​រុស្ស៊ី​​​ ដែល​កំពុង​ជាប់​ដៃ​ក្នុងសង្គ្រាម​ នៅ​ប្រទេស​អ៊ុយក្រែន ​ក្នុង​រយៈពេល​ ៩ ​ខែ​កន្លង​មកនេះ ​មិន​បាន​ទោមនស្ស​នឹង​ព្រះរាជា​ណា​ចក្រ​កម្ពុជា​​ ដែល​កំពុង​បង្កើន​ទំនាក់​ទំនង​ជា​មួយ​អ៊ុយក្រែន ​រហូត​ស្នើ​ឱ្យ​មាន​បើក​តំណាង​ស្ថានទូត​ផ្ទាល់​រវាង​ប្រទេស​ទាំង​ ២ ​ទៀត​ផង​។


​​ក្នុង​សំណេរ​ឆ្លើយ​តប​ចំពោះ​សំណួរ​របស់​តំណាង​កាសែត ​ភ្នំពេញ​ ប៉ុស្តិ៍​ ក្នុង​ព្រឹត្តិការណ៍​សង្ខេប​ព័ត៌មាន​​ប្រចាំ​ខែ​​របស់​​ស្ថាន​ទូត​រុស្ស៊ី​ ប្រចាំ​ក្រុង​ភ្នំពេញ​​ កាល​ពី​ថ្ងៃទី ​១៨ ​ខែ​វិច្ឆិកា​នេះ រុស្ស៊ី​ហាក់​មិន​ភ្ញាក់ផ្អើល​ចំពោះ​ទំនាក់​ទំនាក់​កើន​ឡើង​រវាង​ព្រះរាជាណា​ចក្រ​កម្ពុជា​ និង​ប្រទេស​អ៊ុយក្រែន​ ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​នោះទេ​។


ខ្លឹមសារ​ចម្លើយ​ដែល​ផ្ញើ​មក​កាន់​តំណាង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ​ដោយ​លោក​ Rafael Iangareev ​មន្រ្តី​ទទួល​បន្ទុក​ព័ត៌មាន​របស់​ស្ថានទូត​រុស្ស៊ី​ប្រចាំ​នៅ​ភ្នំពេញ ​បាន​សរសេរ​ថា៖​ «កម្ពុជា​ជា​ប្រទេស​ឯករាជ្យ ​និង​អធិបតេយ្យភាព ​ហើយ​មាន​សេរីភាព​ក្នុង​ការ​អភិវឌ្ឍ​ទំនាក់ទំនង​របស់​ខ្លួន​ជា​មួយ​​សមាជិក​ផ្សេងៗ​ទៀត​នៃ​សហគមន៍​អន្តរជាតិ។​រុស្ស៊ី​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជាដៃគូ​ប្រពៃណី​របស់​ខ្លួន​ជាមួយ​ព្រះរាជា​ណាចក្រ​កម្ពុជា​ ហើយ​គ្មាន​វិធី​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​ឡើយ​»​។


ស្ថានទូត​រុស្ស៊ីបាន​បន្ថែម​ថា៖ «ទន្ទឹមនឹង​​នេះ ​យើង​ដឹង​អំពី​ជំហរ​កម្ពុជា​ចំពោះវិបត្តិ​​អ៊ុយក្រែន។ វិបត្តិ​នេះ​កំពុង​វិវឌ្ឍក្នុង​ប្រទេស​​ជិត​ខាង​ ហើយ​កំពុង​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​​ដល់​តំបន់​រុស្ស៊ី​មួយ​​ចំនួន ​ដែល​ជាប់ព្រំដែន​ជា​មួយ​អ៊ុយក្រែន ​និង​ចំនួន​ប្រជាជន​របស់​ពួកគេ។​ ក្នុង​បរិបទ​នេះ យើងក៏តាម​ដាន​យ៉ាង​ដិត​ដល់​នូវ​គោល​ជំហរ​របស់​ព្រះរាជា​ណាចក្រ​លើ​បញ្ហានេះ​»។


​​នៅ​មុន​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ឈាន​មក​ដល់​ដែល​កម្ពុជា ​ធ្វើជា​ម្ចាស់​ផ្ទះរៀប​ចំ​កិច្ច​ប្រជុំ​ប្តូរវេន លោក​ ហ៊ុន​ សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​និង​លោក វ៉ូឡូឌីមៀរ ហ្សេ​ឡេនស្គី ​ប្រធានា​ធិបតី​អ៊ុយក្រែន​ បាន​ជួប​ពិភាក្សា​តាម​ទូរស័ព្ទ​ដំបូង​បំផុត​មិន​ធ្លាប់​មាន​ ដោយ​ភាគី​​ទាំង​២ ​យល់ព្រម​​តែង​តាំង​ និងផ្លាស់ប្ដូរ​ឯក​អគ្គរាជ​ទូត​ និង​ឯក​អគ្គរដ្ឋទូត​ទៅ​វិញ​ទៅមក​​ក្នុង​ពេល​ខាង​មុខ។


ក្នុង​ក្របខ័ណ្ឌ​ប្រទេស​កម្ពុជា ​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន ​ក៏​បាន​សន្យា​បញ្ជូន​មន្ត្រី​ជំនាញ​បច្ចេកទេស​បោសសម្អាត​មីន​ ទៅ​បណ្តុះបណ្តាល​អ្នក​ដោះមីន​​​នៅ​ប្រទេស​​អ៊ុយក្រែន​នៅ​ដើមខែ​ធ្នូ​ខាង​មុខ​។

តាមរយៈ​ក្រសួង​ការ​បរទេស​កម្ពុជា ​អង្គភាព​ស៊ីម៉ាក់ (CMAC) កំពុងពិភាក្សា​​ជា​មួយ​ភាគី​ជប៉ុន និង​មាន​គម្រោង​បញ្ជូន​ក្រុម​ទី​១ ចេញទៅ​ប្រទេស​​អ៊ុយក្រែន ​នៅ​ដើម​ខែ​ធ្នូ ឆ្នាំ​ ​២០២២ និង​ក្រុម​ទី​២​នៅ​ក្នុង​ត្រី​មាស​ទី​១ ​ឆ្នាំ​ ២០២៣​។

​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ​សែន ​ក្នុង​ថ្ងៃ​ទិវា​ឯករាជ្យ​ជាតិ​របស់​ខ្លួន ក៏​បាន​ទទួល​ជួប​រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន ​លោក ​ដឹមីត្រូ ​គូលេបា ​(Dmytro Kuleba) ដោយ​បាន​បញ្ជាក់​ជូន​ភាគី​​អ៊ុយក្រែន​ថា​ ជំហរ​កម្ពុជា​នៅតែ​ប្រឆាំង​ចំពោះ​ការ​ឈ្លានពាន​មកលើ​អធិបតេយ្យ​ និង​បូរណ​ភាព​ដែនដី​របស់​រដ្ឋ​ឯករាជ្យ​ ហើយ​ក៏​មិន​គាំទ្រ​ដល់​ការ​បំបែក​រដ្ឋ ​ឬ​ការ​ទន្ទ្រាន​ឈ្លានពាន​យក​ទឹក​ដី​ពីប្រទេស​ដទៃ​ឡើយ​។ ​លោក​នាយក​រដ្ឋមន្រ្តីក៏​បាន​ជួប​រដ្ឋមន្ត្រី​ការ​បរទេស​រុស្ស៊ីផងដែរ៕

វីដេអូ​៖