គិតមកដល់ថ្ងៃព្រហស្បតិ៍នេះ ភ្លើងឆេះព្រៃនៅកូរ៉េខាងត្បូងបានកើនឡើងទ្វេដង ខណៈដែលអាជ្ញាធរបានហៅការឆាបឆេះនេះថាជាគ្រោះធម្មជាតិដ៏អាក្រក់បំផុត​ក្នុងប្រវត្តិសាស្ត្រ​របស់កូរ៉េ ដោយបានឆក់យកជីវិតមនុស្សយ៉ាងតិច ២៦នាក់ និងដុតបំផ្លាញប្រាសាទជាប្រវត្តិសាស្ត្រជាច្រើន។

ផ្ទៃដីជិត ៤០០០០ ហិកតាត្រូវបានឆាបឆេះ និងកំពុងបន្តរីករាលដាល ដែលធ្វើឱ្យវាក្លាយជាភ្លើងឆេះព្រៃដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកូរ៉េខាងត្បូង ដោយកំណត់ត្រាភ្លើងឆេះព្រៃអាក្រក់បំផុតពីមុនគឺ​ឆេះតែ ២៤០០០ ហិកតាប៉ុណ្ណោះ​ ដែល​កើត​ឡើង​​​កាល​ពី​២៥​ឆ្នាំ​មុន។

ប្រធានាធិបតីស្តីទី Han Duck Soo បានថ្លែង​ក្នុង​កិច្ចប្រជុំឆ្លើយតបរបស់រដ្ឋាភិបាលថា៖ «យើងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរទូទាំងប្រទេស ជាមួយនឹងអ្នកស្លាប់​និងរបួសជាច្រើនដោយសារតែ​ភ្លើងឆេះព្រៃ​បាន​រីករាលដាលយ៉ាងឆាប់រហ័សដែលមិនធ្លាប់មានពីមុនមក»។


អ្នក​ស្លាប់​ភាគច្រើន​ជា​អ្នក​ស្រុក ប៉ុន្តែ​យ៉ាង​ហោច​ណាស់​អ្នក​ពន្លត់​អគ្គិភ័យ​ ៣​នាក់​បាន​ស្លាប់នៅក្នុងប្រតិបត្តិការនេះ។ ក្រុមមន្ត្រីបាននិយាយថា អ្នកបើកឧទ្ធម្ភាគចក្រពន្លត់អគ្គិភ័យម្នាក់ក៏បានស្លាប់ផងដែរ នៅពេលដែលយន្តហោះរបស់គាត់បានធ្លាក់នៅតំបន់ភ្នំ។

យោធាបានបញ្ចេញ​ឥន្ធនៈអាកាសចរណ៍ពី​ស្តុក​ ដើម្បីជួយក្រុមឧទ្ធម្ភាគចក្រពន្លត់អគ្គិភ័យដើម្បីពន្លត់អណ្តាតភ្លើងនៅទូទាំងតំបន់ភ្នំនៅភាគអាគ្នេយ៍នៃប្រទេសដែលភ្លើងកំពុងបន្តឆាបឆេះជិតមួយសប្តាហ៍​មក​ហើយ​រហូតមកដល់ពេលនេះ។


ក្រសួងសុវត្ថិភាពបាននិយាយថា ឧទ្ធម្ភាគចក្រជាង ១២០ គ្រឿងត្រូវបានដាក់ពង្រាយនៅក្នុងតំបន់ចំនួនបីដែលកំពុងប្រយុទ្ធនឹងការឆាបឆេះនេះ។ កូរ៉េខាងត្បូងពឹងផ្អែកលើឧទ្ធម្ភាគចក្រទាំងស្រុងដើម្បីប្រយុទ្ធនឹងភ្លើងឆេះព្រៃ ដោយសារតែការ​ឆេះ​នេះ​កើត​ឡើង​នៅ​តំបន់ភ្នំ។

ប្រធានផ្នែកសុវត្ថិភាព និងគ្រោះមហន្តរាយកូរ៉េខាងត្បូង លោក Lee Han Kyung បាននិយាយថា ឧបទ្ទវហេតុនេះបានលាតត្រដាងការពិតដ៏អាក្រក់នៃវិបត្តិអាកាសធាតុ។ លោក​បន្ត​ថា តំបន់​ដែល​រង​ផល​ប៉ះពាល់​មាន​ភ្លៀង​ធ្លាក់​មធ្យម​ត្រឹម​ពាក់​កណ្តាល​ក្នុង​រដូវ​នេះ។

មន្ត្រី​កំពុង​រុំ​ពុទ្ធបដិមា​ការពារ​កុំ​ឲ្យ​ភ្លើង​ឆេះ​ នៅ​ទីក្រុង​ Uiseong។ Yonhap

កាលពីឆ្នាំមុនគឺជាឆ្នាំក្តៅបំផុតរបស់កូរ៉េខាងត្បូងក្នុងកំណត់ត្រា ដោយរដ្ឋបាលឧតុនិយមកូរ៉េបាននិយាយថា សីតុណ្ហភាពប្រចាំឆ្នាំជាមធ្យមគឺ ១៤.៥ អង្សាសេ។

