សហភាព​អឺរ៉ុប (EU) កំពុង​សម្លឹង​រក​ការដាក់​ទណ្ឌកម្ម​ថ្មី​ជុំទី៨ ប្រឆាំង​ប្រទេស​រុស្ស៊ី ដឹកនាំ​ដោយ​លោក​ប្រធានា​ធិបតី វ៉ា្លឌីមៀរ ពូទីន ដែល​ទើប​ចេញ​ក្រឹត្យ​កេណ្ឌ​ទ័ព​បម្រុង​រហូតដល់ ៣០ ម៉ឺន​នាក់ សម្រាប់​ការធ្វើ​សង្គ្រាម នៅ​ប្រទេស​អ៊ុយក្រែន ដែល​កំពុង​តស៊ូ​ប្រយុទ្ធ​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​។ កញ្ចប់​ទណ្ឌកម្ម​ថ្មី​អាច​ត្រូវ​ប្រកាស​នៅ​ពាក់កណ្តាល​ខែ​តុលា​ខាងមុខ​នេះ។


​រដ្ឋមន្ត្រីការបរទេស​របស់ EU ២៧ ប្រទេស បាន​ព្រមព្រៀង​គ្នា កាល​ពី​ថ្ងៃ​ពុធ ដើម្បី​រៀបចំ​ទណ្ឌកម្ម​ថ្មី​លើ​រុស្ស៊ី និង​បង្កើន​ការ​បញ្ជូន​អាវុធ​ទៅ​ក្រុង​កៀវ បន្ទាប់​ពី​ប្រធានា​ធិបតី លោក ពូទីន បាន​បញ្ជា​ឱ្យ​មាន​ការ​កេណ្ឌ​កងទ័ព​បម្រុង សម្រាប់​សង្គ្រាម នៅ​អ៊ុយក្រែន​ជា​លើក​ដំបូង​របស់​ប្រទេស​រុស្ស៊ី គិត​តាំង​ពី​សង្គ្រាម​លោក​លើកទី ២ ។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​ពី​កិច្ច​ប្រជុំ​មួយ​នៅ​មហាសន្និបាត​របស់​អង្គការ​សហប្រជាជាតិ (UN)។​


​លោក Josep Borrell ប្រធាន​គោលនយោបាយ​ការបរទេស​របស់ EU បាន​លើក​ឡើង​ថា ការ​ប្រកាស​របស់​លោក ពូទីន ដែល​រួម​មាន​ការ​ផ្លាស់ប្តូរ​ទៅកាន់​ការ​ភ្ជាប់​ដី​អ៊ុយក្រែន​ជា​ឧបសម្ព័ន្ធ​របស់​ខ្លួន និង​ការ​គំរាម​កំហែង ក្នុងការ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ ដើម្បី​ការពារ​រុស្ស៊ី បាន​បង្ហាញ​ពី​ការ​ភ័យ​ស្លន់ស្លោ និង​អស់សង្ឃឹម​។​


​លោក ពូ​ទីន នៅមុន ១ ថ្ងៃ​នៃ​ការប្រជុំ​មហាសន្និបាត UN បានចេញ​ក្រឹត្យ​កេណ្ឌ​កងទ័ព​បម្រុង​រហូត​ដល់ ៣០ ម៉ឺន​នាក់ សម្រាប់​ការធ្វើ​សង្គ្រាម និង​ការពារ​ទឹកដី ដែល​ធ្វើ​ឱ្យ​មេដឹកនាំ​បស្ចិម​លោក​ថ្កោលទោស​យ៉ាងខ្លាំង។


​លោក Borrell បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន បន្ទាប់ពី​ក្រុម​រដ្ឋមន្ត្រី​អឺរ៉ុប បាន​ជួបគ្នា ដើម្បី​សម្រេច​ថា តើ​ត្រូវ​ឆ្លើយតប​យ៉ាងណា ដោយ​អះអាង​ថា​៖ «​វា​ច្បាស់​ណាស់​ថា លោក ពូទីន កំពុង​ព្យាយាម​បំផ្លាញ​អ៊ុយក្រែន»។


​លោក បន្ថែមថា បន្ទាប់​ពីបទ​បង្ហាញ​ខ្លី​ដោយ​រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន Dmytro Kuleba ក្រុម​រដ្ឋមន្ត្រី បាន​យល់ព្រម​ប្រគល់​ភារកិច្ច​ឱ្យ​ក្រុម​របស់​ពួកគេ ដើម្បី​រៀបចំ​កញ្ចប់​ទណ្ឌកម្ម​ទី ៨ ដែល​នឹង «​កំណត់​គោលដៅ ផ្នែក​ពាក់ព័ន្ធ​បន្ថែម​ទៀត​នៃ​សេដ្ឋកិច្ច​រុស្ស៊ី និង​បន្ត​កំណត់​គោលដៅ​មនុស្ស ដែល​ទទួល​ខុសត្រូវ សង្គ្រាម​ឈ្លានពាន នៅ​អ៊ុយក្រែន»។​

EU ដែល​ភាគច្រើន​ជា​សមាជិក​នៃ​អង្គការ​សន្ធិសញ្ញា​អាត្លង់ទិក​ខាងជើង (​ណាតូ) បាន​រួមដៃគ្នា​យ៉ាង​ស្អិតល្មួត​ជាមួយ​សហរដ្ឋ​អាមេរិក ក្នុងការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី ដឹកនាំ​ដោយ​លោក ពូទីន ដែល​សម្រេច​ឱ្យធ្វើ​ប្រតិបត្តិការ​យោធា​លើ​អ៊ុយក្រែន ចាប់ពី​ថ្ងៃទី ២៤ ខែ​កុម្ភៈ​មក​នោះ។​

