​រដ្ឋាភិបាល​កូ​ឡុំ​ប៊ី និង​កងទ័ព​រំដោះជាតិ (ELN) ជា​ក្រុម​ឧទ្ទាម ដែល​ត្រូវបាន​ទទួល​ស្គាល់​ចុងក្រោយ នៅ​ក្នុង​ប្រទេស​នេះ បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ពួកគេ​នឹង​អញ្ជើញ អាមេរិក​ឱ្យចូល​រួម​ក្នុង​ដំណើរការ​សន្តិភាព​របស់​ពួកគេ។​


កិច្ចចរចា​នោះ គឺជា​គំនិត​ផ្តួចផ្តើម​របស់លោក​ប្រធានាធិបតី Gustavo Petro ដែល​កាល​ពី​ខែ​សីហា បាន​ក្លាយជា​មេដឹកនាំ​ឆ្វេងនិយម​ដំបូង​បង្អស់​របស់​ប្រទេស​កូឡុំប៊ី ហើយ​បាន​ប្តេជ្ញា​ថា មាន​វិធីសាស្ត្រ​ក្នុង​ការបញ្ចប់​អំពើហិង្សា ដែល​បង្កឡើង​ដោយ​ក្រុម​ប្រដាប់​អាវុធ រួមទាំង​ទ័ពព្រៃ​ឆ្វេងនិយម និង​ក្រុម​ជួញដូរ​គ្រឿងញៀន។​


​ភាគី​ទាំង ២ បាន​បន្ត​កិច្ចចរចា​ជា​ផ្លូវការ​នៅ ប្រទេស​វ៉េណេស៊ុយអេឡា កាលពី​ថ្ងៃ​ចន្ទ ជា​លើក​ដំបូង ចាប់តាំង​ពី​​ឆ្នាំ ២០១៩។ ពួកគេ​បាន​យល់​ព្រមទៅ​ទំនាក់ទំនង​សុំ​ការជួយ​គាំទ្រ​ពី​អាមេរិក​តាមរយៈ​បណ្តាញ​ការទូត ដើម្បី​ស្វែងរក​ឆន្ទៈ​របស់​ប្រទេស​នេះ (​អាមេរិក​) ក្នុងការ​ចូលរួម​ក្នុង​ដំណើរការ​នេះ ហើយ​បាន​បញ្ជូន​បេសកជន​ពិសេស​ម្នាក់​។ នេះ​បើ​យោងតាម​សេចក្តី​ថ្លែងការណ៍​ពី​ប្រទេស​ន័រវែស ដែលជា​អ្នកធានា​ដល់​ការចរចា​នេះដែរ។ សេចក្តី​ថ្លែងការណ៍​នោះ ឱ្យដឹង​ថា កិច្ចពិភាក្សា​ធ្វើឡើង​ក្នុង​បរិយាកាស​ជំនឿ​ទុកចិត្ត និង​សុទិដ្ឋិនិយម។​


​នៅពេល​ត្រូវបាន​សួរ​ដោយសារ​ព័ត៌មាន AFP ក្រសួងការបរទេស​អាមេរិក មិន​បាន​បញ្ជាក់​ពីការ​ចូលរួម​ជាយថាហេតុ​ណាមួយ ក្នុង​កិច្ចពិភាក្សា​ដោយ​អាមេរិក​ទេ។​


​អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​ប្រាប់ AFP ថា​៖ «​នៅ​ពេលនេះ យើង​បន្ត​ចូលរួម​ជាមួយ​រដ្ឋបាល​របស់​លោក Petro ដើម្បី​យល់​កាន់តែ​ច្បាស់​ពី​ផែនការ​ស្វែងរក​សន្តិភាព​ពេញលេញ​ជាមួយ ELN អ្នកប្រឆាំង FARC និង​អង្គការ​ឧក្រិដ្ឋជន​ដទៃទៀត ដោយ​និយាយ​ដល់​សមាជិក​នៃ​កងកម្លាំង​ប្រដាប់អាវុធ​បដិវត្តន៍​របស់​ក្រុម​ឧទ្ទាម​កូឡុំប៊ី ដែល​បាន​ទម្លាក់​អាវុធ និង​បង្កើត​គណបក្ស​នយោបាយ​មួយ»។


