ក្រោយ​ការ​ចូល​កាន់​អំណាច រយៈ​ពេល​ជាង ៣ ​ខែ ប្រធានា​ធិបតី​កូរ៉េ​ខាងត្បូង លោក Yoon Suk-yeol បាន​ចេញ​ក្រឹត្យ​លើកលែង​ទោស​ដល់​ធុរជន​កំពូលៗ នៅ​ប្រទេស​ដែល​រង​បទ​ចោទ ពី​ការ​សូកប៉ាន់​។


លោក Lee Jae-yong អនុ​ប្រធាន​ក្រុមហ៊ុន Samsung Electronics ដែល​ជាប់​ពន្ធនាគារ ១៨ ​ខែ​រួច​ហើយ និង​លោក Shin Dong-bin ប្រធាន Lotte Group ដែល​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២ ​ឆ្នាំ​កន្លះ ដោយ​អ្នក​ទាំង ​២ ជាប់ចោទ​ពី​បទ​ «សូកប៉ាន់» ខណៈ​ដែល​ក្រសួង​យុត្តិធម៌​របស់​កូរ៉េ​ខាងត្បូង បាន​ឱ្យ​ដឹង​ថា មេដឹកនាំ​អាជីវ​កម្ម​នេះ គឺ​ជា​បុគ្គល ដែល​ត្រូវការ​ជា​ចាំបាច់ ដើម្បី​ជួយ​ជម្នះ ​«វិបត្តិ​សេដ្ឋកិច្ច​ជាតិ​»។


យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ ការ​លើក​លែងទោស​នេះ គឺ​ជា​តំណាង​យ៉ាង​ធំ​ធេង​ ដោយ​លោក Lee បាន​រួច​ផុតពី​ការ​លើកលែង​ទោស​រួច​ហើយ បន្ទាប់ពី​រស់​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង ១៨ ​ខែ ជុំវិញ​បទ​ចោទ​សូកប៉ាន់ អំឡុង​ពេល​ដែល​លោក​ដឹកនាំ​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន និង​មេម៉ូរី​ឈីប​ធំ​ជាងគេ​របស់​ពិភពលោក​។


ទោះ​បីជា​យ៉ាងណា​ក៏ដោយ ការ​លើកលែង​ទោស​គួរ​តែ​មាន​ន័យ​ថា លោក Lee នឹង​អាច​អនុវត្ត​សកម្ម​ភាព​អាជីវ​កម្ម​ដោយ​មាន​សេរី​ភាព​ជាង​មុន ហើយ​អាច​បង្ហាញ​ពី​ការ​វិនិយោគ​ធំៗ​មួយ​ចំនួន​ពី​ក្រុមហ៊ុន Samsung​។


រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ លោក Han Dong Hoon បាន​និយាយ នៅ​ឯ​សន្និសីទ​សារព័ត៌មាន​ថា​៖ «ជាមួយ​នឹង​តម្រូវការ​បន្ទាន់ ដើម្បី​ជម្នះ​វិបត្តិ​សេដ្ឋកិច្ច​ជាតិ យើង​បាន​ជ្រើសរើស​ដោយ​ប្រុង​ប្រយ័ត្ន​នូវ​មេដឹកនាំ​សេដ្ឋកិច្ច ដែលជា​ក្បាល​ម៉ាស៊ីន​កំណើន​ជាតិ តាមរយៈ​ការ​វិនិយោគ​បច្ចេក​វិទ្យាយ៉ាងសកម្ម និង​ការ​បង្កើត​ការងារ ដែល​ត្រូវ​លើកលែង​ទោស​»។


លោក Lee ដែល​ជា​សមាជិក​នៃ​គ្រួសារ​ស្ថាបនិក​របស់ Samsung បាន​ស្វាគមន៍​ការសម្រេច​ចិត្ត​នេះ ហើយ​បាន​ប្តេជ្ញា​ថា នឹង​ខិតខំ​ប្រឹងប្រែង​ដើម្បី​សេដ្ឋកិច្ច​ជាតិ​។

