ប្រធានាធិបតី​តួ​ក​គី រ៉េ​សិប តៃ​យី​ប អេ​រ​ដូ​ហ្គែ​ន បាន​ថ្លែង កាលពី​ថ្ងៃ​ចន្ទ (២៣ មករា​) ថា ប្រទេស​ស៊ុយអែត​ មិនបាច់​រំពឹង​ឱ្យ​ក្រុង​អង់កា​រ៉ា​គាំទ្រ​ខ្លួន ដើម្បី​ក្លាយជា​សមាជិក​អង្គការ​ណា​តូ​នោះទេ ក្រោយ​ការតវ៉ា​ដោយ​ដុត​ច្បាប់​ចម្លង​នៃ​គម្ពីរ​កូ​រ៉ា​ន ១​ ក្បាល​ក្បែរ​ស្ថានទូត​តួ​ក​គី​ប្រចាំ​ទីក្រុង​ស្តុក​ខុល​។​


​ការ​ថ្លែង​យ៉ាង​ដូច្នេះ​របស់លោក អេ​រ​ដូ​ហ្គែ​ន ធ្វើឡើង​បន្ទាប់ពី​បាតុកម្ម​មួយ បានធ្វើ​ឡើង​កាលពី​ថ្ងៃ​សៅរ៍​នៅ​ទីក្រុង​ស្តុក​ខុល​ប្រឆាំងនឹង​តួ​ក​គី និង​ការស្វែងរក​ចូល​ជា​សមាជិក​អង្គការ​សន្ធិសញ្ញា អា​ត្ល​ង់​ទិ​ក​ខាងជើង (​ណា​តូ​) របស់​ស៊ុយអែត ដែល​ធ្វើឱ្យ​ភាព​តានតឹង​កើនឡើង​ស្របពេល ដែល​ស៊ុយអែត​ត្រូវការ​ការគាំទ្រ​ពី​តួ​ក​គី ដើម្បី​ក្លាយជា​សមាជិក​របស់​ណា​តូ​។​


​លោក អេ​រ​ដូ​ហ្គែ​ន បាន​ថ្លែង​ក្នុង​សុន្ទរកថា​បន្ទាប់ពី​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ថា​៖ «​អ្នក​ដែល​អនុ ញ្ញាត​ឱ្យមាន​ការប្រមាថ​បែបនេះ​នៅ​ចំពោះមុខ​ស្ថានទូត​របស់​យើង​កុំ​រំពឹងថា នឹងមាន​ការគាំទ្រ​រប​ស់​យើង សម្រាប់​សមាជិកភាព​អង្គការ​ណា​តូ​របស់ខ្លួន​ទៀត​ឱ្យសោះ​»​។


​លោក​បន្តថា​៖ «​ប្រសិនបើ​អ្នក​ស្រឡាញ់​សមាជិក​នៃ​អង្គការ​ភេរ​វករ និង​សត្រូវ​នៃ​សាសនា​អ៊ិ​ស្លាម​ខ្លាំងណាស់ ហើយ​ការពារ​ពួកគេ​នោះ យើង​ណែនាំ​អ្នក​ឱ្យ​ស្វែងរក​ការគាំទ្រ​របស់​ពួក​នោះ សម្រាប់​សន្តិសុខ​ប្រទេស​របស់​អ្នក​»​។​


​ជុំវិញ​បញ្ហា​នេះ រដ្ឋមន្ត្រីការបរទេស​ស៊ុយអែត លោក Tobias Billstrom មិនបាន​ធ្វើការ​អធិប្បាយ​ភ្លាមៗ​នោះទេ នៅពេល​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​ចោទសួរ ប៉ុន្តែ​បាន​និយាយ​ជា​លាយលក្ខណ៍អក្សរ​ថា លោក​ចង់​យល់ច្បាស់​នូវ​អ្វី ដែល​លោក អេ​រ​ដូ​ហ្គែ​ន បាន​និយាយ​។ លោក​បន្ថែមថា​៖ «​ស៊ុយអែត​នឹង​គោរព​កិច្ច​ព្រម ព្រៀង ដែលមាន​រវាង​ស៊ុយអែត ហ្វាំ​ង​ឡង់ និង​តួ​ក​គី ទាក់ទង​នឹង​សមាជិកភាព​អង្គការ​ណា​តូ​របស់​យើង​»​។​


​គួររំឭកថា ស៊ុយអែត និង​ហ្វាំ​ង​ឡង់ បានដាក់​ពាក្យ​ចូល​ជា​សមាជិក​ណា​តូ កាលពី​ឆ្នាំមុន ក្រោម​ការភ័យខ្លាច​ការ​គំរាមកំហែង​របស់​រុស្ស៊ី ក្រោយ​ការឈ្លានពាន​អ៊ុយ​ក្រែ​ន​ទ្រង់ទ្រាយ​ធំ​បាន​កើតឡើង​។ ដំណើរការ​នេះ​បាន​ជួបនឹង​ភាព​រាំងស្ទះ​ពី​តួ​ក​គី​ដែល​ទាមទារ​ឱ្យ​ស៊ុយអែត ក៏ដូចជា​ហ្វាំ​ង​ឡង់ ត្រូវតែ​ប្រកាន់​ជំហរ​ច្បាស់លាស់​ជាង​មុន ប្រឆាំងនឹង​ក្រុម​ដែល​តួ​ក​គី​ចាត់ទុកជា​ក្រុម​ភេរ​វករ ដែល​ភាគច្រើន​ជា​ពួក​សកម្មប្រយុទ្ធ​ឃើ​ដ និង​ក្រុម​ដែល​ក្រុង​អង់កា​រ៉ា បាន​ចោទប្រកាន់​លើ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​តួ​ក​គី ឆ្នាំ​ ២០១៦៕​

វីដេអូ៖