យោង​តាម​របាយការណ៍​ចេញផ្សាយ កាលពី​ថ្ងៃ​អង្គារ ដោយ​អង្គការ​ស្បៀងអាហារ និង​កសិកម្ម​ពិភពលោក (FAO) និង​ទី​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​មួយចំនួន​ទៀតបាន​ឱ្យដឹង​ថា ការកើនឡើង​ចំនួន​ប្រជាជន ក្នុង​តំបន់​អាស៊ី​ធ្វើឱ្យ​កើត​មាន​កង្វះ​អាហា​រូបត្ថម្ភ ខណៈដែល​អសន្តិសុខ​ស្បៀង​កើនឡើង​កាន់តែខ្លាំង និង​តម្លៃ​ស្បៀង​កើនឡើង​កាន់តែ​ខ្ពស់ ហើយ​ស្ថានភាព​ក្រីក្រ​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ។


របាយ​ការណ៍​ខាងលើ បានឱ្យដឹង​ថា ក្នុង​ចំណោម​មនុស្ស​ជិត ៥០០​ លាន​នាក់ ដែល​ក្នុងនោះ​ច្រើន​ជាង ៨ ​នាក់ ក្នុង​ចំណោម ១០ ​នាក់ ដែល​រស់​នៅ​តំបន់​អាស៊ី​ខាងត្បូង ខ្វះខាត​អាហា​រូបត្ថម្ភ​គ្រប់គ្រាន់ ក្នុង​ឆ្នាំ ២០២១​ហើយ​ជាង ១ ​ប៊ីលាន​នាក់ បាន​ប្រឈម​នឹង​អសន្តិសុខ​ស្បៀង​ពី​កម្រិត​មធ្យម​ទៅ​កម្រិត​ធ្ងន់ធ្ងរ។ សម្រាប់​ពិភព​លោក​ទាំងមូល​កំណើន​នៃ​អត្រា​អសន្តិសុខ​ស្បៀង បាន​កើនឡើង​ដល់ ២៩% ក្នុង​ឆ្នាំ ២០២១ ពី​ត្រឹមតែ ២១% ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​ ២០១៤។


កំណើន​នៃ​អត្រា​អសន្តិសុខ​ស្បៀង​នេះ បណ្ដាល​មកពី​កត្តា​មួយ​ចំនួន រួម​មាន​ដូចជា​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩ ដែល​បណ្តាល​ឱ្យ​ប្រជាពល​រដ្ឋ​បាត់បង់​ការងារ​ធ្វើ និង​ការរំខាន​ដល់​ដំណើរ​ការផ្សេងៗ​ជាច្រើន​ទៀត។ ម្យ៉ាងវិញទៀត សង្គ្រាម នៅ​អ៊ុយក្រែន ក៏​បាន​ជំរុញ​ឱ្យ​តម្លៃ​អាហារ​ថាមពល និង​ជី ឡើង​ថ្លៃ​បណ្ដាល​ឱ្យ​មនុស្ស​រាប់លាន​នាក់​ខកខាន​មិនបាន​ទទួល​ទាន​អាហារ​គ្រប់គ្រាន់។ នេះ​បើ​យោងតាម​ប្រភព​ដដែល។


គួរ​បញ្ជាក់​ផងដែរ​ថា របាយ​ការណ៍​នេះ គឺ​ជា​ការ​ប្រមូល​ទិន្នន័យ​ប្រចាំឆ្នាំ​លើក​ទី​៥ ស្តី​ពី​អសន្តិសុខ​ស្បៀង និង​ការ​អត់ឃ្លាន ដោយ​ទីភ្នាក់ងារ​របស់​អង្គការ​សហ​ប្រជាជាតិ រួមមាន​អង្គការ​ស្បៀងអាហារ និង​កសិកម្ម​ពិភពលោក (FAO) មូលនិធិ​សង្គ្រោះ​កុមារ​អន្តរជាតិ (UNICEF) អង្គការ​សុខភាព​ពិភពលោក (WHO) និង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក (WFP)។


