វត្ត​មាននៃ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក​​ ​ចូ​កូ វី​ដូ​ដូ (Joko Widodo) ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី ដើម្បី​បញ្ចុះបញ្ចូល​មេដឹកនាំ​នៃ​ប្រទេស​ទាំង ​២​ ឱ្យ​រម្ងាប់​ឥទ្ធិពល​សង្គ្រាម ទំនង​មាន​ប្រសិទ្ធភាព​ជាង​វត្តមាន​របស់​អគ្គលេខា​ធិ​ការ​នៃ​អង្គការ​សហប្រជាជាតិ (UN) និងកិច្ចខិតខំ​របស់​ប្រទេស​តួ​ក​គី ក្នុងពេល​កន្លងមក​។​


​លោក អង់​តូ​នី​ញ៉ូ ហ្គុ​យ​តេ​រ៉េ​ស (Antonio Guterres) អគ្គ​​លេខាធិការ UN ធ្លាប់បាន​ទៅ​បំពេញ​ទស្សនកិច្ច នៅ​ប្រទេស​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី កាលពី​ចុងខែ​មេសា ដើម្បី​បើកផ្លូវ​ឱ្យមាន​ការរំដោះ​ជន​ស៊ីវិល និង​ផ្តល់ជំនួយ​មនុស្សធម៌​ដល់​ជន​ស៊ីវិល ប៉ុន្តែ​កិច្ចការ​ទាំងនោះបាន​បរាជ័យ ខណៈពេលដែល​រុស្ស៊ី​កំពុង​បង្កើន​ការវាយប្រហារ​លើ​ប្រទេស​អ៊ុយ​ក្រែ​ន ដើម្បី​គ្រប់គ្រង​តំបន់​សំខាន់ៗ ដែល​ខ្លួន​ចង់បាន​។​


​ចំណែក​ប្រទេស​តួ​ក​គី ដែលជា​សមាជិក​នៃ​អង្គការ​សន្ធិ​សញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង​ហៅ​កាត់​ថា ណា​តូ និង​ជា​ប្រទេស​មាន​ទំនាក់ទំនង​ល្អ​ជាងគេ​ជាមួយ​រុស្ស៊ី ក៏​ធ្លាប់បាន​យក​ខ្លួន​ជា​អ្នកសម្របសម្រួល​កិច្ចចរចា​រក​ផ្លូវ​សន្តិភាព រវាង​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​ដែរ ប៉ុន្តែ​កិច្ចការ​ប៉ុន្មាន​លើក ចាប់ពី​ចុងខែ​មីនា ដល់​ខែមេសា ក៏​ទទួល​បរាជ័យ​ដូចគ្នា ខណៈ​សង្គ្រាម​ទើប​ចាប់ផ្តើម​ជាង ១​ ខែ​ប៉ុណ្ណោះ​។


​ពេលខ្លះ​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន ដែល​បាន​បញ្ជា​ឱ្យមាន​ប្រតិបត្តិ​ការ​យោធា នៅ​អ៊ុយ​ក្រែ​ន ចាប់​តាំងពី​ថ្ងៃទី​ ២៤ ខែកុម្ភៈ​មក ដោយ​សន្យា​ប្រើពេល​យ៉ាងយូរ ៣ ​ថ្ងៃ សម្រាប់​ការផ្តួលរំលំ​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន បច្ចុប្បន្ន ហាក់​បង្ហាញ​ភាព​ហត់នឿយ ដោយសារ​សង្គ្រាម ដែល​ខ្លួនឯង​បង្កើតឡើង​នេះ ចេះតែ​អូស​បន្លាយ​យូរ​ទៅៗ និង​គ្មាន​សញ្ញា​ណា ១ ដែល​សបញ្ជាក់​ពី​ការ​មានជ័យ​ជម្នះ​ឱ្យ​ពិតប្រាកដ​តាម​តំបន់ ដែល​ខ្លួន​គ្រោងទុក ដោយ​បន្ទោស​លោកខាងលិច​ជា​អ្នកជំរុញ​ឱ្យ​សង្គ្រាម​អូសបន្លាយ​។


