សហភាពអឺរ៉ុប ​បានចេញ​សេចក្តីថ្លែងការណ៍​មួយ ​ដែល​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​ផែនការ​​ធ្វើ​ប្រជាមតិ​​នៅថ្ងៃទី ​២៣ ដល់​ថ្ងៃទី​ ២៧ ​ខែកញ្ញា​នេះ ​នៅតំបន់​បំបែកខ្លួន​ដែល​គ្រប់គ្រង​ដោយ​រុស្ស៊ី ​ដើម្បី​ភ្ជាប់​ជា​មួយរុស្ស៊ី​ ដោយ​អះអាង​ពី​ការ​បន្ថែម​វិធានការ​ចំពោះ​ប្រទេស​រុស្ស៊ី​ និង​អ្នកដែល​រៀបចំ​ធ្វើ​ប្រជាមតិនោះ​។


ប្រធាន​ផ្នែក​គោល​នយោបាយ​របស់​សហភាព​អឺរ៉ុប​លោក ​Josep Borell បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា «នេះ​គឺជា​ការ​ប៉ុនប៉ង​របស់​ប្រទេស​រុស្ស៊ី​ដើម្បី​ធ្វើ​ឱ្យ​ស្របច្បាប់​នូវ​ការ​គ្រប់គ្រង​​ដោយ​ខុសច្បាប់​របស់​ខ្លួន​និង​មាន​គោលបំណង​ការ​ផ្លាស់ប្តូរ​ព្រំដែន​អ៊ុយក្រែន​ដោយ​បង្ខំ​​ ក្នុងការ​រំលោភ​​បំពាន​យ៉ាង​ជាក់​ច្បាស់​លើ​​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ ​និង​ឯករាជភាព​​​ បូរណភាព​ទឹកដី​និង​ការឯកភាព​ទឹកដី​របស់​អ៊ុយក្រែង​»។

លោក Borell ​បាន​អះអាងថា​៖​ «សហភាព​អឺរ៉ុប​ថ្កោលទោស​យ៉ាង​ខ្លាំង​អ្នក​ទាំង​ឡាយ​ណា​ដែល​មាន​ផែនការ​​រៀបចំ​ធ្វើ​ប្រជាមតិ​ខុសច្បាប់ ​ដែល​ប្រឆាំង​អាជ្ញាធរ​អ៊ុយក្រែន​ជាប់ឆ្នោត​តាមបែប​ប្រជាធិបតេយ្យនិង​ស្របច្បាប់​ គឺ​ជា​ការ​បំពាន​ឯករាជភាព​ បូរណភាព​ទឹកដឹ ​ឯកភាព​ទឹកដី​និង​រំលោភ​ច្បាប់​អន្តរជាតិ​ដោយ​ឥតលាក់លៀម​»។


លោក​បាន​សម្គាល់​ឃើញ​ថា ​លទ្ធផល​នៃ​សកម្មភាព​បែប​នេះ​ នឹង​ត្រូវ​ចាត់​ទុក​ជាមោឃៈ ​ហើយ​នឹង​មិន​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​សហភាព​អឺរ៉ុប​និង​រដ្ឋ​ជាសមាជិក​របស់​ខ្លួនឡើយ។

យោងតាម ​​លោក Borell «ប្រទេស​រុស្ស៊ី​ ការ​ដឹកនាំ​នយោបាយ​របស់​ខ្លួន​និង​អ្នក​ដែល​ពាក់ព័ន្ធ​ក្នុង​ការ​ធ្វើ​ប្រជាមតិ​នេះ នឹង​ការរំលោភ​បំពាន​របស់​ច្បាប់​អន្តរជាតិ​និង​ផ្សេង​ទៀត​​​នៅ​ប្រទេស​អ៊ុយក្រែន​នឹង​ទទួល​ខុស​ត្រូវ​ ហើយ​វិធានការ​រឹតត្បិត​បន្ថែ​មទៀត​ប្រឆាំង​នឹង​រុស្ស៊ី​នឹង​ត្រូវ​បាន​ពិចារណា»​។

អ្នក​តំណាង​ដែល​គាំទ្រ​ដោយ​រុស្ស៊ី​យ៉ាង​ហោចណាស់​មាន​តំបន់​ចំនួន ​៤​ នៅ​អ៊ុយក្រែន​ បាន​និយាយ​ថា ​ពួកគេ​នឹង​ធ្វើ​ប្រជាមតិ​លើ​ការចូល​រួម​ជាមួយ​ប្រទេស​រុស្ស៊ី​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។

អ្នក​តំណាង​តំបន់​ដែល​គាំទ្រ​ដោយ​រុស្ស៊ី​នាពេល​បច្ចុប្បន្ន បាន​អះអាងថា ​តំបន់​ ៤​ រួម​មាន Luhansk, Donetsk, Kherson និង​Zaporizhzhia ​នឹង​ធ្វើ​ប្រជាមតិ​នៅ​លើ​ការ​ចូលរួម​ជាមួយ​ប្រទេស​រុស្ស៊ី​នៅ​ថ្ងៃទី ​២៣-២៧​ ខែ​កញ្ញា​ខាងមុខ​នេះ។

ការ​អត្ថាធិប្បាយ​លើ​សេចក្តីប្រកាស​នេះ​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក ​Sergey Lavrov បាន​មាន​ប្រសាសន៍​ថា៖​ «ប្រជា ជន​របស់ Donbas ចង់​ក្លាយ​ជា​ម្ចាស់​នៃ​ជោគវាសនា​របស់​ពួកគេ​»៕