ប៉ុន្មាន​ឆ្នាំ​មកនេះ​វឌ្ឍនភាព​ឆ្ពោះ​ទៅរក​ការ​កាត់បន្ថយ​ភាពស្រេក​ឃ្លាន និង​កង្វះ​អាហា​រូបត្ថម្ភ បាន​ជាប់គាំង​ទៅមុខ​មិន​រួច ផ្ទុយទៅ​វិញ ដំណើរវិវឌ្ឍ​នេះ​បែរ​ជា​វិលត្រឡប់​ថយក្រោយ ដោយសារ​ចំនួន​មនុស្ស​កាន់តែច្រើន​ឡើងៗ បណ្ដាល​ឱ្យ​បាត់បង់​ធនធាន​បន្តិចម្ដងៗ នៅ​ទីបំផុត​ក៏​ឈាន​ឆ្ពោះ​ទៅ​រក​ការ​បរិភោគ​មិន​បាន​គ្រប់គ្រាន់។ យ៉ាងណា​ក៏ដោយ ទីភ្នាក់ងារ​អង្គការ​សហ​ប្រជាជាតិ​បាន​សិក្សា​វាស់វែង​ទៅលើ​អត្រា​កង្វះ​អាហា​រូបត្ថម្ភ​នៅលើ​ពិភពលោក មាន​ចំនួន ៩,១% ក្នុង​ឆ្នាំ​២០២១ ធ្លាក់ចុះ​ពី​១៤,៣% ក្នុង​ឆ្នាំ​២០០០ ប៉ុន្តែ​កើន​ឡើង​បន្តិច​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០។


របាយ​ការណ៍​ខាងលើ ក៏​បាន​បង្ហាញ​ផងដែរ​ថា ការ​ធ្លាក់ចុះ​នៃ​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​ភាព​ស្រេក​ឃ្លាន​របស់​ប្រទេស​នីមួយៗ នៅតែ​បន្ត​កើតមាន ហើយ​អសន្តិសុខ​ស្បៀង​ក៏​ជា​បញ្ហា​ប្រឈម​ផងដែរ សម្រាប់​ពលរដ្ឋ​ដែល​ប្តូរ​ទី​លំនៅ​ទៅ​រស់នៅ​ទីក្រុង ជាទី​ដែល​ពួកគេ​ពិបាក ក្នុងការ​ទទួលបាន​អាហារ​ក្នុង​តម្លៃ​​មួយ​សមរម្យ។ របាយការណ៍ ​បាន​រំលេច​ថា​៖ «ការ​កែទម្រង់​ប្រព័ន្ធ​កសិកម្ម ដើម្បី​ផលិត​អាហារ ដែលមាន​ជីវជាតិ និង​ធានា​បាន​នូវ​សមភាព ក្នុងការ​ទទួល​បាន​របប​អាហារ​គ្រប់គ្រាន់ និង​ដែល​មាន​សុខ​ភាពល្អ គឺមាន​សារៈសំខាន់​ខ្លាំងណាស់»។

ដោយឡែក សន្ទស្សន៍​តម្លៃ​ស្បៀងអាហារ​របស់​អង្គការ​ស្បៀងអាហារ និង​កសិកម្ម​ពិភពលោក ក៏​បាន​កើនឡើង​ខ្ពស់​ផងដែរ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ពោល​គឺ​តម្លៃ​កើនឡើង​ខ្ពស់​បំផុត នៅក្នុង​ខែមីនា​ឆ្នាំ២០២២។ យ៉ាងណា​ក៏ដោយ តម្លៃ​ស្បៀងអាហារ​បាន​ធ្លាក់ចុះ​មកវិញ​បន្ទាប់ពី​តម្លៃ​ទំនិញ​មូលដ្ឋាន​មួយចំនួន បាន​ធ្លាក់ចុះ​បន្តិច​ក្នុងឆ្នាំនេះ ប៉ុន្តែ​នៅតែ​ខ្ពស់ជាង ២៨% បើ​ធៀប​នឹង​ឆ្នាំ​២០២០។ បើ​យើង​ក្រឡេក​ទៅ​មើល​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​វិញ តំបន់​នេះ​មានការ​នាំចូល​ស្បៀង​អាហារ​ជិត ២​ទ្រី​លាន​ដុល្លារ ក្នុង ១​ឆ្នាំ ហើយ​ការ​កើនឡើង​តម្លៃ​ស្បៀង​មូលដ្ឋាន​ដូចជា​អង្ករ​ស្រូវ​សាលី និង​ប្រេង​ជាដើម បាន​ធ្វើឱ្យ​ពលរដ្ឋ​ក្រីក្រ​ជួប​ការលំបាក​ជាខ្លាំង។

