កាលពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​មុន ភ្នំពេញ ​ប៉ុស្ដិ៍​ បាន​ផ្សព្វផ្សាយ​ ១ ​វគ្គ​រួច​មក​ហើយ​អំពី​ការផ្ដន្ទាទោស​​លើ​បទមនុស្សឃាត​ ដោយ​​អចេតនា តាមរយៈ​ការពន្យល់​​ពី​លោក​មេធាវី សួន វីរៈបញ្ញា ប្រធាន​ក្រុមហ៊ុន​មេធាវី ជីជី អន្តរជាតិ ដែលមាន​អាសយដ្ឋាន​នៅ​អគារ​លេខ​ ២២៤ D ផ្លូវ​​លេខ​ ២១ ស្ថិតក្នុង​ភូមិ​ព្រែកតាឡុង សង្កាត់​ចាក់អង្រែ​ក្រោម​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ​។

រីឯ​វគ្គ​នេះ យើង​សូម​ផ្សព្វផ្សាយ​​វគ្គ​បញ្ចប់ ជុំវិញ​ការដាក់ទោស​បន្ថែម និង​ស្ថានសម្រាលទោស​ដល់​អ្នកប្រព្រឹត្ត​ល្មើស​តាមរយៈ​សំណួរ​ដូចតទៅ ៖


-​តើ​ការដាក់ទោស​បន្ថែម​នៅក្នុង​បទមនុស្សឃាត​ដោយ​អចេតនា​មាន​អ្វីខ្លះ​?


យោង​មាត្រា ២០៨ នៃ​ក្រមព្រហ្មទណ្ឌ​បាន​ចែងថា​៖ ការដាក់ទោស​បន្ថែម​អាច​ត្រូវ​ប្រកាស​ចំពោះ​បទមនុស្សឃាត​ដោយ​អចេតនា​ដូចជា​៖ ការហាមឃាត់​ចំពោះ​ការប្រកប​វិជ្ជាជីវៈ ការបើកបរ​យានយន្ដ​ ទោះបីជា​ប្រភេទ​ណាក៏ដោយ ការព្យួរ​លិខិត​បើកបរ និង​ហាមឃាត់​ក្នុង​ការបើកបរ ការហាមឃាត់​ចំពោះ​ការកាន់កាប់ ឬ​ការយកតាម​ខ្លួន​នូវ​អាវុធ​គ្រឿងផ្ទុះ និង​គ្រាប់រំសេវ​គ្រប់​ប្រភេទ ការបិទ​ផ្សាយ​សេចក្ដី​សម្រេច​ផ្ដន្ទាទោស ការផ្សាយ​សេចក្ដី​សម្រេច​ផ្ដន្ទាទោស​តាម​គ្រប់​មធ្យោបាយ​​ទូរគមនាគមន៍​សោតទស្សន៍ និង​​ការបិទ​ផ្សាយ​សេចក្ដី​សម្រេច​ផ្ដន្ទាទោស សម្រាប់​រយៈពេល កំណត់​តាមច្បាប់​ជា​ធរមាន​។


ឧទាហរណ៍​៖ បុរស​ម្នាក់​បាន​បើកបរ​រថយន្ដ​នៅតាម​ដង​វិថី​ក្នុង​ល្បឿន​យ៉ាង​លឿន ដោយ​កំពុង​និយាយ​ទូរស័ព្ទ​ផង​នោះ ចាប់​ហ្វ្រាំង​មិនទាន់ មិន​ប្រយ័ត្ន​ក៏បាន​បើក​ឆ្លងកាត់​ភ្លើង​សញ្ញា​ចរាចរណ៍​ពណ៌​ក្រហម ស្រប​ពេល​នោះ​ដែរ មាន​អ្នក​ដំណើរ​ ២ ​នាក់ ដែល​នៅ​ផ្លូវ​ម្ខាង​ទៀត ឃើញ​លោត​ភ្លើង​ខៀវ​នោះ​ដឹង​​ថា ជា​សិទ្ធិ​អាទិភាព​របស់ខ្លួន​ហើយក៏​បើកបរ​ម៉ូតូ​ចេញ​​មក ដោយសារ​រថយន្ត​បើក​ល្បឿន​លឿន ហើយ​បើកបរ​បញ្ច្រាសទិស​គ្នា​រវាង​រថយន្ត និង​ម៉ូតូ​នោះ បាន​បុក​ទង្គិច​គ្នា​មួយ​ទំហឹង បណ្ដាល​ឱ្យស្លាប់​អ្នកដំណើរ​នៅ​ពីក្រោយ​ភ្លាមៗ នៅ​កន្លែង​កើតហេតុ​។


