ប្រធានា​ធិបតី​លោក​ចិន ស៊ី ជីនភីង បាន​ប្រាប់​មេដឹក​នាំ​កូរ៉េ​ខាងជើង លោក គីម ជុងអ៊ុនថា ទីក្រុង​ប៉េកាំង​មាន​ឆន្ទៈ ក្នុងការ​ធ្វើការ​ជាមួយ​ទីក្រុង​ព្យុងយ៉ាង ដើម្បី​សន្តិភាព​ពិភពលោក។ នេះ​បើ​យោងតាម​ការ​ចុះ​ផ្សាយ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េ​ខាងជើង KCNA កាល​ពី​ថ្ងៃ​សៅរ៍។


សារ​ពី​លោក ស៊ី​ នេះ កើត​ឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ប្រទេស​កូរ៉េខាងជើង បាន​បាញ់​មីស៊ីល​ផ្លោង​អន្តរ​ទ្វីប (ICBM) នៅ​ក្នុង​ចំណោម​ការ​សាកល្បង​ដ៏​ធំ​បំផុត​មួយ​របស់ខ្លួន មក​ទល់​ពេល​នេះ ដោយ​ប្រកាស​ថា វា​នឹង​ឆ្លើយតប​ទៅនឹង​ការ​គំរាមកំហែង​នុយក្លេអ៊ែរ​របស់​សហ​រដ្ឋ​អាមេរិក​ជាមួយ​នឹង​នុយក្លេអ៊ែរ​របស់​ខ្លួន។

ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍ថ្មីៗ​នេះ កូរ៉េខាងជើង​បានធ្វើការ​បាញ់​បង្ហោះ​កាំជ្រួច​បំបែក​ឯតទគ្គ​កម្ម​ ហើយ​ការព្រួយ​បារម្ភ បាន​កើនឡើង​យ៉ាងខ្លាំង​ថា វា​នឹង​មាន​ការ​សាង​សង់​រហូត​ដល់​មាន​ការ​សាកល្បង​នុយក្លេអ៊ែរ​ជា​លើក​ទី ​៧ ដែល​ជា​លើកទី ១ គិត​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៧ មក។


នៅក្នុង​សារ​ទៅកាន់​លោក គីម លោក ស៊ី បាន​ថ្លែង​ថា ទី​ក្រុង​ប៉េកាំង បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច ក្នុងការ​ធ្វើ​កិច្ច​សហប្រតិ​បត្តិការ​ជាមួយ​កូរ៉េ​ខាងជើង ដើម្បី ​«សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និង​វិបុលភាព ក្នុង​តំបន់ និង​ពិភពលោក»។ នេះ​បើ​តាម​ទីភ្នាក់​ព័ត៌មាន​របស់​ក្រុង​ព្យុងយ៉ាង KCNA។


លោក ស៊ី បាន​ប្រាប់​ថា លោក​មាន​ឆន្ទៈ​ក្នុងការ​សហការ​ជាមួយ​ទីក្រុង​ព្យុងយ៉ាង ខណៈ​ដែល​ការ​ផ្លាស់​ប្តូរ ​នៅក្នុង​ពិភពលោក ពេលវេលា និង​ប្រវត្តិសាស្ត្រ​ កំពុង​កើតឡើង​តាមរបៀប ដែល​មិន​ធ្លាប់មាន​ពី​មុន​មក​។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន KCNA ដែល​ដក​ស្រង់​សម្ដីពី​សារ​អបអរ​សាទរ​របស់​លោក គីម បន្ទាប់​ពី​សមាជ​បក្ស​កុម្មុយនីស្ត​ចិន កាលពី​ខែ​មុន បាន​ប្រគល់​អំណាចអាណត្តិ​ទី​៣ ដល់​លោក ស៊ី។


ប៉ុន្មាន​ថ្ងៃមុន​ការបាញ់​បង្ហោះ ICBM របស់​កូរ៉េ​ខាងជើង លោក ស៊ី បាន​ជួប នៅ​ក្រៅ​កិច្ចប្រជុំ​កំពូល​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​ទាំង​២០ (G20) នៅ​កោះ​បាលី​ជាមួយ​ប្រធានា​ធិបតី​អាមេរិក លោក ចូ បៃដិន ដែល​បាន​សម្តែង​ការ​ជឿជាក់​ថា ទីក្រុង​ប៉េកាំង​មិន​ចង់​ឃើញ​ការកើនឡើង​បន្ថែមទៀតនូវ​ទង្វើ​បែប​នេះ ពី​ទី​ក្រុង​ព្យុង​យ៉ាង​នោះទេ។

ទីក្រុង​វ៉ាស៊ីនតោន បាន​ឱ្យ​ដឹង​ថា ខ្លួន​ចង់ឱ្យ​ប្រទេស​ចិន ដែលជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់បំផុត និង​ជា​អ្នកផ្តល់​ផល​ប្រយោជន៍​សេដ្ឋកិច្ច​របស់​ទីក្រុង​ព្យុងយ៉ាង ប្រើប្រាស់​ឥទ្ធិពល​របស់ខ្លួន ដើម្បី​ជួយ​ទប់​ស្កាត់​កូរ៉េខាងជើង ហើយ​ការ​បាញ់​បង្ហោះ កាល​ពី​ថ្ងៃ​ទី​ ១៨ ខែ​វិច្ឆិកា ទំនង​ជា​មីស៊ីល ICBM ថ្មី​បំផុត​របស់​ទីក្រុង​ព្យុងយ៉ាង ដែល​អាច​បាញ់ ក្នុង​រយៈ​ចម្ងាយ​ដល់​ដី​គោក​របស់​សហរដ្ឋ​អាមេរិក។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ បាន​កោះប្រជុំ​បើកចំហ​មួយ ដោយ​មាន​សហ​រដ្ឋ​អាមេរិក អង់គ្លេស បារាំង និង​ឥណ្ឌា ស្ថិត​ក្នុង​ចំណោម​ប្រទេស​ចំនួន ១៤ ដែល​ធ្វើ​ការ​ថ្កោល​ទោស​យ៉ាងខ្លាំងក្លាចំ ពោះ​សកម្ម​ភាព​របស់​ទីក្រុង​ព្យុងយ៉ាងនេះ។ ប៉ុន្តែ​អ្នកការ​ទូត​លោកខាងលិច​ម្នាក់ បាន​ប្រាប់ AFP ថា ប្រទេស​ចិន និង​រុស្ស៊ី បាន​ជ្រើសរើស​មិន​ដាក់​ឈ្មោះ​របស់​ពួកគេ​ទៅក្នុង​សេចក្តីថ្លែងការណ៍ កាលពី​ថ្ងៃ​ចន្ទ​ឡើយ។

កាលពី​ដើមខែ​នេះ សហរដ្ឋអាមេរិក បាន​ចោទ​ប្រកាន់​ទីក្រុង​ប៉េកាំង និង​ទីក្រុង​ម៉ូស្គូ ក្នុង​ការ​ការពារ​ទីក្រុង​ព្យុងយ៉ាង​ឱ្យ​រួច​ពី​ការដាក់​ទោស​បន្ថែមទៀត ដោយ​កាលពី​ខែឧសភា ចិន និង​រុស្ស៊ី​បាន​វេតូ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត ដើម្បី​ជា​ការ​ឆ្លើយតប​ទៅនឹង​ការបាញ់​សាកល្បង​មីស៊ីល៕