ខណៈ​ទាហាន និង​ជន​ស៊ីវិល​រាប់ពាន់នាក់ បាន​បាត់​បង់ជីវិត មនុស្ស​រាប់លាន​នាក់​ត្រូវ​រត់​ភៀសខ្លួន និង​សម្ភារ​យោធា​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​ត្រូវ​ខូចខាត ហើយ​ទីក្រុង​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​ជាច្រើន ត្រូវ​ខ្ទេចខ្ទាំ សង្គ្រាម​ឈ្លានពាន​ដែល​រុស្ស៊ី​ហៅថា ជា «​ប្រតិបត្តិការ​យោធា​ពិសេស​» នោះ នៅតែ​បន្ត​អូសបន្លាយ​យូរ​ទៅៗ​។​


​បើតាម​ការចុះផ្សាយ​រប​ស់ទូរ​ទស្សន៍ Al Jazeera ដែល​ស្រង់​សម្ដី​អ្នកវិភាគ​ខុសៗ​គ្នា ការ​ព្យាករ​ពី​ពេលវេលា​សង្គ្រាម មាន​លក្ខណៈផ្សេងៗ​គ្នា​។ កន្លងមក អគ្គលេខាធិការ​អង្គការ​ណា​តូ លោក​ Jens Stoltenberg ព្រមាន​ថា សង្គ្រាម​អាច​នឹង​បន្ត​ជាច្រើន​ឆ្នាំ​ទៅមុខ ខណៈ​ភ្នាក់ងារ​​ចារកម្ម​បស្ចិម​លោក​និយាយថា សមត្ថភាព​ប្រយុទ្ធ​របស់​រុស្ស៊ី អាច​នឹងត្រូវ​បាន​បង់​នៅ​ប៉ុន្មាន​ខែ​ខាងមុខនេះ​។​

​នៅ​ដើមខែ​មេសា ប្រមាណ​ជា​ជិត ២ ​ខែ ក្រោយ​បើក​ការ​​ឈ្លានពាន​លើ​អ៊ុយ​ក្រែ​ន​ពេញ​ផ្ទៃ​ប្រទេស រុស្ស៊ី​ដែល​អះអាង​ពីដំបូង​ថា រដ្ឋធានី​កៀវ​នឹង​ដួល​​រលំ ក្នុង​រយៈ ៧៨ ​ម៉ោង បាន​ដកទ័ព​ចេញពី​តំបន់​ជុំវិញ​រដ្ឋធានី​នោះ ហើយ​មក​ផ្ដោត​ការវាយលុក នៅ​តំបន់​ដុន​បាស​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​វិញ​។ ប៉ុន្តែ​ខណៈ​ការឈ្លានពាន​អូស​​បន្លាយ​អស់​រយៈពេល​ជាង ៤ ​ខែ ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន កាលពី​ព្រហស្បតិ៍​សប្ដាហ៍​មុន បាន​លើកឡើងថា «​ប្រតិបត្តិការ​យោធា​ពិសេស​» នៅ​អ៊ុយ​ក្រែ​ន នឹង​ប្រព្រឹត្ត​ទៅតាម​ផែនការ ហើយ «​គ្មាន​ពេល​កំណត់​» ក្នុងការ​បញ្ចប់​វា​ទេ​។​


​ឥឡូវនេះ កងកម្លាំង​របស់​រុស្ស៊ី​កំពុងតែ​សម្រុក​វាយប្រហារ​ខ្លាំង​នៅ​លូ​ហាន​ស្ក៍​នៃ​តំបន់​ភាគ​ខាងកើត​ដុន​បាស បន្ទាប់ពី​យកបាន​ក្រុង​ស៊ី​វី​រ៉ូ​ដុន​ណិ​ត​ស្ក៍ (Sievierodonetsk) កាលពី​ចុងខែ​មុន​។ ប្រសិនបើ​ដណ្ដើម​​បាន​ក្រុង​លី​ស៊ី​ឆាន់ (Lysychansk) ដែល​នៅជាប់​គ្នា ១ ​ទៀត នោះ​រុស្ស៊ី​នឹង​អាច​គ្រប់​គ្រង​តំបន់​លូ​ហាន​ស្ក៍​ទាំងមូល ហើយនឹង​ធ្វើឱ្យ​កងទ័ព​របស់ខ្លួន​កាន់តែ​ងាយស្រួល ក្នុងការ​​បន្ត​ប្រតិបត្តិការ «​រំដោះ​» ពួក​ផ្ដាច់ខ្លួន នៅ​តំបន់​ដុន​ណិ​ត​ស្ក៍ ១ ​ទៀត​។​