ទី​ភ្នាក់ងារ​អង្គការ​សហ​ប្រជាជាតិ​មួយ​នេះ បាន​ហៅ​កង្វះ​ស្បៀង​អាហារ​នេះ​ថា ជា​វិបត្តិ 5F ដែល​មាន​ន័យ​ថា កង្វះ​អាហារ (Food) ការបរិភោគ​មិន​គ្រប់គ្រាន់ (Feed) កង្វះ​ជី (Fertilizer) កង្វះ​ប្រេង (Fuel) និង​កង្វះ​ហិរញ្ញវត្ថុ (Financing)។ សង្គ្រាម​នៅ​អ៊ុយក្រែន ជា​កត្តា​រួម​ចំណែក​ចម្បង​មួយ​ដល់​វិបត្តិ​ស្បៀងអាហារ​នេះ។ ជាក់ស្ដែង វា​បានផ្ដល់​ការ​លំបាក​ជាច្រើន​ដល់​បណ្ដា​ប្រទេស ដែល​ពឹង​ផ្អែកលើ​ការនាំ​ចេញពី​អ៊ុយក្រែន រួមមាន​ដូចជា​ស្រូវ​សាលី​ប្រេង សម្រាប់​បរិភោគ និង​ជី​ជាដើម។

មនុស្ស​ជិត ២​ ពាន់​លាន​នាក់ ឬ​ស្ទើរតែ ៤៥% នៃ​ប្រជាជន​ដែល​រស់​នៅលើ​ទ្វីប​អាស៊ី​គ្មាន​លទ្ធភាព​ទិញ​របប​អាហារ ដែល​មាន​សុខ​ភាពល្អ​បរិភោគ។ ការណ៍​នេះ​បានរួម​ចំណែក​ដល់​បញ្ហា​ជាច្រើន ដូចជា​ភាពស្លេកស្លាំង និង​ធាត់​ជ្រុល​ក៏ដូចជា​ភាព​អត់ឃ្លាន​ផងដែរ។ ផលប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​កូវីដ​ ១៩ ក៏បាន​ប៉ះពាល់​ខ្លាំង​ផងដែរ​ដល់​និយោជិត ដែល​ងាយ​រងគ្រោះ​ជាច្រើន ជាពិសេស​ក្នុង​វិស័យ​ទេសចរណ៍ និង​ឧស្សាហកម្ម​ផលិតកម្ម។ គិតពី​ឆ្នាំ ២០១៩ ដល់​ឆ្នាំ​ ២០២១ ប្រជាជន​ថៃ​ជិត ១០​ នាក់ ក្នុងចំណោម១០០ នាក់ រស់នៅ​ដោយ​គ្មាន​អាហារូបត្ថម្ភ​គ្រប់គ្រាន់។ នេះ​បើ​យោងតាម​ទិន្នន័យ​នៅក្នុង​របាយការណ៍​ខាងលើ។ តួលេខ​នេះ ខ្ពស់ជាង​ឆ្នាំមុនៗ និង​ខ្ពស់ជាង​ប្រទេស នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ជាច្រើន​ទៀត ដោយ​ការរក​ប្រាក់​ចំណូល​របស់​ពលរដ្ឋ​នៅក្នុង​បណ្ដា​ប្រទេស​ទាំងនោះ ជា​មធ្យម​ទាប​ជាង​ប្រទេស​ថៃ​ខ្លាំងណាស់។ យោងតាម​ទិន្នន័យ​របស់​ធនាគារ​ពិភពលោក​អត្រា​ភាពក្រីក្រ បាន​កើនឡើង ២,៦% នៅ​ចន្លោះ​ឆ្នាំ ​២០១៥ ដល់​ឆ្នាំ​ ២០១៨។

