​របាយការណ៍​ចុងក្រោយបង្អស់​របស់​ក្រុមហ៊ុន Meta ដែលជា​ក្រុមហ៊ុនមេ​របស់​ហ្វេ​ស​ប៊ុ​ក បាន​អះអាងថា​បុគ្គល​ដែលមាន​ទំនាក់ទំនង​ជាមួយ​យោធា​អាមេរិក បាន​ជាប់​ពាក់ព័ន្ធ​នឹង​យុទ្ធនា​ការឃោសនា​តាម​អ៊ីនធឺណិត​មួយ​។


​របាយការណ៍​នេះ ចេញផ្សាយ​ឡើង​បន្ទាប់ពី​ក្រុមហ៊ុន​វិភាគ​បណ្ដាញ​សង្គម Graphika and Stanford Internet Observatory (SIO) កាលពី​ខែសីហា បាន​អះអាងថា មាន​យុទ្ធនាការ​មួយ​ដែលជា​ប្រតិបត្តិ​ការឃោសនា​សម្ងាត់ គាំទ្រ​សហរដ្ឋអាមេរិក​ដំបូង​គេ ប៉ុន្តែ​ត្រូវបាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ចាត់វិធានការ​ដកចេញ​។ យុទ្ធនាការ​នោះ គាំទ្រ​អាមេរិក និង​សម្ព័ន្ធមិត្ត ហើយ​ប្រឆាំង​ប្រទេស​ដូចជា​រុស្ស៊ី ចិន និង​អ៊ីរ៉ង់​។ ទោះបីជា​យ៉ាងនេះ​ក្ដី អ្នកជំនាញ​បាន​គូសបញ្ជាក់ថា វា​មិនមាន​ប្រសិទ្ធភាព​នោះទេ​។​

​របាយការណ៍​ចុងក្រោយ​របស់ Meta បង្ហាញថា មាន​គណនី​ចំនួន ៣៩ ផេ​ក ចំនួន ១៦ និង​គ្រុប​ចំនួន ២ នៅលើ​ហ្វេ​ស​ប៊ុ​ក និង​គណនី​ចំនួន ២៦ នៅលើ​អ៊ី​ន​ស្តា​ក្រាម ត្រូវបាន​ដកចេញ ចំពោះ​ការបំពាន​គោលការណ៍​របស់​វេទិកា​ទាំង​២​។


Meta បានសរសេរថា​៖ «​បណ្តាញ​នេះ មាន​ប្រភព​មកពី​សហរដ្ឋអាមេរិក​»​។ ក្រុមហ៊ុន​បន្ថែមថា វា​ដាក់​គោលដៅ​លើ​ប្រទេស​រួមមាន អា​ហ្វ​ហ្គា​នី​ស្ថាន អាល់​ហ្សេ​រី អ៊ីរ៉ង់ អ៊ីរ៉ាក់ កា​ហ្សា​ក់​ស្ថាន កៀ​ហ្ស៊ី​ស៊ី​ស្ថាន រុស្ស៊ី សូ​ម៉ាលី ស៊ី​រី តា​ហ្ស៊ី​កៀ​ស្ថាន អ៊ូ​ស​បេ​គី​ស្ថាន និង​យេ​ម៉ែន​។ ប្រតិបត្តិការ​របស់​វា ក៏​ដូចគ្នា​ផងដែរ​ទៅនឹង​យុទ្ធសាស្ត្រ​ដែល​ប្រើ​ជាទូទៅ​ក្នុង​យុទ្ធនា​ការឃោសនា​ប្រឆាំងនឹង​លោកខាងលិច ដូចជា គណនី​ក្លែងក្លាយ រូបភាព​សិប្បនិម្មិត និង​យុទ្ធនា​ការដែល​ធ្វើឡើង​នៅលើ​វេទិកា​ច្រើន​។


