អតីត​អធិការបតី​អាល្លឺម៉ង់​ លោកស្រី អង់​ហ្គេ​ឡា មែរ​គែល បាន​ការពារ​គោលនយោបាយ​របស់លោក​ស្រី​ចំពោះ​រុស្ស៊ី មុនពេល​មានការ​ឈ្លានពាន​ក្នុង​ខែកុម្ភៈ​លើ​អ៊ុយ​ក្រែ​ន ដោយ​លើកឡើងថា លោកស្រី​អស់អំណាច​អ្វី​ដែលមាន​ឥទ្ធិពល​លើ​លោក​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀរ ពូ​ទីន ទៀតហើយ​។​


​លោកស្រី មែរ​គែល បាន​និយាយថា លោកស្រី​បាន​ព្យាយាម​កោះប្រជុំ​កិច្ចពិភាក្សា​អឺរ៉ុប ជាមួយ​មេដឹកនាំ​រុស្ស៊ី និង​ប្រធានាធិបតី​បារាំង​លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង នៅ​រដូវក្តៅ​ឆ្នាំ ២០២១​។​


​លោកស្រី បាន​ប្រាប់​សារព័ត៌មាន Spiegel ថា​លោកស្រី​គ្មាន​អំណាច អាចធ្វើឱ្យ​កិច្ចពិភាក្សា​កើតឡើង​នោះទេ​។ «​ពិតណាស់ អ្នក​គ្រប់គ្នា​ដឹងថា នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ស្ត្រី​ម្នាក់នេះ នឹង​លែងមាន​តំណែង​ជា​ប្រមុខ​ដឹកនាំ​អាល្លឺម៉ង់​ទៀតហើយ​»​។​


​បន្ទាប់ពី​កាន់តំណែង​ជា​អធិការបតី ៤​ អាណត្តិ លោកស្រី មែរ​គែល បាន​ចាក​ចេញពី​តួនាទី​នេះ​ក្នុង​ខែធ្នូ ឆ្នាំ​ ២០២១​។ លោកស្រីបាន​ទៅ​បំពេញ​ទស្សនកិច្ច​ចុងក្រោយ​នៅ​ទីក្រុង​មូ​ស្គូ កាល​ខែសីហា ឆ្នាំ ២០២១ ហើយ​បាន​ប្រាប់​ទស្សនា​វ​ដ្តី​ព័ត៌មាន​អាល្លឺម៉ង់​ថា​៖ «​អារម្មណ៍​គឺ​ច្បាស់​ណាស់​ថា លក្ខខណ្ឌ​នៃ​អំណាច​នយោបាយ​របស់​អ្នក​បានបញ្ចប់​ហើយ​»​។ «​សម្រាប់ ​ពូ​ទីន មានតែ​អំណាច​ទេ​ដែលមាន​ទម្ងន់​»​។ លោកស្រី​អតីត​ធិ​កា​រប​តី​អាល្លឺម៉ង់ បាន​បន្ថែម​។


​មុន​ប្រតិបត្តិ​ការឈ្លានពាន​រប​ស់លោក​ពូ​ទីន លើ​អ៊ុយ​ក្រែ​ន នៅពេលដែល​រុស្ស៊ី​ចល័ត​ទ័ព​យ៉ាងច្រើន​តាម​ព្រំដែន​អ៊ុយ​ក្រែ​ន មាន​មនុស្ស​ជាច្រើន​បានលើកឡើង​ថា​លោកស្រី មែរ​គែល និង​មេដឹកនាំ​សហភាព​អឺរ៉ុប​ផ្សេងទៀត គួរតែ​អនុវត្ត​វិធីសាស្ត្រ​ដ៏​តឹងរ៉ឹង​តប​ទៅកាន់​វិមាន​ក្រឹម​ឡាំង​។​


