
លោក Trudeau កំពុងនិយាយ អំឡុងការផ្តល់សក្ខីកម្មនៅចំពោះមុខគណៈកម្មការសណ្តាប់ធ្នាប់ ក្នុងក្រុងអូតាវ៉ា កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២២។ AFP
ប្រទេសកាណាដា បានចាប់ផ្តើមដាក់ចេញនូវយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ខ្លួន ដោយបានប្តេជ្ញាថា ខ្លួននឹងចំណាយធនធានបន្ថែមទៀតទៅលើដំណោះស្រាយការរំខានរបស់ប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចដ៏ធំបំផុតទី២ នៅលើពិភពលោក ខណៈដែលការជជែកជុំវិញបញ្ហាការប្រែប្រួលអាកាសធាតុ និងពាណិជ្ជកម្មជាមួយចិនកំពុងបន្ត។ រដ្ឋាភិបាលកាណាដា បានប្រកាសបែបនេះ កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២២។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters បានឱ្យដឹងថា ឯកសារយុទ្ធសាស្ត្រនោះ មានកម្រាស់ ២៦ ទំព័រ ដែលក្នុងនោះបានគូសបញ្ជាក់ពីការចំណាយទៅលើគោលនយោបាយផ្សេងៗ រហូតដល់ទៅប្រមាណ ១,៩ ប៊ីលានដុល្លារអាមេរិក ក្នុងនោះរួមមានការបង្កើនវត្តមានយោធា និងសន្តិសុខអ៊ិនធឺណិត (Cyber Security) នៅក្នុងតំបន់។ លើសពីនេះ ឯកសារនោះ ក៏បានបញ្ជាក់អំពីការរឹតបន្តឹងច្បាប់វិនិយោគបរទេស ដើម្បីការពារកម្មសិទ្ធិបញ្ញា និងរារាំងក្រុមហ៊ុនសហគ្រាសរបស់រដ្ឋចិន ពីការចាប់យកឱកាសផលិត និងផ្គត់ផ្គង់ ក្នុងវិស័យរ៉ែសំខាន់ៗទៀតផង។
យោងតាមឯកសារយុទ្ធសាស្ត្រដដែល កាណាដានឹងពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយតំបន់ ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស នោះគឺសំដៅទៅលើបណ្តាប្រទេសចំនួន ៤០ ដែលមានទំហំសកម្មភាពសេដ្ឋកិច្ចរហូតដល់ទៅប្រមាណ ៣៧,៣៨ ទ្រីលានដុល្លារអាមេរិក។ គេសង្កេតឃើញថា ឯកសារនោះ បានសរសេរផ្តោតសំខាន់ទៅលើប្រទេសចិនច្រើន ដែលក្នុងនោះបានលើកឡើងអំពីប្រទេសចិនរហូតដល់ទៅជាង ៥០ ដង។ គួរដឹងដែរថា ទំនាក់ទំនងរវាងប្រទេសទាំង ២ បច្ចុប្បន្ន កំពុងមានភាពតានតឹងគួរឱ្យកត់សម្គាល់។
នៅក្នុងយុទ្ធសាស្ត្រនេះផងដែរ កាណាដាបានលើកឡើងថា៖ «ប្រទេសចិនគឺជាមហាអំណាចពិភពលោក ដែលកំពុងបង្ហាញការរំខានកាន់តែខ្លាំងឡើង និងកំពុងព្យាយាមរៀបចំកែទម្រង់សណ្តាប់ធ្នាប់អន្តរជាតិ ឆ្ពោះទៅរកបរិយាកាសមួយ ដែលអនុញ្ញាតឱ្យខ្លួនអាចឆ្លៀតឱកាសចាប់យកតែផលប្រយោជន៍ផ្ទាល់ខ្លួន ដែលនេះវាកាន់តែឃ្លាតឆ្ងាយពីគុណតម្លៃរបស់យើង»។
គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលសេរីរបស់នាយករដ្ឋមន្ត្រីកាណាដា លោកចាស្ទីន ទ្រូដូ (Justin Trudeau) កំពុងព្យា យាមធ្វើពិពិធកម្មលើទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដែលពឹងផ្អែកខ្លាំងលើសហរដ្ឋអាមេរិក។ ក្នុងខែកញ្ញា ទិន្នន័យផ្លូវការមួយ បានបង្ហាញថា ពាណិជ្ជកម្មទ្វេភាគី រវាងកាណាដាជាមួយចិន មានទំហំតិចជាង ៧% នៃចំនួនសរុបប៉ុណ្ណោះ ខណៈជាមួយសហរដ្ឋអាមេរិកមានចំនួន ៦៨%។
យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកនេះ ក៏បានគូសបញ្ជាក់ពីការជ្រៀតជ្រែករបស់ទីក្រុងប៉េកាំង និងឥរិយាបថបង្ខិតបង្ខំប្រទេសដទៃ ហើយក៏បានលើកឡើងថា៖ «វិធីសាស្ត្ររបស់យើងត្រូវបានរៀបចំឡើងដោយការវាយតម្លៃជាក់ស្តែងទៅលើប្រទេសចិន នាពេលបច្ចុប្បន្ននេះ។ នៅក្នុងបរិបទមួយ ដែលពោពេញទៅដោយការខ្វែងគំនិតគ្នាយ៉ាងខ្លាំងបែបនេះ យើងនឹងប្រកួតប្រជែងជាមួយប្រទេសចិន»។
ភាពតានតឹងរវាងប្រទេសទាំង ២ បានកើនឡើងជាបន្តបន្ទាប់ ចាប់ពីចុងឆ្នាំ ២០១៨ មក ក្រោយប៉ូលិសកាណាដាបានឃាត់ខ្លួននាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាហូវ៉ៃ (Huawei Technologies) ហើយទីក្រុងប៉េកាំងបានចាប់ខ្លួនជនជាតិកាណាដា ២ នាក់ ដោយចោទពីបទចារកម្ម។ យ៉ាងណាក៏ដោយ អ្នកទាំង៣ ត្រូវបានដោះលែងកាលពីឆ្នាំមុនរួចហើយ ប៉ុន្តែទំនាក់ទំនងរវាងភាគីទាំង ២ នៅតែមានភាពអាប់អួ។
កាលពីដើមខែនេះប្រទេសកាណាដា បានបញ្ជាឱ្យក្រុមហ៊ុនចិនចំនួន ៣ ត្រូវដកការវិនិយោគរបស់ពួកគេចេញពីតំបន់រ៉ែដ៏សំខាន់របស់កាណាដា ក្រោមមូលហេតុសន្តិសុខជាតិ ដោយបានអះអាងថា «ទីក្រុងអូតាវ៉ា (Ottawa) នឹងធ្វើបច្ចុប្បន្នភាពច្បាប់រឹតបន្តឹងការវិនិយោគលើសហគ្រាសគ្រប់គ្រង ដោយរដ្ឋ និងអង្គភាពបរទេសផ្សេងទៀត ដែលមានការគំរាមកំហែងដល់សន្តិសុខជាតិរបស់យើងរួមទាំងខ្សែចង្វាក់ផ្គត់ផ្គង់រ៉ែដ៏សំខាន់របស់យើង»។
ឯកសារយុទ្ធសាស្ត្រខាងលើ ក៏បានទទួលស្គាល់ឱកាសសំខាន់ៗ សម្រាប់ក្រុមហ៊ុននាំចេញរបស់កាណាដា និងបញ្ជាក់ថា កិច្ចសហប្រតិបត្តិការជាមួយទីក្រុងប៉េកាំង គឺចាំបាច់ ដើម្បីដោះស្រាយសម្ពាធ ដែលពិភពលោកកំពុងជួបប្រទះមួយចំនួន រួមមានការប្រែប្រួលអាកាសធាតុ បញ្ហាសុខភាពជាសកល និងការរីកសាយភាយអាវុធនុយក្លេអ៊ែរ។ ទន្ទឹមនឹងនេះ ប្រទេសកាណាដានឹងបង្កើនវត្តមានកងទ័ពជើងទឹករបស់ខ្លួន នៅក្នុងតំបន់និងបង្កើនការចូលរួមផ្នែកយោធា និងសមត្ថភាពស៊ើបការណ៍សម្ងាត់បន្ថែមទៀត ដើម្បីជាមធ្យោបាយកាត់បន្ថយអាកប្បកិរិយាយ៉ាងគឃ្លើន និងបង្កការគំរាមកំហែងដល់សន្តិសុខ ក្នុងតំបន់។
លោក Goldy Hyder នាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចនៃប្រទេសកាណាដា បានលើកឡើងថា៖ «វាជារឿងសំខាន់ ដែលរដ្ឋាភិបាលត្រូវធ្វើឱ្យមហិច្ឆតារបស់ខ្លួនក្លាយទៅជាសកម្មភាព និងពីសកម្មភាពទៅជាសមិទ្ធផល»។ គួរដឹងដែរថា ប្រទេសកាណាដាជាសមាជិកក្រុមប្រទេសឧស្សាហកម្មធំៗទាំង ៧ ឬហៅកាត់ថា G7 ដែលកំពុងចង់ចាត់វិធានការជាក់លាក់បន្ថែមទៀត ក្នុងការឆ្លើយតបទៅនឹងការបាញ់មីស៊ីលរបស់កូរ៉េខាងជើង។
រដ្ឋាភិបាលទីក្រុងអូតាវ៉ា កំពុងចូលរួមយ៉ាងសកម្ម ក្នុងតំបន់ជាមួយដៃគូ ដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ លើសពីនេះ កាណាដាក៏បានលើកឡើងអំពីប្រទេស ដែលមានការខ្វែងគំនិតគ្នាជាមូលដ្ឋាន ប៉ុន្តែមិនបានបញ្ចេញឈ្មោះប្រទេសណាមួយជាក់លាក់នោះទេ៕