ការ​ធ្លាយ​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream 1 និង Nord Stream 2 នៅក្រោម​សមុទ្រ​បាល់ទិក​កាលពី​ដើម​សប្ដាហ៍​មុន ទំនង​ជា​បាន​បញ្ចេញ​ឧស្ម័ន​មេតាន​ច្រើន​បំផុត​មិន​ធ្លាប់មាន នៅក្នុង​កំណត់ត្រា​ប្រវត្តិសាស្ត្រ។


បើ​តាម​ការ​គូស​បញ្ជាក់​របស់​កម្មវិធី​បរិស្ថាន​របស់​អង្គការ​សហ​ប្រជាជាតិ (UN) ការ​លេច​ធ្លាយ​ឧស្ម័ន​មេតាន​តាម​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream ទាំង​២ ក្នុង​បរិមាណ​ដ៏​ច្រើន​ដូចនេះ បាន​បង្ក​ផល​ប៉ះពាល់​យ៉ាងខ្លាំង​មិន​ធ្លាប់មាន​ដល់​បរិស្ថាន និង​ជាពិសេស ប្រព័ន្ធ​ជីវៈចម្រុះ នៅ​ក្រោម​សមុទ្រ។


មេតាន (CH4) គឺ​ជា​ឧស្ម័ន​បំពុល​បរិយាកាស និង​បង្ក​ឱ្យ​មាន​ឧស្ម័ន​ផ្ទះ​កញ្ចក់ ដូច​ឧស្ម័ន​កាបូនិក (C02) ដែរ។ ប៉ុន្តែ​បើ​ធៀប​នឹង​ឧស្ម័ន​កាបូនិក មេតាន​មាន​កម្លាំង​ខ្លាំង​ជាង រហូត​ដល់​ទៅ ២៣​ដង​ឯណោះ បើទោះ​បី​ជា​អាច​ស្ថិត​នៅ​ក្នុង​ខ្យល់​បាន​តែ ១២​ឆ្នាំ ធៀប​នឹង​ឧស្ម័ន​កាបូនិក ដែល​អាច​ស្ថិត​នៅក្នុង​ខ្យល់​បាន​រហូត​ដល់​ទៅ ២០០​ឆ្នាំ។


តាមរយៈ​ការវិភាគ​រូបភាព​ផ្កាយ​រណប នៅសប្ដាហ៍​នេះ អ្នក​វិទ្យាសាស្ត្រ​នៃ​អង្គការ​ឃ្លាំមើល​ការ​បំភាយ​ឧស្ម័ន​មេតាន IMEO កត់​សម្គាល់​ពី​ការ​កើនឡើង​នៃ​សារធាតុ​មេតាន​កំហាប់​ខ្ពស់ ក្នុង​បរិយាកាស។


លោក Manfredi Caltagirone ប្រធាន​អង្គការ IMEO ថ្លែង​ថា​៖ «វា​គឺជា​រឿង​មិន​ល្អ​ទាល់តែសោះ ដែល​យើង​អាច​ចាត់ទុក​ថា ជាការ​បំភាយ​ឧស្ម័ន​មេតាន​ដ៏​ច្រើន​បំផុត​មិន​ធ្លាប់​មាន។ មិន​ត្រឹមតែ​មិនល្អ​ទេ ហេតុការណ៍​នេះ វា​មិនបាន​ជួយ​អ្វី​ទាល់តែសោះ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ពុល​ទាំងឡាយ​ឱ្យ​បាន​កាន់តែ​តិច​តាម​ដែល​អាចធ្វើ​ទៅបាន ក្នុង​គោលដៅ​កាត់បន្ថយ​ការប្រែប្រួល​អាកាស​ធាតុ ដែលជា​វិបត្តិ​សកល»។


បើតាម​ទិន្នន័យ​ពី​ផ្កាយ​រណប​ផ្ដល់​ឱ្យ​ដោយ​អ្នកស្រាវជ្រាវ​នៃ​ស្ថាប័ន GHGSat ការ​លេច​ធ្លាយ​ឧស្ម័ន​មេតាន តាមរយៈ​បំពង់​បង្ហូរ Nord Stream ទាំង ៤​កន្លែង មាន​បរិមាណ​សរុប​ប្រមាណ ២២,៩២០​គីឡូក្រាម ក្នុង ១​ម៉ោង។ ចំនួន​នេះ ស្មើនឹង​ឧស្ម័ន​កើត​ពី​ការដុត​ធ្យូង​ចំនួន ២៨៥,៧៦៦៣​គីឡូក្រាម​ជា​រៀងរាល់​ម៉ោង។

អ្នក​វិទ្យាសាស្ត្រ និង​អ្នក​ស្រឡាញ់​បរិស្ថាន បាន​សម្ដែង​ការ​សោកស្ដាយ ដែល​ពិភពលោក​នាំគ្នា​ខ្វាយខ្វល់​ស្វែង​រកមុខ​អ្នក​ទទួលខុសត្រូវ ចំពោះ​ការ​លេច​ធ្លាយ​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream ជា​ជាង​ផលប៉ះពាល់​ផ្នែក​បរិស្ថាន ដោយ សារតែ​ការ​លេច​ធ្លាយ​នេះ ហើយ​លោក Caltagirone យល់​ថា បើទោះបី​ជាការ​លេច​ធ្លាយ​បំពង់​ឧស្ម័ន​កើតឡើង ដោយសារ​នរណា ឬ​ដោយសារ​មូលហេតុ​អ្វី​ក៏ដោយ វា​មាន​ផល​ប៉ះពាល់​ច្រើន​ផ្នែក មិនមែន​តែ​ទៅលើ​បញ្ហា​សន្តិសុខ​ថាមពល​តែមួយ​មុខ​នោះទេ។ វា​ជាការ​ខ្ជះខ្ជាយ​ថាមពល ដោយ​ឥតប្រយោជន៍ និង​បង្ក​ផលប៉ះពាល់​ខ្លាំង​មែនទែន​ដល់​បរិស្ថាន៕