ចំពោះ​ទង្វើ និង​សកម្មភាព​របស់​បុរស​ដែល​បើករថយន្ត​បង្ក​គ្រោះថ្នាក់​បណ្តាលឱ្យ​អ្នកដទៃ​ស្លាប់​ដោយ​អចេតនា​នោះ គឺជា​ការកើត​ចេញពី​ការធ្វេស​ប្រហែស ការមិន​ប្រុងប្រយ័ត្ន ឬ​ការខ្ជីខ្ជា និង​ការបំពាន​លើ​កាតព្វកិច្ច​សន្តិសុខ ឬ​កាតព្វកិច្ច​ប្រុងប្រយ័ត្ន​ដែល​ច្បាប់​តម្រូវ​។ ​អំពើ​បែបនេះ ជា​បទល្មើស​មួយ​ដែលមាន​ចែង​នៅ​​ក្នុង​មាត្រា​ ៨៣ និង​មាត្រា ៨៥ នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​។


ទណ្ឌកម្ម​នៃ​ព្យសនកម្ម​ខាងលើនេះ គឺ​ត្រូវ​ទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​ និង​អាច​រង​ទទួល​ទោសពិន័យ​បន្ថែម ដូចជា​ព្យួរ​លិខិត​បើកបរ និង​ហាមឃាត់​ក្នុង​ការបើកបរ​រយៈពេល ៥ (​ប្រាំ​) ​ឆ្នាំ​យ៉ាងច្រើន ប៉ុន្តែ​ការដាក់ទោស​របៀបនេះ​ត្រូវតែ​សិក្សា​ទៅលើ​ទំហំ និង​ព្យសនកម្ម ដែល​បុគ្គល​ម្នាក់នេះ​បាន​ប្រព្រឹត្ត​ផងដែរ​។

តើ​ស្ថាន​សម្រាលទោស​ក្នុង​បទមនុស្ស​ឃាត​ដោយ​អចេតនា​ត្រូវបាន​ច្បាប់​កំណត់​យ៉ាងម៉េច​ដែរ​? ​សូម​លោក​មេធាវី​ពន្យល់ និង​លើក​ឧទាហរណ៍

​យោងតាម​មាត្រា ៩៣ ស្តីពី​និយមន័យ​នៃ​ស្ថាន​សម្រាលទោស និង​មាត្រា ៩៤ ស្តីពី​អនុភាព​នៃ​ស្ថាន​សម្រាលទោស​បាន​កំណត់​យ៉ាង​ជាក់លាក់​ពី​ចំណាត់ថ្នាក់​នៃ​បទល្មើស ចំពោះ​បទ​មនុស្សឃាត​ដោយ​អចេតនា​នេះ​។

ប្រសិនបើ​មាន​មូលហេតុ​បន្ទាប់បន្សំ​ ឬ​កាលៈទេសៈ​តម្រូវ​ក៏​ជា​ផ្នែក​មួយ​នៃ​ការទទួលបាន​នូវ​ស្ថាន​សម្រាល​ផងដែរ ដែល​បុគ្គល​មាន​ពិរុទ្ធ​នោះ ត្រូវបំពេញ​លក្ខខណ្ឌ​មួយចំនួន​រួមមាន​៖

