សមាជិក​សភា​អាមេរិក​ទៅ​ដល់​កោះ​តៃវ៉ាន់ ខណៈ​ភាព​តានតឹង​ជាមួយ​ចិនក្នុង​តំបន់ កំពុង​បន្ត

Content image - Phnom Penh Post
អ្នក​ការ​ទូត​តៃវ៉ាន់ លោក Douglas Yu-tien Hsu (កណ្ដាល) មក​ទទួល​ស្វាគមន៍​សមាជិក​សភា​អាមេរិក នៅ​ឯព្រលាន​យន្តហោះ Sungshan ក្នុង​ក្រុង​តៃប៉ិ កាល​ពី​ថ្ងៃ​ទី​ ១៤ ខែ​សីហា​។

គណៈប្រតិភូ​នៃ​សមាជិក​សភា​អាមេរិក បាន​ទៅ​ដល់​កោះ​តៃវ៉ាន់ កាល​ពី​យប់​ថ្ងៃ​អាទិត្យ សម្រាប់​ដំណើរ​ទស្សនកិច្ច​រយៈពេល ២ ​ថ្ងៃ ដែល​ពួក​គេ​នឹង​ជួប​ជាមួយ​ប្រធានា​ធិបតី​តៃវ៉ាន់ លោកស្រី Tsai Ing-wen។

ដំណើរ​ទស្សន​កិច្ច​នេះ ធ្វើ​ឡើង ខណៈ​ភាព​តានតឹង​ជាមួយ​ចិន ដែល​បន្សល់​ទុក​ក្រោយ​ទស្សន​កិច្ច​របស់​ប្រធាន​សភា​លោកស្រី ណាន់ស៊ី ប៉េឡូស៊ី កាលពី​ដើម​ខែ​សីហា កំពុង​បន្ត បន្ទាប់​ពី​ចិន​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ មិន​ធ្លាប់​មាន​ពីមុន​មក​របស់​ខ្លួន ជុំវិញ​កោះ​តៃវ៉ាន់​។

ស្ថានទូត​ក្រៅផ្លូវការ​របស់​អាមេរិក​ប្រចាំ​ទីក្រុង​តៃប៉ិ និយាយ​ថា គណៈប្រតិភូ​នេះ ដឹកនាំ​ដោយ​សមាជិក​ព្រឹទ្ធ​សភា​លោក Ed Markey ដែល​អម​ដោយ​សមាជិក​សភា​ចំនួន ៤ ​រូប។ ស្ថានទូត បាន​ឱ្យ​ដឹង​ថា​៖ «​នៅពេល​ដែល​ប្រទេស​ចិន​កំពុង​បង្កើន​ភាព​តានតឹង នៅ​ក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់ និង​តំបន់ ជាមួយ​នឹង​សមយុទ្ធ​យោធា​របស់ខ្លួន លោក Markey ដឹកនាំ​គណៈប្រតិភូ​ទៅ​ទស្សន​កិច្ច​តៃវ៉ាន់​ជាថ្មី​ម្តងទៀត ដោយ​បង្ហាញ​ពី​ការ​គាំទ្រ​យ៉ាង​រឹងមាំ​របស់​សភា​អាមេរិក ចំពោះ​តៃវ៉ាន់​»។

ទាក់ទង​នឹង​រឿង​នេះ ស្ថានទូត​ចិន ប្រចាំ​ទីក្រុង​វ៉ាស៊ីនតោន និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​៖ «​សមា​ជិក​សភា​អាមេរិក គួរតែ​ធ្វើ​សកម្មភាព​ស្របតាម​គោលនយោបាយ​ចិន​តែ​១ របស់​រដ្ឋា​ភិបាល​សហរដ្ឋ​អាមេរិក​»។ ហើយ​ស្ថានទូត​បន្ត​ទៀត​ថា ដំណើរ​ទស្សន​កិច្ច​របស់​សភា​ចុង​ក្រោយនេះ «បង្ហាញ​ជា​ថ្មី​ម្តង​ទៀត​ថា សហរដ្ឋ​អាមេរិក​មិន​ចង់​ឃើញ​ស្ថិរភាព នៅ​ទូទាំង​ច្រក​សមុទ្រ​តៃវ៉ាន់ ហើយ​មិន​បោះបង់​ការជំរុញ​ឱ្យ​មាន​ការ​ប្រឈម​ដាក់​គ្នា រវាង​ភាគី​ទាំង ​២ និង​លូកដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ចិន​ឡើយ​»។