​លោក Konstantinos Loukopoulos អតីត​ឧ​ត្ត​ម​សេនីយ៍​របស់​ណា​តូ បាន​និយាយប្រាប់ Al Jazeera ថា​៖ «​បន្ទាប់ពី​បរាជ័យ ក្នុង​ការចូល​ទៅកាន់​​កាប់​រដ្ឋធានី​កៀវ និង​ការដាក់​ពង្រាយ​ជា​យុទ្ធសាស្ត្រ​នៃ​កង​កម្លាំង​រុស្ស៊ី និង​ដាក់​ចំណុចកណ្ដាល​សំខាន់​នៅ​ភាគ​ខាង​កើត​អ៊ុយ​ក្រែ​ន ឧ​ត្ត​ម​សេនីយ៍​​រុស្ស៊ី​នានា បានសម្រេច​ចិត្ត​ទៅ​យឺតៗ ប៉ុន្តែ​រឹងមាំ​»​។​


​យ៉ាងណាមិញ កាលពី​ថ្ងៃ​​ព្រហស្បតិ៍​សប្ដាហ៍​មុន រុស្ស៊ីបានប្រកាស​ដកទ័ព​ខ្លួន​ចេញពី​កោះ Snake ជា​យុទ្ធសាស្ត្រ​។ ក្រុង​ម៉ូស្គូ​ហៅ​ការដកថយ​ថា ជា «​កាយវិការ​នៃ​សុច្ឆន្ទៈ​» ក្នុង​គោលបំណង​បង្ហាញ​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​បើកផ្លូវ​ការ​​នាំចេញ​ស្បៀងអាហារ នៅ​កំពង់ផែ​អ៊ុយ​ក្រែ​ន​ឡើងវិញ ប៉ុន្តែ​ក្រុង​កៀវ សាទរ​ថា ជា​ជ័យជម្នះ​ដែល​ខ្លួន​បង្ខំ​ឱ្យ​រុស្ស៊ី​ដកចេញ​។​

​លោក Loukopoulos បាន​និយាយថា​៖ «​សង្គ្រាម​នឹងត្រូវ​បញ្ចប់ ពេល​ភាគី​ម្ខាង​គ្រប់គ្រង​ឆន្ទៈ​របស់ខ្លួន​លើ​ភាគី​ម្ខាង​ទៀត នៅ​កន្លែង​ប្រយុទ្ធ ហើយ​បន្ទាប់​មក​នៅ​តុ​ចរចា ឬ​ពេល​ភាគី​ទាំង​​សងខាង​ចង់​បានការ​សម្រុះ​​សម្រួល​ជាជាង​ការប្រយុទ្ធ ដើម្បី​ស្វែងរក​ផលប្រយោជន៍​រួម​»​។​

​តែ​យ៉ាងណាក៏ដោយ​លោក Loukopoulos បន្តថា ការ​​បញ្ចប់​ភ្លាមៗ​ហាក់ដូចជា​មិនអាច​ទៅរួច ដោយ​ចង្អុល​ទៅលើ​កត្តា​សំខាន់​មួយ ដែល​រុស្ស៊ី​មានគំនិត​ផ្តួចផ្តើម​យុទ្ធសាស្ត្រ​នយោបាយ និង​មធ្យោបាយ​ប្រតិបត្តិការ ខណៈ​អ៊ុយ​ក្រែ​ន និង​សម្ព័ន្ធមិត្ត​លោកខាងលិច​បញ្ចេញ​ប្រតិកម្ម​។​

​ស្ថានភាព​បច្ចុប្បន្ន​ក៏​បង្ហាញ​​ពី​ការប្រយុទ្ធ​ដ៏​អូសបន្លាយ​មួយ ដោយសារ​ការបាត់បង់​ទឹកដី​សំខាន់​របស់​អ៊ុយ​ក្រែ​ន ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ រួមទាំង​ពាក់កណ្ដាល​នៃ​តំបន់​ដុន​ណិ​ត​ស្ក៍ និង​ស្ទើ​តែ​ទាំង​មូលនៃ​តំបន់​លូ​ហាន​ស្ក៍ និង​តំបន់​ភាគខាងត្បូង​ផ្សេងទៀត ដែល​រុស្ស៊ី​កំពុង​រុលទៅមុខ​។ អ្នកវិភាគ​ខ្លះ​និយាយថា ក្រុង​កៀវ​នឹងខ្វះ​អានុភាព ប្រសិនបើ​ចូល​តុ​ចរចា​សន្តិភាព នាពេលនេះ ដោយ​លទ្ធផល​ទំនង​ទទួលបាន «​សន្តិភាព​» ដែល​កំណត់​ផ្តាច់មុខ​ដោយ​ក្រុង​ម៉ូស្គូ​។​