ភ្លើងឆេះព្រៃដែលចាប់ផ្តើមនៅតំបន់ Uiseong បាននឹងកំពុងរំកិលយ៉ាងលឿនឆ្ពោះទៅទិសខាងកើត រាលដាលស្ទើរតែដល់ឆ្នេរសមុទ្រ ដោយមានខ្យល់បក់បោកខ្លាំង និងដោយភាពស្ងួតបានធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង។

ខណៈពេលដែលទីភ្នាក់ងារឧតុនិយមបានព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ខ្លះសម្រាប់ភាគនិរតី តែទឹកភ្លៀងត្រូវបានគេរំពឹងថានឹងទាបជាងប្រាំមីលីម៉ែត្រសម្រាប់តំបន់ដែលរងផលប៉ះពាល់ភាគច្រើន។

រដ្ឋមន្ត្រីក្រសួងព្រៃឈើកូរ៉េ លោក Lim Sang Seop បាននិយាយនៅក្នុងសន្និសីទខ្លីមួយថា៖ «បរិមាណទឹកភ្លៀងនឹងមានចំនួនតិចតួច ដូច្នេះមើលទៅវាមិនមែនជាជំនួយដ៏ធំក្នុងការព្យាយាមពន្លត់ភ្លើងនោះទេ» ។

អ្នកជំនាញបាននិយាយថាភ្លើងនៅតំបន់ Uiseong បានបង្ហាញពីការរីករាលដាលមិនធម្មតាទាក់ទងនឹងទំហំ និងល្បឿនរបស់វា ហើយការប្រែប្រួលអាកាសធាតុត្រូវបានគេរំពឹងថានឹងធ្វើឱ្យភ្លើងឆេះព្រៃកាន់តែញឹកញាប់ និងសម្លាប់មនុស្សទូទាំងពិភពលោក។

ទីក្រុង Andong តំបន់ Uiseong និង Sancheong រួមជាមួយនឹងទីក្រុង Ulsan ស្ថិតក្នុងចំណោមតំបន់ដែលរងគ្រោះខ្លាំងជាងគេ។

កាលពីយប់ថ្ងៃពុធ ខ្យល់បក់ខ្លាំង និងផ្ទៃមេឃពោរពេញដោយផ្សែង បានបង្ខំឱ្យអាជ្ញាធរនៅភាគអាគ្នេយ៍​នៃទីក្រុង Andong បញ្ជាឱ្យមានការជម្លៀសប្រជាជននៅក្នុងភូមិចំនួនពីរ រួមបញ្ចូលទាំងតំបន់ Puncheon ដែលជាទីតាំង​នស​ភូមិ Hahoe ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដែលបានបង្កើតឡើងនៅប្រហែលសតវត្សទី ១៤ ដល់ទី ១៥។

អ្នកឡើងភ្នំត្រូវបានគេណែនាំឲ្យ​ចាកចេញពីភ្នំ Jiri ដ៏ស្រស់ស្អាត នៅពេលដែលភ្លើងមួយផ្សេងទៀតរាលដាលកាន់តែជិត​ទៅ​ដល់​ភ្នំនេះ។

គិតមកដល់ថ្ងៃព្រហស្បតិ៍នេះអគ្គិភ័យ​បាន​បំផ្លាញ​​ ​ផ្ទះ រោងចក្រ យានជំនិះ និង​សំណង់​ប្រវត្តិសាស្ត្រ​មួយ​ចំនួន ដោយនៅតំបន់ Uiseong សំណង់ប្រហែល ២០ ក្នុងចំណោម ៣០ នៅប្រាសាទ Gounsa ដែលត្រូវបានសាងសង់ដំបូងក្នុងសតវត្សទី ៧ ក៏ត្រូវបាន​បំផ្លាញ ហើយក្នុងចំណោមនោះមានកំណប់ទ្រព្យដែលកំណត់ដោយរដ្ឋចំនួនពីរ អគាររាងជាព្រះពន្លាមួយដែលបានសាងសង់ឡើងដោយមើលខ្សែទឹកក្នុងឆ្នាំ១៦៦៨ និងរចនាសម្ព័ន្ធរាជវង្ស Joseon ដែលត្រូវបានសាងសង់ក្នុងឆ្នាំ១៩០៤ ដើម្បីសម្គាល់អាយុវែងរបស់ស្តេចក៏​ត្រូវបាន​បំផ្លាញ​ផង​ដែរ។

ក្រុម Climate Central ដែលជាស្ថាប័នឯករាជ្យដែលបង្កើតឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវ បាននិយាយនៅក្នុងរបាយការណ៍មួយថា សីតុណ្ហភាពកាន់តែអាក្រក់ឡើងៗដោយការប្រែប្រួលអាកាសធាតុដែលបង្កឡើងដោយមនុស្ស៕