លោក បៃដិន និងលោក ស៊ី រំពឹងជួបគ្នាផ្ទាល់នៅខែវិច្ឆិកា ខណៈវត្តមានរបស់ ពូទីន មិនទាន់ច្បាស់លាស់

ដំណើរជួបគ្នាផ្ទាល់មុខរបស់មេដឹកនាំប្រទេសសេដ្ឋកិច្ចលេខ ១ និងលេខ ២ គឺសហរដ្ឋអាមេរិក និង ចិន នៅរយៈពេល ២ ខែទៀត បានបង្កើនការគ្របដណ្តប់ជាថ្មីលើបណ្តាញសារព័ត៌មានអន្តរជាតិសំខាន់ៗ ក្រោយជម្លោះវោហារស័ព្ទរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំង ២ ជុំវិញដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាអាមេរិកទៅកាន់ដែនកោះតៃវ៉ាន់ កាលពីដើមខែសីហា ប៉ុន្តែវត្តមានរបស់លោក ពូទីន នៅមិនទាន់ច្បាស់លាស់នៅឡើយ។
បណ្តាញសារព័ត៌មានអន្តរជាតិនានា បានចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយមានការផ្សាយរបស់សារព័ត៌មាន Wall Street Journal (WSJ) ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក ដោយបានផ្សាយពីលទ្ធភាពជួបផ្ទាល់ រវាងមេដឹកនាំនៃប្រទេសទាំង២ នៅក្នុងដំណើរចូលរួមកិច្ចប្រជុំកំពូលនៃមេដឹកនាំនៃបណ្តាប្រទេសអភិវឌ្ឍន៍ និងលូតលាស់សេដ្ឋកិច្ច (G20) នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី ១៥-១៦ ឬក៏ក្នុងកិច្ចប្រជុំកំពូលនៃមេដឹកនាំ APEC ដែលនឹងប្រារព្ធឡើងនៅប្រទេសថៃ ២ ថ្ងៃបន្ទាប់នោះ។
យោងតាមការចេញផ្សាយរបស់ WSJ មន្ត្រីចិនកំពុងរៀបចំផែនការធ្វើដំណើរ ដែលអាចធ្វើ ទៅបានដោយលោកប្រធានាធិបតី ស៊ី ជីនភីង (Xi Jinping) ទៅកាន់អាស៊ីអាគ្នេយ៍ ក្នុងខែវិច្ឆិកា ដែលត្រូវបានគេកត់សម្គាល់ថា «អាចជាដំណើរទស្សនកិច្ចបរទេសលើកដំបូងរបស់លោកស៊ី» ចាប់តាំងពីជំងឺរាតត្បាតកូវីដ ១៩។
ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (Joko Widodo) កាលពីថ្ងៃទី ២៦ ខែមិថុនា បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ដែលជាផ្នែកមួយនៃការអញ្ជើញ ដោយផ្ទាល់ ចំពោះមេដឹកនាំចិន សម្រាប់ការចូលរួមកិច្ចប្រជុំកំពូលមេដឹកនាំ G20 ប៉ុន្តែព័ត៌មាន AP នាពេលនោះ បានអះអាងថា វាមិនច្បាស់ថា តើលោកស៊ីនឹងចូលរួមដោយផ្ទាល់ ឬយ៉ាងណានោះទេ។ ការអញ្ជើញនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំ នៅក្រុងប៉េកាំង ជាកន្លែងដែលអ្នកទាំង ២ បានពិភាក្សាគ្នាអំពីបញ្ហាជាច្រើន ចាប់ពីពាណិជ្ជកម្ម រហូតដល់កិច្ចសហប្រតិបត្តិការដែនសមុទ្រ។
ភាពចម្រូងចម្រាសខ្លាំង កាលពីខែមេសា គឺការមានព័ត៌មាន ដែលថា លោកប្រធានាធិបតីអាមេរិក បៃដិន អាចនឹងធ្វើពហិការ ក្នុងការចូលរួមកិច្ចប្រជុំ G20 នោះប្រសិនបើឥណ្ឌូនេស៊ីអញ្ជើញមេដឹកនាំរុស្ស៊ី លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ឱ្យទៅចូលរួមផ្ទាល់ដែរ។