​ស្របពេល​ប្រទេស​លោក​ខាងលិច ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​កាន់តែ​រួមដៃគ្នា​ជួយ​អ៊ុយ​ក្រែ​ន​កាន់តែខ្លាំង ទាំង​ផ្ដល់​អាវុធ​ទំនើបៗ និង​ជំនួយ​ហិរញ្ញវត្ថុ ប្រទេស​ឥណ្ឌូនេស៊ី​ដែល​អាច​ចាត់ជា​ខ្លា​ ១ នៅ​អាស៊ី​អាគ្នេយ៍ មិន​ធ្លាប់​ចូល​ដៃ​ចូល​ជើង​ជាមួយ​ភាគី​ជម្លោះ​ណា​ ១ ​ឡើយ សូម្បីតែ​ថ្កោលទោស​រុស្ស៊ី និង​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច តាម​លោកខាងលិច​។​


​វត្តមាន​របស់លោក ​វី​ដូ​ដូ នា​ពេលនេះ​អាចបង្កើត​បាន​រូបភាព​ផ្សេងទៀត សម្រាប់​លោក ពូ​ទីន ដែល​ស្ទើរតែ​អស់​ផ្លូវ​ដើរ​សម្រាប់​ឆាក​អន្តរជាតិ​ទៅហើយ​។ យោងតាម​សារព័ត៌មាន​រ៉​យ​ទ័​រ លោក​ប្រធានាធិបតី​របស់​ប្រទេស​ឥណ្ឌូនេស៊ី ​រូបនេះ បច្ចុប្បន្ន​គឺជា​ប្រធាន​នៃ​វេទិកា​អន្តររដ្ឋាភិបាល​នៃ​ក្រុម​ប្រទេស​ចំនួន​ ២០ ( G20) និង​ជា​មេដឹកនាំ​ម្នាក់ ក្នុងចំណោម​មេដឹកនាំ​ទាំង​ ៦ ដែល UN បានតែងតាំង​ជា «​ប្រធាន​» នៃ​ក្រុម​ឆ្លើយតប​វិបត្តិ​សកល ដើម្បី​ដោះស្រាយ​ការ​គំរាមកំហែង​នៃ​ភាពអត់ឃ្លាន និង​ទុរភិក្ស ដែល​បង្កឡើង​ដោយ​សង្គ្រាមនៅ​អ៊ុយ​ក្រែ​ន​។​

​ដោយ​មិនទាន់​ធ្វើ​សេចក្តី​សម្រេច​ណា ​១ ក្នុង​ការមិន​អញ្ជើញលោក​ប្រធានាធិបតី​ ពូ​ទីន សម្រាប់​ចូលរួម​កិច្ចប្រជុំ​កំពូល​នៃ​ក្រុម​ប្រទេស G20 លោក ​វី​ដូ​ដូ បែរជា​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង សម្រាប់​ការ​ផ្សះផ្សារ ដើម្បី​រម្ងាប់​ភ្លើងសង្គ្រាម​លើ​ទឹកដី​អ៊ុយ​ក្រែ​ន ដែល​បង្កាត់​ដោយ​រុស្ស៊ី​នោះ​។​

​ដោយ​ធ្វើដំណើរ​តាម​រថភ្លើង​ពី​ប៉ូឡូញ​ទៅ​អ៊ុយ​ក្រែ​ន បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​ជាមួយ​មេដឹកនាំ​ប្រទេស​ឧស្សាហកម្ម​ជឿនលឿន G7 នៅ​ប្រទេស​អាល្លឺម៉ង់ លោក ​វី​ដូ​ដូ បាន​ស្ម័គ្រចិត្ត​នាំយក​សារ​របស់​មេដឹកនាំ​អ៊ុយ​ក្រែ​ន​ទៅប្រាប់​មេដឹកនាំ​រុស្ស៊ី និង​ប្តេជ្ញា​ស្វះស្វែង​រក​បទ​ឈប់​បាញ់ រវាង​ប្រទេស​ទាំង​ ២​។​

