
លោកឧត្តមសេនីយ៍ Laurent Michon មេបញ្ជាការកងកម្លាំង Barkhene ថ្លែងក្នុងសន្និសីទកាសែត១កាលពីថ្ងៃទី ២១ កក្កដា ២០២២។ AFP
រដ្ឋាភិបាលបាននិយាយថា បួគីណាហ្វាសូ បានសម្រេចបញ្ចប់កិច្ចព្រម ព្រៀងយោធាមួយ ដែលអនុញ្ញាតឱ្យកងទ័ពបារាំង ប្រយុទ្ធប្រឆាំងនឹងក្រុមប្រដាប់អាវុធ នៅក្នុងប្រទេសនេះ។
អ្នកនាំពាក្យរដ្ឋាភិបាលលោក Rimtalba Jean Emmanuel Ouedraogo បាននិយាយកាលពីថ្ងៃចន្ទថា អាជ្ញាធរបួគីណាហ្វាសូ ចង់ឱ្យប្រ ទេសបារាំង ដកកងទ័ពរបស់ខ្លួនចេញពីប្រទេសនេះក្នុងរយៈពេល១ខែ។
ក្រុមប្រដាប់អាវុធមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា និង IS បានកាន់កាប់ទឹកដីជាច្រើននៅបួគីណា ហ្វាសូ និងប្រជាជនភៀសខ្លួនរាប់លាននាក់ នៅក្នុងតំបន់សាហែល ដែល ស្ថិតនៅខាងត្បូងតំបន់សាហារ៉ា។
ស្ថានីយទូរទស្សន៍ជាតិរបស់ប្រទេសអ្រាហ្វិកខាងលិច បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា រដ្ឋាភិបាលបានព្យួរកិច្ចព្រមព្រៀងយោធាឆ្នាំ ២០១៨ ជាមួយបារាំង ទោះបីជាខ្លួនចង់ទទួលបានការគាំទ្រផ្នែកសម្ភារបរិក្ខារក្តី។
លោកប្រធានាធិបតីបារាំង អេម៉ា នុយអែល ម៉ាក្រុង កាលពីថ្ងៃសៅរ៍ បាននិយាយថា លោកកំពុងរង់ចាំការបញ្ជាក់ពីប្រធានាធិបតីអន្តរកាលនៃប្រទេសបួគីណាហ្វាសូ លោក Ibrahim Traore អំពីការសម្រេចចិត្តនោះ។
បារាំងបានដាក់ពង្រាយទាហាននៃកងកម្លាំងពិសេសប្រហែល ៤០០ នាក់ នៅប្រទេសបួគីណាហ្វាសូ ដែលគ្រប់ គ្រងដោយរដ្ឋាភិបាលយោធា ប៉ុន្តែទំនាក់ទំនងបានធ្លាក់ចុះ ហើយភាពតានតឹង បានកើនឡើងកាលពីប៉ុន្មានខែថ្មីៗនេះ។
លោកបានថ្លែងប្រាប់វិទ្យុទូរទស្សន៍បួគីណាហ្វាសូ ថា៖ «យើងកំពុងបញ្ចប់កិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យកងកម្លាំងបារាំងនៅក្នុងប្រទេសបួគីណាហ្វាសូ»។
លោកបាននិយាយថា៖ «នេះមិនមែនបញ្ចប់ទំនាក់ទំនងការទូតរវាងបួគីណាហ្វាសូ និងបារាំងទេ»។«ការបញ្ចប់នេះ គឺធម្មតា និងត្រូវបានធ្វើឡើងតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ»។
លោកបានបន្ថែមថា យោធាដែល កំពុងគ្រប់គ្រង និងប្រទេសទាំងមូលចង់ក្លាយជាអ្នកដើរតួសំខាន់ក្នុងការកាន់កាប់ទឹកដីរបស់យើង ដោយបានលើកឡើងពីការអំពាវនាវឱ្យមានការជួបជុំរបស់មេដឹកនាំរដ្ឋប្រហារ ដើម្បីធ្វើឱ្យការដណ្តើមយកទឹកដីពីក្រុមប្រដាប់អាវុធ ជាអាទិភាពកំពូល។
