បន្ទាប់ពី​គូសវាស​ផែនការ​សាងសង់​អស់​ជាង ១​ទស្សវត្សរ៍ នៅ​ទី​បំផុត ផ្លូវ​រូង​ក្រោម​ដី​វែង​ជាងគេ​បំផុត ក្នុង​ពិភព​លោក ដែល​ភ្ជាប់​ដែន​កោះ​ប្រទេស​ដាណឺម៉ាក​ជាមួយ​អាល្លឺម៉ង់ កំពុង​ត្រៀម​លេច​ចេញ​រូបរាង ដើម្បី​សម្រួល​ដល់​ការ​ធ្វើដំណើរ​ទៅមក។


ចុះក្រោម​ចម្ងាយ ៤០​ម៉ែត្រ នៅក្រោម​សមុទ្រ​បាល់ទិក ផ្លូវ​រូង​ក្រោម​ដី ដែល​មាន​ប្រវែង ១៨​គីឡូម៉ែត្រ គឺ​ជា​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដ៏​ធំ​បំផុត​មួយ​របស់​អឺរ៉ុប ដែល​ប្រើប្រាស់​ថវិកា​សាងសង់​ជាង ៧​ពាន់​លាន​អឺរ៉ូ ($ ៧,១​ពាន់​លាន) ដោយ​ជា​គម្រោង​សាងសង់​កាត់​ច្រក​សមុទ្រ Fehmarn Belt ដើម្បី​ភ្ជាប់​កោះ Fehmarn របស់​អាល្លឺម៉ង់ និង​កោះ Lolland របស់​ដាណឺម៉ាក។


បើ​តាម​ការ​វាយតម្លៃ ផ្លូវ​រូង​ក្រោម​ដី​វែង​ជាងគេ​បំផុត​លើ​លោក​នេះ នឹង​ជួយ​សម្រួល​ដល់​ការ​ធ្វើដំណើរ​ទៅ និង​មក រវាង​កោះ​ប្រទេស​ដាណឺម៉ាក និង​អាល្លឺម៉ង់ ក្នុង​ឆ្នាំ​២០២៩ ខាង​មុខ។ ជា​ទម្លាប់ ពលរដ្ឋ​រស់នៅ​ទីក្រុង Rødby និង​ទីក្រុង Puttgarden ក្នុង​តំបន់​នោះ រាប់លាន​នាក់ ត្រូវ​ប្រើ​ប្រាស់​កំពង់ផែ​ចម្លង​ឆ្លងកាត់ ដោយ​ចំណាយ​រយៈពេល​ដល់​ទៅ ៤៥​នាទី ប៉ុន្តែ​វត្តមាន​ផ្លូវ​រូង​ក្រោម​ដី​នេះ នឹង​កាត់បន្ថយ​រយៈពេល​មក​ត្រឹម ៧​នាទី ដោយ​ជិះ​រថភ្លើង និង ១០​នាទី ដោយ​រថយន្ត។


ក្រៅពី​នោះ ផ្លូវ​រូង​ក្រោម​ដី​នេះ ក៏​ត្រូវបាន​ប៉ាន់ប្រមាណ​ថា នឹង​អាច​សម្រួល​ដល់​ការ​ដឹកជញ្ជូន​ទំនិញ និង​បង្កើត​ការ​ធ្វើដំណើរ​តាម​ផ្លូវ​គោក ឆ្លងកាត់​ស៊ុយអ៊ែត និង​អឺរ៉ុប​កណ្តាល ដែលមាន​ចម្ងាយ​ខ្លី​ជាង​មុន ១៦០​គីឡូម៉ែត្រ។


លោក Henrik Vincentsen នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Femern A/S ដែល​ជា​ក្រុមហ៊ុន​រដ្ឋ​របស់​ដាណឺម៉ាក ទទួល​បន្ទុក​គម្រោង​នេះ បាន​ឱ្យដឹង​ថា ខ្សែចង្វា​ក់ផលិតកម្ម​សាងសង់​ដំបូង នឹង​រួចរាល់ នៅ​ចុងឆ្នាំ​២០២២ នេះ ឬ​នៅ​ដើមឆ្នាំ​ក្រោយ ហើយ​នៅ​ដើម​ឆ្នាំ ២០២៤ ក្រុមហ៊ុន​នឹង​ត្រៀម​ជ្រមុជ​ធាតុ​រូង​ក្រោម​ដី​លើក​ទី​១ របស់​ខ្លួន​ផងដែរ។


ដំណាក់កាល​នៃ​គម្រោង​កំពុង​ដំណើរការ រួមមាន​ការជីក​រូង​ចុះទៅ​ក្រោម​ដី ការ​សាងសង់​ការដ្ឋាន នៅ​ខាងក្រោម​ដី ដែល​មួយ​ផ្នែកៗ មាន​ប្រវែង ២១៧​ម៉ែត្រ ទទឹង ៤២​ម៉ែត្រ និង​កម្ពស់ ៩​ម៉ែត្រ ខណៈ​កំពង់ផែ​ផ្គង់​ផ្គង់​បរិក្ខារ​នានា ដែល​មាន​មូលដ្ឋាន​នៅលើ​ទឹកដី​ដាណឺម៉ាក ត្រូវ​បាន​បញ្ចប់។

នេះ​ជា​គម្រោង ដែល​អាល្លឺម៉ង់ និង​ដាណឺម៉ាក បាន​ចុះ​ហត្ថលេខា​លើ​សន្ធិ​សញ្ញា​សាងសង់​ផ្លូវ​រូង​ក្រោម​ដី តាំងពី​ឆ្នាំ២០០៨ បន្ទាប់​ពី​បាន​សិក្សា​ទៅលើ​ផលប៉ះពាល់​ភូមិសាស្ត្រ និង​បរិស្ថាន ដោយ​ប្រទេស​ទាំង​២៕