​តាមរយៈ​ការឯកភាព​គ្នា​នោះ រដ្ឋមន្ត្រី​ការបរទេស​អឺរ៉ុប ក៏​យល់ព្រម​បង្កើន​ការ​ផ្គត់ផ្គង់​សព្វាវុធ​ដល់​អ៊ុយក្រែន​បន្ថែម ដើម្បី​ជ្រោមជ្រែង​អ៊ុយ​ក្រែន ឱ្យ​អាច​បង្កើន​ការ​វាយ​ប្រយុទ្ធ​កាន់​តែខ្លាំង​នៅ​ពេល​ខាងមុខ​នេះ។​

​រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ សហរដ្ឋអាមេរិក ដែលជា​មហាអំណាច​លេខ ១ ទាំង​សព្វាវុធ និង​សេដ្ឋកិច្ច បាន​អនុម័ត​ជំនួយ​យ៉ាងច្រើន​ដល់​អ៊ុយក្រែន​។ ប្រទេស​តំបន់​អឺរ៉ុប ក៏​ចូលរួម​ដាក់​ទណ្ឌកម្ម ផ្តល់​សព្វាវុធ និង​ជំនួយ​យ៉ាងច្រើន​ដល់​អ៊ុយក្រែន​ដែរ។

​លោក Borrell បាន​បដិសេធ​មិន​ផ្តល់ព័ត៌មាន​លម្អិត​បន្ថែម​អំពី​ប្រភេទ​នៃ​ការដាក់​ទណ្ឌកម្ម ឬ​ការ​គាំទ្រ​ផ្នែក​យោធា ប៉ុន្តែ បាន​និយាយថា លោក​ជឿជាក់​ថា នឹង​មាន​ការគាំទ្រ «​ឯកច្ឆន្ទ» នៅ​ក្នុង​ប្លុក សម្រាប់​វិធានការ​ថ្មី។​

​ថ្លែង​នៅក្នុង​បទ​សម្ភាស​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters រដ្ឋមន្ត្រី​ការបរទេស​អេស្តូនី លោក Urmas Reinsalu បាន​និយាយ​ថា លោក ពូទីន កំពុង​ព្យាយាម​បំភ័យ និង​បែង​ចែក​ប្រទេស​លោក​ខាងលិច ប៉ុន្តែ​ការ​អត្ថាធិប្បាយ​ចុងក្រោយ​របស់​គាត់ គឺជា «​ពេលវេលា​ផ្លាស់ប្តូរ​ហ្គេម»។​

​លោក​និយាយថា កិច្ចប្រជុំ កាលពី​ថ្ងៃ​ពុធ​គួរតែ​សង្កត់ធ្ងន់​លើ​ការ​រួបរួមគ្នា ឈាន​ទៅ​មុខ​យ៉ាង​រហ័ស​ជាមួយ​នឹង​កញ្ចប់​ទណ្ឌកម្ម​ថ្មី និង​ប្រើ​យន្តការ​ផ្តល់​មូលនិធិ​សន្តិភាព​អឺរ៉ុប ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​អាវុធ​ដល់​អ៊ុយក្រែន​។ ការរក្សា​ការ​រួបរួម ក្នុង​ចំណោម​ប្រទេស​ទាំង ២៧ សម្រាប់​កញ្ចប់​ទណ្ឌកម្ម អាច​បង្ហាញ​ពី​ភាព​ស្មុគស្មាញ ចំពេល​មាន​វិបត្តិ​ការ​ផ្គត់ផ្គង់​ថាមពល ដែល​បាន​វាយប្រហារ​ប្លុក​នេះ​យ៉ាងខ្លាំង។​

​ហុង​គ្រី​តែង​ជំទាស់​នឹង​ការសម្រេច​របស់ EU ដោយសារតែ​ខ្លួន​ពឹងផ្អែក​ស្ទើរ​ទាំង​ស្រុង​ពី​ការ​នាំចូល​ថាមពល​ពី​រុស្ស៊ី ហើយ​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ មិន​បាន​មើល​ឃើញ​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ផ្តល់​ផល​វិជ្ជមាន​នោះទេ។​

EU បានអនុម័ត​កញ្ចប់​ទ​ណ្ឌ​កម្ម​ជា​បន្តបន្ទាប់​ប្រឆាំង​រុស្ស៊ី រួមមាន​ការ​ផ្តាច់​ប្រព័ន្ធ​ទូទាត់ ការ​បង្កក​ទ្រព្យសម្បត្តិ ការ​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល​នយោបាយ និង​អ្នកជំនួញ​ស្និទ្ធ​នឹង​លោក ពូទីន ព្រមទាំង​ការ​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ថាមពល​ជាដើម ខណៈ​ទង្វើ​នោះ ត្រូវបាន​រុស្ស៊ី​លើក​ឡើង​ថា ជាការ​បង្ក​សង្គ្រាម​ពី​លោក​ខាងលិច ហើយ​ចាត់ទុក​ការ​ដាក់​ទណ្ឌកម្ម​នោះ ជាការ​ចូលរួម ក្នុង​សកម្មភាព​អូសបន្លាយ​សង្គ្រាម​ទៀតផង៕​

វីដេអូ៖