តាមច្បាប់​ការបើកបរ​បង្ក​ឱ្យ​អ្នកដទៃ​គ្រោះថ្នាក់​ ដោយ​ចេតនា​​តែងតែ​ប្រឈមមុខ​នឹង​ការមានទោស​។ ក៏ប៉ុន្តែ​ក្នុង​ករណី​អ្នកបើកបរ ថយ​រថយន្ត​កិន​មនុស្ស​​ស្លាប់ ឬ​របួស​ដោយ​អចេតនា​ (​មិនដឹងថា មាន​មនុស្ស​នៅ​ពីក្រោយ​រថយន្ត​) ​តើ​មាន​ទោស​​ឬទេ​? ជុំវិញ​ករណី​បែប​នេះ​​ភ្នំពេញ​ប៉ុស្ដិ៍ បាន​សុំ​ការពន្យល់​ពី​លោក​មេធាវី លី កុសល មាន​ការិយាល័យ​បម្រើការ​នៅផ្ទះ​លេខ​ ៤៥Eo ផ្លូវ​លេខ​ ៩ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី-ភ្នំពេញ ដែលមាន​ខ្លឹមសារ​​ដូចតទៅ ៖

ឧបមាថា លោក​ (​ក​) ​កំពុងបើក​​រថយន្ត​យឺតៗ តែ​ចៃដន្យ​មាន​ក្មេង​ម្នាក់​ទៅ​តោង​ពីក្រោយ​​រថយន្ត​នោះ តែ​ចៃដន្យ​ម្ចាស់​បាន​​ថយ​រថយន្ត​កិន​ក្មេង​ម្នាក់​នោះ​​ស្លាប់​។ ក្នុងករណី​បែបនេះ​តើ​លោក​ (​ក​) ​ទទួល​ខុសត្រូវ​ឬ​យ៉ាងណា បើ​គាត់​គ្មាន​ចេតនា​បើក​បុក​​សម្លាប់​ក្មេង​នោះ​ផង​? តែ​នេះ​​មកពី​ក្មេង​រត់​តោង​រថយន្ត​លោក​ (​ក​) ​ដោយ​ខ្លួនឯង​ទេតើ​?


ករណី​នេះ ប្រសិនបើ​រកឃើញ​ថា គ្រោះថ្នាក់​នោះ​មាន​ការចូលរួម​ពី​អ្នកបើក​នោះ​ដែល​កើតចេញពី​ការធ្វើ​ធ្វេស​ប្រហែស​របស់ខ្លួន​ ដោយ​មិនបាន​ពិនិត្យមើល​គ្រប់​ជ្រុងជ្រោយ​មុននឹង​បញ្ជា​រថយន្ត​នោះ គឺ​អ្នកបើកបរ​ត្រូវតែ​ទទួល​ខុសត្រូវ ដោយ​មានចែង​ក្នុង​មាត្រា​ ៨៥ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ហើយ​​ប្រសិន​បើ​ជា​អ្នកបើកបរ​នោះ​​មិនមាន​បណ្ណ​បើកបរ​ត្រឹមត្រូវ ឬ​ស្ថិតនៅ​អាការ​ស្រវឹង​នោះ ទោសទណ្ឌ​នឹងមាន​ស្ថាន​ទម្ងន់​ថែមទៀត​​ផង​។


ប៉ុន្តែ​ករណី​ដែល​គេ​រកឃើញ​ថា អ្នកបើកបរ​នោះ​មិន​​មាន​កំហុស​ទេ ហើយ​គ្រោះថ្នាក់​នោះ​កើតឡើង​ចេញពី​អំពើ​​ផ្ទាល់​ទាំងស្រុង​ពី​ជន​ដែល​ស្លាប់​​នោះ​មក​លើ​រថយន្ត និង​អ្នកបើកបរ​នោះ​គឺ​មិន​ទទួល​ខុសត្រូវ​នោះឡើយ ដូចដែល​មានចែង​ក្នុង​មាត្រា​ ៤ នៃ​ក្រមព្រហ្មទណ្ឌ ដែល​បាន​ចែងថា «​ពុំមាន​បទល្មើស​ទេ ប្រសិនបើ​គ្មាន​ចេតនា​​ប្រព្រឹត្ត​ [...]»​។


ប្រសិនបើ​លោក​ (​ក​) ​ទទួលទោស តើ​គាត់​ត្រូវ​មានទោស​ត្រឹម​កម្រិតណា​ដែរ​?