​ជុំវិញ​បញ្ហា​នេះ ក្រុម​ស្រាវជ្រាវ​ឯករាជ្យ SIO ធ្លាប់​និយាយ​ដោយ​លើកឡើង​ពី​ឧទាហរណ៍​ជាក់ស្ដែង​មួយ​ថា គណនី​ដែល​ផ្តោតលើ​ប្រទេស​អ៊ីរ៉ង់ បាន​រិះគន់​អាជ្ញាធរ​អ៊ីរ៉ង់ និង​គោលនយោបាយ​របស់​ពួកគេ ហើយ​បាន​បង្ហោះ​មាតិកា​ផ្សេងៗ​អំពី​បញ្ហា​ជាច្រើន រួមទាំង​សិទ្ធិ​ស្ត្រី​ជាដើម​។ ក្នុងចំណោម​នោះ មាន​គណនី​ខ្លះ​បាន​ក្លែង​ធ្វើជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ហើយ​ខ្លះទៀត​បាន​យក​ខ្លឹមសារ​ពី​បណ្តាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ មក​ចុះផ្សាយ​ធ្វើជា​របស់ខ្លួន​។


​ក្រុមហ៊ុន Meta អះអាងថា ប្រតិបត្តិការ​នេះ​បាន​ដំណើរការ​លើ​បណ្ដាញ​អ៊ីនធឺណិត​ជាច្រើន​ផ្សេងទៀត រួមមាន​ទាំង​ធ្វី​ធើរ យូ​ធូប តេ​ឡេ​ក្រាម VKontakte និង Odnoklassniki​។ ក្រុមហ៊ុន​និយាយ​ក្នុង​របាយការណ៍​យ៉ាង​ដូច្នេះ​ថា​៖ «​ទោះបីជា​បុគ្គល​ដែល​នៅ​ពីក្រោយ​ប្រតិបត្តិការ​នេះ ព្យាយាម​លាក់បាំង​អត្តសញ្ញាណ និង​ការសម្របសម្រួល​របស់​ពួកគេ​ក៏ដោយ ការស៊ើបអង្កេត​របស់​យើង​បាន​រកឃើញថា ពួកគេ​មាន​ទំនាក់ទំនង​ជាមួយ​បុគ្គល​ដែល​ពាក់ព័ន្ធ​ជាមួយ​យោធា​សហរដ្ឋអាមេរិក​»​។​

​យ៉ាងណាមិញ អ្នកជំនាញ​ថា ការ​បង្ហោះ​មាតិកា​ភាគច្រើន​មានការ​ចូលរួម (Engagement) តិចតួច ពី​អ្នកប្រើប្រាស់ (user) ពិតប្រាកដ​។ ត្រង់ចំណុច​នេះ លោក Andy Carvin ដែលជា​អ្នកគ្រប់គ្រង​កម្មវិធី Digital Forensic Research Lab របស់​សហរដ្ឋអាមេរិក បាន​ធ្លាប់​ថ្លែងប្រាប់​បណ្ដាញ​ព័ត៌មាន BBC ថា វា​គ្មាន​ប្រសិទ្ធភាព ឬ​ជា​យុទ្ធសាស្ត្រ​ល្អ សម្រាប់​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ការធ្វើ​យុទ្ធនាការ​បែបនេះ​ទេ ព្រោះ​វា​ជាការ​ប្រើ​កលល្បិច ដែល​សត្រូវ​ប្រើ ហើយក៏​បំផ្លាញ​ទំនុកចិត្ត​សាធារណៈ​បន្ថែម​ទៀតផង​។

​គួរ​រំឭក​ផងដែរ​ថា របាយការណ៍​របស់​ក្រុមហ៊ុន Meta ក៏​គូសបញ្ជាក់​ផងដែរ ខ្លួន​បាន​ចាត់វិធានការ​ដូចគ្នា​ទៅនឹង​យុទ្ធនា​ការឃោសនា​ប្រឆាំងនឹង​លោកខាងលិច រួមមាន​ទាំង​សហរដ្ឋអាមេរិក និង​អ៊ុយ​ក្រែ​ន ដោយ​គណនី ផេ​ក ឬ​គ្រុម ដែល​បម្រើឱ្យ​ប្រតិបត្តិការ​នោះ មាន​ប្រភព​ធំ​មកពី​ចិន និង​រុស្ស៊ី​៕