​អ្នកជំនាញ​ខាង​គោលនយោបាយ​ការបរទេស​នៅក្នុង​គណបក្ស​ស្តាំ​អភិរក្សនិយម (CDU) របស់លោក​ស្រី មែរ​គែល គឺ​សមាជិកសភា​លោក Roderich Kiesewetter ស្ថិតក្នុង​ចំណោម​អ្នក​ដែល​និយាយថា​លោកស្រី ដឹងថា​លោក ពូ​ទីន កំពុង​ព្យាយាម​បំបែក និង​ធ្វើឱ្យ​អឺរ៉ុប​ចុះខ្សោយ​។ ប៉ុន្តែ​លោកស្រី ជឿថា «​អំណាច​ទន់​» គឺជា​វិធីសាស្ត្រ​ត្រឹមត្រូវ​។ លោក បាន​និយាយ​មុន​ការឈ្លានពាន​របស់​រុស្ស៊ី​ដែរ​ថា អាល្លឺម៉ង់​ពឹង​លើ​ឧស្ម័ន​របស់​រុស្ស៊ី​ពេក​។​

​នៅក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន Spiegel លោកស្រី មែរ​គែល បាន​និយាយថា ជំហរ​របស់​លោកស្រី ចំពោះ​អ៊ុយ​ក្រែ​ន នៅក្នុង​កិច្ចចរចា​សន្តិភាព​ទីក្រុង​មីន​ស្កិ៍ (Minsk) បាន​ទិញ​ពេលវេលា​សម្រាប់​ឱ្យ​ទីក្រុង​កៀវ ការពារ​ខ្លួន​ឱ្យបាន​កាន់តែ​ប្រសើរឡើង​ប្រឆាំងនឹង​យោធា​រុស្ស៊ី​។​

​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​មួយ​ត្រូវ​សម្រេចបាន​នៅ​ទីក្រុង​មីន​ស្កិ៍ បន្ទាប់ពី​រុស្ស៊ី​បញ្ចូល​ឧបទ្វីប​គ្រី​មេ​របស់​អ៊ុយ​ក្រែ​ន​ក្នុង​ឆ្នាំ ២០១៤ និង​ក្នុងអំឡុងពេល​សង្គ្រាម​នៅក្នុង​តំបន់​ដុន​បាស់ (Donbas)​។ ប៉ុន្តែ​ចំណុច​សំខាន់ៗ រួមទាំង​ការរំសាយ​អាវុធ និង​ការត្រួតពិនិត្យ​ពី​អន្តរជាតិ​មិន​ត្រូវបាន​អនុវត្ត​ទេ​។​

​លោកស្រី មែរ​គែល បាន​រំលេច​ថា លោកស្រីមិន​សោកស្តាយ​ចំពោះ​ការចាកចេញ​ពី​តំណែង​នៅក្នុង​ខែធ្នូ​ឡើយ ដោយសារតែ​លោកស្រី មាន​អារម្មណ៍​ថា រដ្ឋាភិបាល​លោកស្រីទទួល​បរាជ័យ​ក្នុងការ​ធ្វើឱ្យមាន​ការរីក​ចម្រើន មិន​ត្រឹមតែ​លើ​វិបត្តិ​អ៊ុយ​ក្រែ​ន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​លើ​ជម្លោះ​នៅក្នុង​ប្រទេស​ម៉ុ​ល​ដាវី ហ្ស​ក​ហ្ស៊ី ស៊ី​រី និង​លី​ប៊ី ដែល​ទាំងអស់នេះ​សុទ្ធតែ​ពាក់ព័ន្ធ​នឹង​ប្រទេស​រុស្ស៊ី​។​

​ទាំង​លោកស្រី មែរ​គែល និង​លោក ពូ​ទីន សុទ្ធតែ​មានបទពិសោធន៍​ផ្ទាល់​ក្នុង​ជីវិត នៅ​ប្រទេស​កុម្មុយនីស្ត​អាល្លឺម៉ង់​ខាងកើត​។

​លោកស្រី មែរ​គែល បាន​ធំ​ដឹងក្តី​ឡើង​នៅ​ទីនោះ ហើយ​លោក ពូ​ទីន វិញ បាន​បម្រើការ​នៅ​ទីនោះ​ក្នុងនាម​ជាម​ន្ត្រី​ទីភ្នាក់ងារ​សន្តិសុខ​ដ៏​សំខាន់​សម្រាប់​សហភាពសូវៀត (KGB) ដោយ​ធ្វើ​ការងារ​ស៊ើបការណ៍​សម្ងាត់​។ លោក ពូ​ទីន និយាយ​ភាសា​អាល្លឺម៉ង់​យ៉ាង​ស្ទាត់ជំនាញ ហើយ​លោកស្រី មែរ​គែល អាច​និយាយ​ភាសា​រុស្សី​បាន​ខ្លះៗ​៕