អត្រាកំណើត​នៅប្រទេស​បារាំង​ឆ្នាំ​២០២១ ​មាន​លក្ខណៈ​ល្អប្រសើរបន្តិច​វិញ ​បន្ទាប់​ពី​អាត្រាកំណើត​ ធ្លាក់​ចុះ​ចំនួន​៦ឆ្នាំជាប់ៗគ្នា ​មិនធ្លាប់មាន​តាំងពីឆ្នាំ​១៩៧៥​មក។ ​បើតាម​របាយការណ៍ថ្មី​របស់​វិទ្យាស្ថាន​ជាតិស្ថិតិ ​និង​សិក្សា​សេដ្ឋកិច្ច​បារាំង​ មាន​អាត្រាកំណើតឆ្នាំ​២០២១ កើនឡើងចំនួន​ ០,៩​ភាគរយ​ធៀប​នឹងឆ្នាំមុន​។


រយៈពេល៦​ឆ្នាំមកហើយ ​ដែលបារាំង​ប្រឈមនឹង​អាត្រា​កំណើត​ដ៏ទាប​ខ្លាំង​ គឺ​អាត្រាកំណើត​បារាំង​បានដើរ​ ត្រឡប់​ទៅរក​៤៥ឆ្នាំ​មុ​នឯណោះ។ ​របាយការណ៍ថ្មី​ប្រចាំឆ្នាំ​២០២២​របស់​វិទ្យាស្ថាន​ជាតិស្ថិតិ​ និងសិក្សាសេដ្ឋកិច្ចបារាំង បង្ហាញថា ​អាត្រាកំណើត​សរុប​ឆ្នាំ២០២១​បារាំង​បាន​បង្កើតទារក​ ៧​៤២ ​១០០នាក់។ ​ ជាអត្រា​ស្ទុះងើបឡើង វិញល្អ​ប្រសើរ​ចំនួន ​០,៩​ភាគរយ ​ឬ ​ស្មើនឹងកើន​អត្រា​កំណើត​ទារក ​៦ ៩០០​នាក់​ធៀបទៅនឹងឆ្នាំ​២០២០​។

សូម​បញ្ជាក់ថា ​តាម​វិទ្យាស្ថាន​ជាតិស្ថិតិ ​និង​សិក្សា​សេដ្ឋកិច្ច​បារាំង ​អត្រាកំណើត​បារាំង​ឆ្នាំ​២០២១ ​ភាគ​ច្រើនជាម្តាយ​ដែល​មានវ័យលើស​៣០ឆ្នាំ​ ពិសេស​ស្ត្រី​វ័យលើស​៤០​ឆ្នាំ ​ដែល​បាន​ផ្តល់​កំណើត​ដល់​ទៅ​៥,៣​ភាគរយ​ច្រើនជាង​ឆ្នាំ​មុន ខណៈ​ម្តាយ​វ័យក្រោម​៣០ឆ្នាំ ​មានការ​ធ្លាក់ចុះ​អត្រាផ្តល់​កំណើត​(-៨ភាគរយ)។


ជាមួយ​នឹងក្តីសង្ឃឹម​ថ្មី ​វិទ្យាស្ថាន​ជាតិស្ថិតិ​និង​សិក្សាសេដ្ឋកិច្ច​បារាំង ​ចាត់​ទុក​ស្ថិតិ​អត្រាកំណើត​ថ្មី​លើកនេះ​ថា ជា​ការ​បញ្ចប់​ការ​ធ្លាក់ចុះ​អាត្រា​កំណើត​ជាតិ​ក្នុង​រយៈពេល​៦ឆ្នាំ​ចាប់ពី​ឆ្នាំ​២០១៥-២០២០​។


ទោះយ៉ាងណា​ អាជ្ញាធរ​បារាំង ​បន្ត​អំពាវនាវ​ឱ្យ​ប្រជាជន​គិតគូរ​ពីការ​បង្កើន​អត្រា​យកកូន​នៅក្នុងគ្រួសារ​វិញ ​ដើម្បី​ជាការ​សង្គ្រោះ​សង្គម​ក្នុង​កតិកា​សញ្ញាជាតិ។ ​តាម​វិទ្យាស្ថាន​ជាតិស្ថិតិ ​និង​សិក្សា​សេដ្ឋកិច្ច​បារាំង ​ចំនួនទារក​កើត​នៅ​ត្រីមាសទី១​ ក្នុង​ខែ​មករា ឆ្នាំ​២០២២នេះ ​នៅតែធ្លាក់​ចុះ​ចំនួន ​២,៩ភាគរយ ​ក្នុងរយៈ​ពេល​៩ខែ​ក្រោយពេលបិទ ខ្ទប់កូវីដ​លើកទី​៣​កាលពី​ខែ​មេសា​ឆ្នាំ​២០២១មក។​ តែយ៉ាងណា ​ស្ថិតិ​ខាងលើនេះ ​នៅតែទាប​ជាង​ឆ្នាំ​២០២០​។ ពោល គឺ​មាន​ទារកចាប់កំណើត​ច្រើន​នៅ​ឆមាសទី​១ ឆ្នាំ​២០២២​មែន​ ធៀប​នឹង​ឆ្នាំ​២០២១​ ប៉ុន្តែជាស្ថិតិទាបជាងឆ្នាំ ២០២០​។


គួរជ្រាបថា​ ដោយ​ហេតុ​តែជំងឺរាតត្បាត​សកល​កូវីដ ​មាន​គូស្វាមីភរិយា​ជា​ច្រើនលុបចោល​​ ឬ​លើក​គម្រោង​យក​កូន ដោយសារ​ការបារម្ភ​ពី​វិបត្តិ​សុខភាព​ផង ​និង​បារម្ភពី​សេដ្ឋកិច្ច​គ្រួសារ​ផង។​ តាម​របាយការណ៍​របស់​បារាំង អត្រា​កំណើត​ខែធ្នូ​ឆ្នាំ​២០២០​បានធ្លាក់ចុះ​៧​ភាគរយ ​ធៀបនឹង​ខែធ្នូ ​ឆ្នាំ២០១៨។ ​ចំណែក ​នៅខែមករា ​ឆ្នាំ ​២០២១ ធ្លាក់​ចុះដល់​ទៅ ​១៣,២ភាគរយ​ ​ធៀប​នឹង​ខែ​មករា​ ឆ្នាំ​២០២០​៕