ទោះបីយ៉ាងណាក៏ដោយ មិនមានការអធិប្បាយភ្លាមៗពីអាជ្ញាធរបារាំងកាលពីថ្ងៃចន្ទទេ។ កងទ័ពបារាំង បានដកចេញពី ប្រទេសម៉ាលីជិតខាងកាលពីឆ្នាំមុន ដោយបានបញ្ចប់ការប្រយុទ្ធ ១ ទសវត្សរ៍ប្រឆាំងក្រុមប្រដាប់អាវុធ ក្រោយពីទំនាក់ទំនង បានធ្លាក់ចុះរវាងប្រទេសទាំង២។
បួគីណាហ្វាសូ និងម៉ាលី ត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលយោធាដែលបានរឹបអូសអំណាចដោយកម្លាំងកាលពី ២ ឆ្នាំកន្លងទៅ ដោយបានសន្យាធ្វើឱ្យសន្តិសុខល្អប្រសើរឡើង និងផ្តាច់ទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តប្រពៃណីរបស់ពួកគេ។
ចាប់តាំងពីកងទ័ព បានរឹបអូសអំណាចនៅបួគីណាហ្វាសូ កាលពីខែកញ្ញា ឆ្នាំមុន បាតុកម្មជាច្រើនបានកើតឡើងដោយបានអំពាវនាវឯកអគ្គរដ្ឋទូត និងកងទ័ពបារាំង ចាក ចេញ។
អ្នកតវ៉ា បានវាយប្រហារមជ្ឈ មណ្ឌលវប្បធម៌បារាំងនៅក្នុងរដ្ឋធានីអៅហ្គាឌូហ្គោ នៅខែតុលា។ បួគីណាហ្វាសូ និងអ្នកជិតរបស់ខ្លួនគឺម៉ាលី ទំនងជាបង្វែរទិសដៅទៅរកប្រទេសរុស្ស៊ី ជាដៃគូវិញ។
លោកនាយករដ្ឋមន្ត្រី បួគីណាហ្វាសូ Apollinaire Kyelem de Tambela បាននិយាយកាលពីសប្តាហ៍មុនក្រោយពីពិភាក្សាជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ី និងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងម៉ូស្គូ កាលពីខែធ្នូថា៖ «ប្រទេសរុស្ស៊ីគឺជម្រើសសមហេតុផលក្នុងការជំរុញភាពជាដៃគូនេះ»។
លោកបានបន្ថែមទៀតថា៖ «យើងគិតថា ភាពជាដៃគូរបស់យើងត្រូវតែត្រូវបានពង្រឹងឡើង»។
លោកម៉ាក្រុង បានចោទរុស្ស៊ីថា មានឥទ្ធិពលខ្លាំងក្លានៅក្នុងប្រទេសអាហ្រ្វិកខ្លះ ខណៈដែលបារាំង បានមើលឃើញឥទ្ធិពលរបស់ខ្លួន បានថយចុះ។
ការចាកចេញរបស់កងទ័ពបារាំងពីប្រទេសម៉ាលី បានកើតឡើង ស្រប ពេលជាមួយការសម្រេចចិត្តរបស់រដ្ឋាភិបាលយោធាជួលទាហានស៊ី ឈ្នួលរុស្ស៊ីឱ្យជួយខ្លួនក្នុងការប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធ ជាវិធានការមួយដែលប្រទេសលោកខាងលិចជាច្រើនបានថ្កោលទោសយ៉ាងដាច់អហង្ការ។
ចំណែកបួគីណាហ្វាសូ ក៏មិនបានបញ្ជាក់ ឬក៏បដិសេធរបាយការណ៍ដែលខ្លួនបានសម្រេចជួលក្រុម Wagner Group របស់រុស្ស៊ីដែរ។
ប្រសិនបើកងកម្លាំងបារាំងត្រូវដកខ្លួនចេញពីបួគីណាហ្វាសូ ទីក្រុងប៉ារីសអាចស្វែងរកការដាក់ពង្រាយឡើងវិញនៅភាគខាងត្បូងនៃប្រទេសជិតខាងនីហ្សេ ដែលមានទាហានជិត ២០០០ នាក់ឈរជើងរួចហើយ៕