តើ​បទល្មើស​មនុស្សឃាត​ដោយ​អចេតនា ​ត្រូវ​ផ្ដន្ទាទោស​កម្រិតណា​?

Content image - Phnom Penh Post
លោក មេធាវី សួន វីរៈបញ្ញា កាលពី​កន្លងមក​។ រូបថត សហការី

ជាទូទៅ​ការប្រព្រឹត្ត​បទល្មើស​​ឃាតកម្ម​ គឺ​សុទ្ធតែ​ប្រឈម​នឹង​​ការផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​។ ចុះបើ​ករណី​នេះ​ធ្វើឡើង​ដោយ​​អចេតនា តើ​អ្នកប្រព្រឹត្ត​ត្រូវ​ទទួលខុស​យ៉ាងណា​? ​ជុំវិញ​ចម្ងល់​នេះ​ភ្នំពេញ​ប៉ុស្ដិ៍ បាន​សុំ​​ការពន្យល់​ពី​លោក​មេធាវី សួន វីរៈបញ្ញា ប្រធាន​ក្រុមហ៊ុន​មេធាវី ជីជី អន្តរជាតិ ដែលមាន​អាសយដ្ឋាន​នៅ​អគារ​លេខ​ ២២៤D ផ្លូវ​លេខ​ ២១ ស្ថិតក្នុង​​ភូមិ​ព្រែកតាឡុង សង្កាត់​ចាក់អង្រែក្រោម ខណ្ឌ​មានជ័យ ​រាជធានី​ភ្នំពេញ​តាមរយៈ​សំណួរ​ដូចខាងក្រោម​៖

តើ​បទ​មនុស្សឃាត​ដោយ​​អចេតនា​នេះ ត្រូវ​ផ្ដន្ទាទោស​កម្រិតណា​?

គេ​សង្កេតឃើញ​មាន​បទល្មើស​ជាច្រើន​បាន​កើតឡើង​នៅក្នុង​សង្គម​កម្ពុជា បច្ចុប្បន្ន ហើយ​បទល្មើស​នីមួយៗ សុទ្ធតែ​មាន​ចរិតលក្ខណៈ​នៃ​ការប្រព្រឹត្ត​បទល្មើស និង​ព្យសនកម្ម​ខុសៗ​គ្នា​ពោល​គឺ​មាន​បទល្មើស​ខ្លះ​បង្ក​ព្យសនកម្ម​ស្រាល​​ ឯ​បទល្មើស​ខ្លះទៀត​ធ្ងន់ធ្ងរ​ដល់​​អាយុជីវិត​បុគ្គល​ដែល​អំពើ​នោះ​​កើតចេញពី​កំហុស​ដោយ​ចេតនា និង​កំហុស​អចេតនា​។

ជា​​គោលការណ៍​ទូទៅ​ធាតុ​ផ្សំ​នៃ​បទល្មើស​ព្រហ្មទណ្ឌ​ត្រូវតែមាន​ធាតុ​ចេតនា​នៅ​ក្នុងនោះ​មានន័យថា បុគ្គល​នោះបាន​ប្រព្រឹត្ត​បទល្មើស​នោះ​ដោយ​មាន​ការយល់ដឹង​ពេញលេញ​​ និង​ធ្វើ​ចេញពី​ចេតនា​របស់ខ្លួន​ប៉ុន្តែ​ក៏មាន​បទល្មើស​មួយចំនួន​ដែលជា​បទល្មើស​ពិសេស ហើយ​មាន​ព្យសនកម្ម​ធ្ងន់ធ្ងរ​ដែល​តម្រូវឱ្យ​កំណត់ថា​ជា​បទល្មើស​ទោះបី​ជា​មិនមាន​ចេតនា​​ក្នុង​ការប្រព្រឹត្ត​ក៏ដោយ​។ ​បទល្មើស​នោះ​គឺ​បទល្មើស​មនុស្ស​ឃាត​ដោយ​អចេតនា​ដែល​មានចែង​នៅក្នុង​មាត្រា​ ២០៧ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

យោងតាម​មាត្រា ២០៧ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចែងថា​៖ បទ​មនុស្សឃាត​ដោយ​អចេតនា គឺជា​អំពើ​បណ្តាល​ឱ្យស្លាប់​អ្នកដទៃ​ដោយ​៖