-​ចេតនា​មិន​ចំពោះ ក្នុង​ការប្រព្រឹត្ត​បទល្មើស​គឺ មានន័យថា បុគ្គល​នោះ​ពុំ​ប៉ងប្រាថ្នា​ឱ្យ​បច្ច័យ​នោះ​កើតទ្បើង​ទេ ប៉ុន្តែ​ដោយសារ​ការធ្វេសប្រហែស ការខ្ជីខ្ជា ការបំពាន​លើ​កាតព្វកិច្ច​សន្តិសុខ ឬ​កាតព្វកិច្ច​ប្រុងប្រយ័ត្ន​ដែល​ច្បាប់​តម្រូវ ទើប​នាំឱ្យ​មាន​បច្ច័យ​នោះ​កើតទ្បើង​។

-​ប្រវត្តិ​នៃ​ការប្រព្រឹត្ត​បទល្មើស​ទើបតែ​ជា​លើក​ទី​ ១ ឬ​កម្រិតវប្បធម៌​ទាប នឹង​គ្មាន​ជម្រើស​ក្នុង​ការប្រព្រឹត្ត​បទល្មើស​ដោយសារ​ស្ថានភាព​បង្ខំ​។

ឧទាហរណ៍៖ អំពី​អង្គហេតុៈ សមត្ថកិច្ច​មួយរូប​បាន​ចុះ​បេសកកម្ម​ល្បាត​តាម​តំបន់​ដែន​សមត្ថកិច្ច​របស់ខ្លួន ស្រាប់តែ​ប្រទះឃើញ​ជនសង្ស័យ​ ១ ​រូប​​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​យ៉ាង​លឿន ដោយ​មាន​ការសង្ស័យ ក៏បាន​ស្រែក​ឱ្យ​ឈប់ ដើម្បី​សាកសួរ និង​ឆែកឆេរ​ត្រួតពិនិត្យ ក៏​ប្រទះឃើញ​គ្រឿងញៀន​ ១ ​កញ្ចប់​តូច​នៅលើ​ខ្លួន​ជនសង្ស័យ​នោះ​។

ភ្លាមនោះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន ប៉ុន្តែ​ជនសង្ស័យ​នោះ​ពុំ​ព្រម​សហការ​នោះទេ បែរជា​ប្រវាយ​ប្រតប់​ជាមួយ​សមត្ថកិច្ច ហើយ​ព្យាយាម​រត់គេច​ទៅវិញ ភ្លាមនោះ​ក៏មាន​បក្ខពួក​ ២ ​នាក់ ជិះ​ម៉ូតូ​មក​ក្បែរ​ជនសង្ស័យ ហើយ​បាន​បាញ់បោះ​ទៅលើ​មេឃ​ចំនួន​ ១ ​គ្រាប់ ដោយ​ស្ថានការណ៍​កើតឡើង​ភ្លាមៗ​ពេក សមត្ថកិច្ច​រូបនោះ​បាន​ក្រាប​ចុះទៅ​លើដី​ទើប​អាចឱ្យ​ជនសង្ស័យ​រូបនោះ​ទ្បើង​ជិះ​ម៉ូតូ​បក្ខពួក​របស់ខ្លួន​បាន​។

បន្តិចក្រោយមក ដោយសារ​សមត្ថកិច្ច​រូបនោះ ខ្លាច​ជនសង្ស័យ​អាច​គេចខ្លួន​ពី​កន្លែងកើតហេតុ​ក៏បាន​ដក​កាំភ្លើង​តម្រង់​បាញ់​ជនសង្ស័យ ប៉ុន្តែ​បែរជា​ចំ​ខ្នង​អ្នកដំណើរ​ផ្សេងទៀត​ដែល​ធ្វើ​ចរាចរណ៍​នៅលើ​ដងផ្លូវ​នោះ​ទៅវិញ បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ហើយ​ជនសង្ស័យ​នឹង​បក្ខពួក​ផ្សេងទៀត​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ស្រមោល​ពី​កន្លែង​កើតហេតុ​៕