សមាជិកសភា​នៅ​សភា​ជាន់​ទាបបារាំង កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​ទី ២៤ ខែវិច្ឆិកា បាន​បោះឆ្នោត​ដាក់​បន្ថែម​សិទ្ធិ​រំលូតកូន​ទៅក្នុង​ច្បាប់រដ្ឋធម្មនុញ្ញ​របស់​ប្រទេស ដោយមាន​សមាជិកសភា ៣៣៧ រូប គាំទ្រ ៣២ រូប​ប្រឆាំង និង​១៨ ទៀត​អនុបវាទ​។


​ក្រោម​សំឡេងគាំទ្រ​ដ៏​ច្រើន​លើសលប់​បែបនេះ ច្បាប់​ស្ដីពី​សិទ្ធិ​រំលូតកូន ត្រូវការ​អនុម័ត​ម្ដងទៀត​ពី​ព្រឹទ្ធសភា ដែលមាន​សមាជិក​ភាគច្រើន​ជា​ពួក​អភិរក្សនិយម​។


​ក្រោម​ជំហាន​ដែល​អាចឱ្យ​បារាំង​ក្លាយជា​ប្រទេស​ដំបូង​គេ​លើ​ពិភពលោក ដែល​កំណត់​ការ​រំលូតកូន​ជា​សិទ្ធិ​ស្របតាម​ច្បាប់រដ្ឋធម្មនុញ្ញ​នេះ សមាជិកសភា​មកពី​គណបក្ស​ឆ្វេងនិយម La France Insoumise (LFI) និង​ក្រុមចម្រុះ​ពាក់កណ្តាល​និយម​ដែល​កំពុងកាន់​អំណាច​ប​ច្ចុ​ប្បន្ន បាន​ចុះ​កិច្ចព្រមព្រៀង​លើ​ពាក្យពេចន៍​នៃ​ច្បាប់​ថ្មី​។


​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ មាត្រា ៦៦ ដែល​ត្រូវ​បន្ថែម​សិទ្ធិ​រំលូតកូន បានចែង​យ៉ាង​ដូច្នេះ​ថា​៖ «​ច្បាប់​ធានា​នូវ​ប្រសិទ្ធភាព និង​ការទទួលបាន​សិទ្ធិ​ស្មើគ្នា ក្នុងការ​បញ្ចប់​ការ​មាន​ផ្ទៃពោះ​ដោយ​ស្ម័គ្រចិត្ត​»​។


​មេដឹកនាំ​សភា​នៃ​គណបក្ស LFI លោកស្រី Mathilde Panot ដែល​បានស្នើ​លើ​សេចក្ដីសម្រេចចិត្ត​នេះ បាន​លើកឡើងថា វា​គឺជា​ការការពារ​ការ​រំលូតកូន​ដោយ​ស្របច្បាប់​ប្រឆាំងនឹង​គំនិត​ចាស់គំរិល​ណាមួយ​។ លោកស្រី​បាន​បន្ថែមថា កុំ​យក​វិបត្តិ​នយោបាយ សេដ្ឋកិច្ច ឬ​សាសនា ទៅ​រឹត​ត្បឹ​ត​សិទ្ធិ​ស្ត្រី​។


​ការអនុម័ត​របស់​ស​ភា​បារាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ធ្វើឡើង​បន្ទាប់ពី​គណបក្ស​ជាច្រើន​នៅក្នុង​ប្រទេស​បារាំង ទាំង​ឆ្វេង និង​កណ្ដាល​និយម បានចាប់ផ្តើម​ជំរុញឱ្យមាន​សិទ្ធិ​រំលូតកូន ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​។ ការជំរុញ​ខ្លាំងក្លា​បែបនេះ កើតមានឡើង​បន្ទាប់ពី​តុលាការ​កំពូល​របស់​អា​មេ​រិ​ក​កាលពី​ខែមិថុនា​បានសម្រេច​ចិត្ត​លុបចោល​ច្បាប់​ស្ដីពី​សិទ្ធិ​រំលូតកូន​ដោយ​ស្របច្បាប់ ខណៈដែល​រដ្ឋាភិបាល​អ​ភិ​រក្ស​និយម​របស់​ប៉ូឡូញ​រឹត​ត្បឹ​ត​ស្ត្រី​ជុំវិញ​រំលូតកូន​ដូចគ្នា​។

​ប្រតិកម្ម​ទៅនឹង​ការអនុម័ត​នេះ មេដឹកនាំ​ក្រុម​ស្តាំនិយម លោកស្រី ម៉ា​រី​ន ឡឺ​ប៉ែន បាន​ហៅ​ជំហាន​នេះ​ថា «​ខុស​ទាំងស្រុង​» ដោយ​លើក​ហេតុផល​ថា សិទ្ធិ​រំលូតកូន​មិន​ស្ថិតនៅក្រោម​ការគំរាមកំហែង​នៅ​បារាំង​នោះទេ​។

​ការ​រំលូតកូន ត្រូវបាន​ដាក់ឱ្យ​ស្របច្បាប់​នៅ​ប្រទេស​បារាំង​ក្នុង​ឆ្នាំ ១៩៧៤ ក្នុង​ច្បាប់​មួយ​ដែល​គ្រប់គ្រង​ដោយ​អតីតរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោកស្រី Simone Veil ។ ការប៉ុនប៉ង​ពីមុន ដើម្បី​ដាក់​សិទ្ធិ​រំលូតកូន​ទៅក្នុង​រដ្ឋធម្មនុញ្ញ​បារាំង ត្រូវបាន​ព្រឹទ្ធសភា​ច្រានចោល​រួច​ម្ដង​ហើយ កាលពី​ខែតុលា​។

​ជំហាន​លើក​ទី​២ នេះ​ក៏​នឹង​ត្រូវការ​ការយល់ព្រម​ពី​សភា​ជាន់ខ្ពស់​ផងដែរ ហើយ​ក្រោយមក វា​ក៏ត្រូវ​ឆ្លងកាត់​ការបោះឆ្នោត​ប្រជាមតិ​ជាតិ​។​

​គួរ​កត់សម្គាល់ថា លទ្ធផល​នៃ​ការស្ទង់មតិ​ពី​ក្រុមហ៊ុន​ស្រាវជ្រាវ Ifop ដែល​ធ្វើឡើង​កាលពី​ប៉ុន្មាន​ខែ​មុន បាន​បង្ហាញថា ៨១ ភាគរយ​នៃ​ប្រជាជន​បារាំង​មកពី​គ្រប់​មជ្ឈដ្ឋាន​នយោបាយ ចង់ឱ្យ​សិទ្ធិ​រំលូតកូន​ទទួល​ការការពារ​ក្រោម​ច្បាប់រដ្ឋធម្មនុញ្ញ​៕