តែ​យ៉ាងណាក្ដី ពួកគេ​បាន​បន្ថែមថា ELN នៅតែ​ជា​អង្គការ​ភេរវករម្ម​បរទេស ដែល​ត្រូវបាន​ចាត់តាំង នៅ​ក្រោម​ច្បាប់​របស់​សហរដ្ឋអាមេរិក។​

​ភាគី​ទាំងអស់ ក៏បាន​យល់ព្រម​អញ្ជើញ​ប្រេ​ស៊ី​ល ស៊ី​លី និង​ម៉ិកស៊ិក ឱ្យចូល​រួមជាមួយ​ន័រវេស គុយបា និង​វ៉ណេស៊ុយអេឡា ជា​អ្នកធានា​ដល់​ដំណើរការ​ចរចា​នេះ​។ អាល្លឺម៉ង់ ស្វ៊ី​ស និង​អេស្ប៉ាញ ក៏​នឹង​ត្រូវបាន​អញ្ជើញ​ជា ប្រទេស​ដែល​អមដំណើរ​ដែរ​។ ប្រតិភូ​ប្រមាណ ៣០ រូប ចូលរួម​កិច្ចពិភាក្សា ដែល​រំពឹងថា នឹងមាន​រយៈពេល ៣ សប្តាហ៍។​

​កូ​ឡុំ​ប៊ី​បាន​ប្រឈម​នឹង​ជម្លោះ​ប្រដាប់អាវុធ​ជាង​កន្លះ​សតវត្សរ៍ រវាង​រដ្ឋាភិបាល និង​ក្រុម​ផ្សេងៗ​នៃ​ក្រុម​ទ័ពព្រៃ​ឆ្វេង​និយម យោធា​ប៉ារ៉ា​ស្តាំនិយម និង​ក្រុម​ជួញដូរ​គ្រឿងញៀន​។ ELN បាន​ចាប់ផ្តើម​ជា​ចលនា​មនោគមន៍​វិជ្ជា​ឆ្វេងនិយម នៅ​ឆ្នាំ ១៩៦៤ មុន​ងាក​ទៅរក​អំពើ​ឧក្រិដ្ឋកម្ម ដោយ​ផ្តោតលើ​ការចាប់​ជំរិត ការ​ជំរិត​យក​ឧស្សាហកម្ម​ប្រេង និង​ការជួញដូរ​គ្រឿងញៀន នៅ​កូឡុំប៊ី និង​ប្រទេស​ជិតខាង គឺ​វ៉េណេស៊ុយអេឡា។​

​ការចរចា​ជាមួយ​ក្រុម​ទាំងនេះ បានចាប់ផ្តើម​នៅ​ឆ្នាំ ២០១៦ ក្រោម​អតីត​ប្រធានាធិបតី Juan Manuel Santos ដែល​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​សន្តិភាព​ជាមួយ​កងកម្លាំង​បដិវត្តន៍​ម៉ាក​និយមនៃ​ក្រុម​ឧទ្ទាម​កូឡុំប៊ី (FARC) ដែល​ក្រោយ​មក បាន​ទម្លាក់​អាវុធ​របស់​ខ្លួន ហើយ​បង្កើត​គណបក្ស​នយោបាយ។ ប៉ុន្តែ​កិច្ចចរចា​ជាមួយ ELN ត្រូវបាន​ផ្អាក នៅ​ឆ្នាំ ២០១៩ ដោយ​អតីត​ប្រធានាធិបតី​អភិរក្ស​និយម​លោក Ivan Duque បន្ទាប់ពី​មាន​ការ​វាយប្រហារ​ដោយ​គ្រាប់បែក​ដាក់​ក្នុង​រថយន្ត​បណ្ឌិត្យសភា​ប៉ូលិស ក្នុង​ក្រុង​បូហ្គោតា ដែល​បណ្តាល​ឱ្យ​មនុស្ស ២២ នាក់​បាន​ស្លាប់៕