​សាស្ត្រាចារ្យ​ផ្នែក​យុទ្ធសាស្ត្រ និង​សន្តិសុខ នៅ​សាកល​​វិទ្យាល័យ Exeter លោក ​Jamie Shea បាន​និយាយប្រាប់ Al Jazeera ថា​៖ «​រុស្ស៊ី​ប្រហែលជា​មានជំនឿថា វា​មាន​អត្ថប្រយោជន៍​សម្រាប់​ពេល​​បច្ចុប្បន្ន ហើយ​កំពុង​ឈានទៅ​មុខ​នៅ​តំបន់​ដុន​បាស ទោះបី​​ជា​យឺតៗ​ក្ដី​»​។​

​ជាងនេះទៀត​នោះ សេណា​​រី​យោ​បែបនេះ នឹងមិន​សម​ហេតុផល​ខាង​នយោបាយ សម្រាប់​មេដឹកនាំ​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​លេន​ស្គី នោះទេ ដោយសារតែ​វា​នឹងធ្វើ​ឱ្យ​លោក​ក្លាយជា​ប្រធានាធិបតី​ចាញ់​សង្គ្រាម និង​បាត់បង់​ទឹកដី​ដ៏​ធំ​របស់​ប្រទេស​។​

​លោក​ Shea បាន​ប្រាប់ថា​៖ «​ប្រទេស​អ៊ុយ​ក្រែ​ន ​មិនអាច​មានលទ្ធភាព​បញ្ឈប់​នៅពេល​​នេះ​បានទេ ព្រោះ​វា​នឹង​បាត់បង់​ទឹកដី ១/៥ របស់ខ្លួន​ទៅឱ្យ​រុស្ស៊ី រួមទាំង​កំពង់ផែ​ពាណិជ្ជកម្ម នៅ​សមុទ្រ​ខ្មៅ​សំខាន់ៗ តំបន់ឧស្សាហកម្ម និង​កន្លែង​ជីក​យក​រ៉ែ​នៃ​តំបន់​ដុន​បាស និង​តំបន់កសិកម្ម​សំខាន់​។ នេះ​នឹង​ធ្វើឱ្យ​អ៊ុយ​ក្រែ​ន នាពេល​អនាគត​មិនសូវ​ដំណើរការ និង​រីកចម្រើន​នោះឡើយ​»​។​

​លើសពីនេះ រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​រំពឹងថា ខ្លួន​នឹង​បន្ត​ទទួលបាន​ការគាំទ្រ​ផ្នែក​យោធា​ពី​លោកខាងលិច និង​ក្នុង​បរិមាណ​កាន់តែ​ច្រើនជាង​ពេលនេះ ខណៈ​ការគាំទ្រ​ផ្នែក​នយោបាយ ក៏​នៅតែ​ខ្លាំង​។ លោក Shea បាន​និយាយថា​៖ «​អ៊ុយ​ក្រែ​ន​សង្ឃឹមថា ការ​​បញ្ជូន​អាវុធ​ធុន​ធ្ងន់​ថ្មី​របស់​អាមេរិក និង​លោកខាងលិច ជាពិសេស​កាំភ្លើង​ធំ​បាញ់​រយៈ​​ចម្ងាយ​ឆ្ងាយ នឹង​ជួយ​ពួកគេ ក្នុងការ​ទប់ទល់​កង​ទ័ព​រុស្ស៊ី និង​ដណ្តើមយក​ទឹកដី​មួយចំនួន​មកវិញ​»​។​

​មេដឹកនាំ​សហរដ្ឋអាមេរិក អឺរ៉ុប និង​អង្គការ​ណា​តូ សម្តែង​ការគាំទ្រ​របស់ខ្លួន​ម្ដង​ហើយ​ម្ដងទៀត ចំពោះ​អ៊ុយ​ក្រែ​ន ដោយ​ការ​ផ្ដល់ជំនួយ​យោធា​រាប់ពាន់​លាន​ដុល្លារ​។ យ៉ាងណា​​មិញ​ការជំរុញ​ជា​បន្តបន្ទាប់ ក្នុង​ការសុំ​ជំនួយ​សព្វាវុធ​បន្ថែម​ទៀត​ពី​អ៊ុយ​ក្រែ​ន រង​នូវ​ឧបសគ្គ​នៃ​ការព្រួយបារម្ភ ក្នុង​មជ្ឈដ្ឋាន​លោកខាងលិច ១​ ចំនួន ជុំវិញ​ការភ័យខ្លាច​ការធ្លាក់​ចូល​ទៅ​​ក្នុង​សង្គ្រាម​ជាមួយ​រុស្ស៊ី​។ ដូចដែល​អ្នកជំនាញ​មួយចំនួន​លើកឡើង លោកពូ​ទីន​អាចធ្វើឱ្យ​សង្គ្រាម​កាន់តែខ្លាំង​ឡើងៗ​។ លោក Loukopoulos និយាយថា នៅពេល​សង្គ្រាម​បន្ត​កាន់តែ​យូរ ការគាំទ្រ​របស់​បស្ចិម​លោក​កាន់តែ​ថយចុះ​។