ប្រសិន​បើ​តុលាការ​រកឃើញ​ថា លោក​ (​ក​) ​ពិតជា​មាន​កំហុស​នៅក្នុង​នោះ​មែន​ដោយ​កើតចេញពី​ការខ្ជីខ្ជា ការធ្វេសប្រហែស​មិន​ប្រុងប្រយ័ត្ន​ជាដើម លោក​ (​ក​) ​អាច​នឹង​ត្រូវផ្តន្ទាទោស​តាម​មាត្រា​ ៨៥ ​នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដែល​មាន​ចែង​ដូចតទៅ​៖


-​ មាត្រា​ ៨៥ : ជន​ណា​បើកបរ​ដោយ​ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុងប្រយ័ត្ន ឬ​មិន​គោរព​កាតព្វកិច្ច​ដែល​បទប្បញ្ញត្តិ ស្តីពី​ចរាចរណ៍​ផ្លូវគោក​តម្រូវ​បណ្តាល​ឱ្យ​ស្លាប់​អ្នកដទៃ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ១ ​ឆ្នាំ ដល់​ ៣ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ ៤ ​លានរៀល​ទៅ​ ១៥ ​លាន​រៀល និង​អាច​ត្រូវ​ផ្តន្ទាទោស​បន្ថែម​មួយ​​ ឬ​ច្រើន​ដូច​មានចែង​ក្នុង​មាត្រា​ ៥៣ (​ប្រភេទ​នៃ​ទោស​បន្ថែម​) ​នៃ​ក្រមព្រហ្មទណ្ឌ​។

អំពើ​ល្មើស​ខាងលើ​នឹង​ត្រូវបន្ថែម​ទោស​ដាក់​ពន្ធនាគារ ​ពី​ ២ ​ឆ្នាំ ដល់​ ៥ ​ឆ្នាំ ពិន័យ​ជា​ប្រាក់​ ១០ ​លាន​រៀល និង​ ២៥ ​លានរៀល បើ​អំពើ​នេះ​បាន​ប្រព្រឹត្ត​ក្នុងករណី​ណាមួយ​ដូច​ខាងក្រោម​៖

ក- គ្មាន​បណ្ណ​បើកបរ ឬ​មាន​​តែ​មិន​ត្រឹមត្រូវ​តាម​ប្រភេទ​យានយន្ត​។

ខ- ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ដោយ​មាន​អត្រា​ជាតិ​អាកុល​ចាប់ពី​ ០,៤០ ​មិល្លីក្រាម​ក្នុង​ ១ ​លីត្រ​ខ្យល់​ ឬ​ចាប់ពី ០,៨០ ​ក្រាម​​ក្នុង​ ១ ​លីត្រ​ឈាម​ឡើងទៅ​។

គ- ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ច្រើន​នាក់​។

ឃ- ​រត់គេច​ពី​កន្លែង​កើតហេតុ​មិន​ទទួល​ខុសត្រូវ​ [...]​។

ករណី​នេះ បើ​លោក​ (​ក​) ​សុំ​សម្របសម្រួល​ជាមួយ​ឪពុកម្តាយ​ក្មេង​ត្រឹម​ទទួលយក​សំណង តើ​លោក​ (​ក​) ​រួច​ផុតពី​ការជាប់​បណ្តឹង​ឬ​យ៉ាងណា​? ព្រោះថា លោក​ (​ក​) ​បាន​ចេញ​​ការខូចខាត​ទៅឱ្យ​ឪពុកម្តាយ​របស់​ក្មេង​រួចហើយ​។