ការគំរាមកំហែងមិនចូលរួមរបស់រដ្ឋបាលអាមេរិកនេះ បានលេចឡើង ក្រោយលោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក បានប្រកាសថា ប្រទេសរបស់លោកស្រី នឹងធ្វើពហិការ ចំពោះកិច្ចប្រជុំជាច្រើន នៅក្នុងកិច្ចប្រជុំកំពូល G20 នាពេលខាងមុខ ប្រសិនបើមន្ត្រីរុស្ស៊ីមានវត្តមានក្នុងកិច្ចប្រជុំនោះ។ នេះបើយោងតាមគេហទំព័រ TFIGlobal។ តែទោះបីជាបែបណាក្ដី លោកស្រី Yellen មិនបានបញ្ជាក់ច្បាស់ពីកិច្ចប្រជុំណា ដែលលោកស្រីចង់សំដៅនោះទេ។
ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃក្រុមប្រទេស G20 កាលពីខែកក្កដា ទាំងភាគីអាមេរិក និងភាគីរុស្ស៊ី សុទ្ធតែបានចូលរួមក្រោមជម្លោះដ៏សែនតានតឹង ដោយភាគីរុស្ស៊ីដើរចេញពីកិច្ចប្រជុំអំឡុងពេលពិភាក្សា ក្រោយពីបានឮប្រទេសជាច្រើន ចោទប្រកាន់ខ្លួនថា «ឈ្លានពានអ៊ុយក្រែន» ខណៈដែលរបបដឹកនាំរុស្ស៊ី បានហៅសង្គ្រាមនោះត្រឹមថា «ជាប្រតិបត្តិការយោធាពិសេស» ប៉ុណ្ណោះ។
យោងតាមកាសែតជាភាសាអង់គ្លេស Jakarta Post ក្នុងអំឡុងកិច្ចប្រជុំ រវាងមេដឹកនាំអាស៊ាន និងលោក បៃដិន នៅក្រុងវ៉ាស៊ីនតោន កាលពីខែឧសភា ប្រធានាធិបតីឥណ្ឌូនេស៊ី លោក វីដូដូ បានអញ្ជើញប្រធានាធិបតីអាមេរិក ទៅចូលរួមកិច្ចប្រជុំកំពូល G20 ហើយជាមួយគ្នានេះលោកក៏បានអញ្ជើញប្រធានាធិបតីរុស្ស៊ី លោក ពូទីន និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (Volodymyr Zelensky) ដែលកំពុងមានសង្គ្រាមជាមួយគ្នា ឱ្យទៅចូលរួមកិច្ចប្រជុំ ក្រោមការរៀបចំរបស់ឥណ្ឌូនេស៊ី ដែលជាប្រធាននេះដែរ។
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS អ្នកការទូតឥណ្ឌូនេស៊ី ប្រចាំទីក្រុងម៉ូស្គូ បានអះអាងថា ទីប្រឹក្សាប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក Mikhail Podolyak ដែល កាលពីដើមខែនេះ បានបញ្ជាក់ប្រាប់ថា លោក ហ្សេលេនស្គី នឹងធ្វើដំណើរមកចូលរួមកិច្ចប្រជុំ G20។ ប៉ុន្តែចំណែកឯអ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov វិញ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា មិនទាន់មានការសម្រេចចិត្តនៅឡើយទេថា តើលោកប្រធានាធិបតី ពូទីន នឹងចូលរួមក្នុងកិច្ចប្រជុំកំពូល G20 ដោយផ្ទាល់ ឬតាមរបៀបអនឡាញនោះទេ។
កាសែត Jakarta Post ដដែល បានឱ្យដឹងទៀតថា លោក ពូទីន នឹងក្លាយជាភ្ញៀវ ដែលមិនចង់បាន ដោយនេះមិនមែនជាលើកទី១ នោះទេ។ លោកពូទីន បានចាកចេញពីកិច្ចប្រជុំកំពូល G20 នៅប្រទេសអូស្ត្រាលី ក្នុងឆ្នាំ ២០១៤ ដោយសារតែលោកមានអារម្មណ៍ថា លោកមិនត្រូវបានស្វាគមន៍ដោយមេដឹកនាំ G20 ផ្សេងទៀត បន្ទាប់ពីគាត់បានបញ្ចូលតំបន់គ្រីមា។
វេទិកាអន្តររដ្ឋាភិបាលពិភពលោកនៃបណ្តាប្រទេសឧស្សាហកម្ម និងកំពុងអភិវឌ្ឍន៍បំផុតចំនួន ១៩ បូករួមទាំងសហភាពអឺរ៉ុប (EU) ដែលត្រូវបានគេស្គាល់ថា ជាកិច្ចប្រជុំកំពូល G20 គ្រោងនឹងប្រព្រឹត្តទៅនៅឆ្នាំនេះ នៅលើកោះបាលីរបស់ឥណ្ឌូនេស៊ី នាថ្ងៃទី ១៥-១៦ ខែវិច្ឆិកា។
