អង្គការ​សុខភាព​ពិភព​លោក​ ជំរុញ​ឱ្យ​ចាត់​វិធាន​ការ​លើថ្នាំ​ដែល​មាន​មេរោគ​បណ្ដាល​ឱ្យ​កុមារ​ជាង​ ៣០០​ ស្លាប់​

Content image - Phnom Penh Post
អគ្គនាយកនាយកអង្គការ WHO លោក​ តេដ្រូស អា​ដហា​ណូម ហ្គឺប្រ៊ីយេ​ស៊ុស។

បន្ទាប់​ពីកើតមាន​ករណី​កុមារ​ជាង​ ៣០០ ​នាក់​បាន​ស្លាប់​ ដោយ​សារ​ពួកគេ​បានញ៉ាំ​ស៊ីរ៉ូក្អក​ ដែល​មាន​មេរោគ​រួច​មកនោះ​អង្គការ​សុខភាព​ពិភព​លោក ​WHO​ បាន​អំពាវនាវ​ឱ្យមាន​ការ​ចាត់វិធាន​ការ​បន្ទាន់​ ដើម្បី​បោសម្អាត​ឱសថ​គ្មាន​ស្តង់ដា​ និង​ក្លែងក្លាយ​នៅ​ជុំវិញ​ពិភព​លោក។​

អង្គការ​សុខភាព​ពិភព​លោក​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែង​ការណ៍​មួយថា​ យ៉ាងហោច​ណាស់​មាន​ប្រទេស​ចំនួន៧​ បាន​រាយការណ៍​អំពី​ឧប្បត្តិហេតុ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រើថ្នាំក្អក​ដោយ​គ្មាន​វេជ្ជបញ្ជា​សម្រាប់​កុមារ​ក្នុង​នៅ​៤​ខែ​ចុង​ក្រោយនេះ​។

ប្រភព​ដដែល​បន្តថា៖«​ ករណី​កុមារ​ស្លាប់ ​ជាង ​៣០០​ករណី ​ត្រូវបាន​កត់ត្រានៅ​ក្នុង​ប្រទេស​ចំនួន​៣​រួមមាន​ ហ្គាំប៊ី ឥណ្ឌូនេស៊ី ​និង​អ៊ូស​បេគីស្ថាន ​។ កុមារ​ដែលស្លាប់​ច្រើនបំផុត​ក្នុង​ចំណោម​ក្មេងដែល ​តូចៗ​ក្រោម​អាយុ​៥​ឆ្នាំ» ។
អង្គការនេះ​បញ្ជាក់ថា​ទឹកស៊ីរ៉ូ​ក្អក​ដែល​ផលិតនៅ​ឥណ្ឌាមាន​សារធាតុ​diethylene glycol​ និង ethylene glycol ​កម្រិត​ខ្ពស់​ដែលជា​កម្រិត​គ្រោះថ្នាក់​និងមាន​មេរោគ​នៅក្នុងនោះ​ផង​។

អង្គការ​សុខភាពពិ​ភព​លោក​បាន​ព្រមានថា៖​«សារធាតុ​កខ្វក់ទាំង​នេះ គឺ​ជាសារធាតុ​គីមីពុល​ដែលប្រើជា​សារធាតុ​ដែលអាច​បណ្តាលឱ្យ​ក្មេងស្លាប់​សូម្បីតែផឹកវា​ក្នុង​បរិមាណ​តិចតួច​ក៏ដោយ​» ។

ទីភ្នាក់​ងារ​សុខភាព​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​ចេញ​ការ​ជូន​ដំណឹង​ជា​លើក​ដំបូង​អំពី​ការ​ស្លាប់​កុមារ​ដែល​គេ​ឃើញ​នៅ​ក្នុង​ប្រទេស ​ហ្គាំប៊ី​កាល​ពី​ខែ​តុលា។ ​១ ​ខែ​បន្ទាប់មាន​ករណី​បែបនេះ​កើត​ឡើង ​ប្រទេស​ឥណ្ឌូនេស៊ី ​និង​ប្រទេស​អ៊ូសបេគីស្ថាន។​

របាយ​ការណ៍ ​បាន​ព្រមានឱ្យ​ប្រើប្រាស់​ស៊ី​រ៉ូក្អក​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ឥណ្ឌា​ឈ្មោះ​Mar​ion Biotech ​និង ​Maiden ​Pharmaceuticals​ ព្រោះតែ​ពាក់ព័ន្ធ​នឹង​ករណី​មរណភាព​របស់​កុមារ​។

WHO ​បាន​អំពាវនាវ​ដល់​ប្រទេស​នានា​ឱ្យ​បង្កើន​កិច្ចខិត​ខំប្រឹងប្រែង​ក្នុងការ​ស្វែងរក​ និងដក​ថ្នាំ​ដែលមាន​មេរោគ​ចេញពី​ទីផ្សារ ​ព្រម​ទាំង​បង្កើន​ការឃ្លាំមើល​នៅក្នុង​ខ្សែច​ ង្វាក់​ផ្គត់ផ្គង់​និង​បញ្ចេញ​សញ្ញា​អាសន្ន​ជា​បន្ទាន់​ ប្រសិន​បើប្រទេស​ទាំងនោះ​រក​ឃើញ​ផលិតផល​ដែលមិន​ត្រូវស្ដង់​ដា​ណា​មួយនោះ​។

ទីភ្នាក់ងារ​អង្គការ​សហ​ប្រជាជាតិ​បាន​សង្កត់​ធ្ងន់ថា​«នេះ​មិនមែន​ជា​ឧប្បត្តិហេតុ​ដាច់ដោយ​ឡែក​នោះទេ​» ដោយ​ជំរុញ​ឱ្យភាគី​ទាំងអស់​ត្រូវ​ចាត់វិធាន​ការ​ជា​បន្ទាន់​និង​មាន​ប្រសិទ្ធ​ភាព​តាម​ដែល​អាច​ធ្វើទៅបាន​។

WHO ​និយាយថា អ្នកផ្គត់ផ្គង់​ និង​អ្នក​ចែក​ចាយ​ផលិត​ផល​វេជ្ជសាស្រ្ត​ត្រូវ​ពង្រឹង​កិច្ច​ការ​ត្រួត​ពិនិត្យ ​ដើម្បី​ប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ​និង​ត្រូវអនុញ្ញាត​ឱ្យលក់​តែឱស​ថ​ណា​ដែល​មាន​អាជ្ញា​ប័ណ្ណ​ប៉ុណ្ណោះ​៕

ព័ត៌មានថ្មីៗ