អាជ្ញាធរ​អ៊ុយក្រែន បាន​អះអាង​ពី​កិច្ច​សហ​ប្រតិបត្តិការ​ពេញលេញ​ពី​ប្រទេស​តួកគី បន្ទាប់ពី​អាជ្ញាធរ​ប្រទេស​នេះ បាន​ឃាត់ទុក​កប៉ាល់​ដឹក​គ្រាប់​ធញ្ញជាតិ​ប្រមាណ ៤ ៥០០​តោន នៅ​កំពង់​ផែ Karasu នៃ​ប្រទេស​តួកគី កាល​ពី​ថ្ងៃអាទិត្យ​។


អាជ្ញាធរ​អ៊ុយ​ក្រែន បាន​ចោទប្រកាន់​រុស្ស៊ី​ថា បាន​លួច​គ្រាប់​ធញ្ញជាតិ​របស់ខ្លួន ដោយ​ដឹក​ចេញពី​តំបន់​កំពង់ផែ Berdyansk នៃ​ប្រទេស​អ៊ុយក្រែន ដែល​រុស្ស៊ី​វាយ​ដណ្តើម​កាន់កាប់ និង​កំពុង​គ្រប់គ្រង​។


យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ ឯកអគ្គរដ្ឋទូត​អ៊ុយក្រែន ប្រចាំ​នៅ​តួកគី បាន​ថ្លៃង កាល​ពី​ថ្ងៃ​អាទិត្យ​ទី​ ៣ ខែ​កក្កដា​ថា អាជ្ញាធរ​គយ​តួកគី បាន​ឃាត់​កប៉ាល់​ដឹក​ទំនិញ​រុស្ស៊ី ដែល​មាន​ផ្ទុក​គ្រាប់​ធញ្ញជាតិ​និង​ដែល​អ៊ុយក្រែន បាន​ចោទ​ថា រុស្ស៊ី​បាន​លួច ដឹក​តាម​កប៉ាល់ Zhibek Zholy ដែល​មាន​ដោត​ទង់ជាតិ​រុស្ស៊ី​។


អ្នកយក​ព័ត៌មាន​របស់​ទីភ្នាក់ងារ​រ៉យទ័រ បានឃើញ​កប៉ាល់ Zhibek Zholy បោះ​យុថ្កា​ចត​ស្ងៀម នៅ​ចម្ងាយ​ប្រហែល ១ គីឡូម៉ែត្រ​ពី​ច្រាំង​សមុទ្រ និង​នៅ​ខាងក្រៅ​កំពង់ផែ Karasu របស់ប្រទេស​តួកគី កាល​ពី​ថ្ងៃ​អាទិត្យ ដោយ​មិនមាន​សញ្ញា​ច្បាស់លាស់​នៃ​ការ​រំកិល​តួ​កប៉ាល់ ឬ​ដោយ​នាវា​ផ្សេងទៀត​នៅក្បែរ​នោះទេ​។


លោក Vasyl Bodnar ឯកអគ្គ​រដ្ឋ​ទូត​អ៊ុយក្រែន បាន​និយាយ​នៅលើ​កញ្ចក់​ទូរទស្សន៍​ជាតិ​អ៊ុយក្រែន ដែល​ដកស្រង់​ដោយ​រ៉យទ័រថា៖ «​យើង​មាន​កិច្ច​សហ​ប្រតិបត្តិការ​ពេញលេញ​។ កប៉ាល់​កំពុង​ចត​នៅ​ច្រកចូល​កំពង់​ផែ បន្ទាប់ពី​វា​ត្រូវបាន​ឃាត់​ដោយ​អាជ្ញាធរ​គយ​នៃ​ប្រទេស​តួកគី​»​។