«​បេសកកម្ម​របស់ខ្ញុំ​ គឺ​កសាង​សន្តិភាព ពីព្រោះ​សង្គ្រាម​ត្រូវតែ​បញ្ឈប់ ហើយ​ឥទ្ធិពល​របស់​វា​លើ​ចង្វាក់​ផ្គត់ផ្គង់​ម្ហូបអាហារ ត្រូវតែ​លើក​ចេញ​»​។ នេះ​ជាការ​លើកឡើង​ពី​លោក វី​ដូ​ដូ ដែល​ត្រូវបាន​ដកស្រង់​សម្ដី​ដោយសារ​ព័ត៌មាន India Express ខណៈដែល​លោក​បាន​បន្ថែមថា​៖ «​ខ្ញុំ​នឹង​អញ្ជើញ​លោកពូ​ទីន​បើក​កិច្ចពិភាក្សា និង (​កាន់តែ​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​) ដើម្បី​អនុវត្ត​បទ​ឈប់​បាញ់ និង បញ្ចប់សង្គ្រាម​»​។​

​អាចជា​ក្តីសង្ឃឹម​ក្នុងការ​ផ្សះ​ផ្សា​ភាព​តានតឹង និង​បន្ថយឥទ្ធិពល​របស់​ស​ង្គ្រា​ម ព្រមទាំង​សម្រាល​ស្ថានការណ៍​ប្រឈម​លើ​វិស័យ​ស្បៀងអាហារ​។ តាម​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ លោក វី​ដូ​ដូ បាន​និយាយថា លោក​ប្តេជ្ញាចិត្ត​ក្នុងការ​ដោះស្រាយ​ការ​កើនឡើង​នៃ​តម្លៃ​អាហារ និង​ថាមពល និង​ការខ្វះខាត​នានា ចាប់តាំងពី​ការឈ្លានពាន​របស់​រុស្ស៊ី​នេះ​។ លោក​បាន​ប្រាប់ថា​៖ «​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងអស់​ត្រូវតែ​ធ្វើឡើង ដើម្បី​ធានាថា អ៊ុយ​ក្រែ​ន​អាច​បន្ត​ការនាំចេញ​អាហារ​បាន​»​។​

​ប្រមុខ UN លោក អង់​តូ​នី​ញ៉ូ ហ្គុ​យ​តេ​រ៉េ​ស (Antonio Guterres) ដែល​បរាជ័យ ក្នុង​កិច្ច​ផ្សះផ្សា​បញ្ចប់សង្គ្រាម រវាង​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី កាលពីពេល​ទៅ​បំពេញ​ទស្សនកិច្ច នៅ​ប្រទេស​ទាំង​ ២ នា​ចុងខែ​មេសា បាន​អំពាវនាវ​ជាថ្មី​ដល់​សហការី ដើម្បី​រិះរក​វិធី​បញ្ចប់សង្គ្រាម​នេះ ខណៈ​សង្គ្រាម នៅ​អ៊ុយ​ក្រែ​ន កំពុងផ្តល់​ផល​លំបាក​ដ៏​ខ្លាំង​ដល់​ពិភពលោក ដោយ​ប៉ះពាល់​កាន់តែ​អាក្រក់​ឡើងៗ ចំពោះ​មនុស្សជាតិ ១,៦​ ពាន់​លាន​នាក់ ដោយ​ផលវិបាក​កើត​លើស​ន្តិ​សុខ​ស្បៀងអាហារ ថាមពល និង​ហិរញ្ញវត្ថុ​។ នេះ​បើ​យោងតាម​គេហទំព័រ​របស់ UN​។​

​ទស្សនកិច្ច​របស់លោក វី​ដូ​ដូ បានធ្វើ​ឡើង ចំពេល​កងកម្លាំង​រុស្ស៊ី បាន​បង្កើន​ការវាយប្រហារ​លើ​តំបន់​ជួរមុខ​ទូទាំងប្រទេស​អ៊ុយ​ក្រែ​ន ហើយ​ណា​តូ បានចាត់ទុក​រុស្ស៊ី​ថា ជា «​ការ​គំរាម​កំហែង​ដោយផ្ទាល់​» បំផុត ចំពោះ​សន្តិសុខ​សម្ព័ន្ធមិត្ត បន្ទាប់ពី​ការ​លុកលុយ​របស់​ក្រុង​ម៉ូស្គូ​លើ​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​សម្ព័ន្ធភាពបាន​ប្តេជ្ញា​ធ្វើ​ទំនើបកម្ម​យោធា​អ៊ុយ​ក្រែ​ន ដែល​រងរបួស ដោយ​និយាយថា ខ្លួន​ឈរ​នៅ​គ្រប់​ជ្រុង​ទាំង​៤​ជាមួយ​ក្រុង​កៀវ ក្នុង «​ការ​ការពារ​ប្រទេស​របស់​ពួកគេ​ប្រកបដោយ​វីរភាព​អង់អាច​»​។ ដោយ​បញ្ចប់​កិច្ចប្រជុំ​កំពូល ដែល​គ្របដណ្ដប់​ដោយ​ភាព​ចលាចល​ផ្នែក​ភូមិសាស្ត្រ​នយោបាយ ដែល​បណ្តាលមកពី​ការឈ្លានពាន​នោះ ណា​តូ​អញ្ជើញ​ស៊ុយអែត និង​ហ្វាំ​ង​ឡង់​ឱ្យ​ចូលរួម​សម្ព័ន្ធភាព ហើយ​បាន​សន្យា​ពង្រឹង​កងកម្លាំង​ត្រៀមប្រយុទ្ធ និង​ប្រតិកម្ម​រហ័ស នៅ​ផ្នែក​ខាងកើត​របស់ខ្លួន ដែល​នៅ​ជិត​បំផុត​ជាមួយ​រុស្ស៊ី​។​