ទោះ​ជា​យ៉ាង​ណាក្ដី អ្នកនាំ​ពាក្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​សេត​វិមាន និយាយ​ថា សមាជិក​សភា បាន​ទៅ​តៃវ៉ាន់​អស់​ជា​ច្រើន​ទសវត្សរ៍ ហើយនឹង​នៅតែ​បន្ត​ធ្វើ​ដូច្នេះ ដោយ​បន្ថែម​ថា ដំណើរ​ទស្សន​កិច្ច​បែប​នេះ គឺ​ស្របតាម​គោល​នយោបាយ​ចិន​តែ​១ ដែល​មាន​រយៈពេល​យូរ​ហើយ​របស់​សហរដ្ឋ​អាមេរិក​។

នៅក្រោម​គោល​នយោ​បាយ​នោះ សហ​រដ្ឋ​អាមេរិក មាន​ទំនាក់​ទំនង​ការ​ទូត​ជា​ផ្លូវការ​ជាមួយ​ទីក្រុង​ប៉េកាំង ខណៈ​រក្សា​ទំនាក់​ទំនង​មិន​ផ្លូវការ ជាមួយ​កោះ​តៃវ៉ាន់ ដូចជា​ការផ្ដល់​មធ្យោបាយ ដើម្បី​ការពារ​ខ្លួន​ជា​ដើម​។ កន្លង​មក ចិន​ចាត់ទុក​ដំណើរ​ទស្សន​កិច្ច​ណាមួយ​របស់​មន្ត្រី​អាមេរិក​ទៅ​កោះ​តៃវ៉ាន់​ថា ជាការ​ទទួល​ស្គាល់​នូវ​ភាព​ស្របច្បាប់ ចំពោះ​ភាព​ឯករាជ្យ​របស់​កោះ ដែល​ចិន​អះអាង​ថា ជា​ទឹកដី​របស់ខ្លួន​មួយ​នេះ ដោយ​នឹងត្រូវ​វាយ​យក​ដោយ​កម្លាំង បើសិន​ជា​ចាំ​បាច់​។

ការិយា​ល័យ​របស់​លោក Markey និយាយ​ថា សមាជិក​សភា​នៅ​តៃវ៉ាន់ «នឹង​បញ្ជាក់​ឡើង​វិញ នូវ​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក ចំពោះ​កោះ​តៃវ៉ាន់​តាម​ច្បាប់​ទំនាក់​ទំនង​តៃវ៉ាន់ សេចក្តី​ថ្លែងការណ៍​រួម​របស់​សហរដ្ឋ​អាមេរិក-ចិន និង​ការធានា​ចំនួន៦ ហើយ​នឹង​ជំរុញ​ឱ្យមាន​ស្ថិរភាព និង​សន្តិភាព នៅ​ទូទាំង​ច្រក​សមុទ្រ​តៃវ៉ាន់​»។

ការិយា​ល័យ​ដដែល​បន្ត​ថា ក្រុម​ប្រតិភូ នឹង​ជួប «ជាមួយ​មេដឹកនាំ​ជាប់ឆ្នោត និង​សមាជិក​នៃ​វិស័យ​ឯកជន ដើម្បី​ពិភាក្សា​អំពី​ផល​ប្រយោជន៍​រួម រួម​ទាំង​ការ​កាត់បន្ថយ​ភាព​តានតឹង នៅក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់ និង​ការពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច រួមទាំង​ការ​វិនិយោគ នៅក្នុង​វិស័យ​សេម៊ី​កុង​ឌុចទ័រ​»។

ដំណើរ​ទស្សន​កិច្ច​ធ្វើឡើង​ក្រោយ​ចិន​បន្ធូ​បន្ថយ​សកម្មភាព​សមយុទ្ធ​របស់ខ្លួន ប៉ុន្តែ​នៅតែ​បន្ត​សកម្មភាព​យោធា​។ ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់ និយាយ​កាល​ពី​ថ្ងៃអាទិត្យ​ថា យន្តហោះ​ចម្បាំង​យោធា​ចិន​ចំនួន ១១ ​គ្រឿង​បាន​ហោះ​ឆ្លងកាត់​ខ្សែបន្ទាត់​កណ្ដាល​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់ ឬ​បាន​ចូលទៅក្នុង​តំបន់​ការពារ​ដែនអាកាស​របស់​តៃវ៉ាន់ កាលពី​ថ្ងៃអាទិត្យ បន្ទាប់ពី​យន្តហោះ​ចំនួន ១៣ ​គ្រឿង ឆ្លងកាត់​ច្រក​សមុទ្រ កាលពី​ថ្ងៃ​សៅរ៍​៕

ហួន ឌីណា

ព័ត៌មានថ្មីៗ