ជា​គោលការណ៍​មិន​រលត់​នោះទេ វៀរលែង​តែមាន​មូលហេតុ​ដូចខាងក្រោម​៖

- ​មរណភាព​នៃ​ជនល្មើស

- ​ការផុត​អាជ្ញាយុកាល

- ​ការលើកលែង​ទោស​ជាទូទៅ

- ​និរាករណ៍​នៃ​ច្បាប់​ព្រហ្មទណ្ឌ

- ​អាជ្ញា​អស់ជំនុំ​។ ​និង​មូលហេតុ​ផ្សេងទៀត​នៃ​ការរលត់​បណ្តឹងអាជ្ញា

- ​ដោយ​ការសម្របសម្រួល​​ជាមួយ​រដ្ឋ​។

- ​ដោយ​ការដក​ពាក្យបណ្តឹង នៅក្នុង​ករណី​ដែល​ពាក្យបណ្តឹង​នេះ​ជា​លក្ខខណ្ឌ​ចាំបាច់​នៃ​ការចោទប្រកាន់​ជា​បទព្រហ្មទណ្ឌ​។

- ​ដោយ​ការបង់ប្រាក់​ពិន័យ​សរុប​ ឬ​ប្រាក់​ពិន័យ​សម្របសម្រួល​។

ករណី​មិន​ចូល​លក្ខខណ្ឌ​ខាងលើ​នោះទេ ការសម្របសម្រួល​សំណង​រដ្ឋប្បវេណី​រវាង​ជនបង្ក និង​គ្រួសារ​ជនរងគ្រោះ នៅតែ​មិន​អាច​រលត់​បណ្តឹងអាជ្ញា​ដដែល​។

ករណី​នេះដែរ បើ​ឪពុកម្តាយ​ក្មេង​មិន​ព្រម​សម្រួល​គ្នា ហើយ​បើ​ពួកគាត់​ធ្វើបណ្តឹង​ទៅ​តុលាការ​តែម្តង​ដោយ​រំលង​នគរបាល​មូលដ្ឋាន តើ​បាន​ទេ​?

ចំណុច​នេះ​ឪពុកម្តាយ​ជនរងគ្រោះ​អាចដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​ដោយផ្ទាល់​បាន ដូចដែល​មានចែង​ក្នុង​មាត្រា​ ៦ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​។

គ្រោះថ្នាក់​ចរាចរណ៍​បុក​មនុស្ស​​ស្លាប់​ដូចគ្នា ប៉ុន្តែ​ជនរងគ្រោះ​ជា​ជនអនាថា​ ឬ​ជា​មនុស្ស​វិកលចរិត តើ​ផ្លូវច្បាប់​ដោះស្រាយ​បែបណា​ចំពោះ​លោក​ (​ក​)?

ដោយ​យោងតាម​មាត្រា​ ៣១ នៃ​រដ្ឋធម្មនុញ្ញ ប្រជាពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ស្មើគ្នា​នៅ​ចំពោះមុខ​ច្បាប់ មាន​សិទ្ធិសេរីភាព និង​ករណីយកិច្ច​ដូចគ្នា​ទាំងអស់​ដោយ​​ឥតប្រកាន់​ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ​សាសនា និន្នាការ​នយោបាយ ដើមកំណើត​​ជាតិ ឋានៈ​សង្គម ធនធាន​​ ឬ​ស្ថានភាព​ឯទៀត​ឡើយ​។

[...]​។ មាត្រា​ ៣២ ក៏បាន​ចែង​​ផងដែរ​ថា​ “​ជន​គ្រប់រូប​មាន​សិទ្ធិ​រស់រាន​មាន​ជីវិត មាន​សេរីភាព និង​មាន​សន្តិសុខ​ផ្ទាល់ខ្លួន​[...]​។

ហេតុដូច្នេះ​ហើយ​មិន​ថា​ក្មេង អនាថា ឬ​ជា​មនុស្ស​វិកលចរិត​នោះទេ គឺមាន​សិទ្ធិ និង​ទទួល​បាន​កិច្ច​គាំពារ​ផ្នែក​សន្តិសុខ​ដូច​​នឹង​ពលរដ្ឋ​ទូទៅ​ផងដែរ​៕