ក្រុម​ហ៊ុន Samsung បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ ដោយ​ដកស្រង់​សម្តី​របស់​លោក Lee ថា៖ «ខ្ញុំ​នឹង​រួមចំណែក​ដល់​សេដ្ឋកិច្ច​ជាមួយ​នឹង​ការវិនិយោគ​ជា​បន្ត​បន្ទាប់ និង​ការបង្កើត​ការងារ ហើយ​ផ្តល់​ការ​យក​ចិត្ត​ទុកដាក់​ដល់​ប្រជាជន និង​រដ្ឋា​ភិបាល​»។

ការ​លើកលែង​ទោសនេះ ក៏​ត្រូវ​បាន​អនុវត្ត​ផង​ដែរ ចំពោះ​ប្រធាន​អាជីវកម្ម​ដែល​គាំទ្រ​លោក Yoon គឺ​លោក Shin Dong-bin ប្រធានក្រុម​ហ៊ុន Lotte Group ដែល​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល ២ ​ឆ្នាំ​កន្លះ ពី​បទ​ចោទ​​ស៊ី​សំណូក​។

ក្រុម​ហ៊ុន Lotte Group បាន​ឱ្យ​ដឹង​នៅក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ថា​៖ «​យើង​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​ការសម្រេច​ចិត្ត​របស់​រដ្ឋា​ភិបាល និង​ប្រជាជន​ក្នុងការ​ផ្តល់​ការ​លើកលែង​ទោស ហើយ​ប្រធាន Shin Dong-bin និង​បុគ្គលិក​នៅក្រុម​ហ៊ុន Lotte Group នឹង​រួមចំណែក​ក្នុងការ​យកឈ្នះ​លើ​វិបត្តិ​ពិភពលោក​ដ៏​ស្មុគស្មាញ​ឱ្យ​បាន​»។

កូរ៉េ​ខាងត្បូង ដែល​ពឹង​ផ្អែកលើ​បច្ចេក​វិទ្យា និង​ការ​នាំចេញ កំពុង​ប្រឈម​នឹង​អតិ​ផរណា​កើនឡើង ហើយ​ជា​សញ្ញា​បង្ហាញ​ថា ប្រទេស​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទី ​៤ របស់​អាស៊ី កំពុង​ជួប​បញ្ហា​ជាមួយ​នឹង​ការធ្លាក់ចុះ​នៃ​តម្រូវការ ការ​មាន​សតិអារម្មណ៍​មិនល្អ និង​ការចំណាយ​ទាប។

យោង​តាម CNN លោក Lee Jae-yong ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ ២ ​ដង ប៉ុន្តែ​ត្រូវ​បាន​ដោះ​លែង​ឱ្យ​មាន​សេរីភាព តាំង​ពី​ឆ្នាំ​មុន ប៉ុន្តែ​ការ​លើកលែង​ទោស ពិសេស​នេះ​បញ្ចប់​ការហាមឃាត់​រយៈពេល​​ ៥ ​ឆ្នាំ​លើ​លោក Lee កាន់​តំណែង​ផ្លូវការ នៅ​ក្រុមហ៊ុន Samsung​។

យោងតាម​ការចេញផ្សាយ ភាគហ៊ុន​របស់​ក្រុមហ៊ុន បាន​កើនឡើង ១% នៅ​ទីក្រុង​សេអ៊ូល​។

លោក Lee បាន​ធ្វើការ​ជា​អ្នក​ដឹកនាំ​ក្រុមហ៊ុន Samsung តាំង​ពី​ឆ្នាំ​ ២០១៤ នៅពេល​ដែល​ឪពុក​របស់លោក បាន​សន្លប់ បន្ទាប់​ពី​កើត​មាន​អាការ​គាំង​បេះដូង​៕