​វិបត្តិ​ចិន-​តៃវ៉ាន់ ធ្វើឱ្យ​មន្ត្រីរដ្ឋបាល​របស់លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន ពិចារណា​ឡើងវិញ​នូវ​ការគិត​របស់ខ្លួន​ថា តើ​ត្រូវ​ដកព​ន្ធ​ខ្លះ ឬ​អាចដាក់​ទណ្ឌកម្ម​ផ្សេងទៀត​លើ​ទីក្រុង​ប៉េកាំង ដោយ​កំណត់​ជម្រើស​ទាំងនោះ​មួយ​ឡែក សម្រាប់​ពេលនេះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​រ៉​យ​ទ័​រ ដកស្រង់​សម្ដី​ប្រភពពី​សេត​វិមាន ដែល​ដឹង​ពី​កិច្ចពិភាក្សា​នេះ កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​កន្លងមក​។​


​ការលើកឡើង​នេះ កើតមាន ខណៈ​មន្ត្រីរដ្ឋបាល​លោក បៃ​ដិ​ន បាន​ចាប់​ច្របល់​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ ជាមួយនឹង​មធ្យោបាយ​ផ្សេងៗ ដើម្បី​សម្រួល​លើ​ការដាក់​ពន្ធ ចំពោះ​ការនាំ​ចូល​របស់​ចិន ដែល​ដាក់​ឡើង ក្នុង​អាណត្តិ​របស់​អតីត​ប្រធានាធិបតី លោក ដូ​ណា​ល់ ត្រាំ ខណៈ​រដ្ឋបាល នាពេលនេះ ព្យាយាម​កាត់បន្ថយ​អតិ​​ផ​រណាដែល​កំពុង​ឡើង​យ៉ាងគំហុក​។​


​រដ្ឋបាល​ពិចារណា​លើ​ការរួមបញ្ចូល​គ្នា​នៃ​ការលុបបំបាត់​ពន្ធគយ​មួយចំនួន ដោយ​ចាប់ផ្តើម​ការស៊ើបអង្កេត​ «​ផ្នែក​ទី​៣០១»​ ថ្មី លើ​ចំណុច​សក្តានុពល សម្រាប់​ពន្ធ​បន្ថែម និង​ពង្រីក​បញ្ជី​មិន​បញ្ចូល​ពន្ធ ដើម្បី​ជួយ​ដល់​ក្រុមហ៊ុន​អាមេរិក ដែល​អាច​ទទួល​បានកា​រ​ផ្គត់ផ្គង់​ជាក់លាក់​តែ​ពី​ប្រទេស​ចិន​។​


​ប៉ុន្តែ​សេត​វិមាននិយាយថា លោក បៃ​ដិ​ន មិនទាន់​ធ្វើការ​សម្រេចចិត្ត​លើ​បញ្ហា​នេះ​នៅឡើយ​ទេ ខណៈ​ពន្ធ​ដែល​ដាក់​លើ​ការនាំ​ចូល​របស់​ចិន ធ្វើឱ្យ​តម្លៃ​ទំនិញ​ឡើងថ្លៃ សម្រាប់​ក្រុមហ៊ុន​អាមេរិក ដោយ​ធ្វើឱ្យ​ផលិតផល​មានតម្លៃ​កាន់តែ​ខ្ពស់​បន្ថែមទៀត សម្រាប់​អ្នកប្រើប្រាស់​។


​ការបន្ថយ​អតិផរណា គឺជា​គោលដៅ​សំខាន់​មួយ សម្រាប់​លោក បៃ​ដិ​ន មុន​ការបោះឆ្នោត​ពាក់កណ្ដាល​អាណ​ត្តិ នៅ​ខែវិច្ឆិកា​ខាងមុខនេះ​។ ប៉ុន្តែ​ការឆ្លើយតប​របស់​ទីក្រុង​ប៉េកាំង ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានសភា​អាមេរិក​លោកស្រី ណាន់​ស៊ី ប៉េ​ឡូ​ស៊ី ទៅកាន់​កោះ​តៃវ៉ាន់ បាន​បង្កឱ្យមាន​ការគិត​គូរ​ឡើងវិញ​ពី​មន្ត្រីរដ្ឋបាល​។


