លោក សាវកាត មឺហ្ស៊ីយ៉ូយ៉េវ (Shavkat Mirziyoyev) ប្រធានាធិបតី​នៃ​ប្រទេស​អ៊ូសបេគីស្ថាន​ដែល​ស្ថិតនៅ​តំបន់​អាស៊ី​កណ្តាល និង​ដែល​ជា​ប្រទេស​ក្នុង​អតីត​សហភាព​សូវៀត បាន​លុបចោល​ផែន​ការធ្វើ​វិសោធនកម្ម​លើ​រដ្ឋធម្មនុញ្ញ ដែល​កំណត់​វាសនា​របស់​តំបន់​ស្វយ័ត​ការ៉ាកាល់ប៉ាកស្ថាន (Karakalpakstan) បន្ទាប់ពី​មានការ​តវ៉ា និង​ប្រកាស​ដាក់​តំបន់​នោះ​ស្ថិត​ក្នុង​គ្រាអាសន្ន​រយៈពេល ១​ ខែ ចាប់ពី​យប់​ថ្ងៃ​ទី​ ២ ខែ​កក្កដា ដល់​ថ្ងៃ​ទី​ ២ ខែ​សីហា​។


ការដាក់​តំបន់​នោះ ក្នុង​គ្រាអាសន្ន ត្រូវបាន​ណែនាំ​ដោយ​ប្រធានាធិបតី លោកមឺហ្ស៊ីយ៉ូយ៉េវ នៅ​ក្រុង Karakalpakstan ដែលជា​តំបន់​ស្វយ័ត​នៅក្នុង​ប្រទេស​អ៊ូសបេគីស្ថាន បន្ទាប់ពី​មានការ​តវ៉ា​ប្រឆាំង​នឹង​ការធ្វើ​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ ដែល​នឹង​មិន​កំណត់ តំបន់ Karakalpakstan ជា​តំបន់​អធិបតេយ្យ និង​ស្វយ័ត​ត​ទៅទៀត​នោះទេ​។


នៅក្រោម​រដ្ឋ​ធម្មនុញ្ញរបស់​ប្រទេស​អ៊ូសបេគីស្ថាន បច្ចុប្បន្ន​តំបន់ Karakalpakstan ត្រូវ​បាន​ចាត់​ទុក​ថា ជា​សាធារណរដ្ឋ​អធិបតេយ្យ​មួយ នៅក្នុង​ប្រទេស​អ៊ូសបេគីស្ថាន និង​មាន​សិទ្ធិ​បំបែក​ខ្លួន ដោយ​ធ្វើ​ប្រជាមតិ​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់ Al Jazeera​។


ការិយាល័យ​ប្រធានា​ធិបតី បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា លោក ប្រធានាធិបតី បាន​សម្រេច​ប្រតិកម្ម​យ៉ាង​រហ័ស ដើម្បី​ឆ្លើយតប ចំពោះ​ការតវ៉ា ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​ទៅកាន់​តំបន់ Karakalpakstan ថា ការធ្វើ​វិសោធនកម្ម​លើ​ស្ថានភាព​តំបន់​នោះ ត្រូវតែ​បាន​ដក​ចេញពី​កំណែ​ទម្រង់ ដែល​បាន​ស្នើឡើង​។


យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS ប្រភព ​១ នៅក្នុង​ទីក្រុង Nukus នៃ​តំបន់​ស្វយ័ត Karakalpakstan បាន​និយាយ​ថា៖ «​ចរាចរណ៍​ម៉ូតូ​សាធារណៈ និង​ឯកជន បានបញ្ចប់​ទាំង​ស្រុង ហើយ​នៅក្នុង​ទីក្រុង Nukus [រដ្ឋ​ធានី Karakalpakstan] ​ជិត​ពាក់​កណ្តាលអធ្រាត្រ កន្លែង​កម្សាន្ត​ ដែល​ដំណើរ​ពេញ​ ១​យប់ និង​កន្លែង​លក់ ២៤​ ម៉ោង ត្រូវបាន​បិទ​»​។


ក្រុមមន្ត្រី​ក្នុង​តំបន់ Karakalpakstan និង​រដ្ឋាភិបាល បាន​និយាយ​ថា ប៉ូលីស​បាន​បំបែក​ក្រុម​បាតុករ បន្ទាប់ពី​អ្នក​ខ្លះ បាន​ព្យាយាម​វាយលុក​អគារ​រដ្ឋាភិបាល ក្នុង​តំបន់​នៃ​រដ្ឋធានី Nukus បន្ទាប់​ពី​ការ​ហែ​ក្បួន និង​ការ​ប្រមូល​ផ្តុំ នៅ​ផ្សារ​កណ្តាល​របស់​ទីក្រុង​។

រដ្ឋាភិបាល​តំបន់ Karakalpakstan បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​ថា ប៉ូលីស​បាន​ឃុំខ្លួន​មេដឹកនាំ​នៃ​ការតវ៉ា កាលពី​ថ្ងៃ​សុក្រ និង​បាតុករ​ជាច្រើន​នាក់​ផ្សេងទៀត ដែល​បាន​តវ៉ា​។

យោងតាម​ការផ្សាយ​របស់ Al Jazeera ការផ្លាស់ប្តូរ​ទាក់ទង​នឹង Karakalpakstan គឺជា​ផ្នែក​នៃ​កំណែ​ទម្រង់​រដ្ឋ​ធម្មនុញ្ញ​ដ៏​ទូលំ​ទូលាយ ដែល​ស្នើឡើង​ដោយ​ប្រធានាធិបតី លោកមឺហ្ស៊ីយ៉ូយ៉េវ ដែល​រួម​បញ្ចូល​ផង​ដែរ​នូវ​ការ​ពង្រឹង​សិទ្ធិ​ស៊ីវិល និង​ការបន្ត​អាណត្តិ​ប្រធានា​ធិបតី ពី ៥ ​ឆ្នាំ ដល់ ៧ ​ឆ្នាំ​។

ប្រសិនបើ​ការ​កែប្រែ​រដ្ឋ​ធម្មនុញ្ញ ត្រូវបាន​អនុម័ត នៅក្នុង​ប្រជាមតិ ដែល​បានគ្រោង​ទុក វា​នឹង​កំណត់​ឡើងវិញ​នូវ​ចំនួន​អាណត្តិ​របស់​លោកមឺហ្ស៊ីយ៉ូយ៉េវ និង​អនុញ្ញាត​ឱ្យ​គាត់​ឈរ​ឈ្មោះ សម្រាប់​អាណត្តិ​ទី ​២ ទៀត​៕