១-​ការធ្វេសប្រហែស​ការមិន​ប្រុងប្រយ័ត្ន ឬ​ការខ្ជីខ្ជា​។

២-​ការបំពាន​លើ​កាតព្វកិច្ច​សន្តិសុខ ឬ​កាតព្វកិច្ច​ប្រុងប្រយ័ត្ន​ដែល​ច្បាប់​តម្រូវ​។

ចំពោះ​បទល្មើស​មនុស្សឃាត​ដោយ​អចេតនា​នេះ​ត្រូវ​ផ្ដន្ទាទោស ដាក់​ពន្ធនាគារ​ពី​ ១ (​មួយ​) ​ឆ្នាំ​ទៅ​ដល់​ ៣ (​បី​) ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ពី​ ២ ០០០ ០០០ (​ពីរលាន​) ​រៀល​ទៅ ៦ ០០០ ០០០ (​ប្រាំមួយ​លាន​) ​រៀល​។

តើ​បទ​មនុស្សឃាត​ដោយ​​អចេតនា​ត្រូវ​ផ្ដន្ទាទោស​ចំពោះ​បុគ្គល​ណាខ្លះ​? ​តើ​រូបវន្ត​បុគ្គល​ ​ឬ​នីតិបុគ្គល​អាច​ត្រូវ​ទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​ចំពោះ​បទល្មើស​នេះដែរ​ឬទេ​?

គ្រប់​រូបវន្តបុគ្គល​ ឬ​នីតិបុគ្គល​​ដែល​បាន​ប្រព្រឹត្ត​បទល្មើស និង​គ្រប់​ធាតុ​ផ្សំ​នៃ​បទល្មើស​ដូច​មានកំណត់​នៅក្នុង​មាត្រា​នេះ​​ត្រូវ​ទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​ចំពោះ​ទង្វើ​របស់ខ្លួន ប៉ុន្តែ​ការអនុវត្ត​ទោស​ចំពោះ​រូបវន្តបុគ្គល​​ និង​នីតិបុគ្គល​មាន​លក្ខណៈ​ខុសគ្នា ដោយ​ហេតុថា​ស្របតាម​ស្មារតី​នៃ​មាត្រា​ ២០៧ ​នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានកំណត់​អំពី​ការដាក់​ទណ្ឌកម្ម​ចំពោះ​រូបវន្តបុគ្គល​គឺមាន​តែ​ការដាក់​ទោសពិន័យ​ជា​ប្រាក់ និង​ទោស​ពន្ធនាគារ​តាម​អំណាច​សាលក្រម​តែប៉ុណ្ណោះ​។

ចំណែកឯ​នីតិបុគ្គល​វិញ​ផ្អែក​តាម​មាត្រា​ ២០៩ ​ស្តីពី​ការទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​របស់​នីតិបុគ្គល​គឺ​បាន​កំណត់​ជា​ទោសពិន័យ​ជា​ប្រាក់ និង​មានទោស​បន្ថែមទៀត​ដែលមាន​ខ្លឹមសារ​ថា​​ការរំលាយ​តាមបែប​កំណត់ដោយ​ (​មាត្រា​ ១៧០ ​ការរំលាយ​ និង​ការជម្រះបញ្ជី​បុគ្គល​) ​ការដាក់​ឱ្យ​ស្ថិត​នៅក្រោម​ការតាមដាន​ត្រួតពិនិត្យ​របស់​តុលាការ​ (​មាត្រា​ ១៧១) ​និង​ការហាមឃាត់​សកម្មភាព​មួយចំនួន​ទៀត​ដូចជា ការបិទ​គ្រឹះស្ថាន​សកម្មភាព​អាជីវកម្មជាអាទិ៍ ហើយ​មាន​ការបិទ​ផ្សាយ​ជា​សាធារណៈ​អំពី​សេចក្តី​សម្រេច​ផ្តន្ទាទោស​នោះ​គឺធ្វើ​ឡើង​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ផ្សេងៗ ដូចជា សោតទស្សន៍ និង​ប្រព័ន្ធ​ទូរគមនាគមន៍​ជាអាទិ៍​។

(​សូម​រង់ចាំ​អាន​វគ្គ​បន្ត​នៅ​សប្ដាហ៍​ក្រោយ​)

ព័ត៌មានថ្មីៗ