អ្នក​សរសេរ​របាយការណ៍​របស់​អង្គការ​ស្បៀងអាហារ និង​កសិកម្ម​ពិភពលោក បានលើក​ឡើង​៖ «ការ​កើនឡើង​នៃ​អត្រា​ភាពក្រីក្រ និង​កង្វះ​អាហា​រូបត្ថម្ភ​ដើរ​ទន្ទឹមគ្នា»។ របប​អាហារ​ដែល​គ្មាន​សុខភាព​ល្អ និង​ស្បៀងអាហារ​មិន​គ្រប់គ្រាន់​សម្រាប់​បរិភោគ បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព និង​ផលិតភាព នាពេល​អនាគត ព្រោះ​វា​បានធ្វើឱ្យ​កុមារ​មាន​ជំងឺ​ក្រិន និង​ធ្វើ​ឱ្យ​ពួកគេ​ងាយ​នឹង​កើត​ជំងឺផ្សេង។ ជិត ១/៤ នៃ​កុមារ​នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក រង​ផលប៉ះពាល់​ដោយ​ការ​ក្រិន និង​ការមិនអាច​លូត​កម្ពស់​រួច។ ដោយឡែក ដោយសារតែ​កង្វះ​អាហា​រូបត្ថម្ភ ១ភាគ៣​នៃ​ស្ត្រី នៅ​តំបន់​អាស៊ី​ដែលមាន​អាយុ​ចាប់ពី ១៥ ដល់ ៤៩​ឆ្នាំ​វិញ ត្រូវ​ប្រឈម​នឹង​ភាព​ស្លេកស្លាំង​ហេវ​ហត់​អស់កម្លាំង ហើយ​អ្នកខ្លះ​ត្រូវ​ប្រឈម​ជាមួយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​រហូតដល់​ថ្នាក់​ខូច​សួត និង​ប៉ះពាល់​ដល់​បេះដូង​ទៀតផង។

រីឯ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គា​នីស្ថាន​វិញ ៧០% នៃ​ប្រជាជន​សរុប​កំពុង​ប្រឈមមុខ​នឹង​អសន្តិសុខ​ស្បៀង​កម្រិត​មធ្យម ឬ កម្រិត​ធ្ងន់ធ្ងរ​ដោយសារតែ​សេដ្ឋកិច្ច បាន​ដួលរលំ បន្ទាប់ពី​ពួក​តាលីបង់ បាន​ដណ្តើម​អំណាច ក្នុង​ខែសីហា​ឆ្នាំ២០២១។ កត្តា​នេះ​បាន​ជំរុញ​ឱ្យ​មនុស្ស​រាប់លាន​នាក់​ធ្លាក់​ក្នុង​ភាពក្រីក្រ និង​ភាពស្រេក​ឃ្លាន ខណៈ​ជំនួយ​បរទេស​ត្រូវបាន​កាត់​ផ្ដាច់​ភ្លាម។ សម្រាប់​ប្រទេស​កម្ពុជា​វិញ​ក៏​មិន​ខុសគ្នា​ប៉ុន្មាន​ដែរ ពោលគឺ ៥០% នៃ​ចំនួន​ប្រជាជន​សរុប កំពុង​ប្រឈមមុខ​នឹង​អសន្តិសុខ​ស្បៀង​កម្រិត​មធ្យម​ឬ កម្រិត​ធ្ងន់ធ្ងរ៕

វីដេអូ៖