​សម្រាប់​លោក Shea មាន​សេណារីយោ​ទំនង ​២ នឹង​បន្ត​ទៅមុខ​។ ទី​១ លោក​និយាយថា អ៊ុយ​ក្រែ​ន​នឹង​នៅតែ​បន្ត​ប្រយុទ្ធ ដោយមាន​ការគាំទ្រ​ពី​បស្ចិម​លោក​ជា​និរន្តរ៍ ដែល​បង្ខំ​រុស្ស៊ី​ឱ្យ​ដក​កងទ័ព​ចេញពី​អ៊ុយ​ក្រែ​ន​ទាំងស្រុង នៅ​ទីបំផុត លើកលែងតែ​ឧបទ្វីប​គ្រី​មេ ហើយ​វា​ត្រូវមាន​ឱ្យ​អ៊ុយ​ក្រែ​ន​ខ្លាំង​ខាង​ផ្នែក​យោធា​ជាង​ពេលបច្ចុប្បន្ន​។​

​មួយ​ផ្សេងទៀត​នោះ គឺថា ភាគី​ទាំងសងខាង​ឈានដល់​ការជាប់គាំង ដែល​សង្គ្រាម​អូសបន្លាយ​មិនសូវ​តានតឹង​ដោយ​លោក Shea បាន​បន្តទៀតថា​៖ «​រុស្ស៊ី​នឹងធ្វើ​សមា​ហរ​ណ​​កម្ម​ចំពោះ​ទឹកដី​ដែល​ខ្លួន​កាន់កាប់ ហើយ​បញ្ចូល​ទឹកដី​មួយចំនួន​ទៅជា​របស់ខ្លួន​។ ការចរចា​ដ៏​វែងឆ្ងាយ និង​គ្មាន​ផ្លែផ្កា រវាង​ទីក្រុង​កៀវ និង​ក្រុង​ម៉ូស្គូ និង​ជាមួយ​អ្នក​សម្រុះសម្រួល​អន្តរ​​ជាតិ ជុំវិញ​រឿង ដូចជា​បទ​ឈប់​​បាញ់ ការដក​ទ័ព និង​ការដក​អាវុធ នឹងត្រូវ​បន្ត​ឡើងវិញ​»​។​

​លោក Shea ចំណុច​ទី​២ គឺជា​សេណារីយោ​ទំនង​ជាងគេ​ដោយ​លោក​បាន​ប្រាប់ថា​៖ «​អ៊ុយ​ក្រែ​ន​នឹងត្រូវ​ការ​ការ​​បង្កើត​កម្លាំង​ដ៏​ធំ​មួយ​របស់ខ្លួន ដើម្បី​ដណ្តើមយក​ទឹកដី​ដែល​រុស្ស៊ី​កាន់កាប់​មកវិញ​។ រុស្ស៊ី​ដឹង​ច្បាស់​ថា ខ្លួន​មិនអាច​ដណ្តើមយក​អ៊ុយ​ក្រែ​ន​ទាំង​អស់​បានទេ ដូច្នេះ​វា​ប្រហែល​​ជា​ផ្តោតលើ​ការរក្សា​ការ​គ្រប់​​គ្រង​តំបន់​ដុន​បាស និង​បង្វែរ​សង្គ្រាម​អ៊ុយ​ក្រែ​ន​ឱ្យទៅជា​ជម្លោះ​ជាប់គាំង (Frozen Conflict) វិញ​។​

​សម្រាប់​លោក Loukopoulos សង្គ្រាម​នឹង​អូសបន្លាយ​ពេញ ១​ ឆ្នាំ គឺ​មិនសូវ​ជា​ទំនង​ប៉ុន្មាន​ទេ​។ លោក​បាន​និយាយថា​៖ «​ទាំង​អ៊ុយ​ក្រែ​ន និង​លោកខាងលិច ក៏​មិនអាច​ឈរជើង​បានយូរ​ដែរ​»៕

​ហួន ឌី​ណា​

វីដេអូ៖