មនុស្សរាប់សិបនាក់រួមទាំងកុមារផង ស្លាប់នៅក្នុងហេតុការណ៏រថយន្តធ្លាក់ជ្រោះ និងក្រឡាប់ទូកក្នុងថ្ងៃតែ ១ ក្នុងប្រទេសប៉ាគីស្ថាន

យ៉ាងហោចណាស់មនុស្ស ៥១ នាក់ បានបាត់បង់ជីវិតកាលពីអាទិត្យ នៅក្នុងឧបទ្ទវហេតុតាមរយៈការដឹកជញ្ជូន ២ ផ្សេងគ្នានៅភាគខាងលិចនៃប្រទេសប៉ាគីស្ថាន នៅពេលដែលរថយន្តក្រុងដឹកអ្នកដំណើរ ១ គ្រឿង បានធ្លាក់ពីលើស្ពាន និងទូកដឹកក្មេងៗមួយក្រុមក្រឡាប់។
មនុស្សចំនួន ៤១ នាក់ ត្រូវបានបញ្ជាក់ថា ស្លាប់បន្ទាប់ពីរថយន្តក្រុងរបស់ពួកគេ បានធ្លាក់ចូលទៅក្នុងជ្រោះនៅក្នុងខេត្ត Balochistan ដែលស្ថិតនៅខាងភាគនារតីប្រទេសប៉ាគីស្ថាន ខណៈពេលដែលសិស្ស ១០ នាក់ទៀត បានស្លាប់ក្នុងហេតុការណ៍ក្រឡាប់ទូកនៅទន្លេនៃខេត្ត Khyber Pakhtunkhwa ភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន និង ៩ នាក់ទៀតបាត់ខ្លួនក្នុងទឹកទន្លេ។
អាជ្ញាធរប៉ាគីស្ថានរាយការណ៍ថា មានអ្នកដំណើរចំនួន ៤៨ នាក់ ធ្វើដំណើរមួយយប់ចេញពីទីរួមខេត្ត Balochistan ទៅកាន់កំពង់ផែភាគខាងត្បូងនៃទីរួមខេត្ត Karachi ហើយបានបុកបង្គោលភ្លើង នៅលើស្ពានធ្វើឱ្យឡានក្រឡាប់ធ្លាក់ជ្រោះ។
លោក Anjum មន្ត្រីប៉ូលិសបានឱ្យដឹងថា ហេតុការណ៍ក្រឡាប់ឡាននេះ សង្ស័យមកពីអ្នកបើកបរងងុយដេក និងការបើកលឿនហួសល្បឿនកំណត់។
អាជ្ញាធរបានឱ្យ ដឹងថា សាកសពចំនួន ៤០ នាក់ ត្រូវបានលើកចេញពីកន្លែងកើតហេតុនេះ រួមជាមួយនឹងអ្នករបួស ៣ នាក់ ដែលម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីបញ្ជូនទៅកាន់មន្ទីរពេទ្យ ចំណែកអ្នករងរបួស ២ នាក់ទៀត កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។ ដោយលោក បានបន្ថែមទៀតថា៖« សាកសពទាំងអស់ ស្ថិតនៅក្នុងសភាពពិបាកចំណាំ»។
រីឯនៅទីក្រុង Khyber Pakhtunkhwa វិញ មន្ត្រីប៉ូលិសក្នុងតំបន់លោក Mir Rauf បានប្រាប់ AFP ថា ទូក ១ គ្រឿង ដែលដឹកក្មេងចំនួន ៣០ នាក់បានក្រឡាប់ចូលបឹង Dam kohat។ អ្នកស្លាប់ទាំងអស់ដែលស្រង់ចេញពីបឹងត្រូវបានរាយការណ៏ថាមានអាយុចន្លោះពី ៧ ទៅ ១៤ ឆ្នាំ និង ៩ នាក់ទៀត នៅតែបាត់ខ្លួនដែលក្មេងទាំងនោះត្រូវបានគេដឹងថា ជាសិស្សមកពីថ្នាក់ madrassa ដែលបានធ្វើដំណើរកម្សាន្តតាមទូក។
ផ្លូវហាយវេ Ramshackle នៃប្រទេសប៉ាគីស្ថាន មានវិធានការសុវត្ថិភាពធូររលុង និងការបើកបរដោយមិនប្រុងប្រយ័ត្ន ដែលបានក្លាយជាកន្លែងដែលមានគ្រោះថ្នាក់ចរាចរណ៏ច្រើនសម្រាប់អ្នកធ្វើដំណើរតាមយានជំនិះគ្រប់ប្រភេទ។ ឡានក្រុងដឹកអ្នកដំណើរច្រើនត្រូវបានគេប្រទះឃើញផ្ទុកមនុស្សច្រើនកកកុញ និងតៃកុងឡានមិនពាក់ខ្សែក្រវាត់សុវត្ថិភាព ដែលបណ្តាលឱ្យ មានចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរារណ៏កើតមានឡើងជារឿយៗ ហើយវាបានក្លាយទៅជារឿងធម្មតាទៅហើយសម្រាប់ប្រទេសប៉ាគីស្ថាន។ ចំណែកឯការលង់ទឹក ក៏ជារឿងធម្មតាផងដែរនៅក្នុងប្រទេសនេះដោយសារទូកនិងកប៉ាល់ដឹកអ្នកដំណើរស្ថិតក្នុងសភាពចាស់ទ្រុឌទ្រោម និងផ្ទុកលើសទម្ងន់។
យោងតាមការប៉ាន់ប្រមាណរបស់អង្គការសុខភាពពិភពលោកបានឱ្យដឹងថា ក្នុងឆ្នាំ ២០១៨ មនុស្សជាង ២៧ ០០០ នាក់ បានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៏តាមដងផ្លូវក្នុងប្រទេសប៉ាគីស្ថាន។ កាលពីខែវិច្ឆិកា ឆ្នាំ ២០២២ មនុស្ស ២០ នាក់ រួមទាំងកុមារ ១១ នាក់ បានស្លាប់នៅពេលដែលរថយន្តក្រុងតូចរបស់ពួកគេ បានធ្លាក់ចូលទៅក្នុងប្រឡាយទឹកជ្រៅមួយនៅភាគខាងត្បូងនៃប្រទេសប៉ាគីស្ថាន៕