នៅ​ថ្ងៃទី​ ២៧ ខែ​វិច្ឆិកា ប្រព័ន្ធ​ផ្សព្វផ្សាយ BBC បាន​រាយការណ៍​ថា អ្នក​ដំណើរ ដែល​បាន​បាត់​ខ្លួន​ពី​នាវា​ទេសចរណ៍ នៅ​ឈូង​សមុទ្រ​ម៉ិកស៊ិក ទទួល​បាន​ការ​ជួយ​សង្គ្រោះ​ហើយ បន្ទាប់​ពី​បាន​ចំណាយពេល​លើស​ពី ១៥​ ម៉ោង នៅ​ក្នុង​សមុទ្រ។ នេះ​បើ​យោងតាម​ឆ្មាំ​ឆ្នេរសមុទ្រ​អាមេរិក។


បុរស​វ័យ ២៨ ឆ្នាំ​ បាន​នៅ​ក្នុងបារ៍​លើ​កប៉ាល់​ទេសចរណ៍ Carnival Valor ជាមួយ​បងស្រី​វ័យ ៤៦ ឆ្នាំ​របស់ខ្លួន កាលពី​ល្ងាច​ថ្ងៃ​ពុធ ទី ២៣ ខែវិច្ឆិកា ប៉ុន្តែ​ចុង​ក្រោយ​មិនបានឃើញ​ត្រឡប់​មក​វិញ​នោះទេ បន្ទាប់ពី​ទៅ​បន្ទប់ទឹក​នៅលើ​កប៉ាល់​ទេសចរណ៍នោះ​។


ក្រុម​ជួយ​សង្គ្រោះ បាន​ស្វែងរក​ នៅ​តំបន់​នោះ ហើយ​បានឃើញ​បុរស​នោះ នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ទី​ ២៤ ខែវិច្ឆិកា ចម្ងាយ​ប្រហែល ៣០ ​គីឡូម៉ែត្រ​ពី​ឆ្នេរ​សមុទ្រ​នៃ​រដ្ឋ Louisiana ហើយ​រូប​គេ​ស្ថិត​ក្នុង​ស្ថានភាព​ប្រក្រតី​ធម្មតា។


លោក​អនុសេនីយ៍​ឯក លោក Seth Gross ដែល​ជា​ឆ្មាំ​សមុទ្រ​អាមេរិក បាន​និយាយ​ថា បុរស​នោះ អាច​​នៅក្នុង​ទឹក​​ជាង ១៥ ​ម៉ោង ដែលជា «រយៈ​ពេលយូរ​បំផុត​ដែល​ខ្ញុំ​ធ្លាប់បាន​​ឭមក» ហើយ​វា​ជា​អព្ភូតហេតុ​មួយ ក្នុង​ចំណោម​អព្ភូត​ហេតុ​មហ ស្ចារ្យ​ទាំងនោះ។


លោក Gross បាន​ប្រាប់ CNN ថា៖ «ករណី​នេះ​មិន​ដូច​អ្វី ដែល​ខ្ញុំ​បានឃើញ​ក្នុង​អាជីព រយៈ​ពេល ១៧​ឆ្នាំ​របស់ខ្ញុំនោះ​ទេ ហើយ​ការបញ្ចប់​ភារកិច្ច​ដោយ​ល្អ បាន​បង្ហាញ​ថា ការ​តាំង​ចិត្ត ដើម្បី​រស់ គឺជា​អ្វី ដែល​អ្នក​ត្រូវ​គិត ក្នុង​ករណី​ស្វែង​រក និង​ជួយសង្គ្រោះ»។


តែ​ទោះយ៉ាង​ណាក្ដី គេនៅ​​មិន​ទាន់​ច្បាស់​ទេ​ថា តើ​បុរស​នោះ​ ធ្លាក់​​ចូល​ទឹក ពី​កប៉ាល់ ដែល​ធ្វើ​ដំណើរ​ទៅ​ទី​ក្រុង Cotumel ប្រទេស​ម៉ិកស៊ិក ដោយ​របៀប​ណា?