ប្រធានាធិបតី​កូរ៉េខាងត្បូង​ លោក យូ​ន ស៊ុ​ក​យោល បាន​ប្តេជ្ញា​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​ ២៤ វិច្ឆិកាថា ​នឹង​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ជំរុញ​ការនាំចេញ​អាវុធ និង​ធានា​ឱ្យបាន​នូវ​បច្ចេកវិទ្យា​ការពារជាតិ​ដ៏​ទំនើប​។ សេចក្តីប្រកាស​របស់លោក យូ​ន នេះ ធ្វើឡើង​នៅ​ខណៈដែល​លោក មានបំណង​ចង់​កសាង​ឧស្សាហកម្ម​អាវុធ​របស់​កូរ៉េខាងត្បូង ឱ្យក្លាយ​ទៅជា​ប្រទេស​នាំចេញ​អាវុធ​ធំ​ទី​៤ របស់​ពិភពលោក​។​


​លោក យូ​ន បានរៀបចំ​កិច្ចប្រជុំ​មួយ​ស្តីពី ការលើកកម្ពស់​ការនាំ​ចេញ​ផ្នែក​ការពារជាតិ​ជា​លើកដំបូង រាប់​ចាប់តាំងពី​ចូលកាន់​តំណែង​ក្នុង​ខែឧសភា​មក​។ កិច្ចប្រជុំ​នេះ ត្រូវបាន​រៀបចំឡើង​ក្នុង​គោលដៅ​រិះរក​មធ្យោបាយ​ផ្សេងៗ ដើម្បី​ផ្លាស់ប្តូរ​ផ្នែក​សំខាន់ៗ​នៃ​ឧស្សាហ​កម្មនេះ​។​


«​ឧស្សាហកម្ម​ការពារជាតិ គឺជា​ម៉ាស៊ីន​នាំទៅរក​ភាព​រីកចម្រើន​ថ្មី​នាពេល​អនាគត និង​ជា​ស្នូល​នៃ​ឧស្សាហកម្ម​បច្ចេកវិទ្យា​ទំនើប​»​។ នេះ​គឺជា​ការលើកឡើង​របស់​មេដឹកនាំ​កូរ៉េខាងត្បូង នៅក្នុង​អង្គប្រជុំ​ដែល​ប្រារព្ធ​ធ្វើឡើង​នៅឯ​ក្រុមហ៊ុន Aerospace Industries Ltd ដែលជា​ក្រុមហ៊ុន​ផលិត​យន្តហោះ​ចម្បាំង​តែមួយគត់​របស់​កូរ៉េខាងត្បូង និង​ដែលមាន​ទីតាំងនៅ​ទីក្រុង​សេក​ឈុន (Sacheon)​។


«​ជាមួយនឹង​ការប្រកួតប្រជែង​កាន់តែខ្លាំង​ឡើង សម្រាប់​ឧត្តមភាព​ខាង​បច្ចេកវិទ្យា យើង​ត្រូវ​ធានា​នូវ​ការប្រកួតប្រជែង​ផ្នែក​បច្ចេកវិទ្យា ដើម្បី​អភិវឌ្ឍ​ប្រព័ន្ធ​អាវុធ​ដែល​កំពុង​វិ​វត្ត សម្រាប់​សង្គ្រាម​នាពេល​អនាគត​»​។​


​ក្រោម​ហេតុផល​នេះ លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង យូ​ន ស៊ុ​ក​យោល បាន​អំពាវនាវ​ឱ្យមាន​ការកែលម្អ​លក្ខខណ្ឌ​សម្រាប់​ការស្រាវជ្រាវ និង​ការវិនិយោគ ដោយ​ក្រុមហ៊ុន​ជំនាញ​ផ្នែក​ការពារជាតិ និង​ការកសាង​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​អាច​រីកចម្រើន​ដោយ​ស្វ័យភាព តាមរយៈ​ការជំរុញ​រចនាសម្ព័ន្ធ​ឧស្សាហកម្ម​ដែល​ផ្តោតលើ​ការនាំចេញ​កាន់តែច្រើន​។


​គួរ​ជ្រាបថា កិច្ចប្រជុំ​ស្តីពី​ការលើកកម្ពស់​ការនាំចេញ​ផ្នែក​ការពារជាតិ​របស់​កូរ៉េខាងត្បូង បាន​ធ្វើឡើង​រយៈពេល ៤ ​ខែ បន្ទាប់ពី​ប្រទេស​អាស៊ី​បូព៌ា​មួយ​នេះ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អាវុធ​ដ៏​ធំ​បំផុត​មិន​ធ្លាប់មាន ជាមួយ​ប្រទេស​ប៉ូឡូញ​ដែលមាន​តម្លៃ​រហូតដល់​ប្រមាណ ២០ ​ទ្រី​លាន​វ៉ុ​ន (១៥ ពាន់​លាន​ដុល្លារ​)​។​

​កាលពី​ខែសីហា លោក យូ​ន ក៏បាន​បង្ហាញ​ផងដែរ​នូវ​គោលដៅ​ក្នុងការ​ពង្រីក​ឧស្សាហកម្ម​ការពារជាតិ​របស់​កូរ៉េខាងត្បូង ឱ្យទៅជា​ប្រទេស​ធំជាងគេ​ទី​៤ ​របស់​ពិភពលោក បន្ទាប់ពី​សហរដ្ឋអាមេរិក រុស្ស៊ី និង​បារាំង​។

​មេដឹកនាំ​កូរ៉េខាងត្បូង​រូបនេះ បាន​និយាយថា ប្រទេស​កាន់តែច្រើន​រួមទាំង អូស្ត្រាលី និង​ន័​រ​វែ​ស កំពុង​ស្វែងរក​ការបង្កើន​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ ដែល​នឹង​ជួយ​ពង្រឹងសមត្ថភាព​របស់​កូរ៉េខាងត្បូង​ក្នុងការ​ទប់ទល់​នឹង​ការគំរាមកំហែង​របស់​កូរ៉េខាងជើង​។ ហើយ ការបង្កើន​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​នេះ គឺជា​ការរួមចំណែក​ជួយ​ដល់​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​សហគមន៍​អន្តរជាតិ​៕​