​ប្រភព​មួយ​ដែល​ដឹង​ពី​បញ្ហា​នេះ បាន​ប្រាប់​រ៉​យ​ទ័​រថា​៖ «​ខ្ញុំ​គិតថា បញ្ហា​នៅ​តៃវ៉ាន់ បាន​ផ្លាស់ប្តូរ​គ្រប់យ៉ាង​»​។ ប៉ុន្តែ​អ្នកនាំពាក្យ​សេត​វិមាន​លោក Saloni Sharma និយាយថា​៖ «​ប្រធានាធិបតី​មិនបាន​ធ្វើការ​សម្រេច​​ចិត្ត មុនពេល​ព្រឹត្តិការណ៍ នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ ហើយ​នៅតែ​មិនទាន់​ធ្វើការ​សម្រេចចិត្ត​ដដែល​។ គ្មានអ្វី​ត្រូវបាន​រារាំង ឬ​ផ្អាក​ទេ ហើយ​ជម្រើស​ទាំងអស់​នៅតែ​ស្ថិតនៅលើ​តុ​។ មនុស្ស​តែ​ម្នាក់​គត់ ដែល​នឹងធ្វើ​ការសម្រេចចិត្ត គឺ​ប្រធានាធិបតី ហើយ​លោក​នឹងធ្វើ​ដូច្នេះ​ដោយ​ផ្អែកលើ​អ្វី​ដែលជា​ផល​​ប្រយោជន៍​របស់​យើង​»​។​

​យ៉ាងណាមិញ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោកស្រី Gina Raimondo បានឱ្យដឹងថា ស្ថានភាព​ភូមិ​​សាស្ត្រ​នយោបាយ​ដ៏​ស្មុគស្មាញ ធ្វើឱ្យ​ការសម្រេចចិត្ត​ត្រូវ​ចំណាយពេល​យូរ​។ លោកស្រីបាន​និយាយប្រាប់ ក្នុង​កិច្ច​​សម្ភាស៍​មួយ ដោយសារ​ព័ត៌មាន Bloomberg ថា​៖ «​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី ប៉េ​ឡូ​ស៊ី ទៅកាន់​កោះ​តៃវ៉ាន់ វា​មាន​ភាពស្មុគស្មាញ​ជាពិសេស​។ ដូច្នេះ​ប្រធានាធិបតី កំពុង​ថ្លឹងថ្លែង​ជម្រើស​របស់លោក​។ លោក​មានការ​ប្រុងប្រយ័ត្ន​ខ្លាំងណាស់​។ លោក​ចង់​ធ្វើឱ្យ​ប្រាកដថា យើង​មិន​ធ្វើ​អ្វី ដែលនាំឱ្យ​ប៉ះពាល់​ដល់​កម្លាំង​ពលកម្ម និង​កម្មករ​អាមេរិក​»​។​

​នៅ​ខែកក្កដា​ ឆ្នាំ ​២០១៨ អាមេរិក​បាន​ដំឡើង​ពន្ធ ២៥% លើ​ផលិតផល​ចិន ដែលមាន​តម្លៃ $៣៤​ ប៊ី​លាន រួមទាំង​គ្រឿង​ម៉ាស៊ីន ហើយ​ចុងក្រោយ បន្ថែម​ពន្ធ​លើ​ផលិតផល ដែលមាន​តម្លៃ $៣៧០ ​ប៊ី​លាន ដើម្បី​ដាក់​សម្ពាធ ចំពោះ​ចិន​លើ​ការសង្ស័យ​ដែលថា មានការ​លួច​កម្មសិទ្ធិបញ្ញា​របស់​អាមេរិក​។​

​ជំហាន​បន្ទាប់​របស់រ​ដ្ឋ​បាល​លោក បៃ​ដិ​ន អាច​ជះឥទ្ធិពល​ខ្លាំង​ទៅលើ​ពាណិជ្ជកម្ម​រាប់រយ​ពាន់​លាន​ដុល្លារ រវាង​ប្រទេស​សេដ្ឋកិច្ច​ធំជាងគេ​របស់​ពិភពលោក​ទាំង​ ២​។ វិស័យ​ឧស្សាហ​​កម្ម​អាមេរិក ចាប់ពី​គ្រឿង​អេឡិចត្រូនិក រហូតដល់​រថយន្ត និង​អវកាស កំពុង​ទាមទារ​ឱ្យ​លោក បៃ​ដិ​ន លុបបំបាត់​កាតព្វកិច្ច​ពន្ធ​នោះ​ចេញ ខណៈ​វិស័យ​ទាំងនេះ ប្រឈម​នឹង​ការកើនឡើង​នៃ​ថ្លៃដើម និង​ការផ្គត់ផ្គង់​តឹងរ៉ឹង​។​

​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​មួយចំនួន រួម​​ទាំង​លេខាធិការ​រតនាគារ លោកស្រី Janet Yellen បាន​អះអាងថា កាត​ព្វ​កិច្ច​ពន្ធគយ បានដាក់​លើ​ទំនិញប្រើប្រាស់​ «​ក្រៅ​យុទ្ធសាស្ត្រ​» ដែល​បង្កើន​ថ្លៃដើម​មិនចាំបាច់ សម្រាប់​អ្នក​​ប្រើប្រាស់ និង​អាជីវកម្ម ហើយ​ការ​​ដក​វា​ចេញ អាចជួយ​សម្រួល​ដល់​អ​តិ​ផ​រណា ដែល​កំពុង​កើនឡើង​។ យ៉ាងណាមិញ កត្តា​ជាច្រើនបន្ថែម​ពីលើ​ការឆ្លើយតប​ទៅ​តៃវ៉ាន់​របស់​ចិន បានធ្វើ​ឱ្យមាន​ភាពស្មុគស្មាញ​ដល់​ការពិចារណា​របស់​រដ្ឋ​បាល​។​