លោក Bodnar បាន​និយាយ​ថា អនាគត​វាសនា​របស់​កប៉ាល់​នោះ នឹងត្រូវ​បាន​សម្រេច​ដោយ​កិច្ចប្រជុំ​របស់​អ្នកស៊ើប​អង្កេត នៅ​ថ្ងៃ​ចន្ទ ហើយ​ថា អ៊ុយក្រែន​កំពុង​សង្ឃឹម សម្រាប់​ការ​រឹបអូស​គ្រាប់​ធញ្ញជាតិ​មក​វិញ​។

អ៊ុយក្រែន បាន​ចោទ​ប្រកាន់​រុស្ស៊ី​ថា បាន​លួច​គ្រាប់​ធញ្ញជាតិ​ពី​ទឹកដី ដែល​កងកម្លាំង​រុស្ស៊ី បាន​កាន់កាប់ ចាប់តាំង​ពី​ការ​ឈ្លាន​ពាន​របស់​ក្រុង​ម៉ូស្គូ បាន​ចាប់​ផ្តើម កាល​ពី​ចុង​ខែ​កុម្ភៈ ប៉ុន្តែ​វិមានក្រឹមឡាំង​ធ្លាប់​បាន​បដិសេធ​ថា រុស្ស៊ី​មិនបាន​លួច​គ្រាប់​ធញ្ញជាតិ​អ៊ុយក្រែន​ទេ​។

មន្ត្រី​ក្រសួង​ការ​បរទេស​អ៊ុយក្រែន ដោយ​ដកស្រង់​ព័ត៌មាន​ពី​រដ្ឋបាល​ដែនសមុទ្រ​អ៊ុយក្រែន បាន​ប្រាប់ រ៉យទ័រ នៅ​ថ្ងៃ​សុក្រ​ថា កប៉ាល់ Zhibek Zholy បាន​ផ្ទុក​ទម្ងន់​ធ្ងន់​ចំនួន ៧ ១៤៦ ​តោន (dwt) បាន​ផ្ទុក​គ្រាប់​ធញ្ញជាតិ​ដំបូង​របស់​អ៊ុយក្រែន​ប្រហែល ៤ ៥០០ តោន ពី Berdyansk ដែល​ជា​កំពង់​ផែ​កាន់​កាប់​ដោយ​រុស្ស៊ី នៅ​ភាគ​ខាង​ត្បូង​អ៊ុយក្រែន​។

របាយ​ការណ៍​វីដេអូ​អំពី​ការ​ចាកចេញ​របស់​កប៉ាល់ ក៏​ត្រូវបាន​ចែក​រំលែក នៅលើ​បណ្តាញ ​សង្គម Telegram ដែល​គាំទ្រ​វិមានក្រឹមឡាំង​ជាច្រើន ដែល​បង្ហាញ​កប៉ាល់​នេះ រួមជាមួយ​នាវា​កង​ទ័ពជើង​ទឹក​រុស្ស៊ី នៅក្នុង​កំពង់ផែ ​១ ដែល​ត្រូវបាន​គេ​កំណត់ថា ជា Berdyansk ដោយ​អ្នក​យក​ព័ត៌មាន​។

យោង​ការផ្សាយ​របស់ BBC ម្ចាស់​ចុះ​បញ្ជី​កប៉ាល់ Zhibek Zholy ដែលជា​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ប្រទេស​កាហ្សាក់ស្ថាន គឺ​ក្រុមហ៊ុន​មាន​ឈ្មោះថា KTZ Express ហើយ​អះអាង​ថា កប៉ាល់​នេះ ត្រូវបាន​ជួល​ដោយ​ក្រុមហ៊ុន​រុស្ស៊ី​។ ក្រុមហ៊ុន​បាន​បន្ថែម​ថា ខ្លួន​កំពុង​ពិគ្រោះ​ជាមួយ​ភាគី​ពាក់ព័ន្ធ ហើយនឹង​គោរព​តាម​ការ​ដាក់​ទណ្ឌកម្ម និង​ការ​រឹតបន្តឹង​ទាំងអស់​៕