អាល្លឺម៉ង់​ នឹង​ផ្គត់ផ្គង់​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ដល់ ​អ៊ុយក្រែន​ ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត

Content image - Phnom Penh Post
លោកស្រីរដ្ឋមន្ត្រីកា​រពារជាតិអាល្លឺម៉ង់ Christine Lambrecht ថ្លែងក្នុង​សន្និ​សីទ​​នៅទីបញ្ជាការ​​កងទ័ព​អាកា​ស​Bundeswehr កាលពីពេលថ្មីៗនេះ​។ AFP

ប្រទេស​អាល្លឺម៉ង់​ បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​សៅរ៍ ទី១​ ខែ​តុលា ឆ្នាំ​២០២២​ថា ខ្លួន​នឹង​បញ្ជូន​ទៅឱ្យ​អ៊ុយក្រែននូវ​ប្រព័ន្ធ​ការពារ​ដែន​អាកាស នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត ដើម្បី​ជួយ​អ៊ុយក្រែន​ទប់ទល់​នឹង​ការ​វាយ​ប្រហារ​តាម​អាកាស​ដោយ​យន្តហោះ​ចម្បាំង​គ្មាន​មនុស្ស​បើក​របស់​រុស្ស៊ី។

ការ​សន្យា​ផ្ដល់​ជំនួយ​របស់​អាល្លឺម៉ង់​ដូច្នេះ ត្រូវ​បាន​ប្រកាស​ឡើង​ដោយ​លោក​ស្រី​រដ្ឋ​មន្ដ្រី​ការពារ​ជាតិ​អាល្លឺម៉ង់ Chris tine Lambrecht ក្នុង​ពេល​ដែលលោក​ស្រី​ធ្វើ​ដំណើរ​ទស្សនកិច្ច​ស្ងាត់​ៗ​ទៅ​កាន់​រដ្ឋធានី Odessa របស់​អ៊ុយ ក្រែន នៅ​ថ្ងៃ​សៅរ៍។​

លោក​ស្រី​រដ្ឋមន្ដ្រី Christine Lambrecht បាន​ថ្លែង​ថា​៖«ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​នេះ យើង​នឹង​បញ្ជូន​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ដ៏​ទំនើបម៉ូដែល IRISI-T ​ដល់​អ៊ុយក្រែន។ ប្រព័ន្ធ​នេះ មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​ការពារ​អ៊ុយក្រែន​ពី​ការ​វាយ​ប្រហារ​របស់​យន្តហោះ​ចម្បាំង​គ្មាន​មនុស្ស​បើក​»។

ជា​ការ​កត់​សម្គាល់ នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មានសប្ដាហ៍​ចុង​ក្រោយ​នេះ អ៊ុយក្រែន ​ត្រូវ​ប្រឈម​មុខ​នឹង​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​ដោយ​យន្តហោះ​ចម្បាំង​គ្មាន​មនុស្ស​បើក ផលិត​នៅ​អុីរ៉ង់ ដែល​បាន​សម្លាប់​មនុស្ស​អស់​ជា​ច្រើន​នាក់ និង​បង្ក​ការ​ខូច​ខាត​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ៗ​ជា​ច្រើន​។ មែន​ទែន​ទៅ អាល្លឺម៉ង់ ​បាន​ពិចារណា​ពី​ការ​ផ្ដល់​ជំនួយ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ដល់​អ៊ុយក្រែន​តាំង​ពី​ខែ​ឧសភា​មក​ម្ល៉េះ។ ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ដ៏​ទំនើបម៉ូដែល IRISI-T មាន​តម្លៃ​ប្រមាណ ១៥០លាន​អឺរ៉ូ​ក្នុង​១គ្រឿង​។

ទន្ទឹម​នឹង​ការ​ផ្ដល់​ជំនួយ​នេះ លោក​ស្រី​រដ្ឋមន្ដ្រី​ការពារ​ជាតិអាល្លឺម៉ង់ បាន​ជំរុញ​ដល់​ប្រទេស​លោក​ខាង​លិច កុំឱ្យ​រារែក​ក្នុង​ការ​ផ្ដល់​ជំនួយជា​សម្ភារ​យោធា ឬ​បំពាក់​គ្រឿងសព្វាវុធ​បន្ថែម​ដល់​អ៊ុយក្រែន បើ​ទោះ​បី​ជា​ត្រូវ​ប្រឈម​មុខ​នឹង​ការ​គំរាម​កំហែង​ពី​រុស្ស៊ី​អំពី​ការ​វាយ​បក​វិញ​ដោយ​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ក៏​ដោយ​។

លោក​ស្រី Christine Lambrech បន្តថា​៖«ជា​ការ​ពិត យើង​ត្រូវ​តែ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឱ្យ​​ខ្លាំង​ជាង​មុន​។ ប៉ុន្តែ​យើង​មិន​ត្រូវ​នៅ​ស្ងៀម​ឡើយ​»។

ចាប់​តាំង​ពី​រុស្ស៊ី​ចូល​លុកលុយ​អ៊ុយក្រែន​នៅ​ចុង​ខែ​កុម្ភៈ​ឆ្នាំ​២០២២ ប្រទេស​អាល្លឺម៉ង់ ​ត្រូវ​ប្រឈម​​មុខ​នឹង​ការ​ទទូច​ទាមទារ​ឱ្យ​បង្កើន​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​អ៊ុយក្រែន ក្នុង​នោះ​រួម​មាន​ការ​បញ្ជូន​គ្រឿង​សព្វាវុធ​បម្រើ​ដល់​ការ​ធ្វើ​សង្គ្រាម ដូច​ជា​រថក្រោះ​ទំនើប ដែលទីក្រុង​កៀវ​សង្កត់​ធ្ងន់​ថា វា​ជា​តម្រូវ​ការ​ចាំ​បាច់​ ដើម្បី​ប្រយុទ្ធ​តតាំង​នឹង​កង​កម្លាំង​រុស្ស៊ី​។

នៅ​ចំពោះ​មុខ​ការ​ទាមទារ​ដូច្នេះ ទីក្រុង​ប៊ែរឡាំង​បាន​បក​ស្រាយ​ពន្យល់​ត្រឡប់​ទៅ​វិញ​ថា ការ​ផ្គត់ផ្គង់​គ្រឿង​សព្វាវុធ​ទៅឱ្យ​​អ៊ុយក្រែន នឹង​ធ្វើ​ឱ្យ​​ស្ថានការណ៍​សង្គ្រាម​វិវឌ្ឍ​កាន់​តែ​អាក្រក់​ថែម​ទៀត​ ហើយ​​ថា រហូត​មក​ទល់​ពេល​នេះ គ្មាន​ប្រទេស​ណាមួយ​បញ្ជូន​រថក្រោះ​ទៅ​ឱ្យ​អ៊ុយក្រែន ដែល​មាន​បច្ចេកវិទ្យា​ទំនើប​ជា​រថក្រោះ​ចាស់​ៗ​បន្សល់​ តាំង​ពី​សម័យ​សហភាព​សូវៀត​នោះ​ឡើយ​៕

វីដេអូ៖

ព័ត៌មានថ្មីៗ