​ប្រធានាធិបតី​អាមេរិក​លោក ចូ បៃ​ដិ​ន បានប្រកាស​ពី​ការដាក់​ពង្រាយ​កងទ័ព នៅលើ​ផ្លូវគោក ផ្លូវអាកាស និង​សមុទ្រ​បន្ថែម ទៀត នៅ​ទូទាំង​អឺរ៉ុប រួមទាំង​ទីបញ្ជាការ​កងទ័ព​អចិន្ត្រៃ​យ៍ ដែលមាន​កង​វរ​សេនា អម​ជាមួយ​ប៉ូឡូញ ដែលជា​ការដាក់​ពង្រាយ​ពេញ​ម៉ោង​ដំបូង​របស់​អាមេរិក នៅលើ​ព្រំប្រទល់​ភាគ​ខាងកើត​របស់​ណា​តូ​។​

​សម្ព័ន្ធភាព​ណា​តូ ដែល​នាំមុខ​ដោយ​សហរដ្ឋអាមេរិកនិយាយថា ខ្លួន​ក៏​នឹងដាក់​ពង្រាយ «​កង​កម្លាំង​ត្រៀមប្រយុទ្ធ​នៅនឹងកន្លែង​ដ៏​រឹងមាំ​» បន្ថែមទៀត​នៅលើ​ផ្នែក​ខាងកើត ដោយបាន​ពង្រីក​ពី​ក្រុម​សមរភូមិ​ដែលមាន​ស្រាប់ រហូតដល់​អង្គភាព​ទំហំ​កងពលតូច​។​

​លោក បៃ​ដិ​ន បាន​និយាយថា ផែនការ​ដាក់ពង្រាយ​ថ្មី​របស់​អាមេរិក រួមមាន​ការបញ្ជូន​នាវា​ចម្បាំង​បន្ថែម​ទៅកាន់​ប្រទេស​អេ​ស្ប៉ា​ញ កង​យន្តហោះ​ចម្បាំង​ទៅ​ចក្រភព​អង់គ្លេស កងទ័ព​ជើងគោក​ទៅ​រ៉ូ​ម៉ា​នី អង្គភាព​ការពារ​ដែនអាកាស​ទៅកាន់​អាល្លឺម៉ង់ និង​អ៊ីតា​លី និង​ទ្រព្យសម្បត្តិ​ជាច្រើន​ទៅកាន់​រដ្ឋ​ទាំង​ឡាយ​នៅ​តំបន់​បាល់​ទិ​ក​។​

​ជារឿយៗ ប្រទេស​រុស្ស៊ី​ ក៏បាន​ប្តេជ្ញា​ឆ្លើយតប ចំពោះ​ផែនការ​ពង្រីក​សមាជិក​ដល់​ព្រំដែន​ប្រទេស​របស់ខ្លួន ពី​សំណាក់​អង្គការ​ណា​តូ​ដែរ ប៉ុន្តែ​គេ​នៅ​មិនទាន់​ដឹងថា រុស្ស៊ី​នឹងធ្វើ​សង្គ្រាម​ជាមួយ​ប្រទេស​ទាំង​​ ២ ​នោះ ឬ​យ៉ាងណាទេ​?៕​