​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​ ១ ប្រាប់​រ៉​យ​ទ័​រថា ការដកចេញ​ជា​ឯកតោភាគី​នៃ​ពន្ធគយ​មួយចំនួន​របស់​អាមេរិក លើ​ការ​នាំចូល​របស់​ចិនត្រូវបាន​ផ្អាក ដោយសារតែ​ចិន​មិនបាន​បង្ហាញ​ពី​ឆន្ទៈ ក្នុង​សកម្មភាព​ប្ដូរ​គ្នា ឬ​បំពេញ​តាម​ការសន្យា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ «​ដំណាក់កាល​ទី​១» របស់ខ្លួន​។​

​អ្នកនាំពាក្យ​ស្ថានទូត​ចិន ប្រចាំ​ក្រុង​វ៉ាស៊ីនតោន​លោក Liu Pengyu ប្រាប់​រ៉​យ​ទ័​រថា ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំង ​២ ប្រឈម​នឹង​បញ្ហា «​ធ្ងន់ធ្ងរ​»​។ លោក​បន្ថែមថា​៖ «​ទស្សនកិច្ច (​របស់លោក​ស្រី ​ប៉េ​ឡូ​ស៊ី​) ធ្វើឱ្យ​ខូច​ដល់​មូលដ្ឋាន​នយោបាយ​នៃ​ទំនាក់ទំនង​ចិន​-​អាមេរិក ហើយនឹង​ធ្វើឱ្យ​មានការ​រំខាន​ជាខ្លាំង​ដល់​ការផ្លាស់ប្តូរ និង​កិច្ច​សហ​ប្រតិ​​ប​ត្តិ​ការ រវាង​ភាគី​ទាំង ​២»​។​

​ទោះយ៉ាងណា​ក៏ដោយ ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក (USTR) ឥឡូវនេះ កំពុងស្ថិត​ក្នុងការ​ពិនិត្យ​ឡើងវិញ​រយៈពេល ៤ ​ឆ្នាំ​តាមច្បាប់​ស្តីពី​ពន្ធ ដែល​ដាក់​ដោយ​លោក ត្រាំ​ ដែល​អាច​ត្រូវ​ចំណាយពេល ២-៣​ ខែ​ទៀត ដើម្បី​បញ្ចប់​។​

​ក្រុម​សហជីព ដែល​ដឹកនាំ​ដោយ​ក្រុម United Steelworkers ជំរុញ​ឱ្យ USTR រក្សា​ពន្ធ​លើ​ទំនិញ​របស់​ចិន​នៅនឹងកន្លែង ដើម្បី​ជួយ ​«​កម្រិត​ទីផ្សារ​» សម្រាប់​កម្មករ​នៅ​សហរដ្ឋអាមេរិក និង​កាត់បន្ថយ​ការពឹងផ្អែក​របស់​សហ​រដ្ឋ​​អាមេរិក​លើ​អ្នកផ្គត់ផ្គង់​ចិន​។​

​យោងតាម​ប្រភព​មិន​បញ្ចេញ​ឈ្មោះ លោក បៃ​ដិ​ន មានការ​បារម្ភ​អំពី​ការដក​ពន្ធ​ឡើងវិញ ១ ​ផ្នែក ដោយសារតែ​កម្លាំង​ពលកម្ម ដែលជា​សំឡេងឆ្នោត​សំខាន់ សម្រាប់​លោក ហើយ​ចិន​មិន​ទិញ​ផលិតផល ដែល​យល់ព្រម​ទិញ​តាម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​។​

​ប៉ុន្តែ​កាសែត​រដ្ឋ​ចិន Global Times ចុះផ្សាយ​ដោយ​ដកស្រង់​សម្ដី​អ្នក​ជំនាញ​ចិន​ផ្សេងៗ​ថា ផែនការ​របស់​រដ្ឋបាល បៃ​ដិ​ន ដើម្បី​ភ្ជាប់​សំណួរ​លើ​វិបត្តិ​តៃវ៉ាន់ និង​ពន្ធ​អាមេរិក​លើ​ទំនិញ​ចិន ដែល​រ៉​យ​ទ័​រ​រាយការណ៍​នេះ គឺជា​រឿង ​«​គួរឱ្យ​អស់សំណើច​» ហើយ​ការ​​ពន្យារពេល​ដកព​ន្ធ​ទណ្ឌកម្ម នឹង​បន្ត​ធ្វើឱ្យប៉ះពាល់​ដល់​សេដ្ឋកិច្ច​អាមេរិក​៕

​ហួន ឌី​ណា

វីដេអូ៖