាក់ងារព័ត៌មានបានសួរ។ អ្នកនាំពាក្យរូបនោះឱ្យដឹងថា៖ «ការពិតបង្ហាញយ៉ាងច្បាស់ថា គោលបំណងពិតរបស់សហរដ្ឋអាមេរិក ដែលផ្សព្វផ្សាយពាក្យចចាមអារ៉ាមពាក់ព័ន្ធនឹង«ការគំរាមកំហែងពីកូរ៉េខាងជើង» គឺដើម្បីយកធ្វើជាលេស សម្រាប់បង្កើនឧត្តមភាពយោធាលើតំបន់អាស៊ីប៉ាស៊ីហ្វិក»។

អ្នកនាំពាក្យដដែល បានបន្ថែមថា៖ «ស្ថានការណ៍ដែលកំពុងកើតមានជាបន្ទាន់ អំពាវនាវឱ្យមានការកសាងការការពាររបស់ប្រទេស ដើម្បីទប់ទល់យ៉ាងសកម្មនឹងការធ្វើឱ្យបរិយាកាសសន្តិសុខកាន់តែយ៉ាប់យ៉ឺន»។

កាលពីសប្ដាហ៍មុនមេដឹកនាំរបស់អាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានជួបនៅក្រៅកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នាក្រុងម៉ាឌ្រីដ ហើយយល់ព្រមស្វែងរកមធ្យោបាយបន្ថែមទៀត ដើម្បីពង្រឹង«ការទប់ទល់បន្ថែម» ប្រឆាំងនឹងរដ្ឋនុយក្លេអ៊ែរកូរ៉េខាងជើង។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និយាយថា កិច្ចសហប្រតិបត្តិការត្រីភាគី គឺ«ចាំបាច់» ដើម្បីសម្រេចបាន«គោលបំណងរួម»នៃការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងនៅឧបទ្វីបកូរ៉េ និងឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ ដែលជាគោលគំនិតមួយ ត្រូវគេមើលឃើញថា បង្កើតឡើងដើម្បីប្រឆាំងនឹងការកើនឡើងនៃឥទ្ធិពលរបស់ចិន។

កន្លងមកកូរ៉េខាងជើងតែងចាត់ទុកសមយុទ្ធយោធា ដែលដឹកនាំដោយសហរដ្ឋអាមេរិក នៅក្នុងតំបន់ ជាពិសេសសមយុទ្ធជាមួយគូប្រជែងកូរ៉េខាងត្បូង ថាជាការហាត់សម សម្រាប់ការលុកលុយ ទោះបីជាក្រុងវ៉ាស៊ីនតោន និងសេអ៊ូលលើកឡើងម្តងហើយម្តងទៀតថា ខ្លួនគ្មានចេតនាវាយប្រហារកូរ៉េខាងជើងក្ដី៕

ហួន ឌីណា

វីដេអូ៖

ព័ត៌មានថ្មីៗ