ប្រទេសក្នុងប្លុក G20 រួមមាន អាហ្សង់ទីន អូស្ត្រាលី ប្រេស៊ីល កាណាដា ចិន បារាំង អាល្លឺម៉ង់ ឥណ្ឌា ឥណ្ឌូនេស៊ី អ៊ីតាលី ជប៉ុន ម៉ិកស៊ិក រុស្ស៊ី អារ៉ាប៊ីសាអ៊ូឌីត អាហ្វ្រិកខាងត្បូង កូរ៉េខាងត្បូង តួកគី ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និង EU។
យោងតាមកាសែត WSJ បានរាយការណ៍កាលពីថ្ងៃសុក្រចុងសប្ដាហ៍កន្លងទៅ ក្រុមរបស់លោកប្រធានាធិបតីអាមេរិក បានស្វែងរកជាយូរមកហើយ ហើយមិនទាន់ បានបញ្ជាក់ពីជំនួបផ្ទាល់ រវាងមេដឹកនាំទាំង ២ ដើម្បីបន្ធូរបន្ថយភាពតានតឹង ខណៈដែលប្រទេសទាំង២ មានបញ្ហាមិនចុះសម្រុងគ្នាលើសំណុំរឿងជាច្រើន មានសំណុំរឿងកោះតៃវ៉ាន់ និងពាណិជ្ជកម្ម ហើយនិងបញ្ហាជាច្រើនទៀត។
ប៉ុន្តែលោក Kurt Campbell ដែលជាអ្នកសម្របសម្រួលកិច្ចការឥណ្ឌូ-ប៉ាស៊ីហ្វិក ក្នុងក្រុមប្រឹក្សាសន្តិសុខជាតិរបស់លោកប្រធានាធិបតី បៃដិន បានបញ្ជាក់កាលពីថ្ងៃសុក្រនោះថា មេដឹកនាំទាំង២ បានលើកឡើងពីលទ្ធភាពនៃជំនួបផ្ទាល់ នៅពេលដែលពួកគេនិយាយគ្នាចុងក្រោយតាមទូរស័ព្ទ កាលពីចុងខែកក្កដា «ហើយបានយល់ព្រមឱ្យក្រុមតាមដាន ដើម្បីកំណត់ពេលវេលាជាក់លាក់»។
លោក Campbell បាននិយាយថា មិនមានព័ត៌មានលម្អិតថ្មី ដើម្បីប្រកាសនោះទេ ប៉ុន្តែមេដឹកនាំទាំង២ ត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងកិច្ចប្រជុំ G20 នៅខែវិច្ឆិកា នៅកោះបាលី។ នេះបើតាមការរាយការណ៍របស់បណ្ដាញព័ត៌មាន The Guardian។
ប្រធានាធិបតី លោក ស៊ី និងលោក បៃដិន បានពិភាក្សាគ្នាអំពីកិច្ចប្រជុំ ដែលអាចធ្វើទៅបានក្នុងអំឡុងពេលការហៅទូរស័ព្ទរយៈពេលជាង ២ ម៉ោង កាលពីថ្ងៃទី ២៨ ខែកក្កដា ដែលរួមបញ្ចូលការពិភាក្សាដ៏តានតឹង ជុំវិញដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ ដែលទាមទារដោយចិន ពីសំណាក់ប្រធានសភាសហរដ្ឋអាមេរិកលោកស្រី ណាន់ស៊ី ប៉េឡូស៊ី (Nancy Pelosi)។
លោក Campbell បានបញ្ជាក់បន្ថែមថា សហរដ្ឋអាមេរិកកំពុងឆ្លើយតបទៅនឹងឥរិយាបថ «បង្កហេតុ» របស់ចិនលើកោះតៃវ៉ាន់ តាមរយៈការជំរុញពាណិជ្ជកម្មជាមួយកោះ ដែលគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យ និងទទូចលើសិទ្ធិផ្លូវអាកាស និងផ្លូវសមុទ្រឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដែលកំពុងមានភាពតានតឹង។ លោក និយាយបន្ថែមថា ផែនការពាណិជ្ជកម្មថ្មី១ នឹងត្រូវបានបង្ហាញក្នុងរយៈពេលប៉ុន្មានថ្ងៃ ខណៈពេលដែលកងកម្លាំងអាមេរិក នឹងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់